« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧-៤០ ៖ ‹ បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧-៤០ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១២–១៨ ខែ មេសា
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧-៤០
« បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ »
ពីមុនរៀបគម្រោងនូវអ្វីដែលអ្នកនឹងធ្វើនៅក្នុងថ្នាក់ សូមសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧-៤០ ប្រកបដោយការអធិស្ឋាន ។ អ្នកនឹងទទួលបានការដឹកនាំខាងវិញ្ញាណនៅក្នុងការរៀបចំរបស់អ្នកដើម្បីបង្រៀន ប្រសិនបើអ្នកមានបទពិសោធន៍ផ្ទាល់ខ្លួនពោរពេញដោយអត្ថន័យជាមួយនឹងបទគម្ពីរទាំងនេះជាមុននោះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមពិចារណាសរសេរនៅលើក្ដារខៀនថា នៅពេលខ្ញុំអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧-៤០ ខ្ញុំបានទទួលអារម្មណ៍ថា ព្រះអម្ចាស់បានប្រាប់ខ្ញុំ ។ សិស្សអាចចែកចាយពីរបៀបដែលពួកគេនឹងបំពេញប្រយោគនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយពីខគម្ពីរមកពីការអានរបស់ពួកគេ ជាផ្នែកនៃចម្លើយរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧-៣៨
ព្រះប្រមូលផ្ដុំយើងដើម្បីប្រទានពរដល់យើង ។
-
ពេលខ្លះ វាងាយស្រួលជាងដើម្បីរៀនចេញពីវិវរណៈនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា នៅពេលយើងគិតពីខ្លួនឯងជំនួសឲ្យបុគ្គលដែលវិវរណៈទាំងនោះត្រូវបានប្រទានឲ្យ ។ ដើម្បីជួយសិស្សឲ្យធ្វើបែបនេះជាមួយនឹង កណ្ឌទី ៣៧-៣៨ អ្នកអាចអញ្ជើញពួកគេឲ្យនឹកស្រមៃថា ពួកគេកំពុងរស់នៅភូមិហ្វាយែត រដ្ឋនូវយ៉ោក ក្នុងឆ្នាំ ១៨៣១ ។ សិស្សម្នាក់អាចដើរតួជាយ៉ូសែប ស្ម៊ីធ ហើយអាន កណ្ឌទី ៣៧ ដល់សិស្សដទៃទៀត ។ តើយើងអាចមានប្រតិកម្មចំពោះបទបញ្ញត្តិនេះយ៉ាងដូចម្ដេច ? ប្រហែលជាសិស្សអាចនឹកស្រមៃថា ពួកគេមានមិត្តម្នាក់ដែលពុំចង់ប្រមូលផ្ដុំនៅរដ្ឋអូហៃអូ ពួកគេអាចស្រាវជ្រាវ កណ្ឌទី ៣៨ រកមើលគោលការណ៍ដែលអាចលើកទឹកចិត្តមិត្តរបស់ពួកគេឲ្យស្មោះត្រង់ចំពោះសេចក្ដីបង្គាប់ឲ្យប្រមូលគ្នានោះ ។ ( ប្រសិនបើចាំបាច់ អ្នកអាចណែនាំពួកគេឲ្យអាន ខទី ១-៤, ១១-១២, ១៧-២២ និង ២៧-៣៣ ) ។ សិស្សក៏អាចនឹងព្រមចែកចាយពីរបៀបដែលគោលការណ៍ស្រដៀងគ្នានេះបានជួយពួកគេ នៅពេលពួកគេចាំបាច់ត្រូវគោរពតាមបទបញ្ញត្តិមួយដែលទំនងជាមានការលំបាក ។
-
ពួកបរិសុទ្ធថ្ងៃចុងក្រោយលែងត្រូវបានបង្គាប់ឲ្យប្រមូលផ្ដុំគ្នា ដោយការផ្លាស់ប្ដូរទៅទីតាំងមួយទៀតហើយ ប៉ុន្តែយើងនៅតែជួបជុំជាក្រុមគ្រួសារ វួដ និងស្តេក ។ ដើម្បីពិភាក្សាពីរបៀបដែលការប្រមូលផ្ដុំនេះផ្ដល់ពរជ័យដល់យើងសព្វថ្ងៃ អ្នកអាចបំបែកសិស្សជាពីរក្រុម ។ សុំឲ្យក្រុមមួយស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣១-៣៣ រកមើលពរជ័យដែលអនុវត្តចំពោះការប្រមូលផ្ដុំជាក្រុមគ្រួសារ ហើយសុំឲ្យក្រុមមួយទៀតស្រាវជ្រាវខគម្ពីរដូចគ្នា ហើយរកមើលពរជ័យដែលអនុវត្តចំពោះការប្រមូលផ្ដុំជាវួដ និងស្តេក ។ បន្ទាប់មក ពួកគេអាចចែកចាយគំនិតរបស់ពួកគេជាមួយនឹងសិស្សដទៃទៀត ។ តើយើងមានពរយ៉ាងណា តាមរយៈការប្រមូលផ្ដុំគ្នាជាថ្នាក់សាលាថ្ងៃអាទិត្យមួយ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៤-២៧
រាស្ត្ររបស់ព្រះត្រូវរួមគ្នាតែមួយ ។
-
ពួកបរិសុទ្ធដែលបានប្រមូលផ្ដុំគ្នានៅរដ្ឋអូហៃអូមានស្ថានភាពខុសៗគ្នា ប៉ុន្តែព្រះអម្ចាស់បានបង្គាប់ពួកគេឲ្យយកឈ្នះភាពខុសប្លែករបស់ពួកគេ ហើយ « រួមគ្នាតែមួយ » ( ខទី ២៧ ) ។ ហេតុអ្វីពេលខ្លះយើងពុំបានមើលឃើញថាមនុស្សដទៃមានភាពស្មើគ្នា ? សូមលើកទឹកចិត្តសិស្សឲ្យពិចារណាពីរបៀបដែលពួកគេប្រព្រឹត្តចំពោះមនុស្សដទៃ នៅពេលពួកគេអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២៤-២៧ ។ តើការគោរពបងប្អូនប្រុសស្រីរបស់យើងដូចជាខ្លួនឯងមានន័យដូចម្ដេច ? ហេតុអ្វីវាពិបាកដើម្បីធ្វើជារាស្ត្ររបស់ព្រះដ៏ពិត ប្រសិនបើយើងពុំរួមគ្នាតែមួយនោះ ?
-
ការអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៤-២៧ អាចដឹកនាំទៅរកការពិភាក្សាមួយអំពីសាមគ្គីភាពនៅក្នុងទំនាក់ទំនងរបស់យើង—ជាសមាជិកវួដ ក្រុមគ្រួសារ ។ល ។ ឧទាហរណ៍ សិស្សអាចចែកចាយសេចក្ដីថ្លែងការណ៍ ឬចំណាប់អារម្មណ៍មកពីវីដេអូដែលជួយពួកគេឲ្យយល់កាន់តែប្រសើរពីគោលការណ៍នៅក្នុង ខទី ២៤-២៧ ។ ពួកគេក៏អាចពិចារណា ហើយចែកចាយគំនិតអំពីសំណួរដូចជា « តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយវួដរបស់យើងទទួលអារម្មណ៍នូវសាមគ្គីភាពកាន់តែច្រើន ? »
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣៩, ៣៩-៤០
ព្រះវរបិតាមានព្រះរាជបំណងប្រទានទ្រព្យសម្បត្តិខាងភាពអស់កល្បដល់យើង ។
-
ការធ្វើតារាងមួយអាចជួយសិស្សឲ្យពិភាក្សា គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣៩ ។ នៅក្នុងជួរឈរមួយ សិស្សអាចសរសេរ « ទ្រព្យសម្បត្តិទាំងឡាយនៃផែនដី » ឬវត្ថុដែលចាត់ទុកថាមានតម្លៃក្នុងជីវិតនេះ ប៉ុន្តែពុំអាចរក្សាទុករហូតដល់ជីវិតក្រោយបាន ។ នៅក្នុងជួរឈរមួយទៀត ពួកគេអាចសរសេរ « ទ្រព្យសម្បត្តិខាងភាពអស់កល្ប » ឬអ្វីដែលព្រះឲ្យតម្លៃ ហើយដែលអាចមានជារៀងរហូត ។ តើមានបទពិសោធន៍អ្វីខ្លះដែលបានបង្រៀនយើងថា ទ្រព្យសម្បត្តិខាងភាពអស់កល្បមានតម្លៃច្រើនជាងទ្រព្យសម្បត្តិខាងលោកិយ ?
-
ជេមស៍ ខូវេល មាននូវបំណងប្រាថ្នាសុចរិត ដូចជាយើងភាគច្រើនដែរ ។ ប៉ុន្តែការពុំបានគោរពតាមការដឹកនាំរបស់ព្រះគឺជាការព្រមានដ៏សំខាន់មួយចំពោះយើងគ្រប់គ្នា ។ ដើម្បីជួយសិស្សរៀនមកពីបទពិសោធន៍របស់ខូវេល អ្នកអាចអញ្ជើញសិស្សមួយចំនួនឲ្យស្រាវជ្រាវ កណ្ឌទី ៣៩ រកអ្វីដែលព្រះអម្ចាស់បានសុំគាត់ឲ្យធ្វើ ។ សិស្សដទៃទៀតអាចស្រាវជ្រាវរកពរជ័យដែលគាត់ត្រូវបានសន្យា ប្រសិនបើគាត់គោរពតាម ។ ពួកគេក៏អាចស្រាវជ្រាវ កណ្ឌទី ៤០ រកហេតុផលដែលជេមស៍ ខូវេលពុំទទួលបានពរជ័យទាំងនេះ ។ តើបទពិសោធន៍របស់គាត់អាចអនុវត្តចំពោះយើងតាមរបៀបណា ? តើ « ការខ្វល់ខ្វាយខាងលោកិយ » អ្វីទៅដែល ពេលខ្លះរារាំងយើងមិនឲ្យទទួលបានបន្ទូលរបស់ព្រះ « ដោយចិត្តរីករាយ » ?( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:២ ) ។