« ថ្ងៃទី ៥–១១ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦ ៖ ‹ អ្នកត្រូវបានហៅ ដើម្បីឲ្យទៅផ្សាយដំណឹងល្អរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ (ឆ្នាំ ២០២០ )
« ថ្ងៃទី ៥–១១ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ២០២១
ថ្ងៃទី ៥–១១ ខែ មេសា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦
« អ្នកត្រូវបានហៅ ដើម្បីឲ្យទៅផ្សាយដំណឹងល្អរបស់យើង »
នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦ តើសារលិខិតអ្វីខ្លះដែលទាក់ទងទៅនឹងសិស្សរបស់បងប្អូន ? តើអ្វីទៅដែលនឹងបំផុសគំនិតពួកគេឲ្យចែកចាយដំណឹងល្អជាមួយអ្នកដទៃ ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ប្រហែលជាសិស្សអាចចែកចាយអ្វីមួយដែលពួកគេបានអាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦ ដែលបំផុសគំនិតរបស់ពួកគេឲ្យចែកចាយដំណឹងល្អ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦
យើងត្រូវបានហៅឲ្យផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ណែនាំឲ្យស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦ រកអ្វីដែលព្រះអម្ចាស់សុំពីពួកអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ និងអ្វីដែលទ្រង់សន្យាដល់ពួកគេ ។ សិស្សអាចចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ ( ឧទាហរណ៍ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៨, ៣១:៣-៥, ៣២:១, ៥, ៣៥:២៤ ) ។ ប្រហែលជាបងប្អូនអាចអញ្ជើញពួកគេឲ្យសរសេរសំបុត្រមួយទៅកាន់មនុស្សម្នាក់ដែលកំពុងតែបម្រើបេសកកម្មនាពេលបច្ចុប្បន្ននេះ ឬកំពុងរៀបចំខ្លួនបម្រើបេសកកម្ម ហើយដាក់បញ្ចូលនូវសេចក្ដីបង្គាប់ និងការសន្យាខ្លះៗរបស់ព្រះអម្ចាស់ ។
-
តើបងប្អូនបង្រៀនយុវវ័យដែលកំពុងរៀបចំខ្លួនបម្រើជាអ្នកផ្សព្វផ្សាយសាសនាដែរឬទេ ? ប្រសិនបើមាន បងប្អូនអាចអញ្ជើញសិស្សម្នាក់ៗឲ្យស្រាវជ្រាវកណ្ឌមួយនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦ ហើយស្វែងរកអ្វីមួយដែលបំផុសគំនិតរបស់ពួកគេឲ្យបម្រើ ។ បងប្អូនអាចចង្អុលបង្ហាញថា ពួកអ្នកផ្សព្វផ្សាយសាសនាដែលបានលើកឡើងនៅក្នុងកណ្ឌទាំងនេះគឺជាសមាជិកថ្មី ហើយខ្វះបទពិសោធន៍នៅក្នុងសាសនាចក្រ ។ តើអ្វីទៅដែលធ្វើឲ្យពួកគេមានគុណសម្បត្តិដើម្បីចែកចាយដំណឹងល្អ ? បងប្អូនក៏អាចមើលវីដេអូមួយក្នុងចំណោមវីដេអូជាច្រើនដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ផងដែរ ។ តើវីដេអូទាំងនេះណែនាំអ្វីខ្លះអំពីហេតុផលដែលយើងគួរបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងរបៀបដែលយើងអាចរៀបចំខ្លួន ?
-
ពុំមែនមនុស្សគ្រប់គ្នាមានឱកាសដើម្បីបម្រើបេសកកម្មពេញម៉ោងនោះទេ ប៉ុន្តែយើងអាចអញ្ជើញមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ ហើយស្ដាប់សារលិខិតនៃការស្ដារឡើងវិញបាន ។ សិស្សអាចធ្វើបញ្ជីមួយអំពីវិធីផ្សេងៗដែលពួកគេអាច « បើកមាត់ [របស់ពួកគេ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៨-១០ ) ។ តើឱកាសធម្មតាមួយចំនួនដែលយើងមានដើម្បីចែកចាយជំនឿរបស់យើងជាមួយនឹងមនុស្សដទៃមានអ្វីខ្លះ ? នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០-៣៦ តើការប្រឹក្សាអ្វីខ្លះដែលទាក់ទងទៅនឹងការចែកចាយដំណឹងល្អតាមវិធីទាំងនេះ ? សូមពិចារណាសុំឲ្យសិស្សពីរបីនាក់ដែលធ្លាប់មានបទពិសោធន៍ល្អៗក្នុងការចែកចាយដំណឹងល្អ ដើម្បីចែកចាយពីគំនិតរបស់ពួកគេ ហើយឆ្លើយសំណួរដែលសិស្សដទៃទៀតមាន ។
-
ព្រះអម្ចាស់បានសន្យាដល់អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ថាប្រសិនបើពួកគេបើកមាត់របស់ពួកគេចែកចាយដំណឹងល្អ នោះពួកគេនឹង « ក្លាយទៅដូចជានីហ្វៃពីបុរាណ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣:៨ ) ។ តើនីហ្វៃមានបុគ្គលិកលក្ខណៈអ្វីខ្លះដែលអាចទាក់ទងទៅនឹងការចែកចាយដំណឹងល្អ ? ( ឧទាហរណ៍ សូមមើល នីហ្វៃទី ១ ៣:៧; ៤:៦; ១០:១៧; ១៧:១៥; នីហ្វៃទី ២ ១:២៧–២៨ ) ។ តើបុគ្គលិកលក្ខណៈទាំងនេះអាចជួយយើងនៅក្នុងការខិតខំរបស់យើងដើម្បីចែកចាយដំណឹងល្អតាមរបៀបណា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២-៣៣; ៣៥
ព្រះអម្ចាស់រៀបចំយើងសម្រាប់កិច្ចការដែលទ្រង់សព្វព្រះទ័យចង់ឲ្យយើងធ្វើ ។
-
តើព្រះអម្ចាស់បានជួយយើងធ្វើកិច្ចការរបស់ទ្រង់តាមរបៀបណា ? ការពិភាក្សាមួយអំពីជីវិតរបស់មនុស្សទាំងឡាយដែលបានរៀបរាប់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២-៣៣, ៣៥ ប្រហែលជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់ការពិចារណាអំពីបទពិសោធន៍ទាំងនេះ ។ ឧទាហរណ៍ អ្នកអាចចែកចាយជាមួយនឹងសិស្សពីដំណើររឿងរបស់អ៊ែសរ៉ា ធេយ័រ ស្ដីពីការនិមិត្តរបស់គាត់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » រួចហើយអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១-១៣ ជាផ្នែកមួយនៃវិវរណៈដែលមានដល់ អ៊ែសរ៉ា ធេយ័រ ។ តើព្រះអម្ចាស់បានរៀបចំអ៊ែសរ៉ាសម្រាប់កិច្ចការដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យគាត់ធ្វើតាមរបៀបណា ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:២ ) ។ បងប្អូនក៏អាចសុំសិស្សម្នាក់ឲ្យចែកចាយព័ត៌មានជីវប្រវត្តិមួយចំនួនអំពីទំនាក់ទំនងរវាង ប៉ាលី ភី ប្រាត្ត និងស៊ីឌនី រិកដុន ( សូមមើល « សំឡេងនៃការស្ដារឡើងវិញ ៖ ទីបន្ទាល់របស់អ្នកប្រែចិត្តជឿកាលពីជំនាន់ដើម » នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ តើទំនាក់ទំនងនេះផ្ដល់ពរជ័យដល់សាសនាចក្រយ៉ាងដូចម្ដេចខ្លះ ? តើយើងមើលឃើញភស្ដុតាងអ្វីខ្លះថាព្រះហស្ដរបស់ព្រះអម្ចាស់មាននៅក្នុងជីវិតរបស់បុរសទាំងនេះ ? ប្រហែលជាសិស្សអាចចែកចាយនូវបទពិសោធន៍ដែលបានជួយពួកគេឲ្យមើលឃើញថា ព្រះអម្ចាស់ទ្រង់ជ្រាបដឹងពីពួកគេតាមវិធីមួយស្រដៀងគ្នានេះ ។
ធនធានបន្ថែមទាំងឡាយ
វីដេអូអំពីកិច្ចការផ្សព្វផ្សាយសាសនា ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
« គុណតំលៃនៃបេសកកម្មពេញម៉ោង »
« ការចែកចាយដំណឹងល្អ »
« ថ្ងៃរបស់អ្នកសម្រាប់បេសកកម្មមួយ »
« អែលឌើរ ស៊ិស្ទើរ បែដណា—ជីវិតជាអ្នកផ្សព្វផ្សាយសាសនា »
« កាតព្វកិច្ចអ្នកកាន់បព្វជិតភាព »
ការនិមិត្តរបស់អ៊ែសរ៉ា ធេយ័រ
អ៊ែសរ៉ា ធេយ័រ បានសរសេរថា ពីមុនគាត់ជ្រមុជទឹក មានពេលមួយនោះគាត់បានមានការនិមិត្តមួយថាមាន « បុរសម្នាក់បានយកក្រដាសមួយដុំមកឲ្យគាត់មើល ក៏មានត្រែផងដែរ ហើយបានប្រាប់ខ្ញុំឲ្យ [ ផ្លុំ ] វា ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនដែលចេះ [ផ្លុំ] ឧបករណ៍អ្វីឡើយក្នុងមួយជីវិតខ្ញុំនេះ ។ គាត់បានពោលថា លោកអាច [ផ្លុំ] វាបាន សូមសាកល្បងម្ដងចុះ ។… វាមានសំឡេងដ៏ពីរោះដែលខ្ញុំពុំធ្លាប់ឮពីមុនមក » ( « Revelation, October 1830–B, Revelation Book 1 » historical introduction, josephsmithpapers.org ) ។ ក្រោយមក នៅពេលយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈមួយសម្រាប់អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ដែលឥឡូវនេះបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣ នោះ អ៊ែសរ៉ា បានបកប្រែវិវរណៈនោះថា ជាក្រដាសមួយដុំដែលនៅក្នុងការនិមិត្តរបស់គាត់ ។