« ថ្ងៃទី ៥–១១ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦ ៖ ‹ អ្នកត្រូវបានហៅ ដើម្បីឲ្យទៅផ្សាយដំណឹងល្អរបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៥–១១ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៥–១១ ខែ មេសា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦
« អ្នកត្រូវបានហៅ ដើម្បីឲ្យទៅផ្សាយដំណឹងល្អរបស់យើង »
នៅក្នុងបទគម្ពីរ យើងអាចរកឃើញការយល់ដឹងនានាសម្រាប់ស្ថានភាពពិសេសរបស់យើង ។ សូមទូលទៅព្រះអម្ចាស់ឲ្យជួយបងប្អូនស្វែងរកសារលិខិតមួយ ដែលមានអត្ថន័យចំពោះបងប្អូននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ផាលី ភី ប្រាត្ត ជាសមាជិកម្នាក់ក្នុងសាសនាចក្រប្រហែលរយៈពេលមួយខែ នៅពេលលោកត្រូវបានហៅ « ទៅក្នុងទីរហោស្ថាន » ឲ្យផ្សាយដំណឹងល្អ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២:២ ) ។ ថូម៉ាស ប៊ី ម៉ាស ជាសមាជិកម្នាក់ក្នុងសាសនាចក្ររយៈពេលខ្លីជាងនោះទៅទៀត នៅពេលលោកត្រូវបានប្រាប់ពី « ម៉ោងនៃបេសកកម្មរបស់អ្នកមកដល់ហើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៣ ) ។ ដូចគ្នាដែរអរសិន ប្រាត្ត, អេតវើឌ ផាទ្រិច និងមនុស្សដទៃទៀតជាច្រើនទៀតជ្រមុជទឹកមិនទាន់បានប៉ុន្មានផង នៅពេលការហៅបេសកកម្មរបស់ពួកគេបានមកដល់ ។ ប្រហែលពេលវេលានេះគឺជាអ្វីដែលចាំបាច់បំផុត—នៅក្នុងរដូវស្លឹកឈើជ្រុះនៃឆ្នាំ ១៨៣០ គ្មាននរណាម្នាក់បានក្លាយជាសមាជិកក្នុងសាសនាចក្រយូរជាងរយៈពេលប្រាំមួយខែឡើយ ។ ប៉ុន្ដែក៏មានមេរៀនមួយនៅក្នុងគំរូនេះសម្រាប់យើងសព្វថ្ងៃនេះផងដែរ ៖ ប្រសិនបើបងប្អូនដឹងគ្រប់គ្រាន់ល្មមដើម្បីទទួលយកដំណឹងល្អដែលបានស្ដារឡើងវិញតាមរយៈការជ្រមុជទឹក បងប្អូនដឹងគ្រប់គ្រាន់ល្មមនឹងចែកចាយវាជាមួយមនុស្សដទៃហើយ ។ ពិតណាស់ យើងតែងចង់បង្កើនចំណេះដឹងរបស់យើងអំពីដំណឹងល្អ ប៉ុន្ដែព្រះមិនដែលស្ទាក់ស្ទើរនឹងហៅ « ពួកអ្នកដែលពុំបានរៀនសូត្រ » ឲ្យផ្សាយដំណឹងល្អរបស់ទ្រង់ឡើយ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣ ) ។ តាមពិតទៅ ទ្រង់អញ្ជើញយើងទាំងអស់គ្នាឲ្យ « បើកមាត់របស់អ្នក ដើម្បីប្រកាសប្រាប់ពីដំណឹងល្អរបស់យើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៥ ) ។ ហើយយើងធ្វើការណ៍នោះឲ្យល្អបំផុត មិនមែនតាមរយៈប្រាជ្ញា និងបទពិសោធន៍ផ្ទាល់ខ្លួនយើងទេ ប៉ុន្ដែ « ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:១៣ ) ។
សូមមើលផងដែរ « The Faith and Fall of Thomas Marsh » « Ezra Thayer: From Skeptic to Believer » « Orson Pratt’s Call to Serve » Revelations in Context ទំព័រ ៥៤–៦៩ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦
ខ្ញុំត្រូវបានហៅឲ្យផ្សាយដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ។
មិនថាបងប្អូនមានការហៅបម្រើជាផ្លូវការឲ្យធ្វើជាអ្នកផ្សព្វផ្សាយឬអត់នោះទេ ព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនចែកចាយដំណឹងល្អរបស់ទ្រង់ ហើយបន្ទូលរបស់ទ្រង់ជាច្រើនទៅកាន់អ្នកផ្សព្វផ្សាយពីដើមនៃគ្រាកាន់កាប់ត្រួតត្រានេះគឺសម្រាប់បងប្អូនផងដែរ ។ នៅពេលបងប្អូនសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០–៣៦ សូមកត់ត្រាអ្វីដែលបងប្អូនបានរៀនអំពីការហៅឲ្យផ្សាយដំណឹងល្អ ។ បងប្អូនអាចធ្វើបញ្ជីមួយនៃរឿងដែលព្រះអម្ចាស់សុំឲ្យអ្នកផ្សព្វផ្សាយរបស់ទ្រង់ធ្វើ ( ឧទាហរណ៍ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:៨ ) និងបញ្ជីមួយទៀតអំពីរឿងដែលព្រះអម្ចាស់សន្យានឹងពួកគេ ( ឧទាហរណ៍សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:១១ ) ។
តើខគម្ពីរទាំងនេះអាចលើកទឹកចិត្តនរណាម្នាក់ ដែលបងប្អូនស្គាល់ដែលកំពុងបម្រើ ឬរៀបចំខ្លួនបម្រើអ្នកផ្លាស់ប្ដូរសាសនា ឬបេសកកម្មបម្រើក្នុងសាសនាចក្រដោយរបៀបណា ? តើបងប្អូនរកឃើញអ្វីខ្លះដែលបំផុសគំនិតបងប្អូនឲ្យចែកចាយដំណឹងល្អ ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៥:១៣–១៥, រ័សុល អិម ណិលសុន និងវិនឌី ដបុលយូ ណិលសុន « Hope of Israel » ( ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យនៅទូទាំងពិភពលោក, ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ នៅលើគេហទំព័រ HopeofIsrael.ChurchofJesusChrist.org; សីលវៀ អេច អលរេត « Go Ye Therefore » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ១០–១២ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៣១:១–២, ៥–៦, ៩, ១៣
ព្រះអម្ចាស់អាចជួយខ្ញុំជាមួយទំនាក់ទំនងក្នុងគ្រួសាររបស់ខ្ញុំ ។
ក្រុមគ្រួសារនៅក្នុងទសវត្សរ៍ ១៨៣០ ពុះពារនឹងបញ្ហាដូចគ្នាជាច្រើនដែលក្រុមគ្រួសារជាច្រើនជួបប្រទះនាសព្វថ្ងៃនេះដែរ ។ តើព្រះអម្ចាស់ប្រទានការដឹកនាំ និងការសន្យាអ្វីខ្លះ ដល់ថូម៉ាសអំពីគ្រួសារគាត់ ? តើបន្ទូលរបស់ទ្រង់អាចជួយបងប្អូននៅក្នុងទំនាក់ទំនងគ្រួសាររបស់បងប្អូនយ៉ាងដូចម្ដេច ?
សម្រាប់ព័ត៌មានបន្ថែមអំពីថូម៉ាស ប៊ី ម៉ាស សូមមើល Saints ១:៧៩–៨០, ១១៩–២០ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២, ៣៥
តើបេសកកម្មទៅកាន់ពួកសាសន៍លេមិនបរាជ័យឬ ?
នៅពេល អូលីវើរ ខៅឌើរី, ពេត្រុស វីតមើរ ជុញ្ញ័រ, ប៉ាលី ភី ប្រាត្ត និង សៃបា ភីតើសុន បានរៀបចេញទៅផ្សាយដល់ពួកសាសន៍ឥណ្ឌាអាមេរិកកាំងដើមនៅភាគខាងលិចនៃរដ្ឋមីសសួរី ពួកគេបានជឿថា ពួកគេកំពុងបំពេញការព្យាករក្នុងព្រះគម្ពីរមរមនអំពីពួកសាសសន៍លេមិន ដែលទទួលបានដំណឹងល្អនៅក្នុងថ្ងៃចុងក្រោយ ( ឧទាហរណ៍សូមមើល នីហ្វៃទី១ ១៣:៣៤–៤១, អេណុស ១:១១–១៨ ) ។ ប៉ុន្ដែនៅចុងបញ្ចប់នៃបេសកកម្មរបស់ពួកគេ ទោះជាពួកគេបានជួបនឹងក្រុមមួយចំនួនមានលទ្ធផលវិជ្ជមានក្ដី ក៏ពួកគេមិនបានជ្រមុជទឹកសាសន៍ឥណ្ឌាអាមេរិកកាំងដើមណាមួយឡើយ ។ ប៉ុន្ដែពួកគេបានជ្រមុជទឹកឲ្យមនុស្សមួយរយនាក់នៅជិតទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ជាទីដែលពួកគេបានឈប់តាមផ្លូវទៅរដ្ឋមីសសួរី ។ ក្នុងចំណោមអ្នកប្រែចិត្តជឿទាំងនោះមានអ្នកដឹកនាំសាសនាចក្រដ៏មានឥទ្ធិពលក្នុងពេលអនាគតជាច្រើនរួមមាន ស៊ីឌនី រិកដុន ហើយក្រុងខឺតឡង់ក្រោយមកបានក្លាយជាកន្លែងប្រជុំគ្នាដ៏សំខាន់មួយសម្រាប់សាសនាចក្រ ។ តើបទពិសោធន៍នេះបង្រៀនបងប្អូនអ្វីខ្លះ អំពីរបៀបដែលព្រះអម្ចាស់សម្រេចកិច្ចការរបស់ទ្រង់ ?
សូមមើលផងដែរ « A Mission to the Lamanites » Revelations in Context ទំព័រ ៤៥–៤៩ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:១២–១៨
ប្រសិនបើខ្ញុំកសាងជីវិតខ្ញុំនៅលើដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ នោះខ្ញុំនឹងមិនធ្លាក់ឡើយ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣ ថ្លែងទៅកាន់ណូរត្រុព ស៊្វីត និងអែសរ៉ា ធេយ័រ ដែលជាអ្នកប្រែចិត្តជឿថ្មីពីរនាក់ ។ ណូរត្រុព បានចាកចេញពីសាសនាចក្រភ្លាមៗក្រោយពីទទួលបានវិវរណៈនេះ ។ អែសរ៉ា បានបម្រើដោយស្មោះត្រង់អស់មួយរយៈ ប៉ុន្ដែចុងក្រោយលោកក៏បានវង្វេងចេញផងដែរ ។ នេះអាចជាឱកាសដ៏ល្អមួយដើម្បីវាយតម្លៃថាបងប្អូនត្រូវបានសង់ « នៅលើថ្មដា » នៃដំណឹងល្អបានរឹងមាំប៉ុណ្ណា ( ខទី ១៣ ) ។ តើសេចក្ដីពិតអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះអាចជួយបងប្អូនឲ្យបន្ដនៅស្មោះត្រង់នឹងព្រះអង្គសង្គ្រោះ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣០:២ ។តើយើងធ្វើបានល្អប៉ុណ្ណាក្នុងនាមជាគ្រួសារមួយ ក្នុងការផ្ដោតលើរបស់ផងទាំងឡាយនៃព្រះ ជាជាងលើ « របស់ផងទាំងឡាយនៃផែនដី » ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៣១ ។នៅពេលបងប្អូនអានសេចក្ដីសន្យារបស់ព្រះអម្ចាស់ដល់ថូម៉ាស ប៊ី ម៉ាសអំពីគ្រួសាររបស់គាត់ បងប្អូនអាចជជែកអំពីពរជ័យ ដែលកើតមានដល់គ្រួសារបងប្អូន ដោយសារតែកិច្ចការផ្សព្វផ្សាយសាសនា ។ បងប្អូនក៏អាចច្រៀងទំនុកតម្កើងមួយដូចជា « ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ » ( ទំនុកតម្កើង ល.រ. ១៦៨ ) ។ តើគ្រួសាររបស់បងប្អូនទទួលបានពរ ដោយការចែកចាយដំណឹងល្អជាមួយមនុស្សដទៃដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៣:៧–១០ ។តើព្រះអម្ចាស់បានប្រើការប្រៀបធៀបអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដើម្បីរៀបរាប់ពីការចែកចាយដំណឹងល្អ ? តើមានរូបភាព ឬពាក្យប្រៀបធៀបផ្សេងទៀតណាខ្លះដែលគ្រួសារបងប្អូនអាចគិតដល់ ? ប្រហែលរូបភាពទាំងនេះអាចជួយគ្រួសារបងប្អូនឲ្យគិតអំពីរបៀបដ៏ច្នៃប្រឌិតក្នុងការចែកចាយដំណឹងល្អ ។ រួចហើយការពិភាក្សានេះអាចដឹកនាំទៅរកផែនការមួយដើម្បីចែកចាយដំណឹងល្អ ។ សូមគិតដល់ការសម្ដែងពីស្ថានភាពមួយចំនួន ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៤:១០ ។សូមរើសយកឃ្លាមួយមកពី ខទី ១០ ហើយអញ្ជើញសមាជិកគ្រួសារម្នាក់ឲ្យខ្សឹបប្រាប់ឃ្លានោះ ។ សមាជិកគ្រួសារផ្សេងទៀតអាចព្យាយាមទាយឃ្លានោះ ។ រួចហើយសូមឲ្យសមាជិកគ្រួសារម្នាក់និយាយឃ្លានោះឮៗ ។ តើសកម្មភាពនេះជួយយើងឲ្យយល់អំពីមូលហេតុដែលព្រះអម្ចាស់បញ្ជាយើងឲ្យ « បន្លឺសំឡេងរបស់អ្នកឡើង » ដោយរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ខ្ញុំសង្ឃឹមគេហៅខ្ញុំទៅបម្រើ » សៀវភៅចម្រៀងកុមារ ទំព័រ ៩១ ។
Voices of the Restoration
អ្នកប្រែចិត្តជឿពីដើម
តាំងពីមុនសាសនាចក្រត្រូវបានរៀបចំឡើង ព្រះអម្ចាស់បានប្រកាសថា « ស្រែសសំព្រុសល្មមច្រូតហើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤:៤ ) ។ ប្រយោគនេះបញ្ជាក់ការពិតនៅក្នុងខែបន្ទាប់មកនោះ ដោយសារអ្នកស្វែងរកសេចក្ដីពិតជាច្រើនត្រូវបានដឹកនាំដោយព្រះវិញ្ញាណនៃព្រះ ឲ្យស្វែងរកសាសនាចក្រដែលស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
អ្នកប្រែចិត្តជឿជំនាន់ដើមទាំងនេះជាច្រើនគឺជាឧបករណ៍ក្នុងការដាក់គ្រឹះដល់ការស្ដារឡើងវិញ ហើយដំណើររឿងនៃការប្រែចិត្តជឿរបស់ពួកគេមានតម្លៃចំពោះយើងនាសព្វថ្ងៃនេះ ។ សេចក្ដីជំនឿដែលពួកគេបានបង្ហាញនោះ គឺជាសេចក្ដីជំនឿដូចគ្នាដែលយើងត្រូវការ ដើម្បីក្លាយជាអ្នកប្រែចិត្តជឿលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
អាប៊ីហ្គេល ខាលឃីន លេអូណាដ
នៅពេលអាប៊ីហ្គេល ខាលឃីន លេអូណាដ នៅក្នុងវ័យពាក់កណ្ដាលសាមសិបរបស់នាង នាងមានបំណងប្រាថ្នាទទួលបានការអភ័យទោសចំពោះអំពើបាបនាង ។ នាងអានព្រះគម្ពីរប៊ីបម្ដងម្កាល ហើយមនុស្សមកពីព្រះវិហារគ្រីស្ទានបានមកលេងផ្ទះនាង ប៉ុន្ដែនាងបានភាន់ច្រឡំអំពីភាពខុសគ្នារវាងព្រះវិហារទាំងនេះ ។ នាងនិយាយថា « នាព្រឹកមួយ ខ្ញុំបានយកព្រះគម្ពីរខ្ញុំ ហើយចេញទៅព្រៃ នៅពេលខ្ញុំបានលុតជង្គង់ចុះ » ។ នាងបានអធិស្ឋានយ៉ាងក្លៀវក្លាដល់ព្រះអម្ចាស់ ។ នាងបានពោលថា « រំពេចនោះការនិមិត្តមួយត្រូវបានបើកបង្ហាញដល់ភ្នែករបស់ខ្ញុំ ហើយសាសនាខុសគ្នាជាច្រើនបានសម្ដែងឡើងដល់ខ្ញុំ ហើយសំំឡេងមួយបានហៅខ្ញុំដោយថ្លែង ៖ ‹ សាសនាចក្រទាំងនេះបង្កើតឡើងដើម្បីផលចំណេញ › ។ រួចហើយ ហួសពីនេះ ខ្ញុំអាចឃើញពន្លឺដ៏អស្ចារ្យមួយ និងសំឡេងមួយមកពីស្ថានលើស្រែកប្រាប់ថា ៖ ‹ យើងនឹងបង្កើតប្រជាជន ដែលយើងពេញចិត្តនឹងគ្រប់គ្រង និងផ្ដល់ពរ › » ។ មួយរយៈខ្លីក្រោយមក អាប៊ីហ្គេលបានឮអំពីព្រះគម្ពីរមរមន ។ ទោះបីជានាងមិនទាន់មានគម្ពីរនៅឡើយក្ដី ក៏នាងបានស្វែងរកចង់ « ដឹងពីសេចក្ដីពិតនៃគម្ពីរនេះ តាមរយៈអំណោយ និងអំណាចនៃព្រះវិញ្ញាណបរីសុទ្ធ » ហើយនាង « បានមានអារម្មណ៍ពីវត្តមាននោះភ្លាម » ។ នៅពេលនាងអាចអានព្រះគម្ពីរមរមនចប់ហើយ នាងបាន « ត្រៀមខ្លួនដើម្បីទទួលវា » ។ នាង និងស្វាមីរបស់នាង ឡាយមិន បានជ្រមុជទឹកនៅឆ្នាំ ១៨៣១ ។១
ថូម៉ាស ប៊ី ម៉ាស
នៅពេល ថូម៉ាស ប៊ី ម៉ាស ជាយុវមជ្ឈិមវ័យ លោកបានសិក្សាព្រះគម្ពីរប៊ីប ហើយបានចូលរួមក្នុងព្រះវិហារគ្រីស្ទានមួយ ។ ប៉ុន្ដែលោកមិនបានពេញចិត្តឡើយ ទីបំផុតបានដកខ្លួនចេញពីព្រះវិហារទាំងអស់ ។ លោកបានពោលថា « ខ្ញុំមានរង្វាស់នៃវិញ្ញាណនៃការព្យាករ ហើយបានប្រាប់ [ អ្នកដឹកនាំសាសនាម្នាក់ ] ថា ខ្ញុំរំពឹងថានឹងមានព្រះវិហារថ្មីមួយកើតឡើង ដែលនឹងមានសេចក្ដីពិតក្នុងបរិសុទ្ធភាពនៃព្រះវិហារនោះ » ។ មិនយូរប៉ុន្មានបន្ទាប់ពីនេះ ថូម៉ាសបានមានការបំផុសគំនិតខាងវិញ្ញាណមួយឲ្យចាកចេញពីផ្ទះលោកនៅបុសតុន រដ្ឋម៉ាសាឈូសេត ហើយធ្វើដំណើរទៅភាគខាងលិច ។ ក្រោយពីចំណាយពេលបីខែនៅទីក្រុងនូវយ៉ោកភាគខាងលិច ដោយមិនរកឃើញអ្វីដែលលោកចង់រកមក នោះលោកបានចាប់ផ្ដើមមកផ្ទះវិញ ។ នៅតាមផ្លូវ ស្ដ្រីម្នាក់បានសួរថូម៉ាសថា តើគាត់បានឮអំពី « សៀវភៅមាស ដែលរកឃើញដោយយុវជនម្នាក់ឈ្មោះ យ៉ូសែប ស៊្មីធ » ដែរឬទេ ។ ដោយជាប់ក្នុងគំនិតនេះ ថូម៉ាសបានធ្វើដំណើរទៅភូមិប៉ាល់ម៉ៃរ៉ាភ្លាម ហើយបានជួបនឹងម៉ាទិន ហារីស នៅឯហាងបោះពុម្ព គឺពេលព្រះគម្ពីរមរមន ១៦ ទំព័រដំបូងបានចេញមកពីម៉ាស៊ីនបោះពុម្ព ។ ថូម៉ាសត្រូវបានអនុញ្ញាតឲ្យយកច្បាប់ចម្លង ១៦ ទំព័រនោះ ហើយលោកបានយកវាទៅផ្ទះឲ្យភរិយាលោកឈ្មោះ អេលីស្សាបែត ។ លោកនឹកចាំថា « នាងរីករាយនឹងសៀវភៅនោះណាស់ ដោយជឿថាជាកិច្ចការរបស់ព្រះ » ។ ក្រោយមកថូម៉ាស និងអេលីស្សាបែតបានប្ដូរទៅនៅទីក្រុងនូវយ៉ោកជាមួយកូនៗរបស់ពួកគេ ហើយបានជ្រមុជទឹក ។២ ( សម្រាប់ព័ត៌មានបន្ថែមអំពីថូម៉ាស ប៊ី ម៉ាស សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១ ) ។
ប៉ាលី និង សេងហ្វូល ប្រាត្ត
ដូចជាថូម៉ាស ម៉ាសដែរ ប៉ាលី និង សេងហ្វូល ប្រាត្ត បានឆ្លើយតបនឹងការខ្មួលខ្មាញ់ខាងវិញ្ញាណឲ្យចាកចេញពីចម្ការដ៏ស្ដុកស្ដម្ភរបស់ពួកគេនៅក្នុងរដ្ឋអូហៃអូ ដោយមានបំណងទៅផ្សាយដំណឹងល្អ កាលពួកគេយល់វាមកពីព្រះគម្ពីរប៊ីបហើយ ។ កាលប៉ាលីបានប្រាប់បងប្រុសរបស់លោកថា « វិញ្ញាណនៃរឿងទាំងនេះនាំមកក្នុងគំនិតខ្ញុំយ៉ាងមានអានុភាព រហូតដល់ខ្ញុំមិនអាចសម្រាកបានឡើយ » ។៣ នៅពេលពួកគេមកដល់ទីក្រុងនូវយ៉ោកភាគខាងកើត ប៉ាលីបានមានការបំផុសគំនិតមួយឲ្យស្នាក់នៅមួយរយៈក្នុងតំបន់នេះ ។ ពួកគេសម្រេចចិត្តថា សេងហ្វូលនឹងបន្ដទៅមុខដោយគ្មានគាត់ ។ ប៉ាលីបានប្រាប់នាងថា « ខ្ញុំមានកិច្ចការត្រូវធ្វើនៅក្នុងតំបន់ជនបទនេះ ហើយតើវាជាអ្វី ឬតើវានឹងចំណាយពេលយូរប៉ុណ្ណាដើម្បីធ្វើវា ខ្ញុំមិនដឹងឡើយ ប៉ុន្ដែខ្ញុះនឹងមក នៅពេលវាបញ្ចប់ » ។៤ គឺនៅទីនោះឯងដែលប៉ាលីបានឮពីព្រះគម្ពីរមរមនជាលើកដំបូង ។ គាត់បានពោលថា « ខ្ញុំមានអារម្មណ៍ចាប់ចិត្តចម្លែកលើសៀវភៅនេះ » ។៥ គាត់បានស្នើសុំគម្ពីរមួយច្បាប់ ហើយបានអានវាចប់ក្នុងពេលមួយយប់ ។ នៅត្រឹមពេលព្រឹក គាត់បានដឹងថា គម្ពីរនោះគឺពិតដោយផ្ដល់តម្លៃវាថា « មានតម្លៃជាងរតនសម្បត្តិទាំងអស់លើពិភពលោកនេះ » ។៦ ក្នុងពេលពីរបីថ្ងៃ ប៉ាលីបានជ្រមុជទឹក ។ បន្ទាប់មក គាត់បានត្រឡប់ទៅរកសេងហ្វូលវិញ ដែលបានជ្រមុជទឹកផងដែរ ។ ( សម្រាប់ព័ត៌មានបន្ថែមអំពី ប៉ាលី ភី ប្រាត្ត សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣២ ) ។
ស៊ីឌនី និងហ្វេប រិកដុន
នៅតាមផ្លូវគាត់ពីទីក្រុងនូវយ៉ោកទៅកាន់បេសកកម្មក្នុងរដ្ឋមីសសួរី ប៉ាលី ប្រាត្ត និងអ្នកធ្វើការរបស់គាត់បានឈប់នៅមេនធើរ រដ្ឋអូហៃអូ នៅផ្ទះរបស់ ស៊ីឌនី និងហ្វេប រិកដុន—មិត្តចាស់ដែលប៉ាលីបានស្គាល់ពេលគាត់នៅរដ្ឋអូហៃអូ ។ ស៊ីឌនីគឺជាគ្រូគង្វាលគ្រីស្ទានម្នាក់ ហើយប៉ាលីធ្លាប់ជាសមាជិកម្នាក់ក្នុងសាលជំនុំរបស់គាត់ ហើយបានចាត់ទុកគាត់ថាជាអ្នកអប់រំខាងវិញ្ញាណម្នាក់ ។ ប៉ាលីមានចិត្តអន្ទះអន្ទែងនឹងប្រាប់មិត្តរបស់គាត់អំពីព្រះគម្ពីរមរមន និងការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ស៊ីឌនីខ្លួនគាត់ក៏បានស្រាវជ្រាវរកការស្ដារឡើងវិញនៃសាសនាចក្រដ៏ពិតមួយ ដែលគាត់រកឃើញនៅក្នុងការពិពណ៌នានៃព្រះគម្ពីរសញ្ញាថ្មី ទោះបីជាលោកមានមន្ទិលសង្ស័យនឹងព្រះគម្ពីរមរមនពេលដំបូងក្ដី ។ លោកបានប្រាប់មិត្តរបស់គាត់ ប៉ាលីថា « ប៉ុន្ដែខ្ញុំនឹងអានសៀវភៅរបស់ឯង ហើយនឹងព្យាយាមពិនិត្យបញ្ជាក់ថា តើវាជាវិវរណៈមកពីព្រះឬអត់ » ។៧ ពីរសប្ដាហ៍ក្រោយពីការសិក្សា និងការអធិស្ឋាន ទាំងលោក និងហ្វេបជឿថាគម្ពីរនោះគឺពិត ។ ប៉ុន្ដែស៊ីឌនីក៏ដឹងផងដែរថា ការចូលរួមក្នុងសាសនាចក្រអាចជាការលះបង់ដ៏ធំមួយសម្រាប់គ្រួសាររបស់លោក ។ គាត់ប្រាកដជាបាត់បង់ការងាររបស់គាត់ជាអ្នកផ្ដល់ការងារបម្រើ ជាមួយនឹងឋានៈក្នុងសង្គមរបស់គាត់ក្នុងសហគមន៍ ។ កាលគាត់ និងហ្វេបបានពិភាក្សាពីលទ្ធភាពនេះ ហ្វេបបានប្រកាសថា « ខ្ញុំបានគិតពីតម្លៃលះបង់ ហើយ… វាជាបំណងប្រាថ្នាខ្ញុំដើម្បីធ្វើតាមព្រះទ័យរបស់ព្រះ មានជីវិត ឬគ្មានជីវិតក៏ដោយ » ។៨