« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧–៤០ ៖ ‹ បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧–៤០ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១២–១៨ ខែ មេសា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧–៤០
« បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ »
ការកត់ត្រាចំណាប់អារម្មណ៍ នៅពេលបងប្អូនសិក្សាគឺជារបៀបមួយដែលបងប្អូនអាចគោរពតាមការប្រឹក្សារបស់ព្រះឲ្យ « រក្សាប្រាជ្ញាទុក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣០ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ចំពោះពួកបរិសុទ្ធពីដើម សាសនាចក្រមានន័យច្រើនជាងគ្រាន់តែកន្លែងមួយ សម្រាប់ស្ដាប់ការបង្រៀននៅថ្ងៃអាទិត្យទៅទៀត ។ គ្រប់វិវរណៈរបស់ទ្រង់ទៅកាន់យ៉ូសែប ស៊្មីធ ព្រះអម្ចាស់បានរៀបរាប់សាសនាចក្រដោយពាក្យដូចជា បុព្វហេតុ នគរ ស៊ីយ៉ូន ហើយញឹកញាប់បំផុតនោះគឺពាក្យកិច្ចការ ។ នោះប្រហែលជាផ្នែកនៃអ្វីដែលទាក់ទាញសមាជិកពីដើមជាច្រើនមកកាន់សាសនាចក្រ ។ ដូចដែលពួកគេស្រឡាញ់គោលលទ្ធិដែលបានស្ដារឡើងវិញរបស់សាសនាចក្រយ៉ាងខ្លាំងដែរ មនុស្សជាច្រើនក៏ចង់បានអ្វីមួយដែលពួកគេអាចឧទ្ទិសជីវិតពួកគេដល់ផងដែរ ។ ទោះបីដូច្នោះក្ដី បទបញ្ជារបស់ព្រះអម្ចាស់នៅឆ្នាំ ១៨៣០ ដល់ពួកបរិសុទ្ធឲ្យប្រមូលគ្នានៅរដ្ឋអូហៃអូ មិនមែនជាការងាយស្រួលសម្រាប់មនុស្សចំនួនធ្វើតាមឡើយ ។ សម្រាប់មនុស្សដូចជាហ្វេប ខាធើរ វាមានន័យថា ត្រូវចាកចេញពីផ្ទះដ៏ស្រណុកស្រួលទៅកាន់ដែនដីដែលមិនស្គាល់មួយ ( សូមមើល « Voices of the Restoration » នៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ។ សព្វថ្ងៃនេះ យើងអាចឃើញច្បាស់ពីអ្វីដែលពួកបរិសុទ្ធទាំងនោះអាចឃើញតែតាមរយៈភ្នែកនៃសេចក្ដីជំនឿ ៖ ព្រះអម្ចាស់បានមានពរជ័យដ៏អស្ចារ្យរង់ចាំពួកគេនៅរដ្ឋអូហៃអូ ។
ការត្រូវប្រមូលគ្នាទៅរដ្ឋអូហៃអូបានកន្លងផុតទៅជាយូរមកហើយ ប៉ុន្ដែពួកបរិសុទ្ធនៅសព្វថ្ងៃនេះនៅតែរួបរួមគ្នាជុំវិញបុព្វហេតុដូចគ្នានេះ កិច្ចការដូចគ្នានេះ ៖ « ហើយដើម្បីនាំក្រុងស៊ីយ៉ូនចេញមក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១៣ ) ។ ដូចជាពួកបរិសុទ្ធពីដើមទាំងនោះដែរ យើងបោះបង់ « សេចក្ដីខ្វល់ខ្វាយនៃលោកិយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:២ ) ពីព្រោះយើងទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ ៖ « អ្នកនឹងបានទទួល… ព្រះពរដ៏មហិមា ដូចជាអ្នកពុំដែលបានស្គាល់មកសោះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩:១០ ) ។
សូមមើល Saints ១:១០៩–១១ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:១
តើយ៉ូសែប ស្ម៊ីធកំពុងបកប្រែអ្វីនៅក្នុងឆ្នាំ ១៨៣០ ?
នៅក្នុងខគម្ពីរនេះ ព្រះអម្ចាស់បានសំដៅលើកិច្ចការរបស់យ៉ូសែប ស៊្មីធលើកំណែដ៏បំផុសគំនិតលើព្រះគម្ពីរប៊ីប ដែលត្រូវបានយោងថាជា « ការបកប្រែ » ។ នៅពេលយ៉ូសែបបានទទួលវិវរណៈដូចបានកត់ត្រានៅក្នុង កណ្ឌទី ៣៧ លោកបានបញ្ចប់ជំពូកពីរបីនៃគម្ពីរនិក្ខមនំ ហើយទើបបានរៀនអំពីហេណុក និងទីក្រុងស៊ីយ៉ូនរបស់គាត់ ( សូមមើល និក្ខមនំ ៥:១៨–២៤, ម៉ូសេ ៧ ) ។ គោលការណ៍មួយចំនួនដែលព្រះអម្ចាស់បានបង្រៀនហេណុក គឺស្រដៀងនឹងគោលការណ៍ដែលទ្រង់បានបើកបង្ហាញនៅក្នុង កណ្ឌទី ៣៨ ។
សូមមើលផងដែរ Church History Topics « Joseph Smith Translation of the Bible » នៅលើគេហទំព័រ ChurchofJesusChrist.org/study/topics ។
ព្រះប្រមូលផ្ដុំយើងដើម្បីប្រទានពរដល់យើង ។
ព្រះអម្ចាស់បានបញ្ចប់ការបញ្ជារបស់ទ្រង់ឲ្យប្រមូលផ្ដុំគ្នាទៅរដ្ឋអូហៃអូដោយមានបន្ទូលថា « មើលចុះ នេះជាប្រាជ្ញា » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:៤ ) ។ ប៉ុន្ដែមិនមែនមនុស្សគ្រប់គ្នាបានឃើញប្រាជ្ញានៅក្នុងការបញ្ជានេះភ្លាមនោះទេ ។ នៅក្នុង កណ្ឌទី ៣៨ ព្រះអម្ចាស់បានបើកសម្ដែងប្រាជ្ញារបស់ទ្រង់កាន់តែលម្អិត ។ តើបងប្អូនរៀនអ្វីខ្លះមកពី ខទី ១១–៣៣ អំពីពរជ័យនៃការប្រមូលផ្តុំ ? សមាជិកសាសនាចក្រលែងត្រូវបានបញ្ជាឲ្យប្រមូលផ្ដុំគ្នា តាមរយៈការផ្លាស់ទីទៅកាន់តំបន់មួយទៀតហើយ តើយើងប្រមូលផ្ដុំគ្នាតាមរបៀបណានាសព្វថ្ងៃនេះ ? តើពរជ័យទាំងនេះអនុវត្តចំពោះយើងដោយរបៀបណា ? ( សូមមើល រ័សុល អិម ណិលសុន « The Gathering of Scattered Israel » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩–៨១ ) ។
នៅពេលបងប្អូនអានកណ្ឌនេះដល់ចប់ សូមរកមើលវគ្គដែលអាចជួយពួកបរិសុទ្ធឲ្យទទួលបានសេចក្ដីជំនឿ ដែលពួកគេត្រូវការដើម្បីគោរពតាមបទបញ្ញត្តិរបស់ព្រះក្នុងការប្រមូលផ្ដុំគ្នានៅរដ្ឋអូហៃអូ ។ សូមគិតផងដែរអំពីបទបញ្ញត្តិ ដែលទ្រង់បានប្រទានដល់បងប្អូន និងសេចក្ដីជំនឿដែលបងប្អូនត្រូវគោរពតាមបទបញ្ញត្តិទាំងនោះ ។ សំណួរខាងក្រោមនេះអាចណែនាំដល់ការសិក្សារបស់បងប្អូន ៖
-
តើបងប្អូនរកឃើញអ្វីនៅក្នុង ខទី ១–៤ ដែលផ្ដល់ទំនុកចិត្តដល់បងប្អូនឲ្យជឿលើព្រះអម្ចាស់ និងបទបញ្ញត្តិរបស់ទ្រង់ ?
-
តើ ខទី ៣៩ អាចជួយបងប្អូនឲ្យគោរពតាមបទបញ្ញត្តិរបស់ព្រះ ទោះបីជានៅពេលពួកគេត្រូវលះបង់ដោយរបៀបណា ?
តើបងប្អូនរកឃើញអ្វីផ្សេងទៀត ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១១–១៣, ២២–៣២, ៤១–៤២
បើសិនជាខ្ញុំប្រុងប្រៀបទុកជាស្រេច នោះខ្ញុំនឹងមិនត្រូវខ្លាចឡើយ ។
ពួកបរិសុទ្ធបានប្រឈមមុខនឹងការប្រឆាំងជាច្រើនរួចមកហើយ ហើយព្រះអម្ចាស់បានជ្រាបថា មានអ្វីច្រើនទៀតនឹងកើតឡើង ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:១១–១៣, ២៨–២៩ ) ។ ដើម្បីជួយពួកគេកុំឲ្យខ្លាច ទ្រង់បានបើកបង្ហាញគោលការណ៍ដ៏មានតម្លៃមួយ ៖ « បើសិនជាអ្នករាល់គ្នាបានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣០ ) ។ សូមចំណាយពេលមួយនាទី ដើម្បីសញ្ជឹងគិតពីឧបសគ្គដែលបងប្អូនជួបប្រទះ ។ រួចហើយនៅពេលបងប្អូនសិក្សា កណ្ឌទី ៣៨ សូមស្ដាប់ការបំផុសគំនិតមកពីព្រះវិញ្ញាណអំពីរបៀបដែលបងប្អូនអាចប្រុងប្រៀបខ្លួនសម្រាប់ឧបសគ្គ ដើម្បីកុំឲ្យបងប្អូនត្រូវខ្លាចឡើយ ។
សូមមើលផងដែរ រ៉ូណល អេ រ៉ាសបាន « Be Not Troubled » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១៨–២១ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩–៤០
សេចក្ដីខ្វល់ខ្វាយនៃពិភពលោកមិនត្រូវបង្វែរខ្ញុំពីការគោរពតាមបន្ទូលរបស់ព្រះឡើយ ។
សូមអាន កណ្ឌទី ៣៩–៤០ រួមទាំងសាវតាប្រវត្តិសាស្ដ្រនៅក្បាលកណ្ឌ ហើយពិចារណាពីរបៀបដែលបទពិសោធន៍របស់ យ៉េម្ស ខូវិល អាចអនុវត្តចំពោះបងប្អូនបាន ។ ឧទាហរណ៍ សូមគិតពីពេលដែល « ដួងចិត្ត [ របស់អ្នក ] … បានត្រឹមត្រូវនៅចំពោះ [ ព្រះ ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០:១ ) ។ តើបងប្អូនបានទទួលពរមកពីសេចក្ដីស្មោះត្រង់របស់បងប្អូនយ៉ាងដូចម្ដេចដែរ ? សូមគិតអំពីអ្វីដែលបងប្អូនប្រឈមនឹង « សេចក្ដីខ្វាយខ្វល់នៃលោកិយ » ( គោលលទ្ធិ និង សេចសេចក្តីសញ្ញា ៣៩:៩; ៤០:២ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងកណ្ឌទាំងនេះ ដែលបំផុសគំនិតបងប្អូនឲ្យកាន់តែគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ?
សូមមើលផងដែរ ម៉ាថាយ ១៣:៣–២៣ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧:៣ ។ដើម្បីជួយគ្រួសារបងប្អូនឲ្យយល់ពីពលិកម្ម ដែលពួកបរិសុទ្ធបានធ្វើដើម្បីប្រមូលគ្នាទៅរដ្ឋអូហៃអូ បងប្អូនអាចយោងទៅផែនទីដែលអមមកក្នុងគម្រោងមេរៀននេះ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:២២ ។តើយើងអាចធ្វើឲ្យព្រះយេស៊ូវគ្រីស្ទជា « អ្នកតែងក្រឹត្យវិន័យ » របស់គ្រួសារយើងដោយរបៀបណា ? តើការធ្វើតាមក្រឹត្យវិន័យរបស់ទ្រង់ធ្វើឲ្យយើងជា « មនុស្សសេរី » ដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៤–២៧ ។ដើម្បីបង្រៀនកូនចៅអំពីអត្ថន័យនៃ « តែមួយ » បងប្អូនអាចជួយពួកគេឲ្យរាប់សមាជិកគ្រួសារបងប្អូន ហើយជជែកពីមូលហេតុដែលបុគ្គលម្នាក់ៗមានសារសំខាន់ចំពោះគ្រួសាររបស់បងប្អូន ។ សូមគូសបញ្ជាក់ថា រួមគ្នាបងប្អូនគឺជាគ្រួសារតែមួយ ។ បងប្អូនអាចជួយកូនចៅរបស់បងប្អូនឲ្យសរសេរលេខ ១ ដ៏ធំមួយនៅលើបដា ហើយតុបតែងវាដោយឈ្មោះ និងគំនូរ ឬរូបភាពរបស់សមាជិកគ្រួសារម្នាក់ៗ ។ បងប្អូនក៏អាចសរសេរនៅលើបដានោះ នូវរឿងដែលបងប្អូននឹងធ្វើដើម្បីកាន់តែសាមគ្គីគ្នាជាគ្រួសារមួយ ។ បងប្អូនក៏អាចមើលវីដេអូ « Love in Our Hearts » ( ChurchofJesusChrist.org ) ឬអាន ម៉ូសេ ៧:១៨ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៩–៣០ ។បងប្អូនក៏អាចពិភាក្សាពីបទពិសោធន៍គ្រួសារ ឬបទពិសោធន៍ផ្ទាល់ខ្លួននាពេលថ្មីៗនេះ ដែលតម្រូវឲ្យមានការរៀបចំខ្លួន ។ តើការរៀបចំខ្លួនរបស់បងប្អូនមានឥទ្ធិពលលើបទពិសោធន៍យ៉ាងដូចម្តេច ? តើព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងរៀបចំខ្លួនសម្រាប់អ្វីខ្លះ ? តើការរៀបចំខ្លួនអាចជួយយើងកុំឲ្យភ័យខ្លាចយ៉ាងដូចម្តេច ? តើយើងអាចធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួន ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤០ ។តើឃ្លា « សេចក្ដីខ្វល់ខ្វាយនៃលោកិយ » ( ខទី ២ ) មានន័យដូចម្ដេចចំពោះយើង ? តើមានសេចក្ដីខ្វល់ខ្វាយនៃពិភពលោកណាខ្លះ ដែលរារាំងយើងមិនឲ្យទទួលបានបន្ទូលរបស់ព្រះ « ដោយចិត្តរីករាយ » ? តើយើងនឹងយកឈ្នះលើវាដោយរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ព្រះយេស៊ូវមានបន្ទូលស្រឡាញ់មនុស្សគ្រប់រូប » សៀវភៅចម្រៀងកុមារ ទំព័រ ៣៩ ។
Voices of the Restoration
ការប្រមូលផ្ដុំទៅរដ្ឋអូហៃអូ
ក្នុងចំណោមពួកបរិសុទ្ធជាច្រើន ដែលបានប្រមូលផ្ដុំគ្នាទៅរដ្ឋអូហៃអូនៅទសវត្សរ៍ ១៨៣០ គឺមានហ្វេប ខាធើរ ។ នាងបានចូលរួមក្នុងសាសនាចក្រនៅសហរដ្ឋភាគឦសាន ក្នុងវ័យពាក់កណ្ដាលម្ភៃឆ្នាំ ទោះជាឪពុកម្ដាយរបស់នាងមិនចូលរួមក្ដី ។ ក្រោយមក នាងបានសរសេរអំពីការសម្រេចចិត្តរបស់នាងដើម្បីផ្លាស់ទីទៅរដ្ឋអូហៃអូ ដើម្បីរួបរួមជាមួយពួកបរិសុទ្ធ ៖
« មិត្តរបស់ខ្ញុំស្ងើចចំពោះដំណើរជីវិតខ្ញុំ ហើយខ្ញុំក៏ស្ងើចខ្លួនឯងដែរ ប៉ុន្តែមានអ្វីមួយក្នុងខ្លួនខ្ញុំដែលជម្រុញឲ្យខ្ញុំធ្វើវា ។ ភាពសោកសៅរបស់ម្ដាយខ្ញុំ នៅពេលខ្ញុំចាកចេញពីផ្ទះសម្បែង គឺជាភាពសោកសៅមួយដែលខ្ញុំស្ទើរតែមិនអាចទ្រាំទ្របាន ប៉ុន្តែបើមិនដោយសារវិញ្ញាណនៅខាងក្នុងនោះទេ ខ្ញុំនឹងមានភាពរអាក់រអួលជាពុំខានឡើយ ។ ម្ដាយខ្ញុំបានប្រាប់ខ្ញុំថា គាត់សុខចិត្តមើលឃើញខ្ញុំត្រូវបញ្ចុះនៅក្នុងដី ជាងការធ្វើដំណើរចូលទៅក្នុងពិភពលោកដែលគ្មានក្ដីមេត្តានេះតែម្នាក់ឯង ។
គាត់បាននិយាយទាំងក្ដីរំភើបថា ‹ [ ហ្វេប ] តើកូននឹងត្រឡប់មករកម្ដាយវិញទេ ប្រសិនបើកូនរកឃើញថា សាសនាមរមននេះគឺក្លែងក្លាយ ? ›
ខ្ញុំបានឆ្លើយថា ‹ ចា៎ស ម៉ែ កូននឹងត្រឡប់មកវិញ › ។ … ចម្លើយរបស់ខ្ញុំបានរសាយកង្វល់របស់គាត់ ប៉ុន្ដែវាធ្វើឲ្យយើងទាំងអស់គ្នាកើតទុក្ខជាខ្លាំងដែលត្រូវបែកគ្នា ។ នៅពេលការចេញដំណើរបានមកដល់ ខ្ញុំមិនហ៊ានទុកចិត្តខ្លួនឯងថា អាចនឹងនិយាយពាក្យលាគ្នាបានឡើយ ដូច្នេះខ្ញុំបានសរសេរសំបុត្រលាគ្នាដល់មនុស្សគ្រប់គ្នា ហើយដាក់វាលើតុខ្ញុំ ហើយបានរត់ចុះទៅជាន់ខាងក្រោម ហើយឡើងជិះក្នុងរទេះចេញទៅ ។ ដូច្នេះហើយ ខ្ញុំបានចាកចោលផ្ទះសម្បែងជាទីស្រឡាញ់របស់ខ្ញុំកាលពីកុមារភាព ហើយទៅផ្សារភ្ជាប់ជីវិតជាមួយនឹងពួកបរិសុទ្ធរបស់ព្រះ » ។១
នៅក្នុងសំបុត្រលាគ្នាទាំងនោះមួយ ហ្វេបបានសរសេរ ៖
« ម៉ែពុកជាទីស្រឡាញ់—ឥឡូវកូនហៀបនឹងចាកចេញពីដំបូលដែលប្រកបដោយព្រហ្មវិហារធម៌នេះមួយរយៈពេលហើយ… កូនមិនដឹងថាយូរប៉ុណ្ណាទេ—ប៉ុន្ដែមិនមែនដោយខ្វះអំណរគុណចំពោះសណ្ដានចិត្តល្អ ដែលកូនបានទទួលតាំងពីតូចរហូតដល់ពេលបច្ចុប្បន្ននោះទេ—ប៉ុន្ដែទិព្វវិញ្ញាណហាក់ដូចជាកើតឡើងពេលនេះ ជាងពេលពីមុនមក ។ ចូរយើងប្ដេជ្ញាឲ្យរឿងទាំងអស់នេះទៅក្នុងព្រះហស្ដនៃទិព្វវិញ្ញាណ ហើយមានអំណរគុណដែលយើងត្រូវបានអនុញ្ញាតឲ្យរស់នៅជុំគ្នាយ៉ាងយូរ នៅក្នុងកាលៈទេសៈដ៏ល្អខ្លាំងដែលយើងមាន ដោយជឿថា រឿងទាំងអស់នឹងកើតឡើងសម្រាប់ការណ៍ល្អរបស់យើង ប្រសិនបើយើងស្រឡាញ់ព្រះយ៉ាងខ្លាំង ។ ចូរយើងដឹងថា យើងអាចអធិស្ឋានទៅកាន់ព្រះមួយអង្គ ដែលនឹងស្ដាប់ឮការអធិស្ឋានដ៏ស្មោះសរពីសត្វលោកទាំងអស់របស់ទ្រង់ ហើយប្រទានដល់យើងនូវអ្វីដែលល្អបំផុតសម្រាប់យើង ។ …
ម៉ែ កូនជឿថា វាគឺជាព្រះទ័យរបស់ព្រះសម្រាប់កូនដើម្បីទៅភាគខាងលិច ហើយកូនបានជឿថា វាមានរយៈពេលយូរ ។ ឥឡូវផ្លូវបានបើកហើយ… ហើយកូនជឿថា វាគឺជាវិញ្ញាណរបស់ព្រះអម្ចាស់ដែលបានធ្វើការណ៍នេះ ដែលគ្រប់គ្រាន់សម្រាប់ការណ៍ទាំងអស់ ។ សូមម៉ែកុំខ្វល់ខ្វាយដោយសារតែកូនឡើយ ព្រះអម្ចាស់នឹងលួងលោមកូន ។ កូនជឿថា ព្រះអម្ចាស់នឹងថែទាំកូន ហើយប្រទានឲ្យកូននូវអ្វីដែលល្អបំផុត ។ … កូនទៅ ដោយសារលោកចៅហ្វាយកូនហៅ—ទ្រង់បានធ្វើឲ្យកាតព្វកិច្ចរបស់កូនងាយស្រួល » ។២