« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និងសេចក្តីសញ្ញា ៣៧-៤០ ៖ ‹ បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដី សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១២–១៨ ខែ មេសា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៣៧-៤០ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១២–១៨ ខែ មេសា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៧-៤០
« បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ »
ព្រះបានដឹងអំពីអ្វីដែលកុមារនៅក្នុងថ្នាក់របស់អ្នកចាំបាច់ត្រូវរៀន ។ សូមឲ្យទ្រង់ដឹកនាំអ្នក នៅពេលអ្នកជ្រើសរើសគោលការណ៍ និងសកម្មភាពទាំងឡាយដើម្បីជួយអ្នកបង្រៀនពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមហុចព្រះគម្ពីរមួយច្បាប់ទៅមកជុំវិញ ។ នៅពេលកុមារម្នាក់ៗកាន់គម្ពីរ សូមឲ្យកុមារនោះចែកចាយរឿងមួយដែលគាត់ចងចាំមកពីមេរៀននៅសប្ដាហ៍មុន ឬមកពីការអានបទគម្ពីរនៅផ្ទះក្នុងសប្ដាហ៍នេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨: ២៤- ២៧
ខ្ញុំអាចស្រឡាញ់មនុស្សដទៃ ។
ព្រះអម្ចាស់ចង់ឲ្យពួកបរិសុទ្ធប្រមូលផ្ដុំគ្នានៅទីក្រុងអូហៃអូ ហើយស្រឡាញ់គ្នាទៅវិញទៅមកស្មើៗគ្នា ។ តើអ្នកអាចជួយកុមារមានអារម្មណ៍សាមគ្គីភាព និងស្រឡាញ់អ្នកដទៃយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើទំព័រសកម្មភាពសប្ដាហ៍នេះបង្ហាញកុមារថា នៅពេលសាសនាចក្រចាប់ផ្ដើមថ្មី ព្រះអម្ចាស់បានសុំឲ្យសមាជិកផ្លាស់ទៅកាន់អូហៃអូជាមួយគ្នា ( សូមមើលផែនទីនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ផងដែរ ) ។ ព្រះសព្វព្រះទ័យចង់ឲ្យពួកគេរៀនស្រឡាញ់ ហើយត្រូវគ្នាទៅវិញទៅមក ។ ចូរសុំគំនិតយោបល់របស់កុមារអំពីរបៀបដែលពួកគេអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ។
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៥ ទៅកាន់កុមារ ហើយប្រាប់ពួកគេតាមសម្ដីអ្នកផ្ទាល់អំពីអត្ថន័យដើម្បីគោរពដល់បងប្អូនប្រុសស្រីរបស់អ្នកដូចជាខ្លួនអ្នក ( សូមមើល ម៉ាថាយ ៧:១២ ផងដែរ ) ។ សូមជួយពួកគេនិយាយខគម្ពីរសារឡើងវិញ ដោយដាក់ជំនួសពាក្យ « បងប្អូនខ្លួន » ដោយឈ្មោះរបស់គ្នាទៅវិញទៅមក ។
-
សូមច្រៀងចម្រៀងជាមួយកុមារអំពីសេចក្ដីស្រឡាញ់ដោយរួមបញ្ចូលទាំងបទផ្សេងទៀត ដូចជាបទ « ខ្ញុំនឹងដើរជាមួយអ្នកឬ « We Are Different» ( សៀវភៅចម្រៀងកុមារទំព័រ ៧៨, ២៦៣ ) ។ នៅពេលអ្នកច្រៀង សូមឲ្យកុមារកាន់រូបភាពរបស់កុមារមកពីកន្លែងផ្សេងៗទៀតលើពិភពលោក ។
-
សូមជួយកុមារសម្ដែងរឿងមួយថាមានមនុស្សថ្មីម្នាក់ចូលមកក្នុងថ្នាក់អង្គការបឋមសិក្សារបស់ពួកគេ ។ តើយើងអាចជួយគាត់មានអារម្មណ៍ស្វាគមន៍យ៉ាងដូចម្ដេច ? កុមារអាចនឹងរីករាយក្នុងការសម្ដែងនេះដោយប្រើកុក្ដតាអាយ៉ង ឬរូបភាពដែលកាន់ចេញមក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣០ ។
បើខ្ញុំបានរៀបចំខ្លួន ខ្ញុំនឹងមិនភ័យខ្លាចឡើយ ។
របៀបមួយដែលព្រះវរបិតាសួគ៌ជួយយើងកុំឲ្យភ័យខ្លាច គឺតាមរយៈការបង្រៀនយើងឲ្យរៀបចំខ្លួន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមនិយាយឃ្លា « បើសិនជាអ្នករាល់គ្នា បានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ » ឡើងវិញពីរបីដង (ខ ៣០ ) ។ បន្ទាប់ពីនិយាយបានពីរបីដងហើយ សូមលុបពាក្យមួយចេញ ហើយឲ្យកុមារនិយាយពាក្យដែលបានលុបចោលនោះ ។ សូមប្រាប់កុមារអំពីគ្រាមួយ ដែលអ្នកបានប្រុងប្រៀបខ្លួនសម្រាប់អ្វីមួយ ហើយការដែលបានប្រុងប្រៀបខ្លួននោះ បានជួយអ្នកមិនឲ្យភ័យខ្លាច ។
-
សូមជួយកុមារឲ្យគិតអំពីអ្វីៗដែលព្រះវរបិតាសួគ៌ចង់ឲ្យពួកគេប្រុងប្រៀបខ្លួន ដូចជាការទទួលបុណ្យជ្រមុជទឹក និងការទៅព្រះវិហារបរិសុទ្ធ ។ សូមប្រើប្រាស់រូបភាព ឬវត្ថុនានាដើម្បីផ្ដល់ជាគំនិតដល់ពួកគេ ។ សូមនិយាយអំពីរបៀបដែលពួកគេអាចប្រុងប្រៀបខ្លួន ហើយឲ្យពួកគេគូររូបខ្លួនពួកគេកំពុងរៀបចំខ្លួនសម្រាប់ ឬកំពុងចូលរួមនៅក្នុងរឿងដែលពួកគេបានគិតនោះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:៦, ២៣
ខ្ញុំទទួលទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នៅពេលខ្ញុំទទួលពិធីបញ្ជាក់ ។
តើកុមារនៅក្នុងថ្នាក់របស់អ្នកចាំបាច់ត្រូវយល់ដឹងអ្វីខ្លះ អំពីការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ? ការណែនាំរបស់ព្រះអម្ចាស់ចំពោះ យ៉េម្ស ខូវិល អំពីពិធីបរិសុទ្ធនេះអាចជាជំនួយ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពអំពី មនុស្សម្នាក់កំពុងទទួលបុណ្យជ្រមុជទឹក ហើយមនុស្សម្នាក់កំពុងទទួលពិធីបញ្ជាក់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ១០៤, ១០៥ ) ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:២៣ ហើយសុំឲ្យកុមារចង្អុលទៅរករូបភាពត្រឹមត្រូវ នៅពេលពួកគេស្ដាប់ឮអ្នកអានអំពីពិធីបុណ្យជ្រមុជទឹក ឬពិធីបញ្ជាក់ ។
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៩:៦ ជាមួយគ្នា ហើយបង្ហាញរូបភាព ឬវត្ថុនានាដល់កុមារ ដែលតំណាងឲ្យរបៀបដែលព្រះវិញ្ញាណបរិសុទ្ធប្រទានពរដល់យើង ( រួមទាំងអ្វីទាំងឡាយដែលបានប្រាប់នៅក្នុង ខ ៦ ) ។ សូមឲ្យកុមារផ្លាស់វេណគ្នាកាន់រូបភាព ឬវត្ថុនានា ហើយនៅពេលពួកគេកាន់នោះ សូមថ្លែងទីបន្ទាល់អំពី របៀបដែលព្រះវិញ្ញាណបរិសុទ្ធ បានប្រទានពរដល់អ្នកតាមរបៀបទាំងនេះ ។ សូមជួយកុមារឲ្យទទួលស្គាល់គ្រានានា នៅពេលពួកគេអាចទទួលអារម្មណ៍ឥទ្ធិពលនៃព្រះវិញ្ញាណ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៧; ៣៨:៣១-៣៣
ព្រះប្រមូលផ្ដុំយើងដើម្បីប្រទានពរយើង ។
ការប្រមូលផ្ដុំនៅក្នុងរដ្ឋអូហៃអូ គឺជាពលិកម្មដ៏មហិមាមួយចំពោះពួកបរិសុទ្ធជំនាន់មុនជាច្រើន ។ សព្វថ្ងៃនេះ យើងមិនត្រូវបានត្រាស់បង្គាប់ឲ្យប្រមូលផ្ដុំនៅក្នុងកន្លែងតែមួយទេ ប៉ុន្តែយើងប្រមូលផ្ដុំគ្នាជាគ្រួសារ វួដ និងស្តេក ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមារអំពីទំព័រសកម្មភាពសប្ដាហ៍នេះ ឬផែនទីនៅក្នងនៅក្នុង គម្រោងសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ។ សូមអានគោលលទ្ធិ និង សេចក្តី សញ្ញា ៣៧ ជាមួយគ្នា ហើយជួយកុមារស្វែងរកនៅលើផែនទីនូវទីកន្លែងនានា ដែលបានប្រាប់នៅក្នុងវិវរណៈ ។ តើព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធធ្វើអ្វីខ្លះ ?
-
សូមជ្រើសរើសឃ្លា និងប្រយោគគន្លឹះចេញមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:៣១-៣៣ ដែលអ្នកមានអារម្មណ៍ពិពណ៌នាអំពីមូលហេតុដែលព្រះអម្ចាស់ចង់ឲ្យរាស្ត្ររបស់ទ្រង់ប្រមូលផ្ដុំជាមួយគ្នា ។ សូមពង្រាយពាក្យទាំងឡាយពីប្រយោគនេះនៅជុំវិញបន្ទប់ ហើយអញ្ជើញកុមារឲ្យប្រមូលផ្ដុំវា ដាក់វាតាមលំដាប់ត្រឹមត្រូវ ហើយស្វែងរកមើលថាប្រយោគនោះបង្ហាញនៅត្រង់ណានៅក្នុងខគម្ពីរទាំងឡាយ ។ ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងប្រមូលផ្ដុំគ្នា ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨: ២៤- ២៧
ព្រះសព្វព្រះទ័យចង់ឲ្យរាស្ត្ររបស់ទ្រង់មានសាមគ្គីភាព ។
ដើម្បីរៀបចំពួកបរិសុទ្ធឲ្យប្រមូលផ្ដុំគ្នា នោះព្រះអម្ចាស់បានបង្រៀនពួកគេឲ្យមើលគ្នាទៅវិញទៅមកដោយភាពស្មើគ្នា និង « រួមគ្នាតែមួយ » ( ខ ២៧ ) ។ តើការបង្រៀននេះអាចប្រទានពរដល់កុមារដែលអ្នកបង្រៀនយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៣៨:២៤-២៧ ជាមួយគ្នា ហើយអញ្ជើញកុមារឲ្យសរសេរពាក្យមកពីខគម្ពីរទាំងនេះ ដែលពួកគេមានអារម្មណ៍សំខាន់ រួមទាំងពាក្យដែលត្រូវនិយាយឡើងវិញដដែលៗ ។ ហេតុអ្វីព្រះអម្ចាស់មានបន្ទូលដដែលៗទាំងនេះដូច្នេះ ? សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានសរសេរ ហើយពិភាក្សាអំពីអ្វីដែលពួកគេបានរៀនមកពីពាក្យទាំងនេះ ។
-
សូមជួយកុមារឲ្យគិតអំពីស្ថានភាពដែលនរណាម្នាក់អាចមានអារម្មណ៍ថាឯកោ ដូចជាការក្លាយជាសមាជិកសាសនាចក្រថ្មី ឬ ការផ្លាស់ទៅទីលំនៅថ្មី ឬសាលាថ្មី ។ តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:២៤-២៧ ផ្ដល់យោបល់អ្វីខ្លះអំពីរបៀបដែលយើងគួរប្រព្រឹត្តចំពោះនរណាម្នាក់នៅក្នុងស្ថានភាពទាំងនេះ ? សូមសម្ដែងធ្វើជាស្ថានភាពដែលអាចកើតមានមួយចំនួន ។
-
សូមចែកចាយកម្មវត្ថុមេរៀន ដែលបង្ហាញអំពីរបៀបដែលអ្វីៗអាចត្រូវបានប្រមូលផ្ដុំ ឬរួបរួមដើម្បីក្លាយជាតែមួយ ដូចជាបំណែកក្រណាត់ ដែលធ្វើជាភួយមួយ ឬគ្រឿងផ្សំធ្វើជានំប៉័ងមួយដុំ ។ តើឧទាហរណ៍ទាំងនេះបង្រៀនយើងអំពីការប្រែក្លាយជាតែមួយក្នុងនាមជារាស្ត្ររបស់ព្រះដូចម្តេច ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៣៩-៤០
ខ្ញុំអាចរក្សាការសញ្ញារបស់ខ្ញុំបាន ។
យ៉េម្ស ខូវិល បានធ្វើការសន្យាមួយដើម្បីគោរពព្រះអម្ចាស់ ប៉ុន្តែគាត់ពុំបានរក្សាការសន្យារបស់គាត់ទេ ។ ការរៀនអំពីបទពិសោធន៍របស់គាត់ អាចជួយកុមារឲ្យចងចាំអំពីសារៈសំខាន់នៃការគោរពប្រតិបត្តិ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអានក្បាលកណ្ឌសម្រាប់ គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៩ និង ៤០ ហើយសុំឲ្យពួកគេសង្ខេបជាពាក្យសម្ដី ឬគំនូរអំពីអ្វីដែលពួកគេរៀនអំពីយ៉េម្ស ខូវិល ។
-
សូមសរសេរសំណួរនៅលើក្ដារខៀន ដែលនឹងជួយកុមារយល់ កណ្ឌ ៤០ ដូចជា តើយ៉េម្ស ខូវិល ចុះសេចក្ដីសញ្ញាធ្វើអ្វីខ្លះ ?ហេតុអ្វីក៏គាត់មិនរក្សាសេចក្ដីសញ្ញារបស់គាត់ ? សូមអញ្ជើញកុមារឲ្យស្វែងរកចម្លើយនៅក្នុង កណ្ឌ ៤០ ។
-
សូមជួយកុមារចងចាំការសន្យាដែលពួកគេបានធ្វើ នៅពេលពួកគេត្រូវបានជ្រមុជទឹកទឹក ( សូមមើល ម៉ូសាយ ១៨:៨-១០ ) ។ សូមជួយកុមារឲ្យសរសេរនូវការភ័យខ្លាចមួយចំនួន ឬ « សេចក្ដីខ្វល់ខ្វាយនៃលោកិយ » ( គោលលទ្ធិ និង សេចក្ដី សញ្ញា ៤០:២ ) ដែលអាចរារាំងមនុស្សពីការរក្សាការសន្យាទាំងនេះ ។ សូមអញ្ជើញកុមារឲ្យសរសេរសារលិខិតខ្លីមួយដល់ខ្លួនឯង ទុកជាការរំឭកថា ការគោរពតាមបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌នឹងជួយពួកគេយកឈ្នះភាពភ័យខ្លាច ឬសេចក្ដីខ្វាយខ្វល់ខាងលោកិយ ។ សូមលើកទឹកចិត្តពួកគេឲ្យរក្សាការរំឭករបស់ពួកគេនៅត្រង់កន្លែងមួយ ដែលពួកគេអាចមើលឃើញវាជាញឹកញាប់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យពិភាក្សាជាមួយនឹងឪពុកម្ដាយរបស់ពួកគេ ឬសមាជិកគ្រួសារដទៃទៀតអំពីរបៀបដែលពួកគេអាចកាន់តែមានសាមគ្គីភាពក្នុងនាមជាគ្រួសារ ។