« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤១-៤៤ ៖ ‹ ក្រឹត្យវិន័យដើម្បីត្រួតត្រាសាសនាចក្ររបស់យើង ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៤១-៤៤ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៩–២៥ ខែ មេសា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១-៤៤
« ក្រឹត្យវិន័យដើម្បីត្រួតត្រាសាសនាចក្ររបស់យើង »
អំឡុងពេលការរៀបចំរបស់អ្នកសម្រាប់សប្ដាហ៍នេះ សូមយកចិត្តទុកដាក់ទៅលើចំណាប់អារម្មណ៍ដែលអ្នកបានទទួលមកពីព្រះវិញ្ញាណ ។ តើអ្នក ចាប់អារម្មណ៍ថាកុមារចាំបាច់ត្រូវរៀនអ្វីខ្លះចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៤១-៤៤ ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ចូរបោះបាល់មួយទៅឲ្យកុមារម្នាក់ ហើយសុំឲ្យកុមារនោះចែកចាយបទបញ្ញត្តិមួយដែលគេដឹង ។ សូមបន្ដបោះបាល់រហូតដល់គ្រប់គ្នាមានឱកាសដើម្បីចែកចាយអ្វីមួយ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:២
ខ្ញុំអាចគោរពតាមក្រឹត្យវិន័យរបស់ព្រះ ។
នៅពេលសាសនាចក្ររីកចម្រើន ហើយសមាជិកប្រមូលផ្ដុំគ្នានៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ព្រះអម្ចាស់បានបើកសម្ដែងដល់ព្យាការី យ៉ូសែប ស៊្មីធ អំពីអ្វីដែលទ្រង់ហៅថា « ក្រឹត្យវិន័យ » ហើយបានបង្គាប់ពួកបរិសុទ្ធឲ្យ « ប្រុងស្ដាប់ ហើយឮ ហើយចូរគោរពតាម » ។ តើអ្នកអាចជួយកុមារឲ្យយល់ថាយើងត្រូវបានប្រទានពរនៅពេលយើងគោរពប្រតិបត្តិដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:២ ដោយគូសបញ្ជាក់ពាក្យ « គោរព » ។ សូមផ្ដល់ឈុតឆាកសាមញ្ញៗមួយចំនួន ដែលកុមារម្នាក់ជ្រើសរើសគោរពតាម ឬមិនគោរពតាមក្រឹត្យវិន័យ ឬច្បាប់មួយ ។ ចូរសុំឲ្យកុមារស្ដាប់ដោយយកចិត្តទុកដាក់ ហើយធ្វើមុខញញឹមបើបុគ្គលនៅក្នុងរឿងនោះ គោរពតាម ហើយធ្វើមុខក្រញ៉ូវ បើបុគ្គលនោះមិនគោរពតាម ។ សូមចែកចាយពរជ័យដែលអ្នកបានទទួលនៅពេលអ្នកបានគោរពតាមក្រឹត្យវិន័យរបស់ព្រះ ។
-
សូមលេងល្បែងកម្សាន្ដដោយឲ្យកុមារនូវច្បាប់មួយដើម្បីគេធ្វើតាម ។ ឧទាហរណ៍ អ្នកអាចប្រាប់ពួកគេថា ពួកគេត្រូវតែលើកដៃឡើង ហើយត្រូវបានហៅឲ្យឆ្លើយសំណួរ ។ បន្ទាប់មកឲ្យពួកគេហាត់គោរពតាមដោយការសួរសំណួរដល់ពួកគេ និងការហៅដល់អ្នកទាំងឡាយដែលបានលើកដៃ ។ តើក្រឹត្យវិន័យដែលព្រះបានប្រទានដល់យើងមានអ្វីខ្លះ ?
-
សូមបញ្ចប់ទំព័រសកម្មភាពជាមួយនឹងកុមារ ឬច្រៀងចម្រៀងអំពីការគោរពក្រឹត្យវិន័យរបស់ព្រះ ដូចជា « ខ្ញុំចង់រស់តាមដំណឹងល្អ » (សៀវភៅចម្រៀងកុមារ លេខ ៧៧ ) ។ សូមប្រាប់កុមារអំពីរបៀបដែលការគោរពក្រឹត្យវិន័យរបស់ព្រះបាននាំមកនូវសុភមង្គលដល់អ្នកយ៉ាងណាខ្លះ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣៨
ខ្ញុំកំពុងបម្រើព្រះយេស៊ូវគ្រីស្ទ នៅពេលខ្ញុំបម្រើអ្នកដទៃ ។
ព្រះអម្ចាស់ សព្វព្រះទ័យឲ្យពួកបរិសុទ្ធមើលថែដល់ជនទ័លក្រ និងជនទុរគត៌ ។ សូមជួយកុមារឲ្យយល់ថា នៅពេលពួកគេកំពុងបម្រើមនុស្សដែលខ្វះខាត នោះពួកគេកំពុងបម្រើព្រះអង្គសង្គ្រោះផងដែរ ។
សកម្មភាពដែលអាចជ្រើសរើស
-
បើព្រះយេស៊ូវគ្រីស្ទនៅក្នុងថ្នាក់យើងនាថ្ងៃនេះ តើយើងនឹងនិយាយអ្វីខ្លះទៅកាន់ទ្រង់ ? តើយើងនឹងប្រព្រឹត្តចំពោះទ្រង់យ៉ាងដូចម្ដេច ? សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះ ហើយពន្យល់អំពីការបង្រៀនរបស់ព្រះយេស៊ូវថា នៅពេលយើងបង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកដទៃ យើងក៏កំពុងបង្ហាញសេចក្ដីស្រឡាញ់ចំពោះទ្រង់ផងដែរ ។ សូមជួយកុមារឲ្យនិយាយ ខ ៣៨ តាមអ្នក និយាម្ដងៗពីរបីពាក្យ ។
-
សូមជួយកុមារគិតអំពីរបៀបដែលពួកគេអាចបម្រើព្រះយេស៊ូវតាមរយៈការបម្រើអ្នកដទៃ ។ ពួកគេអាចស្វែងរកគំនិតមួយចំនួនមកពីវីដេអូ ( Pass It On » ( ChurchofJesusChrist.org) ឬមកពីរូបភាពរបស់ព្រះអង្គសង្គ្រោះកំពុងជួយអ្នកដទៃ ដូចជារូបភាពនៃទ្រង់កំពុងព្យាបាលអ្នកឈឺ ឬមានចិត្តល្អចំពោះកុមារតូចៗ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៤២, លេខ ៤៧ ) ។ សូមថ្លែងទីបន្ទាល់ថា នៅពេលពួកគេបម្រើដល់មនុស្សដទៃ នោះពួកគេក៏កំពុងបម្រើព្រះយេស៊ូវដែរ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១-៧
ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីរបស់ទ្រង់ ។
អ្នកអាចជួយកុមារចៀសផុតពីការត្រូវគេបោកបញ្ឆោតនៅក្នុងជីវិតរបស់ពួកគេ ដោយការបង្រៀនពួកគេ ខណៈដែលពួកគេនៅក្មេងនៅឡើយអំពីលំនាំរបស់ព្រះអម្ចាស់សម្រាប់ការដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីនៅរស់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពមនុស្សផ្សេងៗគ្នា រួមទាំងរូបភាពរបស់ព្យាការីសព្វថ្ងៃ ។ សូមដាក់រូបភាពផ្កាប់ចុះ ហើយឲ្យកុមារបើករូបភាពម្ដងមួយៗរហូតដល់ពួកគេរកឃើញព្យាការី ។ សូមពន្យល់ថាការបង្រៀនរបស់ព្រះអម្ចាស់គឺថា មានព្យាការីតែម្នាក់គត់ដែលត្រូវ « បានតែងតាំងចំពោះអ្នកដើម្បីឲ្យទទួលបញ្ញត្តិ និងវិវរណៈទាំងឡាយពី [ ព្រះអម្ចាស់ ] » ដើម្បីដឹកនាំសាសនាចក្រ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:២ ) ។
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីព្យាការី ដូចជាវគ្គចុងក្រោយនៃបទ « ធ្វើតាមព្យាការីសៀវភៅចម្រៀងកុមារទំព័រ ៥៨ ) ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្យាការីដឹកនាំសាសនាចក្រ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥
សិស្សម្នាក់គឺជាមនុស្សម្នាក់ដែលទទួលក្រឹត្យវិន័យរបស់ព្រះ ហើយគោរពតាម ។
តើកុមារដែលអ្នកបង្រៀនដឹងអំពីអត្ថន័យដើម្បីធ្វើជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទឬទេ ? គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥ អាចជួយពួកគេយល់ដឹងអំពីរបៀបធ្វើជាសិស្សកាន់តែល្អប្រសើរ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥ នៅលើសន្លឹកក្រដាសមួយ ហើយត្រង់ពាក្យ « សិស្ស » សូមទុកចន្លោះទំនេរចោល ។ សូមឲ្យកុមារបំពេញចន្លោះនោះ ដោយស្វែងរកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥ បើពួកគេត្រូវការជំនួយ ។ តើការក្លាយជាសិស្សម្នាក់របស់ព្រះយេស៊ូវគ្រីស្ទមានន័យដូចម្តេច ? សូមចែកចាយនូវរបៀបដែលអ្នកកំពុងព្យាយាមដើម្បីធ្វើជាសិស្សម្នាក់របស់ព្រះគ្រីស្ទកាន់តែល្អប្រសើរ ។
-
បន្ទាប់ពីការពិភាក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១:៥ ចូរសុំឲ្យកុមារគិតអំពីក្រឹត្យវិន័យដែលយើងបានទទួលមកពីព្រះអម្ចាស់ ។ សូមអញ្ជើញពួកគេឲ្យផ្លាស់វេនគ្នាសម្ដែងធ្វើជាគោរពក្រឹត្យវិន័យមួយនៃក្រឹត្យវិន័យទាំងឡាយ ហើយឲ្យកុមារក្នុងថ្នាក់ព្យាយាមស្មានមើលថាជាអ្វី ។
-
សូមឲ្យសមាជិកក្នុងថ្នាក់ម្នាក់ៗនូវសន្លឹកក្រដាសមួយចម្រៀក ហើយសុំឲ្យពួកគេសរសេរនៅលើក្រដាសនោះនូវរបៀបមួយដែលពួកគេអាចធ្វើជាសិស្សរបស់ព្រះបានកាន់តែល្អប្រសើរ ។ សូមអញ្ជើញកុមារម្នាក់ឲ្យចែកចាយអំពីអ្វីដែលពួកគេបានសរសេរ បន្ទាប់មកបិទក្រដាសចម្រៀកៗនោះតៗគ្នាធ្វើជាក្រវ៉ាក់ប្រទាក់គ្នា ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១, ៦៨
ព្រះបើកសម្ដែងប្រាជ្ញាដល់អស់អ្នកដែលទូលសូម ។
កុមារតូចៗសួរសំណួរច្រើននៅពេលចំណេះដឹងពួកគេលូតលាស់អំពីពិភពលោក និងដំណឹងល្អ ។ តើអ្នកអាចប្រើប្រាស់ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៦១, ៦៨ ដើម្បីជួយពួកគេដឹងអំពីរបៀបដើម្បីទទួលបានប្រាជ្ញាមកពីព្រះយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារចែកចាយជាមួយនឹងអ្នកអំពីអ្វីមួយដែលជួយពួកគេមានអារម្មណ៍សុខសាន្ដ និងអ្វីដែលជួយពួកគេមានអារម្មណ៍អំណរ ។ សូមអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៦១ ដោយរកមើលពាក្យ « ប្រកបដោយសេចក្ដីសុខសាន្ដ » និង « សេចក្ដីអំណរ » ។ សូមជួយកុមារគិតអំពីសេចក្ដីពិតដែលព្រះបានបើកសម្ដែង ដែលនាំសេចក្ដីសុខសាន្ដ និងអំណរដល់ពួកគេ ។
-
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៤២:៦១, ៦៨ ជាមួយកុមារ ដោយគូសបញ្ជាក់អំពីឃ្លា « វិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ » ។ សូមពន្យល់ថា ព្រះពុំបើកសម្ដែងអ្វីៗក្នុងពេលតែមួយនោះទេ តែផ្ទុយទៅវិញ ទ្រង់ប្រទានដល់យើងម្ដងបន្ដិចៗ ។ សូមបង្ហាញពីរបៀបដែលរូបផ្គុំត្រូវតម្រៀបម្ដងមួយៗ ឬប្រើអ្វីមួយស្រដៀងនេះដើម្បីជួយកុមារឲ្យយល់អំពីគោលការណ៍នេះ ។ សូមចែកចាយបទពិសោធន៍មួយនៅពេលដែលអ្នកបានទទួលវិវរណៈ ដែលប្រទានពរដល់អ្នក ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១-៧
មានតែព្យាការីទេដែលអាចទទួលវិវរណៈសម្រាប់សាសនាចក្រទាំងមូលបាន ។
នៅពេលកុមារធំឡើង ពួកគេនឹងទំនងជាជួបនឹងមនុស្សដែលចង់ដឹកនាំពួកគេឲ្យវង្វេង ។ តើអ្នកអាចជួយកុមារឲ្យទុកចិត្តទៅលើលំនាំរបស់ព្រះក្នុងការដឹកនាំកូនចៅរបស់ទ្រង់តាមរយៈព្យាការីជម្រើសរបស់ទ្រង់យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យនឹកស្រមៃថា មាននរណាម្នាក់ក្រោកឈរឡើងថ្លែងទីបន្ទាល់ក្នុងការប្រជុំមួយ ហើយប្រាប់ដល់សមាជិកក្នុងវួដថា គាត់បានទទួលវិវរណៈសម្រាប់សាសនាចក្រ ( ឧទាហរណ៍ ថាយើងគួរតែឈប់ទទួលទានទឹកដោះគោ ឬថាយើងគួរតែចាប់ផ្ដើមធ្វើការប្រជុំសាក្រាម៉ង់នៅថ្ងៃអង្គារ ជំនួសឲ្យថ្ងៃអាទិត្យ ) ។ អ្នកនោះនិយាយថា យើងគួរតែស្ដាប់អ្វីដែលគាត់និយាយជាជាងស្ដាប់ព្យាការី ។ តើមានរឿងអ្វីខុសប្លែកនៅក្នុងការណ៍នោះ ? សូមជួយកុមារស្រាវជ្រាវ គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៣:១-៧ ដើម្បីស្វែងរករបៀបដែលព្រះអម្ចាស់ប្រទានបទបញ្ញត្តិដល់សាសនាចក្ររបស់ទ្រង់ ។
-
សូមបង្ហាញរូបភាពមួយរបស់ព្យាការីនៅរស់ ហើយអញ្ជើញឲ្យកុមារចែកចាយអ្វីមួយដែលលោកបានបង្រៀនថ្មីៗនេះ ។ បើពួកគេត្រូវការជំនួយ សូមបង្ហាញវីដេអូខ្លីមួយ ឬអានវគ្គបទគម្ពីរមួយមកពីសារលិខិតសន្និសីទទូទៅថ្មីៗមួយ ។ ហេតុអ្វីវាសំខាន់ដើម្បីមានព្យាការីដែលកំពុងនៅរស់សព្វថ្ងៃនេះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យជ្រើសរើសក្រឹត្យវិន័យ ឬបទបញ្ញត្តិមួយ ដែលពួកគេមានអារម្មណ៍ថា ពួកគេគួរតែផ្ដោតទៅលើការគោរពតាមសប្ដាហ៍នេះ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយគោលដៅរបស់ពួកគេជាមួយក្រុមគ្រួសារ ។