« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ ៖ ‹ ក្រឹត្យវិន័យរបស់យើងដើម្បីត្រួតត្រាសាសនាចក្ររបស់យើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៩–២៥ ខែ មេសា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៩–២៥ ខែ មេសា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤១–៤៤
« ក្រឹត្យវិន័យរបស់យើងដើម្បីត្រួតត្រាសាសនាចក្ររបស់យើង »
ព្រះអម្ចាស់បានសន្យាថា « ប្រសិនបើអ្នកសូម នោះអ្នកនឹងបានទទួលវិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ ) ។ តើបងប្អូនអាចសួរសំណួរអ្វីខ្លះ ដើម្បីទទួលបានវិវរណៈដែលបងប្អូនត្រូវការ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ការរីកចម្រើនដ៏ឆាប់រហ័សរបស់សាសនាចក្រនៅក្នុងឆ្នាំ ១៨៣០ និង ១៨៣១—ជាពិសេសការមកទីក្រុងខឺតឡង់ រដ្ឋអូហៃអូបន្ទាន់របស់អ្នកប្រែចិត្តជឿថ្មី—គឺជារឿងរំភើប និងលើកទឹកចិត្តដល់ពួកបរិសុទ្ធ ។ ប៉ុន្តែវាក៏មាននូវឧបសគ្គមួយចំនួនដែរ ។ តើបងប្អូនបង្រួបបង្រួមក្រុមអ្នកជឿដែលកំពុងរីកឡើងយ៉ាងលឿនដោយរបៀបណា ជាពិសេសនៅពេលដែលពួកគេនាំយកជាមួយនឹងពួកគេនូវគោលលទ្ធិ និងការអនុវត្តមកពីជំនឿដើមរបស់ពួកគេមកដែរនោះ ? ឧទាហរណ៍ នៅពេលយ៉ូសែប ស៊្មីធបានមកដល់ក្រុងខឺតឡង់នៅដើមខែ កុម្ភៈ ឆ្នាំ ១៨៣១ លោកបានឃើញសមាជិកថ្មីចែកចាយកម្មសិទ្ធិរួមក្នុងបំណងដ៏ឆ្លាតវៃដើម្បីធ្វើត្រាប់តាមពួកគ្រីស្ទានសម័យព្រះគម្ពីរសញ្ញាថ្មី ( សូមមើល កិច្ចការ ៤:៣២–៣៧ ) ។ ព្រះអម្ចាស់បានធ្វើការកែតម្រូវ និងបញ្ជាក់ដ៏សំខាន់មួយចំនួនស្ដីពីប្រធានបទនេះ និងប្រធានបទផ្សេងទៀត ភាគច្រើនតាមរយៈវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៤២ ដែលទ្រង់បានហៅ « ក្រឹត្យវិន័យដើម្បីត្រួតត្រាសាសនាចក្ររបស់យើង » ( ខទី ៥៩ ) ។ នៅក្នុងវិវរណៈនេះ យើងរៀនពីសេចក្ដីពិតដែលជាមូលដ្ឋានគ្រឹះក្នុងការស្ថាបនាសាសនាចក្ររបស់ព្រះអម្ចាស់នៅក្នុងថ្ងៃចុងក្រោយ រួមទាំងសេចក្ដីសន្យាដ៏សំខាន់មួយដែលបញ្ជាក់ច្បាស់ថា វាតែងមានអ្វីជាច្រើនទៀតដើម្បីរៀន ៖ « បើសិនជាអ្នកសូម នោះអ្នកនឹងបានទទួលវិវរណៈថែមទៅលើវិវរណៈ ខតម្រិះថែមទៅលើតម្រិះ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ) ។
សូមមើល Saints ១:១១៤–១៩ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
« អ្នកណាដែលទទួលក្រឹត្យវិន័យរបស់យើង ហើយធ្វើតាម អ្នកនោះហើយជាសិស្សរបស់យើង » ។
នៅដើមឆ្នាំ ១៨៣១ ពួកបរិសុទ្ធបានចាប់ផ្ដើមប្រជុំគ្នានៅរដ្ឋអូហៃអូ អន្ទះសាចង់ទទួលបានក្រឹត្យវិន័យ ដែលព្រះបានសន្យាថានឹងបើកសម្ដែងនៅទីនោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៨:៣២ ) ។ ប៉ុន្ដែដំបូង ព្រះអម្ចាស់បានបង្រៀនពីរបៀបដែលពួកសិស្សរបស់ទ្រង់គួរតែរៀបចំខ្លួនដើម្បីទទួលក្រឹត្យវិន័យរបស់ទ្រង់ ។ តើបងប្អូនរកឃើញគោលការណ៍អ្វីខ្លះពីក្នុង ខទី ១–៥ ដែលបានជួយពួកបរិសុទ្ធឲ្យទទួលក្រឹត្យវិន័យរបស់ព្រះ ? តើគោលការណ៍ទាំងនេះអាចជួយបងប្អូនឲ្យទទួលបានការណែនាំមកពីទ្រង់យ៉ាងដូចម្តេច ?
ក្រឹត្យវិន័យរបស់ព្រះត្រួតត្រាសាសនាចក្ររបស់ទ្រង់ ហើយអាចត្រួតត្រាជីវិតរបស់យើង ។
ពួកបរិសុទ្ធបានចាត់ទុកវិវរណៈដែលមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:១–៧២ ថាជាវិវរណៈដ៏សំខាន់បំផុតមួយ ដែលព្យាការីបានទទួល ។ វាជាវិវរណៈដំបូងគេដែលត្រូវបានបោះពុម្ព ចេញផ្សាយក្នុងកាសែតរដ្ឋអូហៃអូចំនួនពីរច្បាប់ ហើយវាត្រូវបានគេស្គាល់យ៉ាងសាមញ្ញថាជា « ក្រឹត្យវិន័យ » ។ គោលការណ៍ជាច្រើននៅក្នុងកណ្ឌនេះត្រូវបានបង្ហាញដោយព្រះអម្ចាស់ពីមុនមក ។ ខណៈកណ្ឌនេះមិនបានបញ្ចូលរាល់បទបញ្ញត្តិទាំងអស់ ដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកបរិសុទ្ធគោរពតាម វាមានតម្លៃដើម្បីសញ្ជឹងគិតដល់មូលហេតុដែលគោលការណ៍ទាំងនេះមានសារសំខាន់ដើម្បីធ្វើតាមសារជាថ្មីចំពោះសាសនាចក្រដែលបានស្ដារឡើងវិញថ្មីៗនេះ ។
វាអាចជួយបងប្អូនឲ្យអាន កណ្ឌទី ៤២ ជាផ្នែកតូចៗដូចតទៅ ហើយរកមើលគោលការណ៍ដែលបានបង្រៀននៅក្នុងផ្នែកនីមួយៗ ។ កាលបងប្អូនធ្វើដូច្នោះ សូមពិចារណាពីរបៀបដែលក្រឹត្យវិន័យនេះដឹកនាំសាសនាចក្រនេះ អាចជួយដឹកនាំជីវិតផ្ទាល់ខ្លួនរបស់បងប្អូនបានដែរ ។
សូមមើលផងដែរ នីហ្វៃទី៣ ១៥:៩ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៤២
តើពួកបរិសុទ្ធ « ញែកចេញទ្រព្យសម្បត្តិ [ របស់ពួកគេ ] » ដើម្បីគាំទ្រដល់អ្នកក្រីក្រ ?
ផ្នែកដ៏សំខាន់នៃក្រឹត្យវិន័យដែលបានបើកសម្ដែងនៅក្នុង កណ្ឌទី ៤២ គឺជាអ្វីដែលគេស្គាល់ថាជា ច្បាប់នៃការញែកចេញជាបរិសុទ្ធ និងការបម្រើ ។ ក្រឹត្យវិន័យនេះបានបង្រៀនពួកបរិសុទ្ធពីរបៀបដែលពួកគេអាច « មានរបស់ទាំងអស់នៅមូលព្រមគ្នា » ( កិច្ចការ ២:៤៤, នីហ្វៃទី៤ ១:៣ ) ដូចជាអ្នកធ្វើតាមព្រះគ្រីស្ទកាលពីបុរាណដែរ ដោយគ្មាន « អ្នកក្រីក្រក្នុងចំណោមពួកគេឡើយ » ( ម៉ូសេ ៧:១៨ ) ។ ពួកបរិសុទ្ធបានញែកចេញទ្រព្យសម្បត្តិរបស់ពួកគេ ដោយប្រគល់វាឲ្យទៅព្រះអម្ចាស់តាមរយៈប៊ីស្សព ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០–៣១ ) ។ ប៊ីស្សពប្រគល់វាដល់ពួកគេវិញតាមអ្វីដែលពួកគេត្រូវការ ( សូមមើល ខទី ៣២ )—ជាធម្មតាអ្វីដែលពួកគេបានថ្វាយ និងអ្វីៗជាច្រើនទៀត ។ សមាជិកបរិច្ចាគចំណែកលើសរបស់ពួកគេដើម្បីជួយអ្នកក្រីក្រ ( សូមមើល ខទី ៣៣–៣៤ ) ។ ក្រឹត្យិន័យនេះគឺជាពរជ័យដ៏អស្ចារ្យដល់ពួកបរិសុទ្ធ ជាពិសេសដល់អស់អ្នកដែលបានចាកចោលអ្វីៗគ្រប់យ៉ាងដើម្បីមកកាន់រដ្ឋអូហៃអូ ។ ពួកបរិសុទ្ធជាច្រើនមានចិត្តសប្បុរសក្នុងការបរិច្ចាគរបស់ពួកគេ ។
ទោះបីជាយើងធ្វើវាខុសគ្នានៅសព្វថ្ងៃនេះក្ដី ក៏ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅតែរស់នៅតាមក្រឹត្យវិន័យនៃការថ្វាយនេះដែរ ។ នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៣០–៤២ សូមពិចារណាពីរបៀបដែលបងប្អូនអាចថ្វាយនូវអ្វីដែលព្រះបានប្រទានដល់បងប្អូន ដើម្បីកសាងនគររបស់ព្រះ និងប្រទានពរដល់អ្នកដែលត្រូវការ ។
សូមមើលផងដែរ លីនដា ខេ ប៊ើរតុន « យើងជាអ្នកដទៃ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១៣–១៥; « The Law » Revelations in Context ទំព៧រ ៩៣–៩៥ នៅលើគេហទំព័រ history.ChurchofJesusChrist.org ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១, ៦៥–៦៨, ៤៣:១–១៦
ព្រះប្រទានវិវរណៈដើម្បីដឹកនាំសាសនាចក្ររបស់ទ្រង់ ។
សូមស្រមៃថា បងប្អូនកំពុងសន្ទនាជាមួយនឹងសមាជិកថ្មីម្នាក់ក្នុងសាសនាចក្រ ដែលរំភើបចង់ដឹងថា សាសនាចក្រត្រូវបានដឹកនាំដោយវិវរណៈ ។ តើបងប្អូនអាចប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:១–១៦ ដើម្បីពន្យល់ដល់គាត់អំពីគំរូរបស់ព្រះអម្ចាស់ក្នុងការដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈព្យាការីរបស់ទ្រង់ដោយរបៀបណា ? តើបងប្អូនអាចប្រើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១, ៦៥–៦៨ ដើម្បីបង្រៀនអំពីការទទួលបានវិវរណៈផ្ទាល់ខ្លួនយ៉ាងដូចម្ដេច ?
សូមមើលផងដែរ « All Things Must Be Done in Order » Revelations in Context ទំព័រ ៥០–៥៣ នៅលើគេហទំព័រ history.ChurchofJesusChrist.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៤១:១–៥ ។តើអ្វីខ្លះជាគំរូមួយចំនួននៃច្បាប់ស៊ីវិល ហើយតើច្បាប់ទាំងនោះមានប្រយោជន៍យ៉ាងណាចំពោះយើង ? តើក្រឹត្យវិន័យ ឬបទបញ្ញត្តិរបស់ព្រះវរបិតាសួគ៌ប្រទានពរដល់យើងដោយរបៀបណា ? សមាជិកគ្រួសារអាចគូររូបខ្លួនគេគោរពតាមក្រឹត្យវិន័យរបស់ព្រះ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៤៥, ៨៨ ។តើអ្វីនឹងជួយគ្រួសារបងប្អូនឲ្យ « ស្រឡាញ់គ្នាទៅវិញទៅមក » ? ( សូមមើលផងដែរ ម៉ូសាយ ៤:១៤–១៥ ) ។ សូមគិតដល់ការសរសេរ ឬការនិយាយរឿងវិជ្ជមានអំពីគ្នា ឬច្រៀងទំនុកតម្កើងមួយអំពីសេចក្ដីស្រឡាញ់នៅក្នុងគ្រួសារដូចជាបទ « សេចក្តីស្រឡាញ់នៅក្នុងផ្ទះ » ( ទំនុកតម្កើង ល.រ. ១៨២ ) ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៤២:៦១ ។ប្រហែលបងប្អូនអាចអានខគម្ពីរនេះ ខណៈរៀបរូបផ្គុំគ្នា ។ សូមប្រើរូបផ្គុំដើម្បីបង្រៀនពីរបៀបដែលព្រះបើកសម្ដែងអាថ៌កំបាំងរបស់ទ្រង់—« វិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ » ។ សមាជិកគ្រួសារអាចចែកចាយពីរបៀបដែលព្រះបានបើកសម្ដែងសេចក្ដីពិតដល់ពួកគេបន្ដិចម្ដងៗ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៤៣:២៥ ។ប្រហែលមានអ្វីមួយដែលគ្រួសាររបស់បងប្អូនអាចប្រើ ដើម្បីបង្កើតសំឡេងខ្យល់ព្យុះធ្វើជារបៀបមួយដើម្បីណែនាំការពិភាក្សាអំពី ខទី ២៥ ។ តើសំឡេងរបស់ព្រះអម្ចាស់គឺជា « ដោយសូរផ្គរលាន់ » ដោយរបៀបណា ? សូមសិក្សាខនេះជាមួយគ្នារកមើលរបៀប ដែលព្រះអម្ចាស់អាចហៅយើងឲ្យប្រែចិត្ត ។ តើយើងអាចឆ្លើយតបនឹងសំឡេងរបស់ព្រះអម្ចាស់ដោយរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ខ្ញុំចង់រស់តាមដំណឹងល្អ » សៀវភៅចម្រៀងកុមារ ល.រ ៧២, សូមមើល « យោបល់ដើម្បីកែលម្អការសិក្សាព្រះគម្ពីរជាគ្រួសាររបស់អ្នក » ។