គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥ ៖ « សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន … នឹង​ត្រូវ​បាន​សម្រេច »


« ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥៖ ‹ សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន … នឹង​ត្រូវ​បាន​សម្រេច › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

យុវវ័យ​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ២៦ ខែ មេសា–ថ្ងៃទី ២ ខែ ឧសភា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥

« សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន … នឹង​ត្រូវ​បាន​សម្រេច »

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន ៖ « សូម​សរសេរ​គំនិត​ដែល​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ។ សូម​កត់​ត្រា​អារម្មណ៍​របស់​បងប្អូន ហើយ​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​បងប្អូន​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ធ្វើ » ( « វិវរណៈ​សម្រាប់​សាសនាចក្រ វិវរណៈ​សម្រាប់​ជីវិត​របស់​យើង » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៥ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

យើង​រស់នៅ​ក្នុង​ជំនាន់​ប្រកប​ដោយ​គ្រោះថ្នាក់ ហើយ​ការណ៍​នោះ​អាច​បង្ក​ជា​បញ្ហា ។ សូម្បីតែ​សិស្ស​របស់​ព្រះយេស៊ូវ​ក៏ « មាន​ចិត្ត​ថប់​បារម្ភ » ដែរ នៅពេល​ពួកគេ​បាន​ឮ​ទ្រង់​ព្យាករ​អំពី​ចលាចល ដែល​នឹង​កើតឡើង​នៅ​ជំនាន់​យើង ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣៤ ) ។ ពួកបរិសុទ្ធ​ជំនាន់​ដើម​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ក៏​ជួប​បញ្ហា​ក្នុង​ជំនាន់​គ្រោះថ្នាក់ កាល​ពួកគេ​បាន​រស់នៅ​ដែរ ។ ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត មាន « សេចក្ដី​រាយការណ៍​ក្លែងក្លាយ … និង​រឿងរ៉ាវ​ឥត​ប្រយោជន៍​ជាច្រើន » ដែល​ធ្វើឲ្យ​សារលិខិត​ដំណឹងល្អ​អន្ដរាយ ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥ ក្បាល​កណ្ឌ ) ។ ប៉ុន្ដែ​ចម្លើយ​របស់​ព្រះអម្ចាស់ នា​ពេល​នោះ និង​ពេល​នេះ​គឺ​ថា « ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ » ( ខទី ៣៥ ) ។ មែន​ហើយ មាន​អំពើ​ទុច្ចរិត ប៉ុន្ដែ​វា​ក៏​មាន​ភស្តុតាង​បញ្ជាក់​ថា ព្រះ​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​ដែរ ។ មែន​ហើយ មាន​គ្រោះថ្នាក់​ដែល​បាន​ព្យាករ​ថា​នឹង​កើតឡើង​ពី​មុន​ការយាងមក​ជា​លើក​ទីពីរ ហើយ​យើង​គួរតែ​ដឹង​ពី​ការព្យាករ​នោះ ។ ប៉ុន្ដែ​វា​ពុំមែន​គ្រាន់តែ​ជា​ការព្រមាន​អំពី​គ្រោះថ្នាក់​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ទីសម្គាល់​ថា សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ​ហៀប​នឹង​ត្រូវបាន​សម្រេច​ហើយ​ដែរ ។ ប្រហែល​នេះហើយ​គឺជា​មូលហេតុ​ដែល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥​—​វិវរណៈ​ដែល​ពិពណ៌នា​ពី​ទីសម្គាល់​ទាំងនេះ​ជាច្រើន​យ៉ាង​លម្អិត​—​ត្រូវបាន​ទទួល​ទុក « ជា​សេចក្ដី​អំណរ​ដល់​ពួក​បរិសុទ្ធ » ( ក្បាល​កណ្ឌ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១–៥

ព្រះយេស៊ូវគ្រីស្ទ​គឺជា​អ្នកគាំទ្រ​របស់​យើង​ជាមួយ​ព្រះវរបិតា ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា​មិន​គ្រប់គ្រាន់ ឬ​មិន​ស័ក្ដិសម​នៅ​ចំពោះ​ព្រះ​ដែរ​ឬ​ទេ ? បងប្អូន​អាច​រកឃើញ​ការធានា​អះអាង​ជា​ថ្មី​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:១–៥ ។ តើ​ពាក្យ​ដូចជា « អ្នកគាំទ្រ » និង « អង្វរ » មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ? តើ​ព្រះអង្គ​សង្គ្រោះ​គាំទ្រ​បងប្អូន ឬ​អង្វរ​ជំនួស​បងប្អូន​តាម​របៀប​ណា ? តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ពេល​ដឹង​ថា ព្រះគ្រីស្ទ​គឺជា​អ្នកគាំទ្រ​របស់​បងប្អូន ?

ពាក្យ​សម្ដី​ដូច​តទៅ​នេះ​ដែល​មកពី​ប្រធាន យ៉ូសែប ស្ម៊ីធ អាច​ជួយ​បងប្អូន​ឲ្យ​សញ្ជឹង​គិត​ពី​ខគម្ពីរ​ទាំងនេះ ៖ « ព្រះយេស៊ូវ [ គឺជា ] អ្នកគាំទ្រ​យើង ដែល​បាន​អង្វរ​ជំនួស​យើង ធ្វើជា​អ្នកសង្រួប​សង្រួម​របស់​យើង​ពេញ​ទាំង​ការងារ​បម្រើ និង​កិច្ចការ​របស់​ទ្រង់​ដើម្បី​ផ្សះផ្សារ​យើង នាំ​យើង​ឲ្យ​ចុះចូល​នឹង​ព្រះ » ( នៅក្នុង របាយការណ៍​សន្និសីទ ខែ តុលា ឆ្នាំ ១៩៥៣ ទំព័រ ៥៨ ) ។

សូមមើល​ផងដែរ នីហ្វៃ​ទី​២ ២:៨–៩; ម៉ូសាយ ១៥:៧–៩; មរ៉ូណៃ ៧:២៧–២៨; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៥; ៦២:១ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៩–១០

ដំណឹងល្អ​គឺជា​បទដ្ឋាន​មួយ​ចំពោះ​ជាតិ​សាសន៍​ទាំងឡាយ ។

កាលពី​បុរាណ បទដ្ឋាន​គឺជា​ស្លាក ឬ​ទង់​ដែល​គេ​យក​ទៅ​ពេល​ធ្វើ​ចម្បាំង ។ វា​ប្រមូល និង​បង្រួប​បង្រួម​ទាហាន ហើយ​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ប្រជុំ​គ្នា និង​អ្វី​ដែល​ត្រូវ​ធ្វើ ។ បទដ្ឋាន​ក៏​ជា​ឧទាហរណ៍ ឬ​ច្បាប់​មួយ​ដែល​អាច​វាស់ស្ទង់​អ្វី​ផ្សេង​ទៀត​ផងដែរ ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៤៥:៩–១០ សូម​ពិចារណា​ពី​របៀប​ដែល​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​គឺជា​បទដ្ឋាន​សម្រាប់​បងប្អូន ។ តើ​ជីវិត​របស់​បងប្អូន​នឹង​ខុសប្លែក​យ៉ាង​ដូចម្ដេច បើ​បងប្អូន​មិន​មាន​សេចក្ដី​សញ្ញា​ទាំងនេះ​ទេ​នោះ ?

សូមមើល​ផងដែរ អេសាយ ៥:២៦; ១១:១០–១២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១៥:៥–៦ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១១–៧៥

សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​នឹង​ត្រូវបាន​សម្រេច ។

សង្គ្រាម អំពើទុច្ចរិត និង​ការបំផ្លាញ​នឹង​កើត​មាន​ពីមុន​ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ប៉ុន្ដែ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ​ឡើយ ដ្បិត​កាលណា​ការណ៍​ទាំងនេះ​នឹង​កើតឡើង នោះ​អ្នករាល់គ្នា​នឹង​បាន​ដឹង​ថា សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន ដែល​បាន​ធ្វើ​ដល់​អ្នក នោះ​នឹង​ត្រូវ​បាន​សម្រេច​ហើយ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣៥ ) ។

នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១១–៧៥ សូម​កុំ​ផ្ដោត​តែ​លើ​ព្រឹត្តិការណ៍​អំពល់ ដែល​បាន​ព្យាករ​ទុក​ឡើយ ប៉ុន្ដែ​ក៏​ត្រូវ​ផ្ដោតលើ​ពរជ័យ​ទាំងឡាយ ដែល​ព្រះអម្ចាស់​សន្យា ( ឧទាហរណ៍ សេចក្ដី​សន្យា​នៅក្នុង ខទី ៥៤–៥៩ អំពី​ការសោយរាជ្យ​មួយ​ពាន់​ឆ្នាំ​របស់​ព្រះអង្គ​សង្គ្រោះ ) ។ បងប្អូន​អាច​ធ្វើ​ការណ៍​នេះ​បាន តាមរយៈ​ការបង្កើត​បញ្ជី ឬ​ដោយ​ការសរសេរ ឬ​គូស​ចំណាំ​ខគម្ពីរ​ទាំងនេះ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ ដែល​ជួយ​បងប្អូន « កុំ​ឲ្យ​មាន​ចិត្ត​ថប់​បារម្ភ » អំពី​ថ្ងៃ​ចុងក្រោយ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣១–៣២, ៥៦–៥៧

« ឈរ​នៅក្នុង​ទីបរិសុទ្ធ​ទាំងឡាយ » ហើយ​នឹង​ពុំ​រើ​ឡើយ ។

មូលហេតុ​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ និង​ព្យាការី​របស់​ទ្រង់​បង្រៀន​យើង​អំពី​ទីសម្គាល់​នៃ​ការយាង​មក​លើក​ទីពីរ គឺ​ដើម្បី​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន ។ តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​មកពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣១–៣២, ៥៦–៥៧ អំពី​ការរៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ? វា​អាច​មាន​ប្រយោជន៍ ដើម្បី​រំឭក​រឿង​ប្រៀបប្រដូច​ក្រមុំ​ព្រហ្មចារីយ​ទាំង​ដប់​នាក់ ដែល​មាន​នៅក្នុង ម៉ាថាយ ២៥:១–១៣ ។ ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​ប្រេង​នៅក្នុង​រឿង​ប្រៀបប្រដូច​នេះ​ទៅនឹង​សេចក្ដីពិត ហើយ​ទៅនឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៧ ) ។ តើ​បងប្អូន​ទទួល​បាន​ការយល់ដឹង​អ្វីខ្លះ នៅពេល​បងប្អូន​អាន​រឿងប្រៀបប្រដូច​នេះ​តាម​របៀប​ដូច្នេះ ?

ក្រមុំ​ព្រហ្មចារីយ​ទាំង​ដប់​នាក់

រឿង​ប្រៀបប្រដូច​ពី​ស្ត្រី​ព្រហ្មចារីយ​ដប់​នាក់ ដោយ ដេន ប័រ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:១១–១៥, ៦៦–៧១

ស៊ីយ៉ូន​គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពួកបរិសុទ្ធ​របស់​ព្រះ ។

ពួកបរិសុទ្ធ​នៅ​ជំនាន់​របស់​យ៉ូសែប ស្ម៊ីធ បាន​អន្ទះសា​ចង់​កសាង​ក្រុង​ស៊ីយ៉ូន ក្រុង​យេរូសាឡិម​ថ្មី ដូច​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​មរមន ( សូមមើល អេធើរ ១៣:២–៩ ) និង​នៅក្នុង​កំណែ​ព្រះគម្ពីរ​ប៊ីប​ដែល​បាន​បំផុស​គំនិត​ដល់​យ៉ូសែប ស្ម៊ីធ ( សូមមើល ម៉ូសេ ៧:៦២–៦៤ ) ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ស៊ីយ៉ូន—​ទាំង​ទីក្រុង​បុរាណ​នៅ​ជំនាន់​អេណុស និង​ទីក្រុង​នៅ​ថ្ងៃ​ចុងក្រោយ​—​មកពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:១១–១៥, ៦៦–៧១ ?

សព្វថ្ងៃនេះ បទបញ្ជា​ឲ្យ​ស្ថាបនា​ស៊ីយ៉ូន​សំដៅ​លើ​ការស្ថាបនា​នគរ​របស់​ព្រះ នៅ​កន្លែង​ណា​ដែល​យើង​រស់នៅ​—​កន្លែង​ណា​ដែល​បុត្រ​របស់​ព្រះ​ប្រជុំ​គ្នា​មក​ទីមាន​សុវត្ថិភាព​នៃ « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច » របស់​ទ្រង់ ( ខទី ៩ ) ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​កសាង​ស៊ីយ៉ូន នៅកន្លែង​ដែល​បងប្អូន​រស់នៅ ?

សូមមើល​ផងដែរ Topical Guide « Zion » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣–៥ ។តើ​អ្នកគាំទ្រ​ធ្វើ​អ្វីខ្លះ​សម្រាប់​យើង ? បងប្អូន​អាច​មើល​វីដេអូ « The Mediator » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) និង​សុន្ទរកថា​អំពី​មូលហេតុ​ដែល​ព្រះអង្គ​សង្គ្រោះ ត្រូវបាន​ហៅ​ថា​ជា​អ្នកគាំទ្រ​របស់​យើង ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៩–១០ ។ប្រសិនបើ​គ្រួសារ​របស់​បងប្អូន​មាន « បទដ្ឋាន » ឬ​ទង់​មួយ​ដើម្បី​តំណាង​ឲ្យ​ការតាំង​ចិត្ត​របស់​បងប្អូន​ចំពោះ​ដំណឹងល្អ តើ​វា​ជា​អ្វី​ទៅ ? វា​អាច​រីករាយ​ដើម្បី​ធ្វើ​ទង់​គ្រួសារ​មួយ​រួមគ្នា ហើយ​ពិភាក្សា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​ធ្វើតាម​បទដ្ឋាន​ដំណឹងល្អ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣២តើ « ទី​បរិសុទ្ធ » របស់​យើង​នៅ​កន្លែង​ណាខ្លះ ? តើ « ពុំ​រើ​ឡើយ » មាន​ន័យ​ដូចម្ដេច ? តើ​យើង​អាច​ធ្វើឲ្យ​គេហដ្ឋាន​របស់​យើង​ជា​ទីបរិសុទ្ធ​មួយ​ដោយ​របៀបណា ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣៩–៤៤ ។តើ​បងប្អូន​អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យ​យល់​ពី​អត្ថន័យ ក្នុង​ការទន្ទឹង​ចាំមើល​ការយាង​មក​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? ប្រហែល​បងប្អូន​អាច​គិត​អំពី​ព្រឹត្តិការណ៍​មួយ ដែល​បងប្អូន​រំពឹង​ទុក ហើយ​ចែកចាយ​ពី​របៀប​ដែល​បងប្អូន « ទន្ទឹង​ចាំមើល » ព្រឹត្តិការណ៍​នោះ ។ ឬ បងប្អូន​អាច​ដុត​នំ​អ្វីមួយ​រួម​គ្នា ហើយ​រកមើល​ទីសម្គាល់​ដែល​វា​បញ្ជាក់​ថា យើង​អាច​បរិភោគ​វា​បាន ។ តើ​យើង​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​ទន្ទឹង​ចាំមើល​ការយាង​មក​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៥៥ ។ការអាន នីហ្វៃទី​១ ២២:២៦ និង វិវរណៈ ២០:១–៣ អាច​ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​យល់​ពី​របៀប​ដែល​សាតាំង​ត្រូវបាន « ចង​ទុក » អំឡុង​ពេល​សហសវត្សរ៍ ។ តើ​យើង​អាច​ចងទុក​សាតាំង​នៅក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ពេល​ទ្រង់​យាង​មក​ម្ដង​ទៀត » សៀវភៅ​ចម្រៀង​កុមារ ល.រ ៤៦; សូមមើល​ផងដែរ « យោបល់​ដើម្បី​កែលម្អ​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ​របស់​អ្នក » ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់ខ្លួន

សូម​ប្រើ​ជំនួយ​ការសិក្សា ។ សូម​ប្រើ​លេខយោង Topical Guide Bible Dictionary និង សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដើម្បី​ទទួល​បាន​ការយល់ដឹង​អំពី​បទគម្ពីរ ។

ព្រះគ្រីស្ទ​យាង​ចុះ​មក

ការយាង​មក​របស់​ព្រះគ្រីស្ទ ដោយ យូបាល អាវីល សាអែន