គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៧–២៣ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១–៥៧ ៖ « អ្នកកាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ »


« ថ្ងៃទី ១៧–២៣ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១–៥៧ ៖ ‹ អ្នកកាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៧–២៣ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១–៥៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

កសិករ​ជាមួយ​គោបា

ការភ្ជួររាស់​ដំបូង ដោយ ជេមស៍ ថៃលើរ ហាវ៉ូត

ថ្ងៃទី ១៧–២៣ ខែ ឧសភា

គោលលទ្ធិ និង សេចក្តីសញ្ញា ៥១–៥៧

« អ្នកកាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ »

ការសិក្សា​ព្រះគម្ពីរ​ជួយ​បងប្អូន​ឲ្យ​ស្គាល់​សំឡេង​របស់​ព្រះអម្ចាស់ ដោយសារ​ព្រះគម្ពីរ​ត្រូវបាន​ប្រទាន​ដោយ​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣៤–៣៦ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

សម្រាប់​សមាជិក​សាសនាចក្រ​នៅ​ទសវត្សរ៍​ឆ្នាំ ១៨៣០ ការប្រមូលផ្តុំ​ពួកបរិសុទ្ធ និង​ការកសាង​ទីក្រុង​ស៊ីយ៉ូន​គឺជា​កិច្ចការ​ខាង​វិញ្ញាណ​ក៏ដូចជា​ខាង​សាច់ឈាមដែរ ដែល​មាន​បញ្ហា​ជាក់ស្តែង​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ៖ នរណាម្នាក់​ត្រូវ​ទិញ និង​ចែកចាយ​ដី ដែល​ពួកបរិសុទ្ធ​អាច​រស់នៅ​បាន ។ នរណាម្នាក់​ត្រូវ​បោះពុម្ព​សៀវភៅ និង​ការបោះពុម្ព​ផ្សេងទៀត ។ ហើយ​នរណាម្នាក់​ត្រូវ​បើក​ហាង​មួយ​ដើម្បី​ចែកចាយ​របស់​របរ​ដល់​អស់​អ្នក​ដែល​នៅ​ស៊ីយ៉ូន ។ នៅក្នុង​វិរណៈ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១–៥៧ ព្រះអម្ចាស់​បាន​ចាត់តាំង និង​ណែនាំ​ប្រជាជន​ឲ្យ​ធ្វើ​កិច្ចការ​ទាំងនេះ ហើយ​ទ្រង់​បាន​បញ្ជាក់​ថា​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី ជា « កន្លែង​សម្រាប់​ទី​ក្រុង » ស៊ីយ៉ូន ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧:៣ ) ។

ប៉ុន្ដែ​ខណៈ​ជំនាញ​ខាង​កិច្ចការ​បែប​នេះ ដូចជា​ការទិញ​ដី ការបោះពុម្ព និង​ការបើក​ហាង​មាន​តម្លៃ​ចំពោះ​កិច្ចការ​ខាង​សាច់ឈាម​នៃ​ការកសាង​ស៊ីយ៉ូន វិវរណៈ​ទាំងនេះ​ក៏​បង្រៀន​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ពួកបរិសុទ្ធ​របស់​ទ្រង់​មាន​ភាពស័ក្ដិសម​ខាង​វិញ្ញាណ ដើម្បី​បាន​ហៅ​ជា​រាស្ដ្រ​ក្រុង​ស៊ីយ៉ូន ។ ទ្រង់​ហៅ​យើង​ម្នាក់ៗ​ឲ្យ​ធ្វើជា « អ្នកកាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ » ដោយ​មាន​វិញ្ញាណ​ទន់ទាប « ឈរ​យ៉ាង​ខ្ជាប់ខ្ជួន » នៅក្នុង​ទំនួល​ខុសត្រូវ​ដែល​បាន​ចាត់តាំង​របស់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១:១៩; ៥២:១៥; ៥៤:២ ) ។ ប្រសិនបើ​យើង​អាច​ធ្វើ​ដូចនោះ​បាន​—​មិន​ថា​ជំនាញ​ខាង​សាច់ឈាម​យើង​យ៉ាង​ណា​ទេ—​នោះ​ព្រះអម្ចាស់​អាច​ប្រើ​យើង​ដើម្បី​កសាង​ក្រុង​ស៊ីយ៉ូន ហើយ​ទ្រង់ « នឹង​ពន្លឿន​ឲ្យ​ទីក្រុង​ឆាប់​កើតឡើង​នៅពេល​កំណត់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:៤៣ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥១

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើជា​អ្នកកាន់កាប់​ត្រួតត្រា​ដោយ​ស្មោះត្រង់ យុត្តិធម៌ និង​ឈ្លាសវៃ ។

ប្រសិនបើ​បងប្អូន​ជា​សមាជិក​នៃ​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣១ បងប្អូន​អាច​ត្រូវបាន​អញ្ជើញ​ឲ្យ​រស់នៅ​តាម​ច្បាប់​នៃ​ការថ្វាយ ដោយ​ការចែក​អចលនទ្រព្យ​របស់​បងប្អូន​ទៅកាន់​សាសនាចក្រ​តាមរយៈ​ប៊ីស្សព ។ បន្ទាប់មក លោក​នឹង​បង្វិល​មក​បងប្អូន​វិញ ក្នុង​ករណី​ភាគច្រើន​គឺ​អ្វី​ដែល​បងប្អូន​បាន​បរិច្ចាគ ពេលខ្លះ​ជា​ចំណែក​លើស ។ ប៉ុន្តែ​ទ្រព្យ​នោះ​លែង​ជា​ទ្រព្យ​របស់​បងប្អូន​ទៀត​ហើយ​—​វា​គឺជា​ការបម្រើ​របស់​បងប្អូន ។

សព្វថ្ងៃ នីតិវិធី​មាន​លក្ខណៈ​ខុសគ្នា ប៉ុន្ដែ​គោលការណ៍​នៃ​ការថ្វាយ និង​ការកាន់កាប់ត្រួតត្រា​នៅតែ​មាន​សារសំខាន់​ចំពោះ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​ពិចារណា​នូវ​ពាក្យ​សម្ដី​ទាំងនេះ​មកពី​អែលឌើរ ឃ្វីនថិន អិល ឃុក ៖ « យើង​រស់នៅ​ក្នុង​ពេល​ដ៏​គ្រោះថ្នាក់ ពេល​មនុស្ស​ជាច្រើន​ជឿ​ថា យើង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ ហើយ​ថា​យើង​មិន​មាន​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន ឬ​ការកាន់កាប់​ត្រួតត្រា​សម្រាប់​ខ្លួន​យើង ឬ​មនុស្ស​ដទៃ​ឡើយ ។ មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​នេះ​ផ្ដោតលើ​ការបំពេញ​ចិត្ត​ខ្លួនឯង​… [ ហើយ ] មិន​ជឿ​ថា ពួកគេ​គឺជា​អ្នកចាំយាម​របស់​បងប្អូន​ខ្លួន​ឡើយ ។ ប៉ុន្ដែ​នៅក្នុង​សាសនាចក្រ យើង​ជឿ​ថា ការកាន់កាប់​ត្រួតត្រា​ទាំងនេះ​គឺជា​ការទុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ » ( « Stewardship—a Sacred Trust » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩១ ) ។

នៅពេល​បងប្អូន​អាន កណ្ឌ​ទី ៥១ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​បាន​ទុក​ព្រះទ័យ​លើ​បងប្អូន ។ តើ​ពាក្យ « អ្នក​កាន់កាប់​ត្រួតត្រា » ( ខទី ១៩ ) និង « បាន​ថ្វាយ » ( ខទី ៥ ) មាន​ន័យ​ដូចម្ដេច ហើយ​តើ​វា​បង្កប់​ន័យ​យ៉ាង​ណា​អំពី​ការរំពឹង​ទុក​របស់​ព្រះ​ពី​បងប្អូន ? តើ​បងប្អូន​រកឃើញ​គោលការណ៍​អ្វីខ្លះ​នៅក្នុង កណ្ឌ​ទី ៥១ និង​នៅក្នុង​ពាក្យ​សម្ដី​របស់​អែលឌើរ ឃុក ដែល​បង្រៀន​បងប្អូន​ពី​អត្ថន័យ​នៃ​ការធ្វើ​អ្នកកាន់កាប់​ត្រួតត្រា ? ( សូមមើល​ជាពិសេស ខទី ៩ ១៥–២០ ) ។

សូមមើល​ផងដែរ ម៉ាថាយ ២៥:១៤–៣០, វីដេអូ « The Law of Consecration » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១៤–១៩

ព្រះ​បាន​ប្រទាន​គំរូ​មួយ​ដើម្បី​ចៀសវាង​ពី​ការបញ្ឆោត ។

ដោយ​មាន​មនុស្ស​ជាច្រើន​អះអាង​ពី​ការបើក​បង្ហាញ​ខាង​វិញ្ញាណ នោះ​ពួកបរិសុទ្ធ​សម័យ​ដើម​បាន​ខ្វល់​ពី​ការត្រូវ​បាន​គេ​បញ្ឆោត ។ តើ​ពួកគេ​អាច​ប្រាប់​ថា នរណា « ត្រូវបាន​ទទួល​ពី [ ព្រះ ] » ? ( ខទី ១៥ ) ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥២:១៤–១៩ ព្រះអម្ចាស់​បាន​ប្រទាន​គំរូ​ដ៏​មាន​អត្ថប្រយោជន៍​មួយ ។ តើ​បងប្អូន​អាច​អនុវត្ត​គំរូ​នេះ ដើម្បី​ការពារ​ពី​សារលិខិត​ខុសឆ្គង​ក្នុង​ពិភពលោក​នេះ​ដោយ​របៀប​ណា ? បងប្អូន​ក៏​អាច​ប្រើ​គំរូ​នេះ​ដើម្បី​វាយ​តម្លៃ​ខ្លួន​ឯង​បាន​ដែរ ៖ សូម​ពិចារណា​ដោយ​ប្រើ​ឃ្លា​ពី​ខគម្ពីរ​ទាំងនេះ ដើម្បី​សរសេរ​សំណួរ​ដូចជា « ពេល​ខ្ញុំ​និយាយ តើ​វិញ្ញាណ​ខ្ញុំ​ទន់ទាប​ទេ ? »

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៤

ខ្ញុំ​អាច​ងាក​ទៅរក​ព្រះអម្ចាស់ នៅពេល​ខ្ញុំ​រង​ការឈឺចាប់​ដោយ​ជម្រើស​របស់​មនុស្ស​ដទៃ ។

ជា​ផ្នែក​នៃ​ការប្រមូល​ផ្ដុំ​ទៅ​រដ្ឋ​អូហៃអូ ពួកបរិសុទ្ធ​មួយ​ក្រុម ដែល​បាន​ដឹកនាំ​ដោយ​នូវល ណៃត៍ បាន​មកពី​ភូមិ​ខូលស្វិល រដ្ឋ​នូវយ៉ក ហើយ​ត្រូវការ​កន្លែង​រស់នៅ​មួយ ។ លីម៉ាន ខូព្លី មាន​ចម្ការ​ដ៏​ធំ​មួយ​នៅក្បែរ​ទីក្រុង​ខឺតឡង់ ហើយ​លោក​បាន​ចុះ​សេចក្ដី​សញ្ញា​ថា​នឹង​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​រស់នៅ​លើ​ដី​របស់​លោក ។ ប៉ុន្ដែ ភ្លាមៗ​ក្រោយពី​ពួកគេ​ចាប់ផ្ដើម​រស់នៅ​ទីនោះ ខូព្លី​បាន​បោះបង់​សេចក្ដី​ជំនឿ​របស់​លោក លែង​គោរព​តាម​សេចក្ដី​សញ្ញា​របស់​លោក ហើយ​បណ្ដេញ​ពួកបរិសុទ្ធ​ចេញពី​ចម្ការ​របស់​លោក ( សូមមើល ពួកបរិសុទ្ធ ទំព័រ ១:១២៥–២៨ ) ។

ដូច​បាន​កត់ត្រា​នៅក្នុង កណ្ឌ​ទី ៥៤ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​នូវល ណៃត៍ ពី​អ្វី​ដែល​ពួកបរិសុទ្ធ​គួរ​ធ្វើ​នៅក្នុង​ស្ថានភាព​របស់​ពួកគេ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​វិវរណៈ​នេះ ដែល​អាច​ជួយ​បងប្អូន នៅពេល​មនុស្ស​ផ្សេងទៀត​លែង​គោរព​តាម​ពាក្យសន្យា​គេ ឬ​ពេល​ជម្រើស​មិន​ល្អ​ផ្សេងទៀត​ប៉ះពាល់​ដល់​បងប្អូន ?

វាល​ពណ៌​បៃតង

ទីតាំង​ចម្ការ​នៅក្នុង​រដ្ឋអូហៃអូ ដែល​លីម៉ាន ខូព្លី​បាន​សន្យា​ផ្ដល់​ជូន​សាសនាចក្រ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៦:១៤–២០

មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ។

នៅក្នុង​ខគម្ពីរ​ទាំងនេះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​អ្នកមាន​ផង និង​អ្នកក្រ​ផង វា​អាច​គួរឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ប្រៀបធៀប​ការប្រឹក្សា​របស់​ទ្រង់​ទៅនឹង​ក្រុម​ទាំងពីរ​នេះ ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​អ្វី​ដែល​មាន​អារម្មណ៍​ថា​ទាក់ទង​ផ្ទាល់​នឹង​បងប្អូន ? តើ​ការផ្ដោតលើ​ទ្រព្យសម្បត្តិ​អាច​ធ្វើឲ្យ​ព្រលឹង​របស់​បងប្អូន « មាន​ដំបៅ » ដោយ​របៀប​ណា ? ( ខទី ១៦ ) ។ តើ​ការមាន « ចិត្ត​បរិសុទ្ធ » ( ខទី ១៨ ) មាន​ន័យ​ដូចម្ដេច​ចំពោះ​បងប្អូន ទាក់ទង​ទៅនឹង​សម្ភារនិយម ?

សូម​មើល​ផងដែរ យ៉ាកុប ២:១៧–២១ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥១:៩ ។បងប្អូន​អាច​លេង​ល្បែង​មួយ ដែល​គ្រួសារ​រីករាយ រួចហើយ​ជជែក​អំពី​របៀប​ដែល​ល្បែង​នេះ​មាន​ភាពខុសគ្នា ប្រសិនបើ​នរណាម្នាក់​លេង​ខូច​នោះ ។ ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី « ប្រព្រឹត្ត​ដោយ​ទៀងត្រង់ » ជាមួយ​គ្នា ? តើ​ភាពស្មោះត្រង់​ជួយ​យើង​ឲ្យ « បាន​រួមគ្នា​តែមួយ » ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥២:១៤–១៩ ។កាល​បងប្អូន​ពិភាក្សា​ពី​គំរូ ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំងនេះ គ្រួសារ​របស់​បងប្អូន​អាច​រីករាយ​នឹង​ការមើល​ទៅ​គំរូ​ផ្សេង​ទៀត​ដែល​បងប្អូន​ប្រើ​—​ដូចជា គំរូ​នៃ​ការដេរ​ខោអាវ ឬ​ការធ្វើ​ទូក​មួយ ។ បងប្អូន​អាច​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​អ្វីមួយ​ចេញពី​គំរូ​មួយ ខណៈ​ជជែក​អំពី​គំរូ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ដើម្បី​ចៀសវាង​ពី​ការបញ្ឆោត ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៣:១ ។សូម​ពិចារណា​ចែកចាយ​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន​អំពី​បទពិសោធន៍​មួយ កាល​បងប្អូន​ដូចជា​ស៊ីឌនី គិលបឺត​ដែរ បាន​ទូល​សួរ​ព្រះអម្ចាស់ « អំពី​ការហៅ​របស់​អ្នក » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:២; ៥៧:៦–៧ ។តើ​ការ « ឈរ​ឲ្យ​មាំមួន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៤:២ ) មាន​ន័យ​ដូចម្ដេច ស្ដីពី​អ្វី​ដែល​ព្រះ​សុំ​ឲ្យ​យើង​ធ្វើ​នោះ ? បងប្អូន​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ឡើង​ឈរ ហើយ​ប្រាប់​អ្វីមួយ​ដែល​ព្រះ​បាន​សុំ​ពួកគេ​ឲ្យ​ធ្វើ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៥ ។តើ​ព្រះអម្ចាស់​បាន​ប្រើ​សមត្ថភាព​របស់ វិលលាម ហ្វែប្ស ឲ្យធ្វើ​ជា​អ្នកសរសេរ និង​អ្នកបោះពុម្ព​ដោយ​របៀប​ណា ? ( ឧទាហរណ៍ សូមមើល លិបិក្រម​អ្នកនិពន្ធ នៅក្នុង​សៀវភៅ​ទំនុក​តម្កើង​សម្រាប់​បញ្ជី​ទំនុក​តម្កើង ដែល​លោក​បាន​សរសេរ ) ។ ប្រហែលជា​សមាជិក​គ្រួសារ​អាច​ជជែក​អំពី​ទេពកោសល្យ និង​សមត្ថភាព​ដែល​ពួកគេ​ឃើញ​ក្នុង​គ្នា​ទៅវិញ​ទៅមក ។ តើ​ទេពកោសល្យ​របស់​យើង​អាច​រួម​ចំណែក​ក្នុង​កិច្ចការ​របស់​ព្រះ​បាន​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំសប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « អូរ​តូច​និយាយ​ថា « ឲ្យ » » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១៦ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

រក្សា​កំណត់ហេតុ​សិក្សា​មួយ ។ បងប្អូន​អាច​ឃើញ​ថា វា​មាន​អត្ថប្រយោជន៍ ពេល​ប្រើ​សៀវភៅ​កំណត់ហេតុ ឬ​កំណត់​ចំណាំ​ដើម្បី​កត់ត្រា​យោបល់ គំនិត សំណួរ ឬ​ចំណាប់​អារម្មណ៍​ដែល​កើត​មាន ខណៈ​ពេល​បងប្អូន​សិក្សា ។

សមាជិក​ផ្ដល់​របស់​របរ​ដល់ អែតវឺត ប៉ាទ្រិច

ប៊ីស្សព ប៉ាទ្រិច ទទួល​ការថ្វាយ ដោយ អាលប៊ីន វេសេលកា