គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១០–១៦ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩–៥០ ៖ « អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ »


« ថ្ងៃទី ១០–១៦ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩–៥០ ៖ ‹ អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១០–១៦ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩–៥០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ស្រះទឹក​នៅពេល​ថ្ងៃ​រះ

ថ្ងៃទី ១០–១៦ ខែ ឧសភា

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩–៥០

« អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ »

« អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:២៤ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​ទទួល​បាន​ពន្លឺ តាមរយៈ​ការបន្ដ​នៅក្នុង​ព្រះ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ព្រះអង្គ​សង្គ្រោះ​គឺជា « អ្នក​គង្វាល​ល្អ » របស់​យើង ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៤៤ ) ។ ទ្រង់​ជ្រាប​ថា ពេលខ្លះ​ចៀម​ដើរ​វង្វេង​ផ្លូវ ហើយ​ថា​ទីរហោស្ថាន​មាន​គ្រោះថ្នាក់​ជាច្រើន ។ ដូច្នេះ ទ្រង់​ដឹកនាំ​យើង​ដោយ​ក្ដី​ស្រឡាញ់​ទៅកាន់​ទីមាន​សុវត្ថិភាព​នៃ​គោលលទ្ធិ​របស់​ទ្រង់ ចេញ​ឆ្ងាយ​ពី​គ្រោះថ្នាក់​ដូចជា « វិញ្ញាណ​ក្លែងក្លាយ ដែល​បាន​ចេញ​ទៅ​លើ​ផែនដី ដោយ​បោក​បញ្ឆោត​មនុស្ស​លោក » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២ ) ។ ជាញឹកញាប់ ការធ្វើតាម​ទ្រង់​មាន​ន័យ​ថា ការដក​គំនិត ឬ​ប្រពៃណី​មិន​ត្រឹមត្រូវ​ចេញ ។ ការណ៍​នេះ​គឺ​ពិត​ចំពោះ លីម៉ាន ខូព្លី និង​មនុស្ស​ដទៃទៀត​នៅក្នុង​រដ្ឋ​អូហៃអូ ដែល​បាន​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ប៉ុន្ដែ​នៅតែ​បន្ដ​ធ្វើតាម​ជំនឿ​មួយ​ចំនួន ដែល​មិន​ត្រឹមត្រូវ​សោះ ។ នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩ ព្រះអម្ចាស់​បាន​ប្រកាស​ពី​សេចក្ដីពិត ដែល​បាន​កែតម្រូវ​ជំនឿ​ពីមុន​របស់​លីម៉ាន ស្ដីពី​ប្រធានបទ​ដូចជា​អាពាហ៍ពិពាហ៍ និង​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​ពេល​អ្នកប្រែចិត្ត​ជឿ​នៃ​រដ្ឋ​អូហៃអូ « បាន​ទទួល​វិញ្ញាណ​ទាំងឡាយ ដែល [ ពួកគេ ] ពុំ​អាច​យល់ » ព្រះអម្ចាស់​បាន​បង្រៀន​ពួកគេ​ពី​របៀប​បែងចែក​ការបើក​បង្ហាញ​នៃ​ព្រះវិញ្ញាណ​ពិត ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:១៥ ) ។ អ្នកគង្វាល​ល្អ​មាន​អំណត់ ទ្រង់​ជ្រាប​ថា ពួកបរិសុទ្ធ​ពីដើម​ទាំងនេះ​គឺ​—​ដូចជា​យើង​ទាំងអស់​គ្នា​ដែរ—​« កូនក្មេង​តូច » ដែល « ត្រូវតែ​ចម្រើន​ឡើង​ក្នុង​ព្រះគុណ និង​ក្នុង​ការចេះ​ដឹង​អំពី​សេចក្ដី​ពិត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩:៥–២៣

សេចក្ដីពិត​នៃ​ដំណឹងល្អ​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ការបង្រៀន​ក្លែងក្លាយ ។

ពីមុន​ចូលរួម​ក្នុង​សាសនាចក្រ លីម៉ាន ខូព្លី ជា​ផ្នែក​នៃ​ក្រុម​សាសនា​មួយ​ដែល​គេ​ហៅថា សមាគម​នៃ​ពួក​អ្នក​ជឿ​ដល់​ការយាង​មក​លើក​ទីពីរ​របស់​ព្រះគ្រីស្ទ ដែល​គេ​ស្គាល់​ថា​ជា ពួក​សេកើរ ដែរ ( សូមមើល « Leman Copley and the Shakers » Revelations in Context ទំព័រ ១១៧–២១ ) ។ ក្រោយពី​ការសន្ទនា​ជាមួយ​លីម៉ាន យ៉ូសែប ស្ម៊ីធ បាន​ស្វែងរក​ការបញ្ជាក់​ពី​ព្រះអម្ចាស់​អំពី​ការបង្រៀន​របស់​ពួក​សេកើរ​មួយ​ចំនួន ហើយ​ព្រះអម្ចាស់​បាន​ឆ្លើយតប​ជា​វិវរណៈ​នៅក្នុង កណ្ឌទី ៤៩ ។

បងប្អូន​អាច​ឃើញ​ថា មាន​ជំនឿ​របស់​ពួក​សេកើរ​មួយ​ចំនួន​ត្រូវបាន​លើកឡើង​នៅក្នុង​ក្បាល កណ្ឌ​ទី ៤៩ ។ សូម​គិត​ដល់​ការគូស​ចំណាំ ឬ​ការកត់ត្រា​សេចក្ដីពិត​នៅក្នុង ខ​ទី ៥–២៣ ដែល​កែតម្រូវ​ជំនឿ​ទាំងនោះ ។ សូម​គិត​អំពី​ការបង្រៀន ឬ​ប្រពៃណី​ខុសឆ្គង​ផ្សេងទៀត​នៅក្នុង​ពិភពលោក​នេះ​សព្វថ្ងៃ ។ តើ​សេចក្ដីពិត​នៃ​ដំណឹងល្អ​អ្វីខ្លះ ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ការពារ​ខ្លួន​ពី​ការបង្រៀន​ខុសឆ្គង​ទាំងនោះ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:១៥–១៧

អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ដ្រី​គឺ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះ ។

តើ​សេចក្ដីពិត​អំពី​អាពាហ៍ពិពាហ៍​អ្វីខ្លះ ដែល​បងប្អូន​រៀន​មកពី គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩:១៥–១៧ ? ហេតុអ្វី​បងប្អូន​គិត​ថា អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​គឺ​សំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ? អែលឌើរ ដេវីឌ អេ បែដណា បាន​ផ្ដល់​មូលហេតុ​ពីរ ៖ « មូលហេតុ​ទី ១ ៖ ធម្មជាតិ​នៃ​វិញ្ញាណ​ភេទប្រុស និង​ភេទ​ស្រី​បំពេញ​កង្វះ​គ្នា​ទៅវិញ​ទៅមក និង​ជួយ​គ្នា​ទៅវិញ​ទៅ​មក​ឲ្យ​ល្អ​ឥតខ្ចោះ ហេតុដូច្នោះ​ហើយ បុរស និង​ស្ត្រី មាន​បំណង​ចង់​រីកចម្រើន​ទៅ​ជាមួយ​គ្នា​ឆ្ពោះ​ទៅរក​ភាពតម្កើង​ឡើង ។ … មូលហេតុ​ទី ២ ៖ តាម​ផែនការ​របស់​ព្រះ បុរស​ម្នាក់ និងស្ត្រី​ម្នាក់​ចាំបាច់​ត្រូវ​នាំ​កូនចៅ​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ហើយ​ផ្ដល់​នូវ​ជម្រក​សម្រាប់​ចិញ្ចឹម និង​បីបាច់​ថែរក្សា​កូនៗ​ឲ្យ​ល្អបំផុត » ( « Marriage Is Essential to His Eternal Plan » Ensign ខែ មិថុនា ឆ្នាំ ២០០៦ ទំព័រ ៨៣–៨៤ ) ។

សូមមើល​ផងដែរ លោកុប្បត្តិ ២:២០–២៤; កូរិនថូស​ទី ១ ១១:១១; « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

គូស្វាមី​ភរិយា​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

អាពាហ៍ពិពាហ៍​រវាង​បុរស និង ស្ត្រី​ត្រូវ​បាន​តែងតាំង​ឡើង​ដោយ​ព្រះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០

ការបង្រៀន​របស់​ព្រះអម្ចាស់​អាច​ការពារ​ខ្ញុំ​ពី​ការបញ្ឆោត​របស់​សាតាំង ។

អ្នកប្រែចិត្ត​ជឿ​ថ្មី​នៅ​រដ្ឋ​អូហៃអូ​អន្ទះសា​ចង់​ទទួល​បាន​ការបើក​សម្ដែង​ខាង​វិញ្ញាណ ដែល​បាន​សន្យា​នៅក្នុង​ព្រះគម្ពីរ ប៉ុន្ដែ​សាតាំង​ក៏​អន្ទះសា​ចង់​បោក​បញ្ឆោត​ពួកគេ​ផងដែរ ។ ពួកគេ​បាន​ឆ្ងល់​ថា ពេល​នរណាម្នាក់​ស្រែក ឬ​សន្លប់ តើ​នោះ​ជា​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ឬ ?

សូម​ស្រមៃ​ថា បងប្អូន​ត្រូវបាន​សូម​ឲ្យ​ជួយ​អ្នកប្រែចិត្ត​ជឿ​ថ្មី​ទាំងនេះ​ឲ្យ​យល់​ពី​របៀប​ស្គាល់​ការបើក​បង្ហាញ​ពិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ចៀសវាង​ពី​ការបោក​បញ្ឆោត​ដោយ​ការធ្វើត្រាប់​តាម​របស់​សាតាំង ។ តើ​បងប្អូន​រកឃើញ​គោលការណ៍​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០ ដែល​បងប្អូន​អាច​ចែកចាយ​បាន ? ( សូមមើល​ជាពិសេស ខទី ២២–២៥, ២៩–៣៤, ៤០–៤៦ ) ។

សូមមើល​ផងដែរ ធីម៉ូថេ​ទី​២ ៣:១៣–១៧ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:១៣–២៤

គ្រូបង្រៀន និង​អ្នករៀន​ត្រូវបាន​បំភ្លឺ​រួមគ្នា​តាមរយៈ​ព្រះវិញ្ញាណ ។

របៀប​មួយ​ដែល​បងប្អូន​អាច​សិក្សា គោលលទ្ធិ និង សេចក្តី​សញ្ញា ៥០:១៣–២៤ បាន គឺ​ត្រូវ​គូរ​រូបភាព​គ្រូបង្រៀន​ម្នាក់ និង​សិស្ស​ម្នាក់ ហើយ​នៅ​ក្បែរ​បុគ្គល​ម្នាក់ៗ សូម​ធ្វើ​បញ្ជី​ពាក្យ និង​ឃ្លា​មកពី​ខគម្ពីរ​ទាំងនេះ ដែល​បង្រៀន​បងប្អូន​នូវ​អ្វីមួយ​អំពី​ការរៀនសូត្រ និង​ការបង្រៀន​ដំណឹងល្អ ។ តើ​បងប្អូន​ទទួល​បាន​បទពិសោធន៍ ដែល​បាន​បង្រៀន​បងប្អូន​ពី​សារសំខាន់​នៃ​ព្រះវិញ្ញាណ​នៅក្នុង​ការបង្រៀន និង​ការរៀនសូត្រ​នៅពេល​ណា ? សូម​ពិចារណា​ពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ ដើម្បី​កែលម្អ​ការខិតខំ​របស់​បងប្អូន​ក្នុង​នាម​ជា​អ្នករៀន និង​គ្រូបង្រៀន​ដំណឹងល្អ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៩:២ ។តើ « ប្រាថ្នា​ចង់​ដឹង​ពី​សេចក្ដីពិត​តាម​ភាគៗ ប៉ុន្តែ​មិនមែន​ទាំងអស់ » មាន​ន័យ​ដូចម្ដេច ? ប្រហែល​បងប្អូន​អាច​បង្ហាញ​រូបភាព ដែល​មាន​អ្វី​​បាំង​មួយ​ផ្នែក​លើ​រូបភាព ហើយ​សូម​ឲ្យ​សមាជិក​គ្រួសារ​ទស្សន៍ទាយ​ថា​វា​ជា​អ្វី ។ តើ​មាន​អ្វី​កើតឡើង នៅពេល​យើង​ទទួល​យក​តែ​ផ្នែក​មួយ​នៃ​សេចក្ដីពិត​នោះ ? ( សូមមើល នីហ្វៃ​ទី ២ ២៨:២៩ ) ។ តើ​ភាពពេញលេញ​នៃ​ដំណឹងល្អ​គឺជា​ពរជ័យ​ចំពោះ​យើង​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៩:២៦–២៨ ។តើ​យើង​មាន​ពរ​ដោយ​របៀប​ណា តាមរយៈ​សេចក្ដី​សន្យា​របស់​ព្រះអម្ចាស់​ថា « យើង​នឹង​យាង​នាំ​មុខ​អ្នក ហើយ​នឹង​ការពារ​នៅ​ខាងក្រោយ​អ្នក​ផង ហើយ​យើង​នឹង​នៅ​កណ្ដាល​អ្នក​រាល់​គ្នា » ? សមាជិក​គ្រួសារ​អាច​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ « យាង​នាំ​មុខ [ ពួកគេ ] ឬ​មាន​អារម្មណ៍​ថា ទ្រង់​គង់ « នៅ​កណ្ដាល [ ពួកគេ ] » ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២៣–២៥ ។បងប្អូន​អាច​ប្រជុំ​គ្នា​នៅក្នុង​បន្ទប់​ងងឹត​មួយ​ដើម្បី​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:២៣–២៥ ហើយ​បើក​ភ្លើង​សន្សឹមៗ ដោយ​ការដុត​ភ្លើង​ទៀន ឬ​បើក​ភ្លើង​ម្ដង​មួយៗ ។ បងប្អូន​ក៏​អាច​អាន​ខគម្ពីរ​ទាំងនេះ ខណៈ​មើល​ព្រះអាទិត្យ​រះ​ឡើង​នា​ពេលព្រឹក​ផងដែរ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​ពន្លឺ​ដំណឹងល្អ​របស់​យើង​បន្ដ​ភ្លឺ​ឡើង ? នៅពេល​សមាជិក​គ្រួសារ​រៀន​អ្វីមួយ​ថ្មី​អំពី​ដំណឹងល្អ​អំឡុង​សប្ដាហ៍​នេះ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​វា​ជាមួយ​គ្រួសារ ឬ​កត់ត្រា​វា​ទុក ហើយ​បិទ​វា​ទៅនឹង​អំពូល​ភ្លើង ឬ​អំពូល​ផ្សេងទៀត​នៅក្នុង​ផ្ទះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៤០–៤៦ ។ក្រោយពី​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥០:៤០–៤៦ រួច បងប្អូន​អាច​បង្ហាញ​រូបភាព​ព្រះអង្គ​សង្គ្រោះ ដែល​មាន​ក្នុង​គម្រោង​មេរៀន​នេះ ហើយ​សួរ​សំណួរ​ទាំងនេះ ៖ តើ​បងប្អូន​អាច​ប្រាប់​ថា ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​កូនចៀម​ដោយ​របៀប​ណា ? តើ​ព្រះអង្គ​សង្គ្រោះ​គឺ​ដូចជា​អ្នកគង្វាល​របស់​យើង​យ៉ាង​ដូចម្ដេច ? តើ​ឃ្លា​អ្វីខ្លះ​មកពី​ព្រះគម្ពីរ ដែល​ឆ្លុះ​បញ្ចាំង​ពី​គំនិត​ដែល​ថា ព្រះអង្គ​សង្គ្រោះ​គឺជា​អ្នកគង្វាល ហើយ​យើង​គឺជា​កូនចៀម​របស់​ទ្រង់ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « រះ​ឡើង » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩៦ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ចូរ​មាន​ភាព​បត់បែន ។ ជាញឹកញាប់ គ្រា​បង្រៀន​ដ៏​ល្អ​បំផុត ជាពិសេស​នៅក្នុង​ផ្ទះ កើតឡើង​ភ្លាមៗ ហើយ​មិន​បាន​រំពឹង​ទុក​ជាមុន ៖ អាហារ​ជា​គ្រួសារ​អាច​បំផុស​គំនិត​ឲ្យ​មាន​ការពិភាក្សា​មួយ​អំពី​ការទទួលទាន​បន្ទូល​របស់​ព្រះ ហើយ​ព្យុះភ្លៀង​មួយ​អាច​ជា​ឱកាស​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ទឹក​រស់ ។ ប្រសិនបើ​បងប្អូន​បាន​រៀបចំ​ខាង​វិញ្ញាណ ព្រះអម្ចាស់​អាច​ប្រទាន​ដល់​បងប្អូន​នូវ « សេចក្ដី​ដែល​អ្នក​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០០:៦ ) ។

ព្រះយេស៊ូវ​ជាមួយ​កូនចៀម

អ្នកគង្វាល​ដ៏​រាបសា ដោយ គីម យ៉ុងស៊ុង