« ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨–៥៩ ៖ ‹ ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៤–៣០ ខែ ឧសភា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៤–៣០ ខែ ឧសភា
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨–៥៩
« ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ »
ប្រធាន ដាល្លិន អេក អូក បានបង្រៀនថា « ព្រះគម្ពីរនឹងជួយយើងឲ្យដោះស្រាយសំណួរផ្ទាល់ខ្លួនរបស់យើងទាំងអស់ ដោយសារតាមរយៈការអានព្រះគម្ពីរ យើងអញ្ជើញ និងធ្វើឲ្យខ្លួនយើងមានភាពស័ក្ដិសមនឹងការបំផុសគំនិតមកពីព្រះវិញ្ញាណ ដែលនឹងដឹកនាំយើងទៅក្នុងសេចក្ដីពិតទាំងអស់ » ( នៅក្នុង ដេវីឌ អេ អេដវើធ « Are My Answers in There? » New Era ខែឧសភា ឆ្នាំ ២០១៦ ទំព័រ ៤២ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលពួកចាស់ទុំនៃសាសនាចក្របានឃើញទីតាំងនៃក្រុងស៊ីយ៉ូនដំបូង—ក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី—វាមិនមែនជាអ្វីដែលពួកគេបានរំពឹងទុកនោះទេ ។ ពួកគេមួយចំនួនបានគិតថា ពួកគេនឹងរកបានសហគមន៍ដ៏រីកចម្រើន និងឧស្សាហ៍ព្យាយាមមួយ ដែលមានពួកបរិសុទ្ធដ៏រឹងមាំមួយក្រុម ។ ផ្ទុយទៅវិញ ពួកគេបានរកឃើញកន្លែងមួយដែលមិនសូវមានប្រជាជនច្រើន ខ្វះអារ្យធម៌ដែលពួកគេធ្លាប់មាន ហើយរស់នៅដោយប្រជាជនដែលគ្មានវប្បធម៌ ជាជាងពួកបរិសុទ្ធ ។ វាហាក់ថា ព្រះអម្ចាស់មិនគ្រាន់តែសុំពួកគេឲ្យមកស៊ីយ៉ូនទេ— គឺទ្រង់ថែមទាំងសព្វព្រះទ័យឲ្យពួកគេកសាងស៊ីយ៉ូនផងដែរ ។
នៅពេលការរំពឹងទុករបស់យើងមិនត្រូវគ្នានឹងការពិត យើងអាចចងចាំពីអ្វីដែលព្រះអម្ចាស់បានមានបន្ទូលទៅពួកបរិសុទ្ធក្នុងឆ្នាំ ១៨៣១ ៖ « ត្បិតនៅពេលនេះ អ្នករាល់គ្នាពុំអាចមើលឃើញដោយភ្នែកធម្មតារបស់អ្នកឡើយ នូវគម្រោងការណ៍នៃព្រះរបស់អ្នក… និងសិរីល្អដែលត្រូវមកតាមក្រោយ បន្ទាប់ពីមានសេចក្ដីវេទនាដ៏ច្រើន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣ ) ។ មែនហើយ ជីវិតនេះគឺពេញទៅដោយទុក្ខវេទនា និងអំពើទុច្ចរិត ប៉ុន្ដែយើងអាច « នាំមកនូវសេចក្ដីសុចរិតដ៏ច្រើន ត្បិតអំណាចគឺមាននៅក្នុងខ្លួន [ យើង ] » បាន ( ខទី ២៧–២៨ ) ។
សូមមើលផងដែរ ពួកបរិសុទ្ធ ទំព័រ ១:១២៧–៣៣ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១–៥, ២៦–៣៣; ៥៩:២៣
ពរជ័យទាំងឡាយកើតមានស្របតាមពេលវេលារបស់ព្រះ និងការឧស្សាហ៍ព្យាយាមរបស់យើង ។
ពួកបរិសុទ្ធបានដាក់គ្រឹះក្រុងស៊ីយ៉ូននៅស្រុកចាកសុន រដ្ឋមិសសួរី ជាកន្លែងដែលពួកគេបានស៊ូទ្រាំនឹងការសាកល្បងជាច្រើន ។ ពួកគេបានសង្ឃឹមយ៉ាងប្រាកដថា អំឡុងពេលពួកគេនៅមានជីវិត តំបន់នេះនឹងរីកដុះដាលទៅជាកន្លែងមួយ ដែលពួកបរិសុទ្ធទាំងអស់អាចប្រជុំគ្នាបាន ។ ប៉ុន្ដែ ពួកបរិសុទ្ធត្រូវបានបណ្ដេញចេញពីស្រុកចាកសុនក្នុងអំឡុងពេលពីរបីឆ្នាំ ហើយព្រះអម្ចាស់បានបើកសម្ដែងថា រាស្ដ្រទ្រង់នឹងត្រូវ « រង់ចាំមួយរដូវខ្លីសិន ចំពោះសេចក្ដីប្រោសលោះនៃស៊ីយ៉ូន » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៥:៩ ) ។
កាលបងប្អូនសិក្សាវគ្គខាងក្រោមនេះ សូមរកមើលមូលហេតុដែលពរជ័យអាចត្រូវបានពន្យារពេលមួយរយៈ ។ សំណួរខាងក្រោមនេះអាចជួយបងប្អូនឲ្យសញ្ជឹងគិត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:១–៥; ៥៩:២៣ ។ តើមានសារលិខិតអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលពង្រឹងដល់សមត្ថភាពរបស់បងប្អូនឲ្យទ្រាំទ្រនឹងទុក្ខលំបាកកាន់តែមានអំណត់នោះ ? តើពរជ័យអ្វីខ្លះដែលបងប្អូនបានទទួលក្រោយពីទុក្ខលំបាក ? ហេតុអ្វីបងប្អូនគិតថា ពរជ័យមួយចំនួនកើតមានតែក្រោយពេលមានទុក្ខលំបាក ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៦–៣៣ ។ តើការ « ឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ » ដើរតួនាទីអ្វីខ្លះ នៅក្នុងការបំពេញសេចក្ដីសន្យារបស់ព្រះ ? តើការគោរពប្រតិបត្តិរបស់បងប្អូនដើរតួអ្វីខ្លះដែរ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៤ ។ តើមានទំនាក់ទំនងអ្វីរវាង « ពាក្យអធិស្ឋាននៃសេចក្ដីជំនឿ » និង ព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់ពួកយើង ?
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩ ក្បាលកណ្ឌ
តើនរណាជាផល្លី ណៃត៍ ?
ផល្លី ណៃត៍ និងស្វាមីរបស់នាង យ៉ូសែប ណៃត៍ ស៊ីញ្ញ័រ គឺជាអ្នកជឿដំបូងគេមួយចំនួននៅក្នុងការហៅពីព្យាការី យ៉ូសែប ស្ម៊ីធ ។ ផល្លី និងយ៉ូសែបបានផ្ដល់ការគាំទ្រដ៏សំខាន់ដល់ព្យាការីនៅក្នុងកិច្ចការបកប្រែព្រះគម្ពីរមរមន ។ គ្រួសារណៃត៍បានចាកចេញពីភូមិខូលស្វិល រដ្ឋនូវយ៉ក មកជួបជុំនឹងពួកបរិសុទ្ធនៅរដ្ឋអូហៃអូ ហើយក្រោយមកត្រូវបានបញ្ជាឲ្យប្ដូរមកភូមិចាកសុន រដ្ឋមិសសួរីវិញ ។ នៅពេលពួកគេបានធ្វើដំណើរ សុខភាពរបស់ផល្លីចាប់ផ្ដើមស្រុតចុះ ប៉ុន្ដែនាងបានប្ដេជ្ញាចិត្តចង់ឃើញក្រុងស៊ីយ៉ូន ពីមុននាងស្លាប់ ។ នាងបាននៅក្នុងរដ្ឋមិសសួរីតែពីរបីថ្ងៃប៉ុណ្ណោះ មុនពេលនាងបានទទួលមរណភាព ( សូមមើល ពួកបរិសុទ្ធ ទំព័រ ១:១២៧–២៨, ១៣២–៣៣ ) ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩ បានទទួលនៅថ្ងៃនាងលាចាកលោក ហើយ ខទី ១ និងទី ២ ហាក់សំដៅជាពិសេសទៅរកនាង ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៩
ការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធនាំមកនូវពរជ័យខាងសាច់ឈាម និងខាងវិញ្ញាណ ។
ក្រោយពេលបានសន្យាថានឹងប្រទានពរដល់ពួកបរិសុទ្ធក្នុងក្រុងស៊ីយ៉ូន « ដោយព្រះបញ្ញត្តិទាំងឡាយដ៏មិនតិច » ព្រះអម្ចាស់បានគូសបញ្ជាក់ជាពិសេសលើព្រះបញ្ញត្តិមួយយ៉ាងជាក់លាក់ ៖ បញ្ជាឲ្យគោរព « ថ្ងៃបរិសុទ្ធ » របស់ទ្រង់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:៤, ៩ ) ។ នៅពេលបងប្អូនសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៩ សូមពិចារណាពីមូលហេតុដែលការគោរពថ្ងៃឈប់សម្រាកមានសារសំខាន់យ៉ាងខ្លាំងចំពោះពួកបរិសុទ្ធទាំងនេះ កាលពួកគេខិតខំកសាងក្រុងស៊ីយ៉ូន ។
បងប្អូនក៏អាចគិតពីសំណួរទាំងនេះផងដែរ ៖ តើខ្ញុំប្រើថ្ងៃឈប់សម្រាកតាមរបៀបដែលព្រះអម្ចាស់មានព្រះទ័យចង់បានដែរឬទែ ? តើការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធជួយខ្ញុំឲ្យបន្ដ « កុំឲ្យប្រឡាក់ពីលោកិយ » ដោយរបៀបណា ? ( ខទី ៩ ) ។ តើខ្ញុំអាចធ្វើអ្វីខ្លះ ដើម្បីថ្វាយ « ភក្ដីភាពដល់ព្រះដ៏ខ្ពស់បំផុត » របស់ខ្ញុំ ? ( ខទី ១០ ) ។
ក្រោយពីអានខគម្ពីរខាងក្រោមនេះហើយ តើបងប្អូនទទួលបានការបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបានកាន់តែពេញលេញ ? លោកុប្បត្តិ ២:២–៣; និក្ខមនំ ២០:៨–១១; ៣១:១៣, ១៦; ចោទិយកថា ៥:១២–១៥; អេសាយ ៥៨:១៣–១៤; ម៉ាកុស ២:២៧; យ៉ូហាន ២០:១–១៩; កិច្ចការ ២០:៧ ។
បងប្អូនក៏អាចទទួលបានអត្ថប្រយោជន៍ពីវីដេអូមួយនៃវីដេអូដ៏ច្រើននេះ ឬធនធានផ្សេងទៀតអំពីថ្ងៃឈប់សម្រាក ដែលមាននៅលើគេហទំព័រ sabbath.ChurchofJesusChrist.org ។
សូមមើលផងដែរ រ័សុល អិម ណិលសុន « ថ្ងៃឈប់សម្រាកជាថ្ងៃមួយដ៏រីករាយ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២; Bible Dictionary « Sabbath » ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២៦–២៩ ។ប្រហែលសមាជិកគ្រួសារអាចធ្វើបញ្ជីមួយអំពីរឿងមួយចំនួន ដែលពួកគេ « ឧស្សាហ៍ចូលរួម » ។ តើរឿងទាំងអស់នោះជា « ប្រយោជន៍ល្អ » ឬទេ ? ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើ « អ្វីៗជាច្រើនតាមបំណងចិត្តរបស់ខ្លួន [ យើង ] » ? សូមឲ្យសមាជិកគ្រួសារម្នាក់ៗគិតអំពីអ្វី ដែលពួកគេអាចធ្វើបាននាសប្ដាហ៍នេះដើម្បី « នាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ។ ក្រោយមកពួកគេអាចរាយការណ៍ពីអ្វីដែលពួកគេបានធ្វើ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤២–៤៣ ។តើសមាជិកគ្រួសារមានអារម្មណ៍យ៉ាងណា នៅពេលពួកគេអានខគម្ពីរទាំងនេះ ? តើខគម្ពីរទាំងនេះអាចជួយនរណាម្នាក់ដែលត្រូវប្រែចិត្តយ៉ាងដូចម្ដេច ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៣–១៩ ។តើការ « បានពាក់មកុដដោយព្រះពរទាំងឡាយ » អាចមានន័យដូចម្ដេច ? ( ខទី ៤ ) ។ កាលបងប្អូនអានព្រះបញ្ញត្តិនៅក្នុង ខទី ៥–១៩ សូមពិភាក្សាពីពរជ័យ ដែលបងប្អូនបានទទួល តាមរយៈការគោរពតាមព្រះបញ្ញត្តិទាំងនេះនីមួយៗ ។
បងប្អូនក៏អាចកត់សម្គាល់ពីរបៀបដែលពាក្យដូចជា « អំណរគុណ » « រីករាយ » « ចិត្តអរសប្បាយ » និង « មុខរីករាយ » ត្រូវបានប្រើដើម្បីរៀបរាប់ពីព្រះបញ្ញត្តិដើម្បីគោរពតាមថ្ងៃឈប់សម្រាក ។ តើបងប្អូនអាចធ្វើឲ្យថ្ងៃឈប់សម្រាកកាន់តែពោរពេញដោយអំណរយ៉ាងដូចម្តេច ? ប្រហែលគ្រួសាររបស់បងប្អូនអាចធ្វើកាតល្បែងផ្គូផ្គងគ្នាមួយ ដែលបង្ហាញពីរឿងដែលបងប្អូនអាចធ្វើដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១៨–២១ ។តើមានអ្វីដែលយើងអាចធ្វើដើម្បី « ទទួលស្គាល់… ព្រះហស្តរបស់ [ ព្រះ ] ក្នុងគ្រប់ទាំងអស់ » ? ( ខទី ២១ ) ។ សូមពិចារណាទៅដើរលេង ឬមើលរូបភាព ដោយកត់សម្គាល់រឿងដែល « ផ្គាប់ភ្នែក និង … ធ្វើឲ្យចិត្តអរសប្បាយ » ( ខទី ១៨ ) ។ បងប្អូនអាចថត ឬគូររូបអំពីអ្វីដែលបងប្អូនរកឃើញ រួចហើយជជែកអំពីរបៀបដែលបងប្អូនអាចបង្ហាញការដឹងគុណរបស់បងប្អូនចំពោះអ្វីទាំងនេះ ។ តើយើងបានឃើញព្រះហស្ដរបស់ព្រះនៅក្នុងជីវិតរបស់យើងតាមរបៀបណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ជ្រើសផ្លូវត្រូវ » ទំនុកតម្កើង ល.រ ១៤៨ ។