គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦០–៦២ ៖ « សាច់​ទាំងអស់​នៅក្នុង​ព្រះហស្ត​របស់​យើង »


« ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០–៦២ ៖ ‹ សាច់​ទាំងអស់​នៅក្នុង​ព្រះហស្ត​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០–៦២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

ទន្លេ​មិសសួរី

ភ្លើង​ជំរំ​នៅ​រដ្ឋ​មិសសួរី ដោយ ប្រាយអិន ម៉ាក ថេលើរ

ថ្ងៃទី ៣១ ខែ ឧសភា–ថ្ងៃទី ៦ ខែ មិថុនា

គោលលទ្ធិ និង សេចក្តីសញ្ញា ៦០–៦២

« សាច់​ទាំងអស់​នៅក្នុង​ព្រះហស្ត​របស់​យើង »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា នៅពេល​យើង​សិក្សា​ព្រះគម្ពីរ នោះ« ទីបន្ទាល់​នឹង​កើនឡើង ។ ការប្តេជ្ញាចិត្ត​នឹង​រឹងមាំ​ឡើង ។ ក្រុមគ្រួសារ​នឹង​ទទួលបាន​ការពង្រឹង ។ វិវរណៈ​ផ្ទាល់​ខ្លួន​នឹង​ចាក់​ស្រោចមក » ( « The Power of the Word » Ensign ខែ ឧសភា ឆ្នាំ ១៩៨៦ ទំព័រ ៨១ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅ​ខែ មិថុនា ឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​សន្និសីទ​មួយ​ជាមួយ​ពួកចាស់ទុំ​នៃ​សាសនាចក្រ​ក្នុង​ទីក្រុង​ខឺតឡង់ ។ នៅ​ទីនោះ ព្រះអម្ចាស់​បាន​រៀបចំ​ពួកចាស់ទុំ​មួយ​ចំនួន​ទៅជា​ដៃគូ ហើយ​បញ្ជូន​ពួកគេ​ទៅ​ភូមិ​ចាកសុន រដ្ឋ​មិសសួរី ជាមួយ​ការទទួល​ខុសត្រូវ​នេះ ៖ « ផ្សាយ​តាម​ផ្លូវ​តាម​របៀប​នោះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥២:១០ ) ។ ពួកចាស់ទុំ​ជាច្រើន​បាន​ធ្វើ​ដូច្នោះ​ដោយ​ឧស្សាហ៍​ព្យាយាម ប៉ុន្ដែ​អ្នកផ្សេង​ទៀត​មិន​បាន​ធ្វើ​ទេ ។ ដូច្នេះ​នៅពេល​ដល់​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ទីក្រុង​ខឺតឡង់​វិញ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចំពោះ​មនុស្ស [ ចាស់ទុំ ] ខ្លះ យើង​មិន​សព្វ​ព្រះហឫទ័យ​ទេ ត្បិត​ពួកគេ​មិន​ព្រម​បើក​មាត់​គេ​ឡើយ ប៉ុន្តែ​ពួកគេ​លាក់​ការប៉ិនប្រសប់​របស់​ខ្លួន ដែល​យើង​បាន​ប្រទាន​ដល់​ពួកគេ​ទៅ​វិញ ពី​ព្រោះ​តែ​ការខ្លាច​ដល់​មនុស្ស » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២ ) ។ ពួកយើង​ជាច្រើន​អាច​មាន​អារម្មណ៍​អាណិត​ដល់​ពួកចាស់ទុំ​ទាំងនេះ​—​យើង​ក៏​អាច​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​នឹង​បើក​មាត់​របស់​យើង ហើយ​ចែកចាយ​ដំណឹងល្អ​ដែរ ។ ប្រហែល​យើង​ផងដែរ​ត្រូវបាន​បង្អាក់​ដោយ « ការខ្លាច​ដល់​មនុស្ស » ។ ប្រហែល​យើង​សង្ស័យ​នឹង​ភាពស័ក្ដិសម ឬ​សមត្ថភាព​របស់​យើង ។ មិន​ថា​យើង​មាន​ហេតុផល​យ៉ាង​ណា​ទេ ព្រះអម្ចាស់ « ជ្រាប​នូវ​សេចក្ដី​កម្សោយ​នៃ​មនុស្ស និង​ចេះ​ជួយ [ ពួកយើង ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦២:១ ) ។ ការធានា​អះអាង​សាជាថ្មី​ត្រូវ​បាន​រាយ​ពេញ​វិវរណៈ​ទាំងនេះ​ទៅកាន់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កាល​ពី​ដើម ហើយ​វា​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​ការខ្លាច​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹងល្អ—ឬ​ការខ្លាច​ផ្សេងទៀត ដែល​យើង​អាច​ត្រូវ​ប្រឈម ៖ « ត្បិត​យើង​ជា​ព្រះ​អម្ចាស់ គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ខាង​លើ » ។ « យើង​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយទៅ​ជា​បរិសុទ្ធ​បាន » ។ « សាច់​ទាំងអស់​នៅក្នុង​ព្រះហស្ត​របស់​យើង » ។ និង « ចូរ​សង្ឃឹម​ឡើង កូនក្មេង​តូច​អើយ ត្បិត​យើង​នៅ​កណ្ដាល​ពួក​អ្នក »( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:៤, ៧; ៦១:៦, ៣៦ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០៦២

ព្រះអម្ចាស់​សព្វ​ព្រទ័យ នៅពេល​ខ្ញុំ​បើក​មាត់​ខ្ញុំ​ចែកចាយ​ដំណឹងល្អ ។

យើង​ទាំងអស់​គ្នា​បាន​ដក​ពិសោធន៍ នៅពេល​យើង​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​នរណាម្នាក់ ប៉ុន្ដែ​ដោយសារ​មូលហេតុ​មួយ​ចំនួន យើង​មិន​បាន​ចែកចាយ ។ កាល​បងប្អូន​អាន​បន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​កាល​ពីដើម ដែល​បាន​ខកខាន​មិន​បាន « បើក​មាត់​គេ » សូម​គិត​អំពី​ឱកាស​របស់​បងប្អូន​ផ្ទាល់​ដើម្បី​ចែកចាយ​ដំណឹងល្អ ។ តើ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ដំណឹងល្អ​ដូចជា « ការប៉ិនប្រសប់ » ឬ​រតនសម្បត្តិ​មួយ​មកពី​ព្រះ​ដោយ​របៀប​ណា ? តើ​ពេលខ្លះ​យើង « លាក់​ការប៉ិនប្រសប់ [ របស់​យើង ] » តាម​របៀប​ណា ?( គោលលទ្ធិ និង សេចក្តីសញ្ញា ៦០:២, សូមមើល​ផងដែរ ម៉ាថាយ ២៥:១៤–៣០ ) ។

ព្រះអម្ចាស់​បាន​កែតម្រូវ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ពីដើម​ទាំងនេះ ប៉ុន្ដែ​ទ្រង់​ក៏​ព្យាយាម​បំផុស​គំនិត​ពួកគេ​ផងដែរ ។ តើ​សារលិខិត​លើក​ទឹកចិត្ត​អ្វី​មកពី​ទ្រង់ ដែល​បងប្អូន​រកឃើញ​នៅក្នុង កណ្ឌ​ទី ៦០ និង​ទី ៦២ ? តើ​សារលិខិត​ទាំងនេះ​ពង្រឹង​ទំនុកចិត្ត​របស់​បងប្អូន​ក្នុង​ការចែកចាយ​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? នៅ​ថ្ងៃ​ខាងមុខ សូម​រកមើល​ឱកាស​បើក​មាត់​របស់​បងប្អូន ហើយ​ចែកចាយ​អ្វី​ដែល​ព្រះ​បាន​ទុក​ព្រះទ័យ​លើ​បងប្អូន ។

សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៣:៨–១០; ១០៣:៩–១០;​ឌៀថើរ អេស្វ អុជដូហ្វ « កិច្ចការ​ផ្សព្វផ្សាយ​សាសនា ៖ ការចែកចាយ​អំពី​អ្វី​ដែល​មាន​នៅក្នុង​ដួងចិត្ត​បងប្អូន » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ។

ពួកអ្នកផ្សព្វផ្សាយ​សាសនា​នៅលើ​ឡានក្រុង

ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១:៥–៦, ១៤–១៨

តើ​ទឹក​ទាំងអស់​ត្រូវ​ដាក់​បណ្ដាសា​ដោយ​ព្រះអម្ចាស់​ឬ ?

ការព្រមាន​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១ គឺជា​ផ្នែក​មួយ​នៃ​ការព្រមាន​អំពី​គ្រោះថ្នាក់ ដែល​រាស្ដ្រ​របស់​ទ្រង់​អាច​ជួប ខណៈ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ស៊ីយ៉ូន​នៅតាម​ទន្លេ​មិសសួរី ដែល​ត្រូវ​គេ​ដឹង​ថា​មាន​គ្រោះថ្នាក់​នៅពេល​នោះ ។ ការព្រមាន​នេះ​មិនគួរ​បកស្រាយ​ឲ្យ​មាន​ន័យ​ថា យើង​គួរ​ចៀសវាង​ធ្វើ​ដំណើរ​ដោយ​ទឹក​នោះ​ទេ ។ ព្រះអម្ចាស់​មាន « អស់​ទាំង​ព្រះចេស្ដា » រួម​ទាំង​ព្រះចេស្ដា​លើ​ទឹក​ផងដែរ ( ខទី ១ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦១–៦២

ព្រះអម្ចាស់​មាន​អស់​ទាំង​ព្រះចេស្ដា ហើយ​អាច​រក្សា​ជីវិត​ខ្ញុំ​បាន ។

នៅ​តាម​ផ្លូវ​ត្រឡប់​ទៅ​ទីក្រុង​ខឺតឡង់​វិញ យ៉ូសែប ស្ម៊ីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​បាន​ជួប​បទពិសោធន៍​មួយ​ដែល​គម្រាម​កំហែង​ដល់​ជីវិត​នៅលើ​ទន្លេ​មិសសួរី ( សូមមើល ពួកបរិសុទ្ធ ទំព័រ ១:១៣៣–៣៤ ) ។ ព្រះអម្ចាស់​បាន​ប្រើ​ឱកាស​នេះ​ដើម្បី​ព្រមាន និង​ណែនាំ​ដល់​ពួកអ្នកបម្រើ​របស់​ទ្រង់ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ចេញពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦១ ដែល​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ដាក់​ទីទុកចិត្ត​របស់​បងប្អូន​លើ​ព្រះអម្ចាស់ កាល​បងប្អូន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ផ្ទាល់ខ្លួន​នោះ ? ឧទាហរណ៍ ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះ​គឺ « អស់​កល្ប​រៀង​ទៅ​អស់​កល្ប​ជានិច្ច » ( ខទី ១ ) ?

មាន​ការយល់ដឹង​ស្រដៀងគ្នា​នៅក្នុង កណ្ឌ​ទី ៦២ ។ តើ​ព្រះអម្ចាស់​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអង្គ​ទ្រង់ និង​ព្រះចេស្ដា​របស់​ទ្រង់​នៅក្នុង​វិវរណៈ​នេះ ?

សូម​សញ្ជឹងគិត​អំពី​បទពិសោធន៍​ដែល​ស្ថាបនា​សេចក្ដីជំនឿ ដែល​បងប្អូន​បាន​មាន នៅពេល​ព្រះអម្ចាស់​បាន​ជួយ​បងប្អូន​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ខាង​វិញ្ញាណ ឬ​ខាង​រូបកាយ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦២

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើការ​សម្រេច​ចិត្ត​មួយ​ចំនួន « ដូចដែល​ឃើញ​ថា​ល្អ​ដល់ [ ខ្ញុំ ] » ។

ពេលខ្លះ​ព្រះអម្ចាស់​ប្រទាន​ការណែនាំ​ជាក់លាក់​ដល់​យើង ហើយ​ការណ៍​ផ្សេង​ទៀត ទ្រង់​ទុក​ឲ្យ​យើង​សម្រេច​ចិត្ត ។ តើ​បងប្អូន​ឃើញ​គោលការណ៍​នេះ​បង្ហាញ​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦២ ដោយ​របៀបៀ​ណា ? ( សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦០:៥; ៦១:២២ ) ។ តើ​បងប្អូន​បាន​ឃើញ​គោលការណ៍​នេះ​ក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? ហេតុអ្វី​វា​ល្អ​សម្រាប់​យើង​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​មួយ​ចំនួន ដោយ​គ្មាន​ការណែនាំ​ជាក់លាក់​មកពី​ព្រះ ?

សូមមើល​ផងដែរ អេធើរ ២:១៨–២៥; គោលលទ្ធិ និង សេចក្តី​សញ្ញា ៥៨:២៧–២៨ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០:២–៣ ។ហេតុអ្វី​ពួកអ្នកផ្សព្វផ្សាយ​សាសនា​ពីដើម​មួយ​ចំនួន​ស្ទាក់ស្ទើរ​នឹង​ចែកចាយ​ដំណឹងល្អ ? ហេតុអ្វី​ពេលខ្លះ​យើង​ស្ទាក់ស្ទើរ​ដែរ ? សូម​ពិចារណា​ដើរតួ​សម្ដែង​ពី​របៀប ដែល​សមាជិក​គ្រួសារ​អាច​ចែកចាយ​ដំណឹងល្អ​ក្នុង​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦១:៣៦–៣៩ ។តើ​យើង​ឃើញ​មូលហេតុ​អ្វី​ខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដើម្បី « ត្រូវ​សង្ឃឹម​ឡើង » ? ( សូមមើល​ផងដែរ យ៉ូហាន ១៦:៣៣ ) ។ ប្រហែល​គ្រួសារ​បងប្អូន​អាច​សរសេរ ឬ​គូរ​រូបភាព​អំពី​អ្វី​ដែល​នាំ​អំណរ​ដល់​ពួកគេ ហើយ​ប្រមូល​វា​ទុក​ក្នុង​ក្រឡ « សង្ឃឹម » មួយ ។ ( សូម​ប្រាកដ​ថា​បាន​បញ្ចូល​រូបភាព​ព្រះអង្គ​សង្គ្រោះ និង​ការរំឭក​អំពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​សម្រាប់​យើង ) ។ ពេញ​មួយ​សប្ដាហ៍​នេះ ពេល​សមាជិក​គ្រួសារ​ត្រូវការ​ការរំឭក​មួយ​អំពី​មូលហេតុ​ដែល​ត្រូវ​រីករាយ ពួកគេ​អាច​រើស​យក​អ្វីមួយ​ពី​ក្នុង​ក្រឡ​នោះ​បាន ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦១:៣៦ ។តើ​បងប្អូន​នឹង​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​គឺ « នៅ​កណ្ដាល​ពួក [ យើង ] » យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​សម្រេចចិត្ត​រួមគ្នា​ពី​កន្លែង ដែល​ត្រូវ​តាំង​រូបភាព​ទ្រង់​មួយ​នៅក្នុង​គេហដ្ឋាន​របស់​បងប្អូន ។ តើ​យើង​អាច​យាង​ព្រះអង្គ​សង្គ្រោះ​មក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​តាម​របៀបណា ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៦២:៣ ។ប្រហែល​បងប្អូន​អាច​មាន​ការប្រជុំ​ទីបន្ទាល់​គ្រួសារ​មួយ ក្រោយពី​ការអាន​ខគម្ពីរ​នេះ ។ ដើម្បី​ពន្យល់​ពី​អត្ថន័យ​នៃ​ទីបន្ទាល់ បងប្អូន​អាច​ចែកចាយ​សារលិខិត​ខ្លះ​មកពី​ប្រធាន អិម. រ័សុល បាឡឺត « Pure Testimony » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៤០–៤៣ ) ។ ហេតុអ្វី​វា​ល្អ​ដើម្បី​កត់ត្រា​ទីបន្ទាល់​របស់​យើង ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦២:៥, ៨ ។ហេតុអ្វី​ព្រះអម្ចាស់​មិន​ប្រទាន​បទបញ្ញតិ្ត​អំពី​ជីវិត​យើង​គ្រប់​ផ្នែក​ទៅ ? យោង​តាម ខទី ៨ តើ​យើង​ត្រូវ​ធ្វើការ​សម្រេច​ចិត្ត​យ៉ាង​ដូចម្ដេច ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំសប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ទីបន្ទាល់ » ទំនុក​តម្កើង លេខ ៧៤ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ចូរ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ​ការសិក្សា​របស់​បងប្អូន ។ សូម​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​បងប្អូន ។ សូម​ឆាប់​ដឹង​សំឡេង​ខ្សឹប​របស់​ទ្រង់ កាល​ទ្រង់​ដឹកនាំ​បងប្អូន​ទៅរក​អ្វីៗ ដែល​បងប្អូន​ត្រូវ​រៀន​រាល់ថ្ងៃ ទោះបីជា​ការខ្សឹប​របស់​ទ្រង់​ស្នើ​ថា បងប្អូន​ត្រូវ​អាន ឬ​សិក្សា​ប្រធានបទ​មួយ​ខុសពី​អ្វី​ដែល​បងប្អូន​អាន​ជាធម្មតា ឬ​តាម​របៀប​ខុសគ្នា​មួយ ។

ព្រះយេស៊ូវ​បីត្រកង​កូនចៀម

អ្នកគង្វាល​ល្អ ដោយ ដេល ផាសុន