« ថ្ងៃទី ១៤–២០ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤–៦៦ ៖ ‹ ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៤–២០ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤–៦៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៤–២០ ខែ មិថុនា
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤-៦៦
« ព្រះអម្ចាស់ទ្រង់តម្រូវចិត្ត និងគំនិតដែលស្ម័គ្រតាម »
ប្រធាន ហិនរី ប៊ី អាវរិង បានពោលថា ៖ « ជាញឹកញាប់ ខ្ញុំទៅរកព្រះគម្ពីរដោយមានសំណួរ ‹ តើព្រះសព្វព្រះទ័យឲ្យខ្ញុំធ្វើអ្វី ? › ឬ ‹ តើទ្រង់សព្វព្រះទ័យឲ្យខ្ញុំមានអារម្មណ៍យ៉ាងណា ? › ជានិច្ចកាលខ្ញុំរកឃើញគំនិត និងយោបល់ថ្មីៗ ដែលខ្ញុំមិនដែលមានពីមុនមក » ( « How God Speaks to Me through the Scriptures » ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅលើគេហទំព័រ blog.ChurchofJesusChrist.org ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅក្នុងខែ សីហា ឆ្នាំ ១៨៣១ ដ៏ក្ដៅថប់ខ្យល់មួយ ពួកអែលឌើរមួយចំនួនបានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងខឺតឡង់វិញ ក្រោយពីស្ទង់មើលដីស៊ីយ៉ូនក្នុងរដ្ឋមិសសួរី ដូចបានណែនាំដោយព្រះអម្ចាស់ហើយ ។ វាពុំមែនជាដំណើរដ៏រីករាយនោះទេ ។ អ្នកធ្វើដំណើរ—យ៉ូសែប ស្ម៊ីធ, អូលីវើរ ខៅឌើរី, ស៊ីឌនី រិកដុន, អែសរ៉ា ប៊ូត និងអ្នកដទៃទៀត—បានក្ដៅ និងអស់កម្លាំង ហើយអារម្មណ៍តានតឹងបានក្លាយទៅជាជម្លោះភ្លាម ។ វាអាចហាក់ដូចជាការកសាងក្រុងស៊ីយ៉ូន ទីក្រុងនៃសេចក្ដីស្រឡាញ់ សាមគ្គីភាព និងសេចក្ដីសុខសាន្ដនឹងត្រូវចំណាយពេលយូរ ។
សំណាងល្អ ការកសាងស៊ីយ៉ូន—ក្នុងរដ្ឋមិសសួរីក្នុងឆ្នាំ ១៨៣១ ឬក្នុងដួងចិត្ត និងវួដយើងសព្វថ្ងៃនេះ—មិនតម្រូវឲ្យយើងឥតខ្ចោះនោះទេ ។ ផ្ទុយទៅវិញព្រះអម្ចាស់បានមានបន្ទូលថា « រីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោស » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១០ ) ។ ទ្រង់តម្រូវឲ្យមាន « ចិត្ត និងគំនិតដែលស្ម័គ្រតាម » ( ខទី ៣៤ ) ។ ហើយទ្រង់តម្រូវឲ្យមានអំណត់ និងភាពឧស្សាហ៍ព្យាយាម ដោយសារក្រុងស៊ីយ៉ូនត្រូវសង់លើគ្រឹះនៃ « ការណ៍ដ៏តូចតាច » ដែលសម្រេចបានដោយអស់អ្នកដែលមិន « ណាយចិត្តនឹងធ្វើការល្អឡើយ » ( ខទី ៣៣ ) ។
សូមមើលផងដែរ Saints ទំព័រ ១:១៣៣–៣៤, ១៣៦–៣៧ ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១–១១
ទ្រង់តម្រូវឲ្យខ្ញុំអភ័យទោសឲ្យមនុស្សគ្រប់គ្នា ។
នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:១–១១ សូមគិតពីពេលមួយ ដែលព្រះអម្ចាស់បានអភ័យទោសឲ្យបងប្អូន ។ បងប្អូនក៏អាចគិតផងដែរអំពីនរណាម្នាក់ ដែលបងប្អូនត្រូវអភ័យទោសឲ្យ ។ តើសេចក្ដីមេត្តារបស់ព្រះអង្គសង្គ្រោះជះឥទ្ធិពលលើអារម្មណ៍របស់បងប្អូនអំពីខ្លួនបងប្អូន និងមនុស្សដទៃយ៉ាងដូចម្តេច ? ហេតុអ្វីបងប្អូនគិតថា ព្រះអម្ចាស់បង្គាប់យើងឲ្យ « អត់ទោសដល់មនុស្សទាំងអស់ » ? ( ខទី ១០ ) ។ ប្រសិនបើបងប្អូនលំបាកក្នុងការអភ័យទោស សូមពិចារណាពីអ្វីដែលធនធានខាងក្រោមនេះបង្រៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយបាន ៖ ជែហ្វ្រី អរ ហូឡិន « ការងារបម្រើនៃការផ្សះផ្សារ » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៧៧–៧៩; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការអភ័យទោស » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣១–៣៤
ព្រះតម្រូវឲ្យមានចិត្ត និងគំនិតដែលស្ម័គ្រតាមរបស់ខ្ញុំ ។
តើបងប្អូនធ្លាប់មានអារម្មណ៍ « ណាយចិត្ត » នឹង « ធ្វើការល្អ » ដែលបងប្អូនព្យាយាមធ្វើដែរឬទេ ? សូមរកមើលសារលិខិតរបស់ព្រះអម្ចាស់ដល់បងប្អូននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣១–៣៤ ។ តើការមាន « ចិត្ត និងគំនិតដែលស្ម័គ្រតាម » របស់បងប្អូនទៅព្រះមានន័យដូចម្ដេច ? ( ខទី ៣៤ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៤១–៤៣
ស៊ីយ៉ូនគួរតែជា « ទង់ដល់ប្រជាជន » ។
ទង់គឺជា « ទង់ជាតិ ឬទង់មួយដែលប្រជាជនប្រមូលគ្នាមករួមជុំវិញជាក្រុមចំពោះគោលបំណង ឬអត្តសញ្ញាណមួយ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ទង់ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើស៊ីយ៉ូន—ឬ សាសនាចក្ររបស់ព្រះអម្ចាស់—ដូចជាទង់មួយដល់បងប្អូនដោយរបៀបណា ? សូមពិចារណាពីគំរូផ្សេងទៀតទាំងនេះអំពីអ្វីៗដែលគេលើកឡើង ដូចជាទង់មួយដែរដើម្បីផ្ដល់ពរដល់ប្រជាជន ៖ ជនគណនា ២១:៦–៩; ម៉ាថាយ ៥:១៤–១៦; អាលម៉ា ៤៦:១១–២០ ។ តើខគម្ពីរទាំងនេះបង្រៀនបងប្អូនអ្វីខ្លះ អំពីរបៀបដែលបងប្អូនអាចជួយសាសនាចក្រឲ្យធ្វើជាទង់មួយ ដល់កន្លែងបងប្អូនរស់នៅ ? សូមរកមើលរបៀបផ្សេងទៀត ដែលព្រះអម្ចាស់ពិពណ៌នាស៊ីយ៉ូននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៤១–៤៣ ។
« ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ » ។
ម៉ាថាយបានពិពណ៌នាយ៉ូហាន បាទីស្ទថាជាម្នាក់ដែលស្រែក « ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ » ( ម៉ាថាយ ៣:៣; សូមមើលផងដែរ អេសាយ ៤០:៣ ) ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦៥ ព្រះអម្ចាស់ប្រើភាសាស្រដៀងគ្នានេះដើម្បីរៀបរាប់ពីកិច្ចការនៅថ្ងៃចុងក្រោយរបស់ទ្រង់ ។ តើបងប្អូនឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាងអ្វីដែលយ៉ូហាន បាទីស្ទបានធ្វើ ( សូមមើល ម៉ាថាយ ៣:១–១២ ) និងអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងធ្វើនៅសព្វថ្ងៃនេះ ? តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងវិវរណៈនេះ ដែលបំផុសគំនិតបងប្អូនឲ្យជួយបំពេញការព្យាករដែលមាននេះ ? សូមសញ្ជឹងគិតពីរបៀបដែលបងប្អូនអាច « ចូរប្រកាសប្រាប់ពីកិច្ចការដ៏អស្ចារ្យរបស់ [ ព្រះ ] នៅក្នុងចំណោមប្រជាជនចុះ » ( ខទី ៤ ) ។
ព្រះអម្ចាស់ជ្រាបដឹងពីគំនិតក្នុងដួងចិត្តខ្ញុំ ។
មិនយូរប៉ុន្មានក្រោយពីចូលរួមក្នុងសាសនាចក្រ វិលលាម អ៊ី ម៉័កខ្លេលិន បានសូមឲ្យយ៉ូសែប ស្ម៊ីធ បើកសម្ដែងព្រះទ័យរបស់ព្រះសម្រាប់គាត់ ។ យ៉ូសែបមិនបានដឹងពីការណ៍នេះទេ ប៉ុន្ដែវិលលាមមានសំណួរផ្ទាល់ខ្លួនចំនួនប្រាំ ដែលគាត់សង្ឃឹមថា ព្រះអម្ចាស់នឹងឆ្លើយតបតាមរយៈព្យាការីរបស់ទ្រង់ ។ យើងមិនដឹងពីសំណួររបស់វិល្លាមទេ ប៉ុន្ដែយើងពិតជាដឹងថា វិរណៈនេះបានថ្លែងទៅកាន់គាត់ ហើយឥឡូវនេះ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦ បានឆ្លើយតបនឹងសំណួរនីមួយៗរបស់វិលលាម « យ៉ាងពេញលេញ និងដោយពេញចិត្តបំផុត » ( « William McLellin’s Five Questions » Revelations in Context ទំព័រ ១៣៨ ) ។
នៅពេលបងប្អូនអាន កណ្ឌទី ៦៦ សូមគិតអំពីអ្វីដែលព្រះអម្ចាស់ជ្រាបពីវិលលាម អ៊ី ម៉័កខ្លេលិន និងកង្វល់ ក៏ដូចជាបំណងក្នុងដួងចិត្តរបស់គាត់ ។ តើព្រះអម្ចាស់បានបើកសម្ដែងថា ទ្រង់ជ្រាបដឹងពីបងប្អូនដោយរបៀបណា ? ប្រសិនបើបងប្អូនមានពរលោកអយ្យកោមួយ សូមពិចារណាសិក្សាវា ។ កាលបងប្អូនធ្វើដូច្នេះ តើព្រះវិញ្ញាណបរិសុទ្ធជួយបងប្អូនឲ្យយល់ពីអ្វីខ្លះ អំពីព្រះទ័យរបស់ព្រះសម្រាប់បងប្អូន ?
សូមមើលផងដែរ Saints ទំព័រ ១:១៣៨–៤០, Gospel Topics « Patriarchal Blessings » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៨–១០ ។ទំនាក់ទំនងគ្រួសារផ្ដល់ឱកាសជាច្រើនដើម្បីរៀនអភ័យទោស ។ ប្រហែលជាសមាជិកគ្រួសារអាចជជែកអំពីរបៀបដែលការអភ័យទោសឲ្យគ្នាបានផ្ដល់ពរដល់គ្រួសាររបស់បងប្អូន ។ តើព្រះអង្គសង្គ្រោះបានជួយយើងឲ្យអភ័យទោសឲ្យគ្នាទៅវិញទៅមកតាមរបៀបណា ? តើយើង « បានរងទុក្ខ » ( ខទី ៨ ) នៅពេលយើងមិនអភ័យទោសឲ្យមនុស្សដទៃដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៤:៣៣ ។តើព្រះវរបិតាសួគ៌មានព្រះទ័យឲ្យគ្រួសារបងប្អូនធ្វើអ្វីខ្លះ ដើម្បីនាំមកនូវ « កិច្ចការដ៏អស្ចារ្យ » របស់ទ្រង់ ? ប្រហែលវាជាការទៅព្រះវិហារបរិសុទ្ធ ការចែកចាយដំណឹងល្អជាមួយអ្នកជិតខាង ឬការយកឈ្នះការទាស់ទែងគ្នា ។ ប្រហែលសមាជិកគ្រួសារម្នាក់ៗអាចប្រមូលរបស់តូចៗដូចជា ដុំថ្ម ឬឡេវអាវ ឬបំណែករូបផ្គុំ ហើយប្រើវាធ្វើជាតំណាងនៃ « ការណ៍ដ៏តូចតាច » ដែលយើងអាចធ្វើរាល់ថ្ងៃបានដើម្បី « ដាក់គ្រឹះ » សម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះ ។ សូមជ្រើសរើសយកការណ៍តូចតាចទាំងនេះធ្វើតាមនៅសប្ដាហ៍នេះជាក្រុមគ្រួសារ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៦:៣ ។តើបងប្អូននឹងបង្រៀនពីសារៈសំខាន់នៃការប្រែចិត្តដោយរបៀបណា ? បងប្អូនអាចដាក់ម្ហូបខ្លះនៅលើចានមួយ ដែលមិនសូវស្អាត ហើយអានបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់វិលលាម អ៊ី ម៉័កខ្លេលិន ៖ « អ្នកបានស្អាតហើយ ប៉ុន្តែពុំមែនទាំងអស់ទេ » ។ រួចហើយបងប្អូនអាចសម្អាតចាននោះ ហើយចែកអាហារ ខណៈពិភាក្សាពីរបៀបដែលព្រះយេស៊ូវគ្រីស្ទធ្វើឲ្យយើងអាចស្អាតខាងវិញ្ញាណ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៦៦:១០ ។តើគ្រួសាររបស់បងប្អូនអាចធ្វើតាមការប្រឹក្សារបស់ព្រះអម្ចាស់ថា « ចូរកុំស្វែងរកដើម្បីអំពល់ឡើយ » ឬ កុំមានបន្ទុកនឹងរឿងជាច្រើនដែលត្រូវធ្វើឡើយដោយរបៀបណា ? បងប្អូនអាចជជែកគ្នាអំពីរឿងម៉ារ៉ា និងម៉ាថា ( សូមមើល លូកា ១០:៣៨–៤២ ) ហើយពិភាក្សាពីរបៀបដែលគ្រួសាររបស់បងប្អូននឹងមិនស្វែងរកដើម្បីអំពល់ដោយរឿងដែលមិនមានតម្លៃអស់កល្បឡើយ ។
សម្រាប់គំនិតបន្ថែមពីការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលបាន ផ្តល់យោបល់ ៖ « បិតាសូមជួយកូន » សៀវភៅចម្រៀងកុមារ ទំព័រ ៥២ ។