គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៧–៧០ ៖ « មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ​ទាំងឡាយ​នៃ​ផែនដី​ទាំងមូល »


« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧–៧០ ៖ ‹ មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ​ទាំងឡាយ​នៃ​ផែនដី​ទាំងមូល › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២១–២៧ ខែ មិថុនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧–៧០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបភាព
revelation manuscript book in display case

ថ្ងៃទី ២១–២៧ ខែ មិថុនា

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧–៧០

« មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ​ទាំងឡាយ​នៃ​ផែនដី​ទាំងមូល »

ទោះបីជា​វិវរណៈ​ជាច្រើន​ក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ថ្លែង​ទៅកាន់​មនុស្ស​ជាក់លាក់​ក្នុង​កាលៈទេសៈ​ជាក់លាក់​ក្ដី ក៏​វិវរណៈ​ទាំងនោះ « មាន​ប្រយោជន៍​សម្រាប់​មនុស្ស​ទាំងអស់ » ដែរ ( « ទីបន្ទាល់​ពួកសាវក​ដប់ពីរ​នាក់​ចំពោះ​សេចក្ដីពិត​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា » បុព្វកថា​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ) ។ កាល​បងប្អូន​សិក្សា សូម​រកមើល​សេចក្ដីពិត និង​គោលការណ៍​នានា​ដែល​មាន​ប្រយោជន៍​ដល់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ពី​ឆ្នាំ ១៨២៨ ដល់​ឆ្នាំ ១៨៣១ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​ជាច្រើន​មកពី​ព្រះអម្ចាស់ រួម​ទាំង​ការប្រឹក្សា​ដ៏​ទេវភាព​សម្រាប់​បុគ្គល​ទាំងឡាយ សេចក្ដី​ណែនាំ​ស្ដីពី​ការគ្រប់គ្រង​សាសនាចក្រ និង​ការនិមិត្ត​ដ៏​បំផុស​គំនិត​សម្រាប់​ថ្ងៃ​ចុងក្រោយ ។ ប៉ុន្តែ​ពួកបរិសុទ្ធ​ជាច្រើន​មិន​បាន​អាន​វា​ទេ ។ វិវរណៈ​ទាំងនោះ​មិន​ទាន់​បាន​បោះពុម្ព​នៅឡើយ ហើយ​មាន​ច្បាប់​ចម្លង​តិចតួច​ណាស់​ដែល​សរសេរ​ដោយ​ដៃ​នៅលើ​ក្រដាស​ដាច់​ពី​គ្នា ហើយ​ចែក​បន្ដ​គ្នា​ក្នុង​ចំណោម​សមាជិក​ឲ្យ និង​យក​តាម​ខ្លួន​ដោយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា ។

រួច​ហើយ​នៅ​ខែ វិច្ឆិកា ឆ្នាំ ១៨៣១ យ៉ូសែប​បាន​ហៅ​ក្រុមប្រឹក្សា​ថ្នាក់ដឹកនាំ​សាសនាចក្រ​ឲ្យ​ពិភាក្សា​ពី​ការបោះពុម្ព​វិវរណៈ​ទាំងនេះ ។ ក្រោយពី​ស្វែងរក​ព្រះទ័យ​របស់​ព្រះអម្ចាស់​ហើយ ថ្នាក់ដឹកនាំ​ទាំងនេះ​បាន​ដាក់​ផែនការ​បោះពុម្ព​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​—​ឈ្មោះ​ពីមុន​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​នា​សព្វថ្ងៃនេះ ។ មិន​យូរ​ប៉ុន្មាន គ្រប់គ្នា​អាច​អាន​ដោយ​ខ្លួនឯង​នូវ​បន្ទូល​របស់​ព្រះ ដែល​បាន​បើក​សម្ដែង​តាមរយៈ​ព្យាការី​នៅរស់ ជា​ភស្តុតាង​ជាក់ស្ដែង​ថា « កូនសោ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​ក្នុង​នគរ​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​ទៀត​ហើយ » ។ ដោយសារ​មូលហេតុ​ទាំងនេះ និង​មូលហេតុ​ផ្សេងទៀត​ជាច្រើន ពួកបរិសុទ្ធ​នា​ពេល​នោះ និង​ពេល​នេះ​ពិចារណា​ពី​វិវរណៈ​ទាំងនេះ​ថា « មាន​តម្លៃ​ជាង​ទ្រព្យសម្បត្តិ​ទាំងឡាយ​នៃ​ផែនដី​ទាំងមូល » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៧០ ក្បាល​កណ្ឌ ) ។

សូមមើល ពួកបរិសុទ្ធ ទំព័រ ១:១៤០–៤៣ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៧:១–៩; ៦៨:៣–៦

ព្រះ​នៅក្បែរ​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​ពាក្យពេចន៍​ដែល​ពួកគេ​និយាយ​គឺ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។

ការសម្រេច​ចិត្ត​ដើម្បី​បោះពុម្ព​វិវរណៈ​ដែល​បាន​ទទួល​ដោយ​យ៉ូសែប ស្ម៊ីធ មើល​ទៅ​ហាក់​ដូចជា​ការសម្រេចចិត្ត​ដ៏​ងាយ​មួយ ប៉ុន្ដែ​ថ្នាក់ដឹកនាំ​សាសនាចក្រ​ពីដើម​មួយ​ចំនួន​មិន​ប្រាកដ​ថា វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​នោះ​ទេ ។ មាន​ការបារម្ភ​មួយ​អំពី​ភាពមិន​ឥតខ្ចោះ​ក្នុង​ការប្រើ​ភាសា​របស់​យ៉ូសែប ស្ម៊ីធ ដើម្បី​សរសេរ​វិវរណៈ​ទាំងនោះ ។ វិវរណៈ​ក្នុង​កណ្ឌ​ទី ៦៧ កើត​មាន​ជា​ចម្លើយ​ចំពោះ​ការបារម្ភ​នោះ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្យាការី និង​វិវរណៈ​មកពី ខទី ១–៩ ? តើ​បងប្អូន​ទទួល​បាន​ការយល់ដឹង​បន្ថែម​អ្វីខ្លះ​មកពី ៦៨:៣–៦ ?

ពីមុន​ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ​ត្រូវបាន​បោះពុម្ព ថ្នាក់ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​បាន​ចុះ​ហត្ថលេខា​លើ​ទីបន្ទាល់​ជា​លាយលក្ខណ៍​អក្សរ​មួយ​ថា វិវរណៈ​នៅក្នុង​គម្ពីរ​នេះ​គឺ​ពិត ។ ដើម្បី​មើល​ច្បាប់​ចម្លង​នៃ​ទីបន្ទាល់​របស់​ពួកគេ សូមមើល « Testimony, circa 2 November 1831 » Revelation Book 1, 121 នៅលើ​គេហទំព័រ josephsmithpapers.org ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:១–៨

ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឆ្លុះបញ្ចាំង​ពី​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។

ពាក្យពេចន៍​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ត្រូវបាន​ថ្លែង កាល​អួរសុន ហៃឌ៍ និង​អ្នកផ្សេង​ទៀត​ត្រូវបាន​ហៅ​ឲ្យ « ប្រកាស​ប្រាប់​ដំណឹង​ល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់នៅ ពី​ប្រជាជន​មួយ​ទៅ​ប្រជាជន​មួយ និង​ពី​ដែនដី​មួយ​ទៅ​ដែនដី​មួយ » ( ខទី ១ ) ។ តើ​ការប្រកាស​នៅក្នុង ខទី ៤ អាច​ជួយ​នរណាម្នាក់​ដែល​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ប្រកាស​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ? តើ​ពាក្យ​សម្ដី​ទាំងនេះ​អនុវត្ត​ចំពោះ​បងប្អូន​យ៉ាង​ដូចម្ដេច ? សូម​គិត​ពី​គ្រា​មួយ​ដែល​បងប្អូន​ត្រូវបាន « បណ្ដាល​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( ខទី ៣ ) ឲ្យ​និយាយ ឬ​ធ្វើ​អ្វីមួយ ។ តើ​បងប្អូន​រក​ឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អាច​ផ្ដល់​ទំនុកចិត្ត​ឲ្យ​បងប្អូន​ធ្វើតាម​ការបំផុស​គំនិត​ខាង​វិញ្ញាណ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៨:២៥–២៨

ឪពុកម្តាយ​ទទួល​ខុសត្រូវ​ក្នុង​ការបង្រៀន​ដល់​កូនៗ​របស់​ពួកខ្លួន ។

ស៊ិស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​បាន​បង្រៀន​ថា « គន្លឹះ [ មួយ ] ដើម្បី​ជួយ​កុមារ​តូចៗ​ក្លាយជា​អ្នក​ទប់ទល់​នឹង​អំពើ​បាប គឺ​ត្រូវ​ចាប់ផ្ដើម​តាំង​ពី​វ័យក្មេង​ឲ្យ​ចេះ​ស្រឡាញ់​គោលលទ្ធិ និង​គោលការណ៍​គ្រឹះ​នៃ​ដំណឹងល្អ​—​តាមរយៈ​ព្រះគម្ពីរ មាត្រា​នៃ​សេចក្តីជំនឿ កូន​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ចម្រៀង​កុមារ ទំនុកតម្កើង និង​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​យើង—ដែល​នឹង​ដឹកនាំ​កុមារ​តូចៗ​ទៅរក​ព្រះអង្គសង្គ្រោះ » ( « ជំនាន់​ទប់ទល់​នឹង​អំពើបាប » Ensign or Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៨ ) ។

ស្របតាម គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៨:២៥–២៨ តើ​មាន « គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ » ណាខ្លះ ដែល​ស៊ិស្ទើរ​ចូនស៍​បាន​លើក​ឡើង ដែល​ឪពុក​ម្ដាយ​គួរ​បង្រៀន​កូនៗ​របស់​ពួកខ្លន ? ហេតុអ្វី​ការណ៍​នេះ​ជា​ការទទួល​ខុសត្រូវ​ដ៏​សំខាន់​ដែល​បាន​ផ្ដល់​ដល់​ឪពុក​ម្ដាយ ? តើ​បងប្អូន​នឹង​និយាយ​អ្វី​ទៅកាន់​ឪពុក/ម្ដាយ ដែល​មិន​មាន​អារម្មណ៍​ស័ក្ដិសម​នឹង​បង្រៀន​ការណ៍​ទាំងនេះ​ដល់​កូនៗ​របស់​គេ ?

សូមមើល​ផងដែរ ថាត អរ ខាលីស្ទើ « មាតាបិតា ៖ ជា​គ្រូបង្រៀន​ដំណឹងល្អ​សំខាន់​បំផុត​របស់​កូនៗ​ខ្លួន » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣២–៣៤ ។

រូបភាព
ការសិក្សា​ជា​គ្រួសារ

គេហដ្ឋាន​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​កូនចៅ​រៀន​ដំណឹងល្អ ។

រូបភាព
រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៧:១០–១៤ ។តើ​ការច្រណែន ការខ្លាច និង​អំនួត​រារាំង​យើង​មិន​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអម្ចាស់​តាម​របៀប​ណា ? ហេតុអ្វី « មនុស្ស​ខាង​សាច់ឈាម » មិន​អាច​នៅក្នុង​វត្តមាន​របស់​ព្រះអម្ចាស់​បាន ? ( ខទី ១២, សូមមើល​ផងដែរ ម៉ូសាយ ៣:១៩ ) ។ តើ​យើង​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​បំផុស​គំនិត​យើង​ឲ្យ « ស៊ូ​នៅក្នុង​សេចក្ដី​អត់ធន់​ចុះ រហូត​ដល់ [ យើង ] បាន​ល្អ​ឥតខ្ចោះ » ? ( ខទី ១៣ ) ។

ជាគ្រួសារ បងប្អូន​ក៏​អាច​រំឭក​សាលិខិត​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍—នៅ​ទី​បញ្ចប់ » ( Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៤០–៤២ ) បាន​ដែរ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:៣–៤ ។សមាជិក​គ្រួសារ​អាច​ចែកចាយ​បទពិសោធន៍ ដែល​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ថា ពាក្យ​សម្ដី​របស់​អ្នកបម្រើ​ព្រះអម្ចាស់​គឺជា « ព្រះហឫទ័យ​នៃ​ព្រះអម្ចាស់ » « នឹងគំនិត​នៃ​ព្រះអម្ចាស់ » និង « ព្រះចេស្ដា​នៃ​ព្រះ​ចំពោះ​សេចក្ដី​សង្គ្រោះ » ( ខទី ៤ ) ។ ឬ ពួកគេ​អាច​រកមើល​សារលិខិត​ក្នុង​សន្នីទូទៅ​ថ្មីៗ​នេះ ដែល​អនុវត្ត​ចំពោះ​ឧបសគ្គ​ដែល​គ្រួសារ​របស់​បងប្អូន​អាច​កំពុង​ប្រឈម ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៦៨:២៥–៣៥ ។ខគម្ពីរ​ទាំងនេះ​មាន​នូវ​ការប្រឹក្សា​ដ៏​សំខាន់​ចំពោះ « បណ្ដាជន​នៃ​ក្រុងស៊ីយ៉ូន » ( ខទី ២៦ ) ។ តើ​យើង​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​កែលម្អ​អ្វីខ្លះ ក្រោយពី​អាន​ខគម្ពីរ​ទាំងនេះ​ហើយ ? វា​អាច​សប្បាយ​រីករាយ​ដើម្បី​បង្កើត​រូបភាព ដែល​បង្ហាញ​ពី​គោលការណ៍​មួយ​ចំនួន​ក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​លាក់​វា​ពេញ​ផ្ទះ​របស់​បងប្អូន ។ រួចហើយ នៅ​ថ្ងៃ​បន្ទាប់ៗ​ពេល​នរណាម្នាក់​រកឃើញ​រូបភាព​មួយ បងប្អូន​អាច​ប្រើ​វា​ជា​ឱកាស​មួយ​ដើម្បី​បង្រៀន​អំពី​គោលការណ៍​នោះ ។ ហេតុអ្វី​គេហដ្ឋាន​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​កូនចៅ​រៀន​ការណ៍​ទាំងនេះ ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៩:១–២ ។អូលីវើរ ខៅឌើរី ត្រូវបាន​បញ្ជូន​ទៅ​រដ្ឋ​មិសសួរី​ឲ្យ​បោះពុម្ព​ច្បាប់​ចម្លង​សរសេរ​ដៃ​នៃ​វិវរណៈ​របស់​ព្យាការី ដោយ​មាន​ប្រាក់កាស​មក​ជួយ​កសាង​សាសនាចក្រ​នៅ​ទីនោះ​ផង ។ តើ​ព្រះអម្ចាស់​បាន​ប្រទាន​ការប្រឹក្សា​អ្វីខ្លះ​នៅក្នុង ខទី ១ អំពី​ដំណើរ​របស់​អូលីវើរ ? ហេតុអ្វី​វា​សំខាន់​ដើម្បី​នៅ​ជាមួយ​មនុស្ស «ពិត​ហើយ​ស្មោះត្រង់ » ? ( ខទី ១ ) ។ តើ​មិត្តភក្ដិ​បាន​ជះឥទ្ធិពល​លើ​យើង​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ល្អ ឬ​អាក្រក់​នៅពេល​ណា ? តើ​យើង​អាច​ក្លាយជា​ឥទ្ធិពល​ល្អ​លើ​មនុស្ស​ដទៃ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧០:១–៤ ។ព្រះអម្ចាស់​បាន​ប្រទាន​ការទទួល​ខុសត្រូវ​ដល់​ពួកអែលឌើរ​មួយ​ចំនួន ឲ្យ​មើល​ការខុសត្រូវ​លើ​ការបោះពុម្ព​វិវរណៈ​ទាំងនេះ ។ ទោះជា​យើង​មិន​មាន​ការទទួល​ខុសត្រូវ​ជាក់លាក់​នោះ​ក្ដី តើ​យើង​អាច​ត្រូវ​បាន​ចាត់ទុក​ថា​ជា « អ្នកកាន់កាប់​ត្រួតត្រា​លើ​វិវរណៈ និង​ព្រះបញ្ញត្តិ​ទាំងឡាយ » ( ខទី ៣ ) តាម​អត្ថន័យ​បែប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំសប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ផ្ទះ​ជា​ស្ថានសួគ៌​លើ​ផែនដី » ទំនុក​តម្កើង ល.រ. ១៨៥ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

អនុវត្ដ​បទគម្ពីរ​មក​ក្នុង​ជីវិត​របស់​យើង ។ បន្ទាប់ពី​អាន​វគ្គ​បទគម្ពីរ​មួយ សូម​ឲ្យ​សមាជិក​គ្រួសារ​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​គិត​ពី​ស្ថានភាព​ដូចគ្នា ដែល​ពួកគេ​អាច​ជួប ដែល​ទាក់ទង​នឹង​គោលការណ៍​ដំណឹងល្អ​ដូចគ្នា​នេះ ។

រូបភាព
ហាង​កាសែត ហ្គ្រានឌីន

ព្រះគម្ពីរ​នៃ​ព្រះបញ្ញត្តិ ឈ្មោះ​គម្ពីរ​មុន​ហៅ​ថា​ជា ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ត្រូវបាន​បោះពុម្ព​នៅលើ​កាសែត​ដូចជា​កាសែត​មួយ​នេះ ។

បោះពុម្ព