« ថ្ងៃទី ២៨ ខែ មិថុនា–ថ្ងៃទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១–៧៥ ៖ ‹ គ្មានគ្រឿងសស្ត្រាវុធណាមួយដែលបានធ្វើឡើងនឹងអាចទាស់នឹងអ្នកបានឡើយ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៨ ខែ មិថុនា–ថ្ងៃទី ៤ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១–៧៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៨ ខែ មិថុនា–ថ្ងៃទី ៤ ខែ កក្កដា
គោលលទ្ធិ និង សេចក្តីសញ្ញា ៧១–៧៥
« គ្មានគ្រឿងសស្ត្រាវុធណាមួយដែលបានធ្វើឡើងនឹងអាចទាស់នឹងអ្នកបានឡើយ »
អែលឌើរ ឃ្វីនថិន អិល ឃុក បានបង្រៀនថា « ភាគច្រើនឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធកើតមកជារឿយៗជាមួយការសិក្សាផ្ទាល់ខ្លួន និងការអធិស្ឋាននៅគេហដ្ឋាន » ( « ការប្រែចិត្តជឿដ៏រឹងប៉ឹង និងយូរអង្វែងទៅលើព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ១០ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
តាំងពីលោកនៅជាកុមារា យ៉ូសែប ស្ម៊ីធ បានប្រឈមមុខនឹងការរិះគន់នានា—ថែមទាំងពីពួកសត្រូវផង—កាលលោកព្យាយាមធ្វើកិច្ចការរបស់ព្រះ ។ ប៉ុន្ដែវាប្រាកដជាមានទុក្ខជាខ្លាំងនៅចុងឆ្នាំ ១៨៣១ នៅពេលអែសរ៉ា បូត បានចាប់ផ្ដើមស្ដីបន្ទោសយ៉ាងខ្លាំងដល់សាសនាចក្រជាសាធារណៈ ដោយសារក្នុងករណីនេះ ការរិះគន់នេះគឺមកពីអតីតអ្នកជឿមុន ។ អែសរ៉ាបានឃើញយ៉ូសែបប្រើព្រះចេស្ដារបស់ព្រះដើម្បីព្យាបាលស្ដ្រីម្នាក់ ។ គាត់ត្រូវបានអញ្ជើញឲ្យអមដំណើរយ៉ូសែប នៅក្នុងការស្ទង់មើលដែនដីស៊ីយ៉ូនលើកដំបូងក្នុងរដ្ឋមិសសួរី ។ ប៉ុន្ដែគាត់បានបាត់បង់សេចក្ដីជំនឿរបស់គាត់តាំងពីនោះមក ហើយក្នុងបំណងបន្ទាបបន្ថោកព្យាការី គាត់បានបោះពុម្ពសំបុត្រជាច្រើននៅលើកាសែតអូហៃអូ ។ ហើយកិច្ចខិតខំរបស់គាត់មើលទៅដំណើរការ ៖ « អារម្មណ៍មិនស្និទ្ធស្នាល ដែលបានកើតឡើងទាស់នឹងសាសនាចក្រ » នៅក្នុងតំបន់នេះ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧១ ក្បាលកណ្ឌ ) ។ តើអ្នកជឿគួរធ្វើអ្វីខ្លះនៅក្នុងករណីដូចនោះ ? ខណៈមិនមានចម្លើយត្រឹមត្រូវមួយសម្រាប់គ្រប់ស្ថានភាព វាហាក់ថា ជាញឹកញាប់ល្មម—រួមទាំងក្នុងករណីនេះក្នុងឆ្នាំ ១៨៣១—ផ្នែកនៃចម្លើយរបស់ព្រះអម្ចាស់គឺត្រូវការពារសេចក្ដីពិត ហើយកែតម្រូវការខុសឆ្គងតាមរយៈ « ការប្រកាសប្រាប់ពីដំណឹងល្អ » ( ខទី ១ ) ។ មែនហើយ កិច្ចការរបស់ព្រះអម្ចាស់នឹងមានការរិះគន់ជានិច្ច ប៉ុន្ដែនៅចុងបញ្ចប់ « គ្មានគ្រឿងសស្ត្រាវុធណាមួយដែលបានធ្វើឡើងនឹងអាចទាស់នឹង [ កិច្ចការនេះ ] បានឡើយ » ( ខទី ៩ ) ។
សូមមើល « Ezra Booth and Isaac Morley » Revelations in Context ទំព័រ ១៣៤ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះអម្ចាស់នឹងរារាំងមិនឲ្យមានការរិះគន់ដល់កិច្ចការរបស់ទ្រង់តាមពេលវេលារបស់ទ្រង់ ។
យើងអាចខ្វល់ចិត្ត នៅពេលយើងឮមនុស្សរិះគន់ ឬសើចចំអកដាក់សាសនាចក្រ ឬថ្នាក់ដឹកនាំសាសនាចក្រ ជាពិសេសនៅពេលយើងខ្លាចថា មនុស្សដែលយើងស្គាល់ និងស្រឡាញ់នឹងទទួលរងឥទ្ធិពលនៃការរិះគន់នោះ ។ នៅពេលអ្វីមួយស្រដៀងគ្នានេះបានកើតឡើងនៅរដ្ឋអូហៃអូក្នុងឆ្នាំ ១៨៣១ ( សូមមើល ក្បាលកណ្ឌនៃគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ៧១ ) សារលិខិតរបស់ព្រះអម្ចាស់ទៅកាន់យ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន គឺស្ដីអំពីសេចក្ដីជំនឿ មិនមែនការភ័យខ្លាចនោះទេ ។ នៅពេលបងប្អូនសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១ តើបងប្អូនរកឃើញអ្វីខ្លះ ដែលស្ថាបនាសេចក្ដីជំនឿរបស់បងប្អូនលើព្រះអម្ចាស់ និងកិច្ចការរបស់ទ្រង់ ? តើអ្វីដែលបងប្អូនចាប់អារម្មណ៍អំពីការណែនាំ ដែលព្រះអម្ចាស់បានប្រទានដល់អ្នកបម្រើរបស់ទ្រង់នៅក្នុងស្ថានភាពនេះ ?
សូមមើលផងដែរ រ៉ូប៊ើត ឌី ហែល « Christian Courage: The Price of Discipleship » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២–៧៥, Jörg Klebingat « Defending the Faith » Ensign ខែ កញ្ញា ឆ្នាំ ២០១៧ ទំព័រ ៤៩–៥៣ ។
ប៊ីស្សពគឺជាអ្នកកាន់កាប់ត្រួតត្រាលើកិច្ចការខាងវិញ្ញាណ និងខាងសាច់ឈាមនៃនគររបស់ព្រះអម្ចាស់ ។
នៅពេលនូវល ខេ វិតនី ត្រូវបានហៅឲ្យបម្រើជាប៊ីស្សពទីពីរនៃសាសនាចក្រ កាតព្វកិច្ចរបស់លោកគឺខុសគ្នាបន្ដិចពីកាតព្វកិច្ចរបស់ប៊ីស្សពនាសព្វថ្ងៃនេះ ។ ឧទាហរណ៍ ប៊ីស្សពវិតនីបានមើលការខុសត្រូវលើការថ្វាយកម្មសិទ្ធិដី និងការអនុញ្ញាតឲ្យរស់នៅក្នុងរដ្ឋមិសសួរី នៅក្នុងដែនដីស៊ីយ៉ូន ។ ប៉ុន្ដែកាលបងប្អូនអានអំពីការហៅបម្រើ និងកាតព្វកិច្ចរបស់លោកនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២ បងប្អូនអាចកត់សម្គាល់តំណភ្ជាប់មួយចំនួនទៅនឹងអ្វីដែលប៊ីស្សពធ្វើនាបច្ចុប្បន្ន—យ៉ាងហោចណាស់ខាងវិញ្ញាណ ប្រសិនបើមិនជាក់លាក់ពីកាតព្វកិច្ចរបស់ពួកលោកទេនោះ ។ ឧទាហរណ៍ តើបងប្អូន « ឲ្យដំណើររឿង » ដល់ប៊ីស្សពរបស់បងប្អូនតាមរបៀបណា ? ( ខទី ៥ ) ។ តើប៊ីស្សពរបស់បងប្អូន « រក្សាឃ្លាំងរបស់ព្រះអម្ចាស់ » និងគ្រប់គ្រងការថ្វាយពីសមាជិកវួដតាមរបៀបណា ? ( សូមមើល ខទី ១០, ១២ ) ។ តើប៊ីស្សពបានជួយបងប្អូនយ៉ាងដូចម្ដេច ?
សូមមើលផងដែរ Topical Guide « Bishop » នៅលើគេហទំព័រ topics.ChurchofJesusChrist.org ។
ខ្ញុំអាចស្វែងរកឱកាសដើម្បីចែកចាយដំណឹងល្អ ។
ក្រោយពីយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុន បានត្រឡប់ពីបេសកកម្មផ្សព្វផ្សាយដំណឹងល្អដ៏ខ្លីរបស់ពួកលោកដើម្បីជួសជុលការខូចខាតមួយចំនួន ដែលអែសរ៉ា ប៊ូតបានធ្វើ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១ ) ព្រះអម្ចាស់បានមានបន្ទូលទៅពួកលោកឲ្យត្រឡប់ទៅកាន់កិច្ចការបកប្រែព្រះគម្ពីរប៊ីបវិញ ( សូមមើល Bible Dictionary Joseph Smith Translation ) ។ ប៉ុន្ដែទ្រង់ក៏សព្វព្រះទ័យឲ្យពួកលោកបន្ដប្រកាសដំណឹងល្អផងដែរ ។ កាលបងប្អូនអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៣ សូមពិចារណាពីរបៀបដែលបងប្អូនអាចធ្វើការប្រកាសដំណឹងល្អឥតដាច់ និង « អាចធ្វើទៅបាន » ( ខទី ៤ )—ឬតាមតថភាព—ផ្នែកនៃជីវិតបងប្អូនក្នុងចំណោមការទទួលខុសត្រូវផ្សេងទៀតរបស់បងប្អូន ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:១–១២
ព្រះអម្ចាស់ប្រទានពរដល់អស់អ្នកដែលប្រកាសដំណឹងល្អរបស់ទ្រង់ដោយស្មោះត្រង់ ។
ក្នុងការឆ្លើយតបនឹងការបញ្ជាថា « ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកិយទាំងមូល » ទៅប្រកាសដំណឹងល្អ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៨ ) ពួកអែលឌើរដ៏ស្មោះត្រង់ជាច្រើនបានស្វែងរកព័ត៌មានបន្ថែមទៀតអំពីរបៀប ដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកគេបំពេញតាមការបញ្ជានេះ ។ តើបងប្អូនរកឃើញពាក្យ និងឃ្លាអ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៥:១–១២ ដែលជួយបងប្អូនឲ្យយល់ពីរបៀបប្រកាសដំណឹងល្អប្រកបដោយប្រសិទ្ធភាព ? តើមានពរជ័យអ្វីខ្លះដែលព្រះអម្ចាស់សន្យាដល់អ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់ ? សូមពិចារណាពីរបៀបដែលការណែនាំ និងពរជ័យទាំងនេះអនុវត្តចំពោះបងប្អូន កាលបងប្អូនចែកចាយដំណឹងល្អ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧១ ។តើយ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនត្រូវបានសុំឲ្យធ្វើអ្វី នៅពេលមនុស្សដទៃបានរិះគន់សាសនាចក្រ និងថ្នាក់ដឹកនាំសាសនាចក្រនោះ ? តើយើង « រៀបចំផ្លូវ » ឲ្យមនុស្សទទួលវិវរណៈរបស់ព្រះតាមរបៀបណា ?( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧១:៤ ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧២:២ ។តើប៊ីស្សពទាំងឡាយប្រទានពរដល់គ្រួសាររបស់យើងយ៉ាងដូចម្ដេច ? តើប៊ីស្សពរបស់យើងបានសូមយើងឲ្យធ្វើអ្វីខ្លះ ហើយតើយើងអាចគាំទ្រលោកតាមរបៀបណា ? ប្រហែលគ្រួសារបងប្អូនអាចធ្វើកាតមួយ ថ្លែងអំណរគុណដល់ប៊ីស្សពរបស់បងប្អូន ចំពោះអ្វីដែលលោកបានធ្វើការបម្រើ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៣:៣–៤ ។តើគ្រួសារបងប្អូននឹងទទួលប្រយោជន៍ពីការរៀនសូត្រអំពីការបកប្រែដោយយ៉ូសែប ស៊្មីធនៃព្រះគម្ពីរប៊ីបដែរឬទេ ? ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការបកប្រែដោយយ៉ូសែប ស៊្មីធ » ) ។ បងប្អូនអាចស្វែងរកវគ្គពីរបី ដែលបានកែតម្រូវក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ ហើយពិភាក្សាពីសេចក្ដីពិតដ៏មានតម្លៃ ដែលព្រះអម្ចាស់បានបើកសម្ដែងតាមរយៈព្យាការី ។ សម្រាប់ឧទាហរណ៍មួយចំនួន សូមមើល ការបកប្រែដោយយ៉ូសែប ស្ម៊ីធនៃ លោកុប្បត្តិ ១៤:២៥–៤០ និង លោកុប្បត្តិ ៥០:២៤–៣៨ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៤:៧ ។តើខគម្ពីរនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងកូនក្មេងតូចៗ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣–៥, ១៣, ១៦ ។បងប្អូនអាចជួយគ្រួសារបងប្អូនឲ្យយល់ពីរបៀបដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងបម្រើទ្រង់ តាមរយៈការនិយាយអំពីភាពខុសគ្នារវាង « ការខ្ជិលច្រអូស » និង « [ ការ ] ធ្វើការដោយកម្លាំងរបស់ [ យើង ] » ។ ប្រហែលបងប្អូនអាចជ្រើសរើសការងារផ្ទះមួយចំនួន ហើយអញ្ជើញសមាជិកគ្រួសារឲ្យបង្ហាញការធ្វើការងារទាំងនោះតាមរបៀបខ្ជិលច្រអូស រួចហើយធ្វើការងារដោយកម្លាំងរបស់ពួកគេ ។ តើយើងអាចបម្រើព្រះអម្ចាស់ដោយអស់ពីកម្លាំងរបស់យើងដោយរបៀបណា ? យោងតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៥:៣–៥, ១៣, ១៦ តើទ្រង់សន្យាអ្វីខ្លះដល់អ្នកបម្រើដ៏ស្មោះត្រង់របស់ទ្រង់ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ចូរយើងខិតខំទៅ » ទំនុកតម្កើង ល.រ ១៥២ ។