គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១២–១៨ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៧–៨០ ៖ « យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា »


« ថ្ងៃទី ១២–១៨ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧–៨០ ៖ ‹ យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១២–១៨ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧–៨០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

សត្វចៀម​ដើរ​តាម​ព្រះយេស៊ូវ

ទៅ​ផ្ទះ ដោយ យ៉ុងសាំង គីម

ថ្ងៃ​ទី ១២–១៨ ខែ កក្កដា

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧–៨០

« យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា »

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​យ៉ូសែប ស្ម៊ីធ​ថា ទ្រង់​នឹង « មាន​ព្រះបន្ទូល​ដាក់​ត្រចៀក [ លោក ] ប្រាប់​ពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:២ ) ។ តើ​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ​អ្វី​ដែល​បងប្អូន​ទទួល​បាន នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧–៨០ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មិន​ដល់​ពីរឆ្នាំផង​ក្រោយពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្ដារ​ឡើងវិញ ចំនួន​សមាជិក​បាន​កើន​ឡើង​ដល់​ជាង ២០០០ នាក់ ហើយ​បាន​បាន​កើនឡើង​យ៉ាង​លឿន ។ នៅ​ខែ មីនា ឆ្នាំ ១៨៣២ យ៉ូសែប ស្ម៊ីធ បាន​ជួប​នឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត « ដើម្បី​ពិភាក្សា​ពី​កិច្ចការ​សាសនាចក្រ » ៖ តម្រូវការ​បោះពុម្ព​វិវរណៈ ទិញ​ដី​ដើម្បី​ប្រជុំ​គ្នា និង​ថែទាំ​ដល់​អ្នកទ័លក្រ ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៨ ក្បាល​កណ្ឌ ) ។ ដើម្បី​បំពេញ​តាម​តម្រូវការ​ទាំងនេះ ព្រះអម្ចាស់​បាន​ហៅ​ថ្នាក់ដឹកនាំ​សាសនាចក្រ​មួយ​ចំនួន​តូច​ឲ្យ​បង្កើត​ជា​សហ​ក្រុម ជា​ក្រុម​មួយ​ដែល​នឹង​បង្រួម​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី « បន្ត​គតិ​តទៅ » របស់​ព្រះអម្ចាស់ ( ខទី ៤ ) នៅក្នុង​តំបន់​ទាំងនេះ ។ ប៉ុន្ដែ​ទោះជា​ក្នុង​បញ្ហា​រដ្ឋបាល​បែប​នេះ​ក្ដី ក៏​ព្រះអម្ចាស់​បាន​ផ្ដោតលើ​ការណ៍​អស់កល្ប​ដែរ ។ នៅ​ទីបំផុត គោលបំណង​នៃ​រោងពុម្ព ឬ​ឃ្លាំង​នោះ​—​ដូចជា​អ្វី​គ្រប់យ៉ាង​ផ្សេងទៀត​នៅក្នុង​នគរ​របស់​ព្រះ​ដែរ​—​គឺ​ដើម្បី​រៀបចំ​បុត្រា​បុត្រី​របស់​ទ្រង់​ឲ្យ​ទទួល​បាន « កន្លែង​មួយ​នៅក្នុង​ពិភព​សេឡេស្ទាល » និង « ទ្រព្យសម្បត្តិ​ទាំងឡាយ​ខាង​ភាពអស់កល្ប​ជានិច្ច​ » ( ខទី ៧, ១៨ ) ។ ហើយ​ប្រសិនបើ​ពរជ័យ​ទាំងនោះ​ពិបាក​នឹង​យល់​នាពេល​នេះ នៅ​ចំណោម​ជីវិត​ប្រចាំថ្ងៃ​ដ៏​មមាញឹក នោះ​ទ្រង់​នឹង​អះអាង​ប្រាប់​យើង​ថា « ចូរ​សង្ឃឹម​ឡើង ត្បិត​យើង​នឹង​ដឹកនាំ​អ្នករាល់គ្នា » ( ខទី ១៨ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧

ព្រះ​បើក​សម្ដែង​អាថ៌កំបាំង​របស់​ទ្រង់​ដល់​អស់​អ្នក​ដែល​ព្យាយាម​ចង់​ដឹង​ពី​វា ។

ដប់ពីរ​ឆ្នាំ​បន្ទាប់ពី​ការនិមិត្ត​ដំបូង ការអញ្ជើញ​នៅក្នុង យ៉ាកុប ១:៥ ឲ្យ « សូម​ដល់​ព្រះ » បាន​បន្ដ​ដឹកនាំ​យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បាន​ខ្វះ​ប្រាជ្ញា ។ នៅពេល​លោក និង​ស៊ីឌនី រិកដុន​បាន​មាន​សំណួរ​អំពី​គម្ពីរ​នៃ​វិវរណៈ កាល​ពួកលោក​បាន​ធ្វើការ​លើ​ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ដ៏​បំផុស​គំនិត នោះ​យ៉ូសែប​បាន​ស្វែងរក​ប្រាជ្ញា​ពី​ព្រះ​តាម​ធម្មតា ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចក្ដី សញ្ញា ៧៧ សូម​ពិចារណា​កត់ត្រា​ការយល់ដឹង​របស់​បងប្អូន​នៅក្នុង​ជំពូក​ទាក់ទង​នៅក្នុង​គម្ពីរ​នៃ​វិវរណៈ​នេះ ។

លើសពី​នេះ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​អាច​ធ្វើតាម​គំរូ​របស់​ព្យាការី​យ៉ូសែប នៅពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ ។ បងប្អូន​អាច​សួរ​ដល់​ព្រះវរបិតាសួគ៌​ថា « តើ​ខ្ញុំ​ត្រូវ​យល់​ពី​អ្វីខ្លះ ? »

យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន កំពុង​អាន

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប ដោយ លីស្ស លីម៉ូន ស្វីនឌល

គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៨

តើ​សហក្រុម​គឺជា​អ្វី ?

សហក្រុម​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​កិច្ចការ​បោះពុម្ព និង​កិច្ចការ​ផ្សេងទៀត​ក្នុង​សាសនាចក្រ​នៅ​រដ្ឋអូហៃអូ និង​មិសសួរី ។ សហក្រុម​រួមមាន​យ៉ូសែប ស្ម៊ីធ នូវល ខេ វិតនី និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ដែល​បញ្ចូល​ធនធាន​របស់​ពួកលោក ដើម្បី​បំពេញ​តាម​តម្រូវការ​ខាង​សាច់ឈាម​នៃ​ការរីកចម្រើន​ក្នុង​សាសនាចក្រ ។ ជាអកុសល សហក្រុម​ធ្លាក់ខ្លួន​ជាប់​បំណុល ហើយ​បាន​រំលាយ​នៅ​ឆ្នាំ ១៨៣៤ នៅពេល​បំណុល​ដ៏​ច្រើន​លើសលុប​មិន​អាច​ដោះ​ស្រាយ​បាន ។

សូមមើល​ផងដែរ « Newel K. Whitney and the United Firm » Revelations in Context ទំព័រ ១៤២–៤៧, « United Firm » Church History Topics នៅលើ​គេហទំព័រ ChurchofJesusChrist.org/study/church-history ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១–៧

ខ្ញុំ​អាច​ជួយ « បន្ត​គតិ​តទៅ​ទៀត » អំពី​សាសនាចក្រ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​យ៉ូសែប ស្ម៊ីធ និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ផ្សេងទៀត​ថា ការគ្រប់គ្រង​ឃ្លាំង និង​រោងពុម្ព​នឹង​ជួយ « ដើម្បី​បន្ត​គតិ​តទៅ​ទៀត ដែល​អ្នករាល់គ្នា​បាន​ប្រកាន់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៨:៤ ) ។ តើ​បងប្អូន​គិត​ថា​អ្វី​ទៅ​ជា « គតិ » នៃ​សាសនាចក្រ ? សូម​សញ្ជឹងគិត​ពី​ការណ៍​នេះ កាល​បងប្អូន​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១–៧ ។ ប្រហែល​ការគិត​អំពី​ខគម្ពីរ​ទាំងនេះ​អាច​មាន​ឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​បំពេញ​ការហៅ​ក្នុង​សាសនាចក្រ​របស់​បងប្អូន ឬ​បម្រើ​ដល់​គ្រួសារ​របស់​បងប្អូន ។ តើ​ការបម្រើ​របស់​បងប្អូន​អាច​ជួយ « បន្ត​គតិ » របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? តើ​វា​រៀបចំ​បងប្អូន​យ៉ាង​ដូចម្ដេច​សម្រាប់ « កន្លែង​មួយ​នៅក្នុង​ពិភព​សេឡេស្ទាល » ? ( ខទី ៧ ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧–២២

ព្រះអម្ចាស់​នឹង​ដឹកនាំ​ខ្ញុំ ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូចជា​កូនក្មេង​តូច​ម្នាក់ ប្រហែល​ដោយសារ​តែ​អ្វីមួយ​ដែល​បងប្អូន « ពុំ​ទាន់​យល់​នៅ​ឡើយ » ឬ « ពុំ​អាច​ទ្រាំ​បាន » ដែរ​ឬ​ទេ ? ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧–១៨ ) ។ សូម​រកមើល​ការប្រឹក្សា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ដែល​អាច​ជួយ​បងប្អូន​ឲ្យ « សង្ឃឹម​ឡើង » ( ខទី ១៨ ) ក្នុង​ពេល​បែប​នេះ ។ ហេតុអ្វី​បងប្អូន​គិត​ថា ពេលខ្លះ​ព្រះអម្ចាស់​ហៅ​អ្នកដើរតាម​ទ្រង់​ថា​ជា « កូនក្មេង​តូច » ? ( ខទី ១៧ ) ។ បងប្អូន​ក៏​អាច​សញ្ជឹងគិត​ពី​របៀប ដែល​ព្រះអម្ចាស់​អាច « ដឹកនាំ​អ្នករាល់គ្នា » ( ខទី ១៨ ) ។

គោលលទ្ធិ និង សេចក្តីសញ្ញា ៧៩–៨០

ការហៅ​ឲ្យ​បម្រើ​ព្រះ​សំខាន់​ជាង​កន្លែង​ដែល​ខ្ញុំ​បម្រើ ។

ទាក់ទង​នឹង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨០ អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « ប្រហែល​មេរៀន​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន​ដល់​យើង​នៅក្នុង​វិវរណៈ​នេះ គឺថា​ការចាត់តាំង​ឲ្យ​ធ្វើ​កិច្ចការ​នៅ​កន្លែង​ជាក់លាក់​គឺ​សំខាន់ និង​មាន​សារៈសំខាន់ ប៉ុន្តែ​វា​នៅក្នុង​កម្រិត​ទីពីរ​បន្ទាប់ពី​ការហៅ​ឲ្យ​ធ្វើ​កិច្ចការ » ( « ហៅ​ឲ្យ​ធ្វើ​កិច្ចការ » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៨ ) ។ សូម​គិត​ពី​ការហៅ​ក្នុង​សាសនាចក្រ​របស់​បងប្អូន​នា​ពេល​នេះ ឬ​កាល​ពី​អតីត ។ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​បងប្អូន​ឲ្យ​រៀន​ថា សម្ដី​របស់​អែលឌើរ​បែដណា​គឺ​ពិត​នោះ ? តើ​បងប្អូន​រកឃើញ​មេរៀន​បន្ថែម​អ្វីខ្លះ​នៅ​ក្នុង គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៩–៨០ ដែល​អាច​ជួយ​នរណាម្នាក់ ដែល​ទើប​បាន​ទទួល​ការហៅ​ថ្មី​មួយ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៧៧:២ ។ក្រោយពី​អាន​ខគម្ពីរ​នេះ​ហើយ សមាជិក​គ្រួសារ​អាច​គូរ​រូបភាព​ចំណូល​ចិត្ត​របស់​គេ​នៃ « សត្វ​ជើង​បួន លើ​វាល [ ឬ ] សត្វ​ហើរ​លើ​អាកាស » ដែល​បាន​បង្កើត​ដោយ​ព្រះ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ការបង្ក​បង្កើត​របស់​ព្រះ​ចេញពី​ខគម្ពីរ​នេះ ? ( សូមមើល គោលលទ្ធិ និង សេចសេចក្តីសញ្ញា ៥៩:១៦–២០ ) ។ បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ការបង្ក​បង្កើត​របស់​ព្រះ ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ហើយ​បង្ហាញ​គំនូរ​ដែល​មាន​នៅក្នុង​គម្រោង​មេរៀន​នេះ​ផងដែរ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១៤ ។ខគម្ពីរ​នេះ​ពន្យល់​ថា យ៉ូហាន​បាន​លេប​គម្ពីរ ដែល​បាន​តំណាង​ឲ្យ​បេសកកម្ម​របស់​លោក​ដើម្បី​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ តើ​និមិត្តរូប​នៃ​ការលេប​នេះ​ប្រាប់​អ្វីខ្លះ អំពី​របៀប​ដែល​យើង​គួរ​បំពេញ​តួនាទី​របស់​យើង​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ឬ​ធ្វើ​ការណ៍​ផ្សេងទៀត ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ ? នេះ​គឺជា​បទគម្ពីរ​មួយចំនួន​ផ្សេងទៀត ដែល​ការលេប​ត្រូវបាន​ប្រើ​ដើម្បី​បង្រៀន​ពី​សេចក្ដីពិត​ខាងវិញ្ញាណ​មួយ ៖ យ៉ូហាន ៦:៤៨–៥១; នីហ្វៃ​ទី ២ ៣២:៣; មរ៉ូណៃ ៤ ។ ប្រហែល​បងប្អូន​អាច​ធ្វើ​ម្ហូប​ចំណូលចិត្ត​របស់​គ្រួសារ ហើយ​បរិភោគ​រួមគ្នា​អំឡុង​ពេល​ការពិភាក្សា​នេះ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧–១៩ ។សមាជិក​គ្រួសារ​អាច​គូរ​រូប​ពរជ័យ​មកពី​ព្រះ ដែល​ពួកគេ​មាន​អំណរគុណ ។ តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​បង្ហាញ​អំណរគុណ​របស់​យើង​ចំពោះ​ពរជ័យ​ទាំងនេះ ? បងប្អូន​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​គ្រួសារ​របស់​បងប្អូន​កំពុង​ធ្វើតាម​ការប្រឹក្សា​នេះ ដើម្បី​ទទួល​បាន « គ្រប់​ទាំង​អស់​ដោយ​អំណរ​អរគុណ » ( ខទី ១៩ ) ។ តើ​ព្រះអម្ចាស់​សន្យា​អ្វីខ្លះ​ដល់​អស់​អ្នក​ដែល​ធ្វើ​ដូច្នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៩:១ ។សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី « អំណាច » ដែល​បងប្អូន​បាន​ទទួល នៅពេល​បងប្អូន​ត្រូវបាន​តែងតាំង ឬ​ញែក​ចេញ​ជា​បរិសុទ្ធ​សម្រាប់​ការហៅ​នៅក្នុង​សាសនាចក្រ ។ តើ​អំណោយទាន និង​ការបំផុស​គំនិត​ពិសេស​អ្វីខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​បងប្អូន កាល​បងប្អូន​បាន​បម្រើ ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំសប្ដាហ៍​នេះនៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា

ចម្រៀង​ស្នើ ៖ « ចូរ​រាប់​ព្រះពរ » ទំនុក​តម្កើង ល.រ. ១៥០ ។

ការកែលម្អ​ការបង្រៀន​របស់​យើង

សូម​គូរ​រូបភាព ។ បងប្អូន​អាច​អាន​ខគម្ពីរ​ពីរ​បី​ជា​គ្រួសារ រួច​ហើយ​ទុក​ពេល​ឲ្យ​សមាជិក​គ្រួសារ​គូរូប​អ្វី​មួយ ដែល​ជាប់​ទាក់ទង​នឹង​អ្វី​ដែល​ពួកគេ​បាន​អាន ។ សូម​ដាក់​តាំង​រូបភាព​នោះ​នៅ​ជុំវិញ​គេហដ្ឋាន​បងប្អូន ដើម្បី​រំឭក​គ្រួសារ​បងប្អូន​អំពី​គោលការណ៍ ដែល​បងប្អូន​បាន​រៀន ។

សួនច្បារ​មាន​សត្វ

សួន​របស់​ព្រះ ដោយ ស៊ែម ឡឡឺរ៍