« ថ្ងៃទី ៥–១១ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ៖ ‹ នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៥–១១ ខែ កក្កដា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៥–១១ ខែ កក្កដា
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦
« នឹងមានភាពមហិមាណាស់រង្វាន់របស់ពួកគេ ហើយភាពអស់កល្បជានិច្ចនឹងទៅជាសិរីល្អរបស់ពួកគេ »
នៅក្នុង កណ្ឌទី ៧៦ ព្រះអម្ចាស់បានបង្ហាញពីព្រះបំណងចង់បើកសម្ដែងសេចក្ដីពិតដល់យើង ( សូមមើល ខទី ៧–១០ ) ។ សូមអានព្រះគម្ពីរដោយសេចក្ដីជំនឿថា ទ្រង់អាច ហើយនឹងបើកសម្ដែងដល់បងប្អូននូវ « ការណ៍ទាំងឡាយនៃព្រះ » ( ខទី ១២ ) ដែលបងប្អូនត្រូវដឹង ។ រួចហើយកត់ត្រាការយល់ដឹងដែលបងប្អូនទទួលបាន « ក្នុងកាល [ បងប្អូន ] កំពុងតែនៅក្នុងព្រះវិញ្ញាណនៅឡើយ » ( ខទី ២៨, ៨០, ១១៣ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
« តើនឹងមានអ្វីកើតឡើងដល់ខ្ញុំ បន្ទាប់ពីខ្ញុំស្លាប់ទៅ ? » សឹងតែគ្រប់សាសនាទាំងអស់ក្នុងពិភពលោកនេះឆ្លើយសំណួរនេះតាមទម្រង់ខុសៗគ្នា ។ រាប់សតវត្សរ៍មកដោយពឹងលើការបង្រៀនពីព្រះគម្ពីរប៊ីប ប្រពៃណីគ្រីស្ទានជាច្រើនបានបង្រៀនអំពីស្ថានសួគ៌ និងស្ថាននរក ពីស្ថានបរមសុខសម្រាប់ពួកសុចរិត និងការដាក់ទោសសម្រាប់ពួកទុច្ចរិត ។ ប៉ុន្ដែតើគ្រួសារមនុស្សទាំងមូលពិតជាត្រូវបែងចែកយ៉ាងតឹងរឹងទៅជាល្អ និងអាក្រក់មែនឬ ? ហើយតើពាក្យ ស្ថានសួគ៌ ពិតជាមានន័យយ៉ាងណាទៅ ? នៅខែ កុម្ភៈ ឆ្នាំ ១៨៣២ យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនបានឆ្ងល់ថាតើគ្មានអ្វីបន្ថែមត្រូវដឹងលើប្រធានបទនេះទេឬ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦ ក្បាលកណ្ឌ ) ។
ពិតណាស់ វាមាន ។ ខណៈសញ្ជឹងគិតអំពីការណ៍ទាំងនេះ ព្រះអម្ចាស់ « ទ្រង់បានពាល់ភ្នែកនៃយោបល់របស់ [ ពួកគេ ] ហើយក៏បានបើក ហើយសិរីល្អនៃព្រះអម្ចាស់បានភ្លឺចែងចាំងជុំវិញ » ( ខទី ១៩ ) ។ យ៉ូសែប និងស៊ីឌនីបានទទួលវិវរណៈមួយយ៉ាងភ្ញាក់ផ្អើល យ៉ាងទូលំទូលាយ និងយ៉ាងច្បាស់ រហូតដល់ពួកបរិសុទ្ធហៅវាថា « ការនិមិត្ត » ។ វាបានបើកបង្អួចស្ថានសួគ៌ ហើយផ្ដល់ទស្សនៈដ៏បំភ្លឺគំនិតដល់បុត្រាបុត្រីរបស់ព្រះអំពីភាពដ៏អស់កល្បជានិច្ច ។ ការនិមិត្តនេះបានបើកសម្ដែងថា ស្ថានសួគ៌គឺធំធេងជាង ហើយរួមបញ្ចូលច្រើនជាងអ្វីដែលមនុស្សធ្លាប់បានគិតពីមុនមក ។ ព្រះមានក្ដីមេត្តាដ៏ខ្លាំង ហើយយុត្តិធម៌ជាងយើងអាចយល់បានទៅទៀត ។ ហើយបុត្រាបុត្រីរបស់ព្រះមានជោគវាសនាដ៏អស់កល្ប មានសិរីល្អជាងអ្វីដែលយើងអាចស្រមៃបាន ។
សូមមើល ពួកបរិសុទ្ធ ទំព័រ ១:១៤៧–៥០, « The Vision » Revelations in Context ទំព័រ 1១៤៨–៥៤ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
សេចក្ដីសង្គ្រោះកើតមានតាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះ ។
នៅពេល វិលហ្វួឌ វូឌដ្រុព្វបានអានការនិមិត្តដែលបានពិពណ៌នានៅក្នុង កណ្ឌទី ៧៦ លោកបានពោលថា « ខ្ញុំមានអារម្មណ៍ថាស្រឡាញ់ព្រះអម្ចាស់ខ្លាំងជាងមុនក្នុងជីវិតរបស់ខ្ញុំ » ( សូមមើល « សំឡេងនៃការស្ដារឡើងវិញ » នៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ) ។ ប្រហែលបងប្អូនមានអារម្មណ៍ស្រដៀងគ្នា ពេលបងប្អូនអានវិវរណៈនេះ ។ ចុងក្រោយ គ្មានពរជ័យដ៏រុងរឿងណាមួយដែលបានរៀបរាប់ក្នុង កណ្ឌទី ៧៦ អាចកើតមានបាន ដោយគ្មានព្រះអង្គសង្គ្រោះឡើយ ។ ប្រហែលបងប្អូនអាចរកមើលខគម្ពីរនីមួយៗនៅក្នុង កណ្ឌទី ៧៦ ដែលលើកឡើងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ តើខគម្ពីរទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីទ្រង់ និងតួនាទីរបស់ទ្រង់នៅក្នុងផែនការរបស់ព្រះ ? តើវាមានឥទ្ធិពលលើរបៀបដែលបងប្អូនមានអារម្មណ៍អំពីទ្រង់យ៉ាងណាដែរ ? កាលបងប្អូនអាន និងសញ្ជឹងគិត បងប្អូនអាចទទួលបានចំណាប់អារម្មណ៍អំពីរបៀបដែលបងប្អូនអាច « ទទួលទីបន្ទាល់ពីព្រះយេស៊ូវ » និងកាន់តែ « ក្លាហាន » នៅក្នុងទីបន្ទាល់នោះ ( ខទី ៥១, ៧៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៣៩–៤៤, ៥០–១១២
ព្រះសព្វព្រះទ័យសង្គ្រោះ « អស់ទាំងការនៃព្រះហស្តទ្រង់ » ។
មនុស្សមួយចំនួនរួមទាំងសមាជិកសាសនាចក្រពីដើមមួយចំនួនផង បានជំទាស់នឹងការនិមិត្តនេះនៅក្នុង កណ្ឌទី ៧៦ ដោយសារវាបានបង្រៀនថា សឹងតែគ្រប់គ្នានឹងបានសង្គ្រោះ ហើយទទួលបានកម្រិតនៃសិរីល្អខ្លះ ។ ការជំទាស់របស់ពួកគេអាចកើតមានជាផ្នែក មកពីការមិនយល់អំពីព្រះ និងទំនាក់ទំនងរបស់ទ្រង់ចំពោះយើង ។ នៅពេលបងប្អូនអានវិវរណៈនេះ តើបងប្អូនរៀនអ្វីខ្លះអំពីលក្ខណៈរបស់ព្រះ និងផែនការរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ទ្រង់ ?
សូមពិចារណាពីភាពខុសគ្នារវាងការបានសង្គ្រោះ ( ពីសេចក្ដីស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណ, សូមមើល ខទី ៣៩, ៤៣–៤៤ ) និង ការបានលើកតម្កើង ( ការរស់នៅជាមួយព្រះ និងការក្លាយដូចជាទ្រង់, សូមមើល ខទី ៥០–៧០ ) ។
សូមមើលផងដែរ យ៉ូហាន ៣:១៦–១៧; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២០–២៥ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:៥០–៧០, ៩២–៩៥
ព្រះវរបិតាសួគ៌របស់ខ្ញុំមានព្រះទ័យឲ្យខ្ញុំទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងនគរសេឡេស្ទាល ។
តើបងប្អូនធ្លាប់ឆ្ងល់—ឬ បារម្ភ—ថាតើថាបងប្អូននឹងស័ក្ដិសមចំពោះនគរសេឡេស្ទាលដែរទេ ? នៅពេលបងប្អូនអានការពិពណ៌នាអំពីអស់អ្នកដែលទទួលបានសិរីល្អនេះ ( សូមមើល ខទី ៥០—៧០, ៩២—៩៥ ) ជាជាងមើលតែលើបញ្ជីនៃការណ៍ដែលបងប្អូនត្រូវធ្វើ សូមរកមើលអ្វីដែលព្រះបានធ្វើ—និងកំពុងធ្វើ—ដើម្បីជួយបងប្អូនឲ្យក្លាយដូចជាទ្រង់ ។ តើការអានការនិមិត្តតាមរបៀបនេះ ជះឥទ្ធិពលលើអារម្មណ៍របស់បងប្អូនអំពីកិច្ចខិតខំផ្ទាល់ខ្លួនរបស់បងប្អូនយ៉ាងដូចម្ដេច ?
បងប្អូនក៏អាចគិតអំពីពរជ័យដ៏អស្ចារ្យ ដែលដឹងពីសេចក្ដីលម្អិតទាំងនេះអំពីនគរសេឡេស្ទាល ។ តើការនិមិត្តអំពីសិរីល្អសេឡេស្ទាលនេះ ជះឥទ្ធិពលលើរបៀបដែលបងប្អូនមើលទៅ និងចង់រស់នៅជីវិតប្រចាំថ្ងៃរបស់បងប្អូនយ៉ាងដូចម្ដេចដែរ ?
សូមមើលផងដែរ ម៉ូសេ ១:៣៩; ចយ ឌី ចូនស៍ « តម្លៃហួសពីការអាចវាស់វែងបាន » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៣–១៥; ជេ ដេវណ៍ ខួនីស្ស « តើខ្ញុំបានគ្រប់លក្ខណ៍ហើយឬនៅ ? តើខ្ញុំអាចបានគ្រប់លក្ខណ៍ដែរឬទេ ? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៣២–៣៤ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២–២៤, ៥០–៥២, ៧៨–៧៩, ៨១–៨២ ។តើយើងរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីសារសំខាន់នៃទីបន្ទាល់របស់យើង ? តើទីបន្ទាល់របស់យើងដើរតួអ្វីនៅក្នុងជោគវាសនាដ៏អស់កល្បរបស់យើង ? វាអាចជួយបងប្អូន បើរកមើលនិយមន័យនៃពាក្យ ក្លាហាន ដើម្បីពិភាក្សាពីរបៀបមានភាព « ក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ » ( ខទី ៧៩ ) ។ បងប្អូនក៏អាចច្រៀងបទ « ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៥ ) បានដែរ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៤ ។គ្រួសារបងប្អូនអាចកត់សម្គាល់ការទាក់ទងរវាងសេចក្ដីពិតនៅក្នុង កណ្ឌទី ៧៦ និងសេចក្ដីពិតដែលបានបង្រៀននៅក្នុងបទ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ២ ) សេចក្ដីពិតទាំងនេះមួយមាននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៤ ) ។ តើពិភពលោកនេះអាចខុសគ្នាយ៉ាងណាទៅ ប្រសិនបើគ្រប់គ្នាបានយល់ដឹងថា យើងទាំងអស់គ្នាជាបុត្រាបុត្រីរបស់ព្រះនោះ ? តើសេចក្ដីពិតនេះជះឥទ្ធិពលលើរបៀបដែលយើងប្រព្រឹត្តដាក់មនុស្សដទៃយ៉ាងដូចម្ដេច ? ប្រហែលការមើលរូបភាពបុត្រា និងបុត្រីចម្រុះរបស់ព្រះនៅលើផែនដីនេះ អាចជួយគ្រួសារបងប្អូនឲ្យសញ្ជឹងគិតពីសំណួរនេះ ។ ( សូមមើលផងដែរ « Video Presentation: I Am a Child of God » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សូមពិចារណាច្រៀងបទ « ខ្ញុំជាកូនរបស់ព្រះ » រួមគ្នា ហើយរកមើលការទាក់ទងផ្សេងទៀតទៅនឹងគោលការណ៍នៅក្នុង កណ្ឌទី ៧៦ ( សូមមើល ឧទាហរណ៍ ខទី ១២, ៦២, ៩៦ ) ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៤០–៤១ ។ប្រសិនបើយើងត្រូវសង្ខេប « ដំណឹងល្អ » ( ខទី ៤០ ) ឬ ដំណឹងដ៏រីករាយនៅក្នុងខគម្ពីរទាំងនេះទៅជាចំណងជើងកាសែតខ្លីមួយ ឬធ្វីត តើយើងនឹងនិយាយអ្វី ? តើយើងរកឃើញដំណឹងល្អផ្សេងទៀតអ្វីខ្លះនៅក្នុង កណ្ឌទី ៧៦ ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៧០ ។តើបងប្អូននឹងជួយគ្រួសារបងប្អូនឲ្យទន្ទឹង និងរៀបចំខ្លួនសម្រាប់ជីវិតដ៏អស់កល្បនៅក្នុងនគរសេឡេស្ទាលដោយរបៀបណា ? បងប្អូនអាចធ្វើការរួមគ្នាដើម្បីរកមើលរូបភាព បទគម្ពីរ និងការបង្រៀនរបស់ពួកព្យាការីដែលស្របនឹងឃ្លានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–៧០ ។ បងប្អូនអាចស្វែងរកអ្វីទាំងនេះនៅក្នុងទស្សនាវដ្ដីសាសនាចក្រ នៅលើគេហទំព័រ ChurchofJesusChrist.org ឬ នៅលើលេខយោងនៃបទគម្ពីរទាំងឡាយ ។ រួចហើយបងប្អូនអាចប្រមូលរូបភាព បទគម្ពីរ និងការបង្រៀនទាំងនេះដាក់លើបដាមួយ ដែលអាចរំឭកគ្រួសារបងប្អូនអំពីគោលដៅដ៏អស់កល្បរបស់បងប្អូន ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា
ចម្រៀងស្នើ ៖ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ទំនុកតម្កើង ទំព័រ ៧៦ ។
សំឡេងនៃការស្ដារឡើងវិញ ៖ ទីបន្ទាល់នៃ « ការនិមិត្ត »
វិលហ្វូឌ វូឌដ្រុព្វ
វិលហ្វួឌ វូឌដ្រុព្វបានចូលរួមសាសនាចក្រនៅក្នុងខែ ធ្នូ ឆ្នាំ ១៨៣៣ ជិតពីរឆ្នាំក្រោយពីយ៉ូសែប ស្ម៊ីធ និង ស៊ីឌនី រិកដុនបានទទួលការនិមិត្តដូចបានកត់ត្រានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦ ។ លោកកំពុងរស់នៅក្រុងនូវយ៉កនាពេលនោះ ហើយបានដឹងអំពី « ការនិមិត្ត » ពីអ្នកផ្សព្វផ្សាយសាសនាដែលបម្រើនៅក្នុងតំបន់នោះ ។ ច្រើនឆ្នាំក្រោយមក លោកបានថ្លែងអំពីចំណាប់អារម្មណ៍របស់លោកអំពីវិវរណៈនេះ ៖
« ខ្ញុំត្រូវបានបង្រៀនពីក្មេងថា មានស្ថានសួគ៌មួយ និងស្ថាននរកមួយ ហើយគេប្រាប់ខ្ញុំថា ពួកទុច្ចរិតទាំងអស់ទទួលការដាក់ទោសមួយ ហើយពួកសុចរិតទទួលបានសិរីល្អមួយ ។…
… នៅពេលខ្ញុំអានវិវរណៈនេះ… វាបានបំភ្លឺគំនិតខ្ញុំ ហើយបានផ្ដល់អំណរដ៏អស្ចារ្យដល់ខ្ញុំ វាបានបង្ហាញច្បាស់ចំពោះខ្ញុំថា ព្រះដែលបានបើកសម្ដែងគោលការណ៍នោះដល់មនុស្សគឺវាងវៃ យុត្តិធម៌ និងពិតប្រាកដ មានគុណលក្ខណៈដ៏ល្អបំផុត និងប្រាជ្ញាញាណ និងចំណេះដឹងដ៏ល្អ ខ្ញុំមានអារម្មណ៍ថា ទ្រង់ខ្ជាប់ខ្ជួនទាំងក្នុងសេចក្ដីស្រឡាញ់ សេចក្ដីមេត្តា សេចក្ដីយុត្តិធម៌ និងការកាត់សេចក្ដី ហើយខ្ញុំមានអារម្មណ៍ថាស្រឡាញ់ព្រះអម្ចាស់កាន់តែខ្លាំងជាងមុនក្នុងជីវិតខ្ញុំ » ។១
‹ ទស្សនៈនិមិត្ត › [ គឺជា ] វិវរណៈមួយដែលប្រទានពន្លឺ សេចក្តីពិត និងគោលការណ៍បន្ថែមទៀតច្រើនជាងវិវរណៈនានាដែលមាននៅក្នុងគម្ពីរណាៗទាំងអស់ដែលយើងធ្លាប់បានអាន ។ វានឹងពន្យល់កាន់តែច្បាស់ដើម្បីឲ្យយើងយល់ដឹងអំពីស្ថានភាពបច្ចុប្បន្នរបស់យើង ថាយើងមកពីណា ហេតុអ្វីយើងនៅទីនេះ និងតើយើងនឹងទៅកន្លែងណា ។ មនុស្សណាក៏អាចដឹងតាមរយៈវិវរណៈនោះនូវផ្នែក និងស្ថានភាពរបស់ខ្លួននឹងទៅជាយ៉ាងណា » ។២
« ពីមុនខ្ញុំបានឃើញយ៉ូសែប ខ្ញុំបាននិយាយថា ខ្ញុំមិនខ្វល់ពីអាយុរបស់លោកទេ ឬថាលោកក្មេងប៉ុណ្ណាឡើយ ខ្ញុំមិនខ្វល់ពីរូបរាងរបស់លោកទេ—មិនថាសក់គាត់វែង ឬខ្លី បុរសដែលពង្រីកវិវរណៈនោះគឺជាព្យាការីរបស់ព្រះ ។ ខ្ញុំដឹងវាដោយខ្លួនខ្ញុំ » ។៣
ហ្វែប ក្រូស ភែក
នៅពេលហ្វែប ភែក បានស្ដាប់យ៉ូសែប និងស៊ីឌនីបង្រៀនអំពី « ការនិមិត្ត » នាងបានកំពុងរស់នៅក្នុងរដ្ឋមិសសួរី ហើយបានចិញ្ចឹមកូនប្រាំនាក់តែម្នាក់ឯង ។ ការនិមិត្តបានបំផុសគំនិតនាងឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់នាងបានសរសេរអ្វីដូចតទៅដើម្បីចែកចាយនូវអ្វីដែលនាងបានរៀនជាមួយនឹងគ្រួសារធំរបស់នាង ៖
« ព្រះអម្ចាស់កំពុងបើកសម្ដែងអាថ៌កំបាំងនៃនគរស្ថានសួគ៌ដល់បុត្រាបុត្រីរបស់ទ្រង់ ។… យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុនបានមកលេងយើងកាលពីរដូវផ្ការីកមុន ហើយយើងបានមានការជួបជុំដ៏រីករាយ កាលពួកលោកបាននៅទីនេះ ហើយយើងបានឃើញអាថ៌កំបាំងជាច្រើនបានទម្លាយមកបំភ្លឺគំនិតយើង ដែលបានផ្ដល់ការលួងចិត្តដ៏ខ្លាំងដល់ខ្ញុំ ។ យើងអាចឃើញការយាងមកដ៏ធំរបស់ព្រះ នៅក្នុងការរៀបចំវិមាននៃសេចក្ដីសុខសាន្ដសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ។ ហើយនរណាក៏ដោយដែលនឹងមិនទទួលភាពពេញលេញនៃដំណឹងល្អ ហើយឈរជាទាហានយ៉ាងក្លាហានក្នុងបុព្វហេតុនៃព្រះគ្រីស្ទ នឹងមិនអាចរស់នៅក្នុងវត្តមានរបស់ព្រះវរបិតា និងព្រះរាជបុត្រាបានឡើយ ។ ប៉ុន្ដែមានកន្លែងមួយដែលបានរៀបចំសម្រាប់មនុស្សទាំងអស់ ដែលមិនទទួលយក ប៉ុន្ដែវាជាកន្លែងដែលមិនសូវមានសិរីល្អខ្លាំង ដូចការរស់នៅក្នុងនគរសេឡេស្ទាលឡើយ ។ ខ្ញុំមិនគួរប៉ុនប៉ងនិយាយអ្វីឲ្យវែងឆ្ងាយជាងនេះទាក់ទងនឹងការណ៍ទាំងនេះឡើយ ដោយសារឥឡូវនេះវាកំពុងបោះពុម្ព ហើយនឹងចេញទៅកាន់ពិភពលោកនេះ ។ ហើយបងប្អូននឹងមានឱកាសមួយក្នុងការអានដោយខ្លួនឯង ហើយប្រសិនបើបងប្អូនអានមែន ខ្ញុំសង្ឃឹមថា បងប្អូននឹងអានដោយដួងចិត្តទុកដាក់ និងប្រកបដោយការអធិស្ឋាន ដោយសារការណ៍ទាំងនេះមានតម្លៃនឹងកត់សម្គាល់ទុក ។ ហើយខ្ញុំប្រាថ្នាថា បងប្អូនអាចស្រាវជ្រាវវា ដោយសារវាជាអ្វីដែលផ្ដល់សុភមង្គលដល់យើងក្នុងពិភពលោកនេះ និងក្នុងពិភពដែលនឹងមក » ។៤