« ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា ។ បុណ្យអ៊ីស្ទើរ ៖ ‹ យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា ។ បុណ្យអ៊ីស្ទើរ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៩ ខែ មីនា–ថ្ងៃទី ៤ ខែ មេសា
បុណ្យអ៊ីស្ទើរ
« យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ »
នៅពេលបងប្អូនរៀបចំប្រារព្ធការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះនៅថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ សូមសញ្ជឹងអំពីរបៀបដែលវិវរណៈសម័យទំនើបបានធ្វើឲ្យសេចក្ដីជំនឿរបស់បងប្អូនកាន់តែស៊ីជម្រៅថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាតែមួយគត់នៃព្រះ និងជាព្រះប្រោសលោះនៃពិភពលោក ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ គឺជាថ្ងៃអាទិត្យត្រូវនឹងថ្ងៃបុណ្យអ៊ីស្ទើរ ។ ក្រោយពីជួយបម្រើសាក្រាម៉ង់ដល់ពួកបរិសុទ្ធ ដែលបានប្រជុំគ្នានៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ដែលបានឧទ្ទិសហើយថ្មីៗមក យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានរកឃើញកន្លែងដ៏ស្ងប់ស្ងាត់មួយពីក្រោយវាំងនននៅក្នុងព្រះវិហារបរិសុទ្ធ ហើយបានឱនក្បាលអធិស្ឋានយ៉ាងស្ងាត់ស្ងៀម ។ បន្ទាប់មក នៅថ្ងៃដ៏ពិសិដ្ឋនេះនៅពេលពួកគ្រីស្ទាននៅគ្រប់ទីកន្លែងបានបា្ររព្ធការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញបានបង្ហាញព្រះកាយទ្រង់ផ្ទាល់នៅក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ដោយប្រកាសថា « យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:៤ ) ។
តើវាមានន័យដូចម្ដេចដែលថា ព្រះយេស៊ូវគ្រីស្ទគឺជា « អង្គដែលមានព្រះជន្មរស់នៅ » ? វាមិនមែនគ្រាន់តែមានន័យថា ទ្រង់បានរស់ឡើងវិញពីផ្នូរនៅថ្ងៃទីបី ហើយបានបង្ហាញព្រះកាយដល់ពួកសិស្សសាសន៍កាលីឡេរបស់ទ្រង់ប៉ុណ្ណោះទេ ។ វាក៏មានន័យដែរថា ទ្រង់មានព្រះជន្មរស់នៅសព្វថ្ងៃនេះ ។ ទ្រង់មានបន្ទូលតាមរយៈព្យាការីនាសព្វថ្ងៃនេះ ។ ទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះ ។ ទ្រង់ព្យាបាលព្រលឹងដែលរងរបួស និងដួងចិត្តប្រេះឆានាសព្វថ្ងៃនេះ ។ ដូច្នេះ យើងអាចបន្លឺពាក្យសម្ដីនៃទីបន្ទាល់ដ៏មានអានុភាពរបស់យ៉ូសែប ស្ម៊ីធ ៖ « បន្ទាប់ពីទីបន្ទាល់ជាច្រើន ដែលបានថ្លែងអំពីទ្រង់ នេះជាទីបន្ទាល់… ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ គឺថាទ្រង់មានព្រះជន្មនៅរស់ ! »( គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២២ ) ។ យើងអាចឮសំឡេងរបស់ទ្រង់នៅក្នុងវិវរណៈទាំងនេះ ។ យើងអាចធ្វើបន្ទាល់ពីព្រះហស្ដរបស់ទ្រង់នៅក្នុងជីវិតរបស់យើង ។ ហើយយើងម្នាក់ៗអាចមានអារម្មណ៍ពី « ឃ្លាដែលមានបទដ៏ពិរោះ ៖ « ‹ ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ ! › »( ទំនុកតម្កើង ល.រ. ៧៦ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៥; ៣៨:៧; ៦២:១; ៧៦:១១–១៤, ២០–២៤; ១១០:១–១០
ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ។
ព្យាការី យ៉ូសែប ស៊្មីធ បានឃើញព្រះអង្គសង្គ្រោះដែលរស់ឡើងវិញជាច្រើនដង ហើយបទពិសោធន៍ទាំងពីរនេះត្រូវបានកត់ត្រានៅក្នុងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ។ កាលបងប្អូនអាន កណ្ឌទី ៧៦:១១–១៤, ២០–២៤, ១១០:១–១០ តើអ្វីដែលទាក់ទាញចំណាប់អារម្មណ៍បងប្អូនអំពីទីបន្ទាល់របស់យ៉ូសែប ស៊្មីធ ? ហេតុអ្វីបានជាទីបន្ទាល់របស់លោកមានតម្លៃចំពោះបងប្អូន ?
ពេញមួយគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ព្រះអង្គសង្គ្រោះបានធ្វើជាសាក្សីអំពីបេសកកម្ម និងទេវភាពរបស់ទ្រង់ផ្ទាល់ ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ចេញពីបន្ទូលរបស់ទ្រង់នៅក្នុង គោលលទ្ធិ និង សេចសេចក្តីសញ្ញា ២៩:៥; ៣៨:៧; ៦២:១ ? បងប្អូនអាចគិតដល់ការកត់ត្រានូវការប្រកាសដែលបងប្អូនរកឃើញនេះទុក នៅពេលបងប្អូនសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា ។
សូមមើលផងដែរ យ៉ូសែប ស្ម៊ីធ— ប្រវត្តិ ១:១៧ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២៦–២៧; ៤២:៤៥–៤៦; ៦៣:៤៩; ៨៨:១៤–១៧, ២៧–៣១; ៩៣:៣៣–៣៤
ដោយសារតែព្រះយេស៊ូវគ្រីស្ទ ខ្ញុំនឹងរស់ឡើងវិញ ។
យ៉ូសែប ស៊្មីធ បានដឹងពីអារម្មណ៍ទួញសោកនឹងការស្លាប់នៃមនុស្សជាទីស្រឡាញ់ ។ បងប្រុសពីរនាក់របស់លោក គឺអាលវិន និងដន ខាឡូស បានស្លាប់កាលនៅជាយុវជន ។ យ៉ូសែប និងអិមម៉ាបានកប់សពកូនប្រាំមួយនាក់ ដែលកូនម្នាក់ៗមានអាយុតិចជាងពីរឆ្នាំ ។ ប៉ុន្ដែចេញពីវិវរណៈដែលលោកបានទទួល យ៉ូសែប បានទទួលទស្សនវិស័យដ៏អស់កល្បមួយអំពីការស្លាប់ និងផែនការដ៏អស់កល្បរបស់ព្រះ ។ សូមពិចារណាពីសេចក្ដីពិតដែលបានបើកបង្ហាញនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២៦–២៧; ៤២:៤៥–៤៦; ៦៣:៤៩; ៨៨:១៤–១៧, ២៧–៣១; ៩៣:៣៣–៣៤ ។ តើវិវរណៈទាំងនេះជះឥទ្ធិពលលើរបៀបដែលបងប្អូនមើលទៅការស្លាប់យ៉ាងដូចម្ដេច ? តើវាអាចជះឥទ្ធិពលលើរបៀបដែលបងប្អូនរស់នៅយ៉ាងដូចម្ដេច ?
សូមមើលផងដែរ កូរិនថូស ទី១ ១៥; អិម. រ័សុល បាឡឺត « The Vision of the Redemption of the Dead » Ensign ឬ Liahona ខែវិច្ឆិកា ឆ្នាំ២០១៨ ទំព័រ ៧១–៧៤; Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៧៤–៧៦ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៣; ១៩:១៦–១៩; ៤៥:៣–៥; ៧៦:៦៩–៧០
ព្រះយេស៊ូវគ្រីស្ទបានសម្រេច « ដង្វាយធួនដ៏ឥតខ្ចោះ » ។
របៀបមួយដើម្បីផ្ដោតលើព្រះអង្គសង្គ្រោះនៅពេលបុណ្យអ៊ីស្ទើរគឺ ការសិក្សាវិវរណៈនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញាដែលបង្រៀនអំពីពលិកម្មដ៏ធួនរបស់ទ្រង់ ។ វិវរណៈមួយចំនួនទាំងនេះអាចមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៣; ១៩:១៦–១៩; ៤៥:៣–៥; ៧៦:៦៩–៧០ ។ ប្រហែលបងប្អូនអាចធ្វើបញ្ជីនៃសេចក្ដីពិតទាំងនេះអំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ដែលបងប្អូនរកឃើញនៅក្នុងខគម្ពីរទាំងនេះ ។ ដើម្បីធ្វើឲ្យការសិក្សារបស់បងប្អូនស៊ីជម្រៅ បងប្អូនអាចបន្ថែមលើបញ្ជីរបស់បងប្អូន តាមរយៈការស្រាវជ្រាវសេចក្ដីយោងបទគម្ពីរដែលមាននៅក្នុង « ធួន, ដង្វាយធួន » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយនៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
នេះគឺជាសំណួរមួយចំនួនដែលអាចណែនាំដល់ការសិក្សារបស់បងប្អូន ៖
-
ហេតុអ្វីក៏ព្រះយេស៊ូវគ្រីស្ទបានជ្រើសរើសរងទុក្ខ ?
-
តើខ្ញុំត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានពរជ័យនៃពលិកម្មរបស់ទ្រង់ ?
-
តើខ្ញុំអាចប្រាប់បានដោយរបៀបណា ប្រសិនបើដង្វាយធួនរបស់ទ្រង់មានឥទ្ធិពលក្នុងជីវិតរបស់ខ្ញុំ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
សន្និសីទទូទៅ ។ដោយសារសន្និសីទទូទៅជាន់ថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរនៅឆ្នាំនេះ បងប្អូនអាចពិចារណាពីរបៀបដែលសារលិខិតនៅសន្និសីទ ( រួមទាំងតន្ដ្រី ) អាចពង្រឹងដល់ទីបន្ទាល់របស់គ្រួសារបងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ក្មេងតូចៗអាចគូររូបភាពព្រះអង្គសង្គ្រោះ ឬកាន់រូបភាពទ្រង់ នៅពេលពួកគេស្ដាប់ឮសារលិខិត ឬចម្រៀងអំពីព្រះយេស៊ូវគ្រីស្ទ ។ សមាជិកគ្រួសារផ្សេងទៀតអាចធ្វើបញ្ជីនៃសេចក្ដីពិត ដែលពួកគេស្ដាប់ឮអំពីព្រះអង្គសង្គ្រោះ ។ ក្រោយមកសមាជិកគ្រួសារអាចចែកចាយគំនូរ ឬបញ្ជីរបស់ពួកគេ ព្រមទាំងទីបន្ទាល់ផ្ទាល់ខ្លួនគេអំពីព្រះយេស៊ូវគ្រីស្ទ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១៤–១៧, ១៣៨:១៧, ៥០ ។គ្រួសាររបស់បងប្អូនអាចរីករាយនឹងគិតដល់រឿងប្រៀបប្រដូច ឬមេរៀនដោយប្រើវត្ថុដើម្បីពន្យល់ពីអត្ថន័យនៃការស្លាប់ និងការរស់ឡើងវិញ—ឧទាហរណ៍មួយដែលបង្ហាញថា រូបកាយ និងវិញ្ញាណត្រូវបែកចេញពីគ្នា រួចហើយរួបរួមគ្នាវិញ ដូចជាដៃ និងស្រោមដៃ ។ តើខគម្ពីរទាំងនេះធ្វើឲ្យការដឹងគុណរបស់យើងចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់យើងកាន់តែស៊ីជម្រៅដោយរបៀបណា ?
-
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ។ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាអំពីទីបន្ទាល់របស់ព្យាការីសម័យទំនើបអំពីព្រះអង្គសង្គ្រោះ បងប្អូនអាចចាត់តាំងឲ្យសមាជិកគ្រួសារម្នាក់ៗអានផ្នែកមួយនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់របស់ពួកសាវក » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ២០១៧ នៅក្នុងគម្របមុខ ) ហើយចែកចាយអ្វីដែលពួកគេបានរៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ បងប្អូនក៏អាចបង្ហាញវីដេអូ « postle Testimony Montage » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) បានដែរ ។ តើសេចក្ដីពិតអ្វីខ្លះដែលយើងរកឃើញ ដែលបំផុសគំនិតដល់យើង ?
-
« ខ្ញុំដឹងថា ព្រះប្រោសលោះខ្ញុំនៅរស់ » ។ដើម្បីជួយគ្រួសាររបស់បងប្អូនឲ្យគិតពីរបៀបជាច្រើន ដែលព្រះអង្គសង្គ្រោះដ៏មានព្រះជន្មរស់ប្រទានពរដល់យើងសព្វថ្ងៃនេះ បងប្អូនអាចច្រៀងរួមគ្នាបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) ហើយភ្ជាប់សេចក្ដីពិតដែលបានបង្រៀននៅក្នុងបទនេះជាមួយនឹងសេចក្ដីពិត ដែលបានបង្រៀននៅក្នុងបទគម្ពីរដូចតទៅនេះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៤, ៤៥:៣–៥, ៨៤:៧៧, ៩៨:១៨, ១៣៨:២៣ ។ គ្រួសារបងប្អូនក៏អាចរីករាយនឹងការសរសេរវគ្គបន្ថែមទៀតសម្រាប់ទំនុកតម្កើងនេះ ដែលបង្ហាញពីរបៀបដែលពួកគេដឹងថា ព្រះប្រោសលោះរបស់ពួកគេនៅរស់ ។
សម្រាប់វីដេអូបុណ្យអ៊ីស្ទើរ និងធនធានផ្សេងទៀត សូមមើល Easter.ComeUntoChrist.org ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ព្រះយេស៊ូវបានរស់ឡើងវិញ » សៀវភៅចម្រៀងកុមារ ទំព័រ ៤៤ ។