« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩ ៖ ‹ ព្រះយេស៊ូវគ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ មីនា
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩
ព្រះយេស៊ូវគ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់
គោលបំណងមួយនៃការសិក្សាព្រះគម្ពីរ គឺដើម្បីរៀនពីគោលលទ្ធិ ឬសេចក្ដីពិតនៃដំណឹងល្អដែលសំខាន់សម្រាប់ការសង្គ្រោះរបស់យើង ។ នៅពេលបងប្អូនសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ នៅសប្ដាហ៍នេះ សូមរកមើលគំនិតដែលមានអត្ថន័យចំពោះបងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ទោះបីជាសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទបានរៀបចំឡើងនៅក្នុងឆ្នាំ ១៨៣០ ក្ដី ក៏មានសេចក្ដីពិតនៃដំណឹងល្អជាច្រើននៅតែបន្ដបើកសម្ដែង ហើយសមាជិកសាសនាចក្រជំនាន់ដើមមួយចំនួនមានសំណួរ ។ ពួកគេបានអានការព្យាករនៅក្នុងព្រះគម្ពីរមរមនអំពីការប្រមូលផ្ដុំអ៊ីស្រាអែល និងការកសាងក្រុងស៊ីយ៉ូន ( សូមមើល នីហ្វៃទី៣ ២១ ) ។ តើរឿងនោះបានកើតឡើងយ៉ាងដូចម្ដេច ? វិវរណៈដែល ហៃរាំ ភេច បានអះអាងថាបានទទួលនោះ បានថ្លែងពីរឿងនោះ ហើយវានាំឲ្យសមាជិករឹតតែឆ្ងល់ខ្លាំងឡើងប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ ) ។ មនុស្សផ្សេងទៀតបានឆ្ងល់អំពីការធ្លាក់របស់អ័ដាម និងអេវ៉ា និងការស្លាប់ខាងវិញ្ញាណ ។ ព្រះអម្ចាស់បានស្វាគមន៍សំណួរទាំងនេះនៅឆ្នាំ ១៨៣០ ៖ ទ្រង់បានមានបន្ទូលទៅពួកបរិសុទ្ធថា « អ្វីក៏ដោយ ដែលអ្នកសូមដោយនូវសេចក្ដីជំនឿដោយរួមប្រជុំគ្នាអធិស្ឋាន ស្របតាមបញ្ញត្តិរបស់យើង នោះអ្នករាល់គ្នានឹងបានទទួល » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៦ ) ។ ហើយទ្រង់ស្វាគមន៍សំណួររបស់យើងនាសព្វថ្ងៃ ទ្រង់រង់ចាំឲ្យយើងទូលសូមដល់ទ្រង់នៅក្នុងការអធិស្ឋាន ។ តាមពិតទៅ ដូចដែលវិវរណៈដ៏ពេញដោយគោលលទ្ធិនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ បង្ហាញមក ពេលខ្លះទ្រង់ឆ្លើយតបតាមរយៈការបង្ហាញសេចក្ដីពិត និងចំណេះដឹងហួសពីសំណួរដែលយើងបានសួរតាំងពីដំបូងទៅទៀត ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះវរបិតាសួគ៌បានរៀបចំផែនការដ៏ឥតខ្ចោះសម្រាប់ការតម្កើងឡើងរបស់យើង ។
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ បង្រៀនសេចក្ដីពិតជាច្រើនអំពីផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីទ្រង់ ។ នៅពេលបងប្អូនអាន សូមស្វែងរកសេចក្ដីពិតដែលបងប្អូនបានរៀនពីផ្នែកនីមួយៗនៃផែនការដូចតទៅនេះ ៖
-
ជីវិតមុនផែនដី ( សូមមើល ខទី ៣៦–៣៧ )
-
ការបង្កបង្កើត ( សូមមើល ខទី ៣១–៣៣ )
-
ការធ្លាក់របស់អ័ដាម និងអេវ៉ា ( សូមមើល ខទី ៤០–៤១ )
-
ជីវិតរមែងស្លាប់ ( សូមមើល ខទី ៣៩–៤៥ )
-
ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល ខទី ១, ៤២–៤៣, ៤៦–៥០ )
-
ការរស់ឡើងវិញ ( សូមមើល ខទី ១៣, ២៦ )
-
ការកាត់សេចក្ដីចុងក្រោយ ( សូមមើល ខទី ១២–១៣, ២៧–៣០ )
តើបងប្អូនបានទទួលការយល់ដឹងថ្មីអ្វីខ្លះ ? តើជីវិតរបស់បងប្អូននឹងខុសប្លែកយ៉ាងដូចម្ដេច បើបងប្អូនមិនបានដឹងពីសេចក្ដីពិតទាំងនេះទេនោះ ?
បងប្អូនអាចសិក្សាបន្ថែមអំពីផែនការរបស់ព្រះវរបិតាសួគ៌នៅក្នុង « ផែនការណ៍នៃសេចក្តីសង្គ្រោះ » ( ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសក៍ចំពោះការបម្រើជាអ្នកផ្សព្វផ្សាយសាសនា កំណែថ្មី [ ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org/manual/missionary ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:១–៨
ព្រះយេស៊ូវគ្រីស្ទនឹងប្រមូលរាស្ត្ររបស់ទ្រង់ ពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។
ព្រះយេស៊ូវគ្រីស្ទមានបន្ទូលអំពីការប្រមូលរាស្ដ្ររបស់ទ្រង់ « ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:២ ) ។ តើរូបភាពនេះបង្រៀនបងប្អូនអ្វីខ្លះ អំពីព្រះរាជបំណងរបស់ព្រះអង្គសង្គ្រោះក្នុងការប្រមូលបងប្អូន ? នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:១–៨ សូមរកមើលគំនិតស្ដីពីមូលហេតុដែលយើងប្រមូលគ្នា អ្នកដែលនឹងប្រមូលគ្នា និងរបៀបដែលយើងអាចជួយប្រមូល « អ្នកដែលរើសតាំង » ( ខទី ៧ ) ។
នៅជំនាន់របស់យើង ការប្រមូលគ្នាទៅក្រុងស៊ីយ៉ូនមានន័យថា ការរួបរួមគ្នាក្នុងស្ដេកស៊ីយ៉ូននៅទូទាំងពិភពលោក ។ តើការប្រជុំគ្នាក្នុងនាមជាពួកបរិសុទ្ធជួយយើងឲ្យ « ប្រុងប្រៀបជាស្រេចនូវអ្វីៗគ្រប់យ៉ាង » សម្រាប់សេចក្ដីវេទនា ដែលនឹងកើតមានមុនការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ? ( ខទី ៨, សូមមើលផងដែរ ខទី ១៤–២៨ ) ។
សូមមើលផងដែរ មាត្រានៃសេចក្ដីជំនឿ ១:១០, រ័សុល អិម ណិលសុន និងវិនឌី ដបុលយូ ណិលសុន « សង្ឃឹមនៃអ៊ីស្រាអែល » ( ការប្រជុំធម្មនិដ្ឋានសម្រាប់យុវវ័យនៅទូទាំងពិភពលោក, ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៨ នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣១–៣៥
« អស់ទាំងរបស់របរគ្រប់យ៉ាងគឺជាវិញ្ញាណចំពោះយើង » ។
តើបទបញ្ញត្តិទាំងអស់គឺជាវិញ្ញាណមានន័យដូចម្ដេច ? តើការដឹងថា បទបញ្ញត្តិទាំងអស់គឺជារឿងខាងវិញ្ញាណ បង្រៀនបងប្អូនអ្វីខ្លះអំពីគោលបំណងនៃបទបញ្ញតិ្ត ? បងប្អូនអាចសរសេរបទបញ្ញត្តិពីរបី ហើយពិចារណាពីគោលការណ៍ខាងវិញ្ញាណដែលទាក់ទងនឹងគ្នាទៅវិញទៅមក ។
តើអ្វីខ្លះអាចផ្លាស់ប្ដូរ ប្រសិនបើបងប្អូនរកមើលអត្ថន័យ ឬគោលបំណងខាងវិញ្ញាណនៅក្នុងកិច្ចការប្រចាំថ្ងៃរបស់បងប្អូន ទោះបីវាមើលទៅដូចខាងសាច់ឈាម ឬសាមញ្ញ ?
សូមមើលផងដែរ រ៉ូម ៨:៦, នីហ្វៃទី១ ១៥:៣០–៣២ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៦–៥០
ព្រះយេស៊ូវគ្រីស្ទប្រោសលោះយើងពីការធ្លាក់ ។
វិវរណៈនេះបើកសម្ដែងដោយមានព្រះអម្ចាស់ណែនាំព្រះអង្គទ្រង់ជាព្រះប្រោសលោះរបស់យើង ជាអង្គដែលបាន « ធ្វើឲ្យធួននឹងបាបទាំងឡាយ [ របស់យើង ] » ( ខទី ១ ) ។ វិវរណៈបន្ដពន្យល់ពីមូលហេតុមួយចំនួន ដែលយើងត្រូវការព្រះប្រោសលោះមួយអង្គ ។ សូមគិតពីរបៀបដែលបងប្អូននឹងប្រើ ខទី ៣៦–៥០ ដើម្បីពន្យល់ពីមូលហេតុដែលយើងត្រូវការការប្រោសលោះតាមរយៈព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងប្រពៃណីជំនឿជាច្រើន ការធ្លាក់ត្រូវបានគេឃើញថាជាសោកនាដកម្មមួយ តើបងប្អូនរកឃើញអ្វីនៅក្នុងខគម្ពីរទាំងនេះ ដែលបង្រៀនពីលទ្ធផលវិជ្ជមានអំពីការធ្លាក់ ? ( សូមមើលផងដែរ កូរិនថូស ទី១ ១៥:២២; នីហ្វៃទី២ ២:៦–៨, ១៥–២៩; ម៉ូសាយ ៣:១–១៩; ម៉ូសេ ៥:៩–១២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ។បងប្អូនអាចប្រើរូបភាពនៅចុងបញ្ចប់នៃគម្រោងមេរៀននេះអមនឹង គោលលទ្ធិ និង សេចក្តីសញ្ញា ២៩ ដើម្បីបង្រៀនគ្រួសារបងប្អូនអំពីផែនការនៃសេចក្តីសង្គ្រោះ ។ ឧទាហរណ៍ សមាជិកគ្រួសារអាចរៀនអំពីផ្នែកផ្សេងគ្នានៃផែនការ តាមរយៈការអាន និងពិភាក្សាពីខគម្ពីរដែលបានផ្ដល់យោបល់ឲ្យ ។ ពួកគេអាចរកឃើញសេចក្ដីពិតបន្ថែមទៀតនៅក្នុងប្រធានបទដំណឹងល្អ ( topics.ChurchofJesusChrist.org ) ឬសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ សូមសរសេរនូវអ្វីដែលបងប្អូនបានរៀន ។ ហេតុអ្វីយើងមានអំណរគុណ ដែលដឹងពីផែនការនៃសេចក្តីសង្គ្រោះ ? តើការដឹងពីការណ៍នេះជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់យើងតាមរបៀបណា ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:២, ៧–៨ ។តើការត្រូវបានប្រមូលផ្ដុំដោយព្រះអង្គសង្គ្រោះមានន័យដូចម្ដេច ? តើយើងអាចជួយទ្រង់ឲ្យប្រមូលអ្នករើសតាំងយ៉ាងដូចម្តេច ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣–៥ ។តើយើងរៀនបានអ្វីខ្លះអំពីព្រះអង្គសង្គ្រោះនៅក្នុងខគម្ពីរទាំងនេះ ដែលជួយយើងឲ្យ « លើកចិត្ត [ យើង] ឡើង ហើយអរសប្បាយ » ? ( ខទី ៥ ) ។ វីដេអូ « We Can Find Happiness » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយបងប្អូនឲ្យពិភាក្សាពីរបៀប ដែលការដឹងអំពីផែនការនៃសេចក្តីសង្គ្រោះបាននាំសុភមង្គលដល់គ្រួសារបងប្អូន ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៩:៣៤–៣៥ ។ការអានខគម្ពីរទាំងនេះអាចផ្ដល់ឱកាសឲ្យគ្រួសារបងប្អូនជជែកគ្នាអំពីមូលហេតុខាងវិញ្ញាណ ពីក្រោយបទបញ្ញត្តិមួយចំនួន ឬការប្រឹក្សាពីព្យាការីដែលបងប្អូនព្យាយាមធ្វើតាម ។ ឧទាហរណ៍ ហេតុអ្វីព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងអានព្រះគម្ពីរជាគ្រួសារ ? តើយើងឃើញមានអត្ថប្រយោជន៍ខាងវិញ្ញាណអ្វីខ្លះដែលកើតមកពីការគោរពតាមបទបញ្ញត្តិ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « អ៊ីស្រាអែលអើយព្រះកំពុងហៅ » ទំនុកតម្កើង ល.រ. ៧ ។