គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧–២៨ ៖ « គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ »


« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧–២៨ ៖ ‹ គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧–២៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

យ៉ូសែប ស៊្មីធ

ថ្ងៃទី ១៥–២១ ខែ មីនា

គោលលទ្ធិ និង សេចក្តីសញ្ញា ២៧–២៨

« គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ »

អែលឌើរ ឌី ថត គ្រីស្ទូហ្វើសិន បាន​មាន​ប្រសាសន៍​ថា ពេល​អ្នក​សិក្សា​ព្រះគម្ពីរ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍ នោះ « អ្នក​នឹង​ទុក​កន្លែង​មួយ​សម្រាប់​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ទ្រង់​នឹង​មាន​ព្រះបន្ទូល​មក​កាន់​អ្នក » ( « When Thou Art Converted » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ១១ ) ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

វិវរណៈ​នៅតែ​ជា​គោលគំនិត​ដែល​នៅ​ថ្មី​មួយ​សម្រាប់​ពួកបរិសុទ្ធ នៅពេល​ការស្ដារ​ឡើងវិញ​បាន​បន្ដ​បើក​បង្ហាញ ។ សមាជិក​សាសនាចក្រ​ពី​ដើម​បាន​ដឹង​ថា ព្យាការី យ៉ូសែប ស៊្មីធ អាច​ទទួល​បាន​វិវរណៈ​សម្រាប់​សាសនាចក្រ ប៉ុន្ដែ​តើ​អ្នកផ្សេង​ទៀត​អាច​ទេ ? សំណួរ​ដូចនេះ​កាន់​តែ​មាន​ភាព​តឹងតែង​ឡើង នៅពេល​ហៃរាំ ភេច ជា​សាក្សី​ម្នាក់​ក្នុង​ចំណោម​សាក្សី​ប្រាំបី​នាក់​នៃ​ផ្ទាំងចំណារ​មាស បាន​ជឿ​ថា គាត់​បាន​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ ។ ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​ជាច្រើន​បាន​ជឿ​ថា វិវរណៈ​ទាំងនេះ​គឺ​មកពី​ព្រះ ។ ព្រះអម្ចាស់​មាន​បន្ទូល​តប​តាមរយៈ​ការបង្រៀន​ថា នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ « គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ២៨:១៣ ) ដែល​មាន​ន័យ​ថា មាន​តែ​ម្នាក់ « ត្រូវ​បាន​តាំង​ឡើង ដើម្បី​ទទួល​បញ្ញត្តិ​ទាំង​ឡាយ និង​វិវរណៈ​ទាំង​ឡាយ » សម្រាប់​សាសនាចក្រ​ទាំងមូល ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:២ ) ។ បើ​ទោះជា​ដូច្នោះ​ក្ដី ក៏​មនុស្ស​ដទៃ​ទៀត​អាច​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​ផ្នែក​របស់​ពួកគេ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់​ដែរ ។ តាមពិត​ទៅ បន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់ អូលីវើរ ខៅឌើរី​គឺជា​ការរំឭក​មួយ​ដល់​យើង​ទាំងអស់​គ្នា ៖ « នឹង​បាន​ប្រទាន​ដល់​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ធ្វើ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១៥ ) ។

សូមមើល​ផងដែរ « All Things Must Be Done in Order » Revelations in Context ទំព័រ ៥០–៥៣ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១–៤

ខ្ញុំ​គួរតែ​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ភ្នែក​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​សិរីល្អ​របស់​ព្រះ ។

សាលី ណៃត និង អិមម៉ា ស៊្មីធ បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ខែ មិថុនា ឆ្នាំ ១៨៣០ ប៉ុន្តែ​ពិធី​បញ្ជាក់​ត្រូវបាន​បង្អាក់​ដោយ​មនុស្ស​អាក្រក់ ។ ពីរ​ខែ​ក្រោយមក សាលី និង​ស្វាមី​របស់​នាង ញូវែល បាន​មក​លេង​អិមម៉ា និង​យ៉ូសែប ហើយ​វា​ត្រូវបាន​សម្រេច​ថា ពិធីបញ្ជាក់​គួរតែ​ធ្វើ​នៅពេល​នេះ ហើយ​ថា​ក្រុម​នោះ​នឹង​ទទួល​សាក្រាម៉ង់​រួមគ្នា ។ ខណៈ​នៅ​តាម​ផ្លូវ​ទៅរក​ស្រា​សម្រាប់​ពិធី​សាក្រាម៉ង់ យ៉ូសែប​ត្រូវបាន​បញ្ឈប់​ដោយ​ទេវតា ។ តើ​ទេវតា​នោះ​បាន​បង្រៀន​លោក​អ្វីខ្លះ​អំពី​ពិធី​សាក្រាម៉ង់ ? ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១–៤ ) ។

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​បងប្អូន​អ្វីខ្លះ អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​មកកាន់​ពិធី​សាក្រាម៉ង់ ? តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដោយសារ​តែ​អ្វី​ដែល​បងប្អូន​កំពុង​រៀន ?

នំប៉័ង និង​កែវ​ទឹក​សាក្រាម៉ង់

ពិធី​សាក្រាម៉ង់​រំឭក​យើង​ឲ្យ​ចងចាំ​ពី​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១៥-១៨

គ្រឿង​សឹក​នៃ​ព្រះ​នឹង​ជួយ​ការពារ​ខ្ញុំ​ឲ្យ​ឈរ​តតាំង​នឹង​អំពើ​អាក្រក់ ។

ប្រធាន អិម រ័សុល បាឡឺត បាន​មាន​ប្រសាសន៍ ៖ « គ្មាន​អ្វី​មួយ​ដែល​ធំ ហើយ​អស្ចារ្យ ដែល​យើង​អាច​ធ្វើ​ដើម្បី​បំពាក់​ខ្លួន​យើង​ខាង​វិញ្ញាណ​នោះ​ឡើយ ។ អំណាច​ខាង​វិញ្ញាណ​ពិត​ពឹង​លើ​ទង្វើ​តូចៗ​ជាច្រើន​វេញ​បញ្ចូល​គ្នា​នៅក្នុង​សាច់​ក្រណាត់​នៃ​ការការពារ​ខាង​វិញ្ញាណ ដែល​ការពារ និង​ជា​ខែល​ទាស់​នឹង​រាល់​សេចក្ដី​អាក្រក់ » ( « Be Strong in the Lord »​Ensign ខែ កក្កដា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។

នៅពេល​បងប្អូន​អាន គោលលទ្ធិ និង សេចសេចក្ដីសញ្ញា ២៧:១៥–១៨ បងប្អូន​អាច​បង្កើត​តារាង​មួយ​ដូច​ខាងក្រោម​នេះ ។ តើ​បងប្អូនអាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ពាក់​គ្រប់​បំណែក​នីមួយៗ​នៃ​គ្រឿង​សឹក​របស់​ព្រះ ?

បំណែក​នៃ​គ្រឿងសឹក

ផ្នែក​នៃ​រាងកាយ​ដែល​បាន​ការពារ

អ្វី​ដែល​ផ្នែក​រាងកាយ​នោះ​អាច​តំណាង​ឲ្យ

ប្រដាប់​បាំង​ទ្រូង​នៃ​សេចក្តី​សុចរិត

ចិត្ត

បំណងប្រាថ្នា និង​ក្ដី​ស្រឡាញ់​របស់​យើង

មួក​នៃ​សេចក្តី​សង្គ្រោះ

ក្បាល ឬ​គំនិត

សូម​មើល​ផងដែរ អេភេសូរ ៦:១១–១៨, នីហ្វៃទី​២ ១:២៣ ។

គោលលទ្ធិ និង សេចក្តីសញ្ញា ២៨

ព្យាការី​ដែល​នៅរស់​គឺជា​អណ្ដាត​របស់​ព្រះ​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។

សូម​ស្រមៃ​ថា តើ​វា​នឹង​មាន​ស្ថានភាព​បែប​ណា ប្រសិន​បើ​នរណាម្នាក់​អាច​ទទួល​បាន​បទបញ្ញត្តិ និង​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល​នោះ ។ នៅពេល​ហៃរាំ ភេច បាន​អះអាង​ថា​បាន​ទទួល​វិវរណៈ​បែប​នោះ មាន​ការយល់​ច្រឡំ​ក្នុង​ចំណោម​សមាជិក​សាសនាចក្រ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ ព្រះអម្ចាស់​បាន​បើក​សម្ដែង​របៀប​រៀបរយ​មួយ​សម្រាប់​វិវរណៈ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញ​មកពី​កណ្ឌ​នេះ​អំពី​តួនាទី​ជាក់លាក់​របស់​ប្រធាន​នៃ​សាសនាចក្រ ? តើ​អ្នក​បងប្អូន​រៀន​អ្វីខ្លះ​មកពី​បន្ទូល​របស់​ព្រះអម្ចាស់​ទៅកាន់ អូលីវើរ ខៅឌើរី​នៅក្នុង ខទី ៣ ? តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​មកពី​កណ្ឌ​នេះ​អំពី​របៀប​ដែល​ព្រះ​អាច​ដឹកនាំ​បងប្អូន ?

សូមមើល​ផងដែរ ដាល្លិនអេក អូក « Two Lines of Communication » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៨៣–៨៦ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:៨–៩

ហេតុអ្វី​បេសកកម្ម​របស់ អូលីវើរ ខៅឌើរី​ទៅកាន់​ពួកសាសន៍​លេមិន​សំខាន់​ម្ល៉េះ ?

គោលបំណង​មួយ​នៃ​ព្រះគម្ពីរ​មរមន​គឺ « ដើម្បី​ឲ្យ​កពួក​សាសន៍​លេមិន អាច​បាន​ដឹង​អំពី​ពួក​ឪពុក​របស់​ពួកគេ ហើយ​ដើម្បី​ឲ្យ​ពួកគេ​អាច​ដឹង​អំពី​សេចក្ដី​សន្យា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣:២០ ) ។ ការណ៍​នេះ​ស្របគ្នា​នឹង​សេចក្ដីសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ដល់​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​ជាច្រើន ( ឧទាហរណ៍​សូមមើល នីហ្វៃទី​១ ១៣:៣៤–៤១; អេណុស ១:១១–១៨; ហេលេមិន ១៥:១២–១៣ ) ។ សមាជិក​សាសនាចក្រ​ពីមុន​បាន​ចាត់ទុក​ពួក​ឥណ្ឌា​អាមេរិកកាំង​ដើម​ថា ជា​កូនចៅ​នៃ​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន ។ ( គោលជំហរ​ផ្លូវការ​នៃ​សាសនាចក្រ​សព្វថ្ងៃ​នេះ​គឺ​ថា ពួកសាសន៍​លេមិន « គឺជា​ពួកដូនតា​សំខាន់​របស់​ពួក​ឥណ្ឌា​អាមេរិកកាំង​ដើម » [ បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ] ) ។

ដើម្បី​អាន​បន្ថែម​អំពី​បេសកកម្ម​របស់​អូលីវើរ​ទៅ​ក្បែរ​កុលសម្ព័ន្ធ​ឥណ្ឌា​អាមេរិកកាំង​ដើម សូមមើល « A Mission to the Lamanites » ( Revelations in Context ទំព័រ ៤៥–៤៩ ) ។ តើ​បេសកកម្ម​នេះ​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ និង​កិច្ចការ​របស់​ទ្រង់ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៧:១–២ ។តើ​យើង​អាច​ចងចាំ​កាន់តែ​ច្បាស់​ដល់​ពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​យើង​ដោយ​របៀបណា នៅពេល​យើង​ទទួលទាន​សាក្រាម៉ង់ ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៧:៥–១៤ ។តើ​យើង​ដឹង​អ្វីខ្លះ​អំពី​ព្យាការី​ពី​ក្នុង​ខគម្ពីរ​ទាំងនេះ ? បងប្អូន​អាច​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែម​អំពី​ការណ៍​នេះ​នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ តើ​មាន​ពរជ័យ​អ្វី​ខ្លះ​ដែល​កើត​ដល់​ពួកយើង​តាមរយៈ​កូនសោ​ដែល​ពួកលោក​កាន់ ? សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​កូនសោ​ទាំងនេះ​មួយ​ចំនួន សូមមើល ម៉ាថាយ ១៦:១៦–១៩, គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០:១១–១៦ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨ ។ប្រហែល​គ្រួសារ​របស់​បងប្អូន​នឹង​រីករាយ​ធ្វើជា​ស្លៀកពាក់​ខោអាវ​បន្ថែម​ដើម្បី​តំណាង​ឲ្យ​គ្រឿង​សឹក​របស់​ព្រះ ដូចជា​មួក ខ្សែ​ក្រវ៉ាត់ អាវ ឬ​ស្បែកជើង ។ តើ​គ្រឿង​សឹក​ជួយ​ការពារ​យើង​ក្នុង​ចម្បាំង​តាម​របៀប​ណា ? សូម​ពិភាក្សា​ពី​ឥទ្ធិពល​អាក្រក់​មួយ​ចំនួន​ដែល​គ្រួសារ​របស់​បងប្អូន​ប្រឈមមុខ និង​រឿង​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ពាក់​គ្រឿង​សឹក​ខាង​វិញ្ញាណ ។ សូម​ពិចារណា​បង្ហាញ​វីដេអូ « Put on the Whole Armor of God » ( ChurchofJesusChrist.org ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២៨:២–៧ ។តើ​យើង​រៀន​អ្វីខ្លះ អំពី​ការហៅ​របស់​ព្យាការី​មកពី​ខគម្ពីរ​ទាំងនេះ ? ប្រហែល​សមាជិក​គ្រួសារ​អាច​រំឭក​ដល់​សារលិខិត​ក្នុង​អតីតកាល មកពី​ព្យាការី​ដែល​នៅរស់​របស់​យើង ហើយ​ចែកចាយ​ពី​របៀប​ដែល​ការប្រឹក្សា​របស់​លោក​ជួយ​យើង​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១១ ។នៅពេល​យើង​ចង់​កែតម្រូវ​នរណាម្នាក់ ហេតុអ្វី​វា​សំខាន់​ដើម្បី​ដោះស្រាយ​វា « ដោយ​មាន​តែ​អ្នក និង​គាត់ » ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការបង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ចូរ​មក​ស្តាប់​សំឡេង​ព្យាការី » ទំនុក​តម្កើង ល.រ. ២១ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

សិក្សា​ពាក្យសម្ដី​របស់​ពួក​ព្យាការី និង សាវក​ជំនាន់​ចុងក្រោយ​នេះ ។ សូម​អាន​អ្វី​ដែល​ពួក​ព្យាការី និង​ពួក​សាវក​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន​អំពី​គោលការណ៍ ដែល​បងប្អូន​រកឃើញ​នៅក្នុង​បទគម្ពីរ ។ សូម​គិត​ដល់​ការរំឭក​សន្និសីទ​ទូទៅ​តាម​លិបិក្រម​ប្រធានបទ​នៅ conference.ChurchofJesusChrist.org ឬ នៅ​លើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។