« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧-២៨ ៖ ‹អ្វីៗគ្រប់យ៉ាង ត្រូវតែមានរបៀបរៀបរយ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២៧-២៨ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ មីនា
គោលលទ្ធិ និង សេចក្តីសញ្ញា ២៧-២៨
« អ្វីៗគ្រប់យ៉ាង ត្រូវតែមានរបៀបរៀបរយ »
សេចក្ដីពិតដែលបានបង្រៀននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ២៧-២៨ អាចពង្រឹងទីបន្ទាល់អំពីកុមារដែលអ្នកបង្រៀន ។ នៅពេលអ្នកពិចារណាអំពីតម្រូវការរបស់កុមារ តើសេចក្ដីពិតមួយណាដែលអ្នកចាប់អារម្មណ៍ផ្ដោតទៅលើនៅក្នុងថ្នាក់ ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពមួយអំពីព្យាការី យ៉ូសែប ស៊្មីធ និងរូបភាពរបស់ព្យាការីបច្ចុប្បន្ន ។ សូមអញ្ជើញកុមារឲ្យប្រាប់ឈ្មោះមនុស្សនៅក្នុងរូបភាព ហើយចែកចាយអំពីអ្វីដែលព្យាការីធ្វើ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១–២
ពិធីសាក្រាម៉ង់ជួយខ្ញុំចងចាំអំពីព្រះយេស៊ូវគ្រីស្ទ ។
កុមារតូចៗអាចរៀនអំពីសារៈសំខាន់នៃពិធីសាក្រាម៉ង់ ហើយស្វែងរកវិធីដើម្បីចងចាំព្រះអង្គសង្គ្រោះអំឡុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញដល់កុមារនូវរូបភាពរបស់ព្រះយេស៊ូវកំពុងប្រទានសាក្រាម៉ង់ដល់ពួកសាវករបស់ទ្រង់ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ៥៤ ) ។ តើវានឹងជាយ៉ាងណាដើម្បីទទួលទានសាក្រាម៉ង់ជាមួយនឹងព្រះអង្គសង្គ្រោះ ? ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:៥ ) ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:២ ដោយចាប់ផ្ដើមជាមួយនឹង « ការចងចាំដល់ព្រះវរបិតា » ហើយសុំឲ្យកុមារស្ដាប់នូវអ្វីដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងចងចាំ នៅពេលយើងទទួលទានសាក្រាម៉ង់ ។
-
សូមបង្ហាញដល់កុមារនូវនំប៉័ង និងទឹកមួយចំនួន និងរូបភាពរបស់ព្រះអង្គសង្គ្រោះ ។ សូមឲ្យកុមារកាន់រូបភាពខណៈដែលអ្នកបង្រៀនដល់ពួកគេថា សាក្រាម៉ង់ជួយយើងចងចាំព្រះយេស៊ូវគ្រីស្ទ ។
-
សូមជួយកុមារឲ្យគិតអំពីរឿងដែលពួកគេអាចធ្វើដើម្បីចងចាំព្រះយេស៊ូវអំឡុងពេលសាក្រាម៉ង់ ។ តើគ្រួសាររបស់ពួកគេធ្វើអ្វីខ្លះដើម្បីជួយគ្នាទៅវិញទៅមកឲ្យមានគារវភាព ? សូមអញ្ជើញកុមារឲ្យគូររូបមួយដែលពួកគេអាចមើលអំឡុងពិធីសាក្រាម៉ង់ដើម្បីជួយពួកគេចងចាំព្រះអង្គសង្គ្រោះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨
គ្រឿងសឹករបស់ព្រះការពារខ្ញុំ ។
ចូរគិតអំពីវិធីដែលអ្នកអាចជួយកុមារដែលអ្នកបង្រៀនមើលឃើញពីរបៀបរក្សាបទបញ្ញត្តិគឺដូចជាការពាក់គ្រឿងសឹករបស់ព្រះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញកុមាររូបភាពគ្រឿងសឹក ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ នៅពេលអ្នកអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥-១៨ ជួយកុមារស្វែងរកចំណែកនៃគ្រឿងសឹកនៅលើរូបភាព ។ សូមប្រាប់កុមារអំពីរបៀបដែលគ្រឿងសឹកបានជួយអ្នក « ទប់ទល់ក្នុងថ្ងៃអាក្រក់បាន » ( ខ ១៥ ) ។
-
គម្រោងមេរៀនសម្រាប់អេភេសូរ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ មានទំព័រសកម្មភាពមួយអំពីគ្រឿងសឹកនៃព្រះ ។ សូមកាត់បំណែកនៃគ្រឿងសឹក ហើយឲ្យកុមារផ្គុំវាមួយផ្នែកម្ដងៗពេលអ្នកអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥-១៨ ។ សូមជួយកុមារយល់អំពីរឿងទាំងឡាយដែលពួកគេអាចធ្វើដើម្បីពាក់គ្រឿងសឹករបស់ព្រះ ដូចជាការអធិស្ឋាន ការជ្រើសរើសត្រូវ ការបម្រើអ្នកដទៃ ជាដើម ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:២, ៦–៧
ព្យាការីដឹកនាំសាសនាចក្រ ។
តើកុមារដែលអ្នកបង្រៀនដឹងពីមូលហេតុដែលយើងមានព្យាការីដែរឬទេ ? សូមប្រើ គោលលទ្ធិ និង សេចក្តីសញ្ញា ២៨ ដើម្បីជួយពួកគេឲ្យដឹងថាព្យាការី គឺជាមនុស្សតែម្នាក់គត់ដែលអាចដឹកនាំសាសនាចក្រ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន ឬប្រាប់តាមសម្ដីរបស់អ្នកផ្ទាល់អំពីដំណើររឿងនៃ ហៃរាំ ភេច ( សូមមើល Chapter 14: The Prophet and Revelations for the Church » ដំណើររឿងគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ៥៦-៥៧ ) ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ បានជ្រើសរើសដឹកនាំសាសនាចក្រនៅក្នុងជំនាន់លោក ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:២ ) ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា ព្យាការីបច្ចុប្បន្ន ត្រូវបានហៅឲ្យជួយព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់នៅជំនាន់របស់យើង ។
-
ចូរសុំឲ្យកុមារលេង « ដើរតាមអ្នកដឹកនាំ » — កុមារម្នាក់អាចឈរនៅខាងមុខថ្នាក់រៀន ហើយកុមារផ្សេងទៀតអាចធ្វើត្រាប់តាមត្រង់កន្លែងដែលពួកគេនៅ ។ ការណ៍នេះអាចដឹកនាំឲ្យមានការពិភាក្សាមួយអំពីមូលហេតុដែលយើងធ្វើតាមព្យាការី ។ អ្នកអាចបង្ហាញរូបភាពមួយអំពីព្រះយេស៊ូវគ្រីស្ទ ហើយគូសបញ្ជាក់ថា យើងធ្វើតាមព្យាការីដោយសារតែលោកធ្វើតាមព្រះអង្គសង្គ្រោះ ហើយថ្លែងព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១–២
ពិធីសាក្រាម៉ង់ជួយខ្ញុំចងចាំអំពីព្រះយេស៊ូវគ្រីស្ទ ។
តើការរៀនអំពីគោលការណ៍ទាំងឡាយនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១-២ អាចជួយកុមារដែលអ្នកបង្រៀនមានបទពិសោធន៍កាន់តែមានអត្ថន័យក្នុងការទទួលទានសាក្រាម៉ង់យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យសរសេរនូវរឿងដែលពួកគេគិតថាព្រះអង្គសង្គ្រោះចង់ឲ្យពួកគេដឹងអំពីសាក្រាម៉ង់ ។ បើចាំបាច់ ពួកគេអាចអានពាក្យ « សាក្រាម៉ង់ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ( scriptures.ChurchofJesusChrist.org ) ។ ចូរឲ្យពួកគេចែកចាយរឿងមួយចំនួនដែលពួកគេបានសរសេរ ហើយសុំឲ្យពួកគេបន្ថែមចូលទៅក្នុងបញ្ជីរបស់ពួកគេបន្ទាប់ពីការអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១-២ ។ តើអ្វីៗនៅក្នុងបញ្ជីរបស់ពួកគេជះឥទ្ធិពលទៅលើរបៀបដែលពួកគេទទួលទានសាក្រាម៉ង់រាល់ថ្ងៃអាទិត្យយ៉ាងដូចម្ដេច ?
-
សូមជួយកុមារឲ្យគិតអំពីអត្ថន័យដើម្បីទទួលទានសាក្រាម៉ង់ « ដោយភ្នែកស្មោះត្រង់ទាំងស្រុងចំពោះសិរីល្អ [ របស់ព្រះ ] » (ខ ២ ) ។ សូមពិភាក្សាអំពីសំណួរដូចខាងក្រោម ៖ តើការរំខានមួយចំនួនចំពោះភ្នែក ឬគំនិតរបស់យើងក្នុងការផ្ដោតយកចិត្តទុកដាក់អំឡុងពិធីសាក្រាម៉ង់មានអ្វីខ្លះ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីផ្ដោតការយកចិត្តទុកដាក់របស់យើងទៅលើព្រះអង្គសង្គ្រោះ ខណៈដែលយើងទទួលទានសាក្រាម៉ង់ ? តើរឿងនេះនឹងជួយយើងធ្វើតាមទ្រង់ជារៀងរាល់ថ្ងៃយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥-១៨
គ្រឿងសឹករបស់ព្រះជួយខ្ញុំទប់ទល់សេចក្ដីអាក្រក់ ។
កុមារដែលអ្នកបង្រៀននឹងប្រឈមមុខនឹងឥទ្ធិពលអាក្រក់ជាច្រើននៅក្នុងជីវិតរស់នៅរបស់ពួកគេ ។ ព្រះវរបិតាសួគ៌ចង់ឲ្យជួយពួកគេទប់ទល់នឹងសេចក្ដីអាក្រក់ ។ តើអ្នកអាចបំផុសគំនិតពួកគេឲ្យពាក់គ្រឿងសឹករបស់ព្រះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥-១៨ ហើយគូររូបបំណែកនៃគ្រឿងសឹក ដែលបានពិពណ៌នានោះ ( បើចាំបាច់ ពួកគេអាចយោងទៅលើរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ) ។ តើពាក្យអ្វីខ្លះកំពុងពិពណ៌នាអំពីបំណែកនីមួយៗនៃគ្រឿងសឹក ដែលបង្រៀនយើងអំពីអ្វីដែលយើងត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់នៅជុំវិញយើង ( ឧទាហរណ៍ សេចក្ដីសុចរិត សេចក្ដីជំនឿ សេចក្ដីសង្គ្រោះជាដើម ) នោះ ?
-
សូមអញ្ជើញកុមារគិតអំពីអ្វីដែលពួកគេអាចធ្វើ ដើម្បីទប់ទល់នឹងការល្បួងនៅជុំវិញពួកគេ។ ចូរសុំឲ្យពួកគេបញ្ចប់ប្រយោគ « យើងពាក់គ្រឿងសឹករបស់ព្រះជារៀងរាល់ថ្ងៃដោយសារ … » ជាមួយនឹងគំនិតរបស់ពួកគេ ។ សូមជួយពួកគេមើលឃើញរបៀបដែលកិច្ចខិតខំរបស់ពួកគេក្នុងការមករកព្រះគ្រីស្ទគឺកំពុងជួយពួកគេពាក់គ្រឿងសឹករបស់ព្រះ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២៨:១–៧, ១៥
ព្រះវរបិតាសួគ៌ដឹកនាំខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:១-៧, ១៥ អាចជួយកុមារដែលអ្នកបង្រៀនយល់ថា មនុស្សគ្រប់គ្នាអាចត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែវិវរណៈសម្រាប់សាសនាចក្រ នឹងត្រូវបានប្រទានឲ្យតាមតែរយៈព្យាការីប៉ុណ្ណោះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមរៀបរាប់អំពីដំណើរឿងរបស់ ហៃរាំ ភេច ប្រកាសទទួលវិវរណៈសម្រាប់សាសនាចក្រ ( សូមមើល « Chapter 14: The Prophet and Revelations for the Church» ដំណើររឿងគោលលទ្ធិ និង សេចក្តីសញ្ញា ទំព័រ ៥៦-៥៧ ) ។ តើយើងនឹងឆ្លើយតបចំពោះការប្រកាសរបស់ហៃរាំ ភេចយ៉ាងដូចម្ដេច ? សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:១-៧, ១៥ ជាមួយគ្នា ដើម្បីទទួលបានគំនិតយោបល់ខ្លះៗ ។
-
សូមជួយកុមារស្រាវជ្រាវបទគម្ពីរដូចខាងក្រោមដើម្បីធ្វើបញ្ជីនៃរបៀបដែលព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំពួកគេ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ២៨:១, ៤, ១៥, យ៉ូហាន ១៤:២៦, មរ៉ូណៃ ៨:២៦, ១០:៤-៥ ។ សូមឲ្យពួកគេធ្វើការជាមួយគ្នាជាដៃគូ បើនោះជាជំនួយដល់ពួកគេ ។ ហេតុអ្វីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធសំខាន់ខ្លាំងដូច្នេះ ? សូមចែកចាយអំពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំអ្នក ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យសួរដល់ឪពុកម្ដាយរបស់ពួកគេ បើពួកគេអាចបង្រៀនមេរៀនរាត្រីជួបជុំក្រុមគ្រួសារមួយអំពីអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ ។