« ថ្ងៃទី ១–៧ ខែ មីនា ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ២០-២២ ៖ ‹ ការតាំងឡើងនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១–៧ ខែ មីនា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ២០-២២ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ១–៧ ខែ មីនា
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០-២២
« ការតាំងឡើងនៃសាសនាចក្ររបស់ព្រះគ្រីស្ទ »
នៅពេលអ្នកសិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ២០-២២ សប្ដាហ៍នេះ យោបល់សម្រាប់ការបង្រៀនអាចកើតមាននៅក្នុងគំនិតរបស់អ្នក ។ អ្នកអាចស្វែងរកយោបល់សម្រាប់ការបង្រៀនបន្ថែមទៀតនៅក្នុងគម្រោងមេរៀននេះ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយសូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីការរៀបចំសាសនាចក្រ ។ សម្រាប់ជំនួយ សូមមើល « Chapter 9: Organization of the Church of Jesus Christ » (ដំណើររឿងគោលលទ្ធិ និងសេចក្ដីសញ្ញា ទំព័រ ៤០-៤២ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ២០-២១
សាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ ត្រូវបានស្តារឡើងវិញ ។
នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានប្រមូលផ្ដុំជាមួយនឹងអ្នកដទៃទៀតដើម្បីរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។ តើអ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់ពីសារៈសំខាន់អំពីព្រឹត្តការណ៍នេះដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រើ ដើមរឿងកណ្ឌ សម្រាប់ គោលលទ្ធិ និង សេចក្តីសញ្ញា ២១ ឬ ជំពូកទី ៩ នៃ ដំណើររឿងគោលលទ្ធិ និងសេចក្ដីសញ្ញា ដើម្បីប្រាប់កុមារដោយសង្ខេបអំពីអ្វីដែលបានកើតឡើងនៅថ្ងៃដែលសាសនាចក្រត្រូវបានរៀបចំឡើង ។ ដើម្បីជួយពួកគេយល់អំពីព្រឹត្តការណ៍នេះ សូមបង្ហាញវីដេអូ « ការរៀបចំនៃសាសនាចក្រ » ( ChurchofJesusChrist.org ) ។
-
សូមប្រាប់កុមារពីមូលហេតុដែលអ្នកមានអំណរគុណដែលយើងមានសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ចូរពន្យល់ថា ការធ្វើជាសមាជិកនៃសាសនាចក្ររៀបចំយើងដើម្បីរស់នៅជាមួយព្រះម្ដងទៀត ។ សូមជួយពួកគេនិយាយឃ្លា « ខ្ញុំជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ឲ្យបានច្រើនដង ឬច្រៀង « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ( សៀវភៅចម្រៀងកុមារ លេខ ៤៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៧១–៧៤
ខ្ញុំកំពុងរៀបចំខ្លួនដើម្បីទទួលបុណ្យជ្រមុជទឹក ។
កុមារដែលអ្នកបង្រៀន កំពុងតែរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក ។ សូមជួយពួកគេឲ្យយល់អំពីអត្ថន័យទទួលបុណ្យជ្រមុជទឹក និងអ្វីដែលពួកគេអាចធ្វើដើម្បីត្រៀមខ្លួន ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពកុមារទទួលបុណ្យជ្រមុជទឹក ( សូមមើល សៀវភៅរូបភាពដំណឹងល្អ លេខ ១០៤ ) ហើយសុំឲ្យកុមារចង្អុលទៅរបស់ដែលពួកគេបានកត់សម្គាល់ ។ សូមអាន ឬសង្ខេប គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧១-៧៤ ហើយជួយកុមារឲ្យមើលឃើញរបៀបដែលរូបភាពផ្គូផ្គងនឹងការណែនាំនៅក្នុងខគម្ពីរទាំងនេះ ។ សូមថ្លែងទីបន្ទាល់ថា យើងគួរធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ និងទទួលបុណ្យជ្រមុជទឹកតាមរបៀបដែលទ្រង់បានត្រាស់បង្គាប់ ។
-
សូមសង្ខេប គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៣៧ ។ តើយើងរៀនអ្វីខ្លះចេញមកពីខគម្ពីរនេះអំពីមនុស្សដែលចង់ទទួលបុណ្យជ្រមុជទឹក ? សូមបង្ហាញរូបភាពអំពីរបៀបដែលកុមារអាចរៀបចំខ្លួនសម្រាប់ការទទួលបុណ្យជ្រមុជទឹក ដូចជាការបម្រើអ្នកដទៃ និងការអធិស្ឋាន ។
-
សូមច្រៀងចម្រៀងអំពីបុណ្យជ្រមុជទឹក ដូចជា « នៅពេលខ្ញុំបានជ្រមុជទឹក » ( សៀវភៅចម្រៀងកុមារ លេខ ៥៣ ) ឬ មើល « ពិធីបុណ្យជ្រមុជទឹកនៃព្រះយេស៊ូវ » ( biblevideos.ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីការទទួលបុណ្យជ្រមុជទឹក ។
3:7
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥-៧៩
ពិធីសាក្រាម៉ង់ជួយខ្ញុំចងចាំអំពីព្រះយេស៊ូវគ្រីស្ទ ។
តើអ្នកអាចជួយកុមារឲ្យយល់កាន់តែល្អប្រសើរអំពីមូលហេតុដែលយើងទទួលទានសាក្រាម៉ង់រាល់សប្ដាហ៍យ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ដល់កុមារ ។ ចូរសុំឲ្យពួកគេឈរ នៅពេលពួកគេស្ដាប់ឮអ្វីដែលយើងគួរតែចងចាំ នៅពេលយើងទទួលទាននំប៉័ងសាក្រាម៉ង់ ។ សូមធ្វើដូចគ្នានេះជាមួយនឹង ខ ៧៩ ។ ( អ្នកអាចនឹងចង់ចង្អុលបង្ហាញថា យើងទទួលទានទឹកជំនួសឲ្យស្រានៅក្នុងពិធីសាក្រាម៉ង់ ។ តើយើងអាចបង្ហាញថា យើងចងចាំព្រះយេស៊ូវដោយរបៀបណា ?
-
សូមប្រាប់កុមារអំពីគ្រាមួយដែលអ្នកបានធ្វើការសន្យាមួយ ហើយរក្សាវា ។ សូមអញ្ជើញពួកគេឲ្យប្រាប់រឿងស្រដៀងគ្នាទៅនឹងរឿងពួកគេផ្ទាល់ ។ សូមពន្យល់ថា នៅពេលយើងទទួលទានសាក្រាម៉ង់ យើងធ្វើការសន្យានានា ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧ ដោយគូសបញ្ជាក់អំពីការសន្យាដែលយើងធ្វើ « ដើម្បីចងចាំទ្រង់ជានិច្ច » និង « រក្សាបទបញ្ញត្តិរបស់ទ្រង់ » ។ សូមអញ្ជើញកុមារឲ្យចែកចាយគ្រាមួយដែលពួកគេបានចងចាំព្រះអង្គសង្គ្រោះ ឬគោរពបទបញ្ញត្តិមួយ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ២០-២១
សាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទត្រូវបានស្តារឡើងវិញ ។
នៅក្នុងការគោរពប្រតិបត្តិតាមព្រះបង្គាប់របស់ព្រះអម្ចាស់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី និងអ្នកដទៃទៀតបានរៀបចំសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ ។ សូមពិចារណាអំពីរបៀបដើម្បីជួយកុមារឲ្យមើលឃើញថាព្រឹត្តការណ៍នេះបានប្រទានពរដល់ជីវិតរបស់ពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមរំឭកកុមារអំពីព្រឹត្តការណ៍សំខាន់មួយចំនួន ដែលពួកគេបានរៀន— ដូចជាការសា្ដរឡើងវិញនៃបព្វជិតភាព និងការបកប្រែព្រះគម្ពីរមរមន ។ ហេតុអ្វីរឿងទាំងនេះចាំបាច់ត្រូវកើតឡើងពីមុនសាសនាចក្រអាចត្រូវបានរៀបចំឡើង ?
-
សូមដាក់តាំងរូបភាពនៃអ្វីៗដែលយើងធ្វើនៅក្នុងសាសនាចក្រ ដែលបានពិពណ៌នានៅក្នុង កណ្ឌ ២០ ដូចជាការរៀនអំពីព្រះ និងព្រះយេស៊ូវគ្រីស្ទ ការងារបម្រើ ការទទួលបុណ្យជ្រមុជទឹក និងការទទួលទានសាក្រាម៉ង់ ។ សូមជួយកុមារឲ្យផ្គូរផ្គងរូបភាពទាំងនេះជាមួយនឹងបទគម្ពីរ ដែលពិពណ៌នាអំពីវា ដូចជា គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:១៧-២១, ៤៧, ៧០,៧២-៧៤, ៧៥-៧៩ ហើយក្បាលកណ្ឌសម្រាប់ កណ្ឌ ២១ ។ តើយើងមានពរជ័យអ្វីខ្លះ ដោយសារតែយើងគឺជាសមាជិកនៃសាសនាចក្រ ?
-
សូមច្រៀងបទ សាសនាចក្រព្រះយេស៊ូវគ្រីស្ទ» ជាមួយគ្នា ( សៀវភៅចម្រៀងកុមារទំព័រ ៤៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៧៧, ៧៩
នៅពេលខ្ញុំបានទទួលបុណ្យជ្រមុជទឹក ខ្ញុំបានសន្យាដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
កុមារជាច្រើននៅក្នុងថ្នាក់របស់អ្នកបានជ្រមុជទឹករួចហើយ ។ សូមរំឭកពួកគេអំពីសេចក្ដីសញ្ញា ដែលពួកគេបានធ្វើ « ដើម្បីលើកដាក់លើខ្លួនគេនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧) ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអញ្ជើញកុមារពីរបីនាក់ឲ្យមកដោយរៀបចំខ្លួនដើម្បីចែកចាយអំពីអារម្មណ៍របស់ពួកគេ ឬបទពិសោធន៍ដែលពួកគេមាននៅពេល ពួកគេបានទទួលបុណ្យជ្រមុជទឹក ។ ប្រហែលជាពួកគេអាចនាំរូបភាពថ្ងៃបុណ្យជ្រមុជទឹករបស់ពួកគេមកបង្ហាញដល់សិស្សក្នុងថ្នាក់ ។ ហេតុអ្វីក៏ពួកគេបានជ្រើសរើសជ្រមុជទឹក ? តើការជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធបានប្រទានពរដល់ពួកគេយ៉ាងដូចម្ដេច ?
-
សូមអានជាមួយគ្នា គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧ ហើយសុំឲ្យកុមារប្រាប់ពីការសន្យាដែលយើងធ្វើអំឡុងពេលសាក្រាម៉ង់ ។ ដើម្បីជួយកុមារយល់ថា មានរឿងជាច្រើនដែលពួកគេអាចធ្វើជារៀងរាល់ថ្ងៃ « ដើម្បីចងចាំ » ព្រះយេស៊ូវ គ្រីស្ទជានិច្ច សូមអញ្ជើញកុមារម្នាក់ឲ្យសម្ដែងអ្វីមួយដែលពួកគេអាចធ្វើដើម្បីចងចាំព្រះអង្គសង្គ្រោះ ។ ចូរសុំឲ្យកុមារផ្សេងទៀតស្មានអំពីសកម្មភាពនោះជាអ្វី ។ យោងតាម ខ ៧៧ តើយើងត្រូវបានប្រទានពរយ៉ាងណា នៅពេលយើងចងចាំព្រះអង្គសង្គ្រោះជានិច្ចនោះ ?
-
សូមជួយកុមារឲ្យប្រៀបធៀប គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ជាមួយនឹង ខ ៧៧ ដើម្បីស្វែងរកឃ្លាដែលត្រូវបានថ្លែងឡើងវិញនៅក្នុងខគម្ពីរទាំងពីរ ។ សូមបង្ហាញកុមារអ្វីមួយដែលមានឈ្មោះនៅលើវា ( ដូចជាស្លាកយីហោ ឬឈ្មោះផ្ទាល់ខ្លួនមួយ ) ។ តើឈ្មោះប្រាប់យើងអំពីវត្ថុនោះយ៉ាងណាខ្លះ ? សូមអានជាមួយគ្នានូវ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧ ដើម្បីស្វែងរកឈ្មោះអ្នកដែលយើងលើកដាក់មកលើខ្លួនយើង នៅពេលយើងត្រូវបានជ្រមុជទឹក ។ តើការយកព្រះនាមព្រះយេស៊ូវមកដាក់លើខ្លួនយើងមានន័យយ៉ាងណា ? តើយើងគួរតែគិត និងធ្វើសកម្មភាពយ៉ាងដូចម្ដេច ដោយសារតែយើងមាននាមនេះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៤–៦
ខ្ញុំមានពរ ពេលខ្ញុំធ្វើតាមព្យាការី ។
តើអ្នកនឹងជួយកុមារឲ្យទទួលពរជ័យដែលបានសន្យានៅក្នុងខគម្ពីរទាំងនេះចំពោះអ្នកទាំងឡាយដែលធ្វើតាមព្យាការីយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្ដារខៀន បទបញ្ញត្តិទាំងឡាយ និង ពរជ័យទាំងឡាយ ។ សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៤-៦ ដោយស្វែងរកបទបញ្ញត្តិនានាដែលព្រះអម្ចាស់បានប្រទាន និងពរជ័យដែលទ្រង់បានសន្យា ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេរកឃើញ ។
-
សូមបង្ហាញរូបភាពមួយរបស់ព្យាការីបច្ចុប្បន្ន ហើយអញ្ជើញឲ្យកុមារចែកចាយអ្វីមួយដែលពួកគេបានរៀន និងបានស្ដាប់ឮមកពីលោកថ្មីៗនេះ ។ សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៥ ។ សូមអញ្ជើញកុមារឲ្យសរសេរ និងគូររូបអ្វីមួយដែលពួកគេអាចធ្វើដើម្បីធ្វើតាមព្យាការី ។ សូមចែកចាយទីបន្ទាល់របស់អ្នកថា នៅពេលយើងធ្វើតាមព្យាការី នោះយើងកំពុងធ្វើតាមព្រះអង្គសង្គ្រោះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យធ្វើបញ្ជីនៃមូលហេតុដែលពួកគេមានអំណរគុណចំពោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។ សូមលើកទឹកចិត្តពួកគេឲ្យចែកចាយបញ្ជីរបស់ពួកគេជាមួយនឹងសមាជិកគ្រួសារ ឬមិត្តម្នាក់ៗ ។