« ថ្ងៃទី ១–៧ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០–២២ ៖ ‹ ការតាំងឡើងនៃសាសនាចក្រនៃព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១–៧ ខែ មីនា ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ២០–២២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១–៧ ខែ មីនា
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០–២២
« ការតាំងឡើងនៃសាសនាចក្រនៃព្រះគ្រីស្ទ »
នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០–២២ សូមបើកចិត្តទទួលយកការបំផុសពីព្រះវិញ្ញាណបរិសុទ្ធ ។ សូមកត់ត្រាចំណាប់អារម្មណ៍នោះ ដូច្នេះបងប្អូនអាចមើលវាពេលក្រោយ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
កិច្ចការរបស់ព្យាការី យ៉ូសែប ស៊្មីធក្នុងការបកប្រែព្រះគម្ពីរមរមនបានបញ្ចប់ហើយនាពេលនេះ ។ ប៉ុន្តែកិច្ចការនៃការស្តារឡើងវិញទើបតែបានចាប់ផ្ដើមប៉ុណ្ណោះ ។ វាជាក់ច្បាស់មកពីវិវរណៈមុនៗថា បន្ថែមលើគោលលទ្ធិ និងសិទ្ធិអំណាចបព្វជិតភាពដែលបានស្ដារឡើងវិញ ព្រះអម្ចាស់សព្វព្រះទ័យឲ្យស្ដារអង្គការជាផ្លូវការឡើងវិញ—គឺសាសនាចក្ររបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥៣, ១៨:៥ ) ។ ដូច្នេះនៅថ្ងៃទី ៦ ខែ មេសាឆ្នាំ ១៨៣០ មានអ្នកជឿជាង ៤០ នាក់បានប្រជ្រៀតគ្នានៅក្នុងផ្ទះរបស់គ្រួសារវិតមើរនៅភូមិហ្វាយ៉ែត រដ្ឋញូវយ៉ក ដើម្បីធ្វើជាសាក្សីដល់ការរៀបចំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។
មានមនុស្សមួយចំនួននៅតែងឿងឆ្ងល់ថា ហេតុអ្វីចាំបាច់ត្រូវរៀបចំសាសនាចក្រឡើង ? ចម្លើយអាចរកបានយ៉ាងហោចណាស់ជាផ្នែក នៅក្នុងវិវរណៈដែលភ្ជាប់នឹងការប្រជុំសាសនាចក្រដំបូងបំផុតនៅឆ្នាំ ១៨៣០ ។ នៅត្រង់នេះ ពរជ័យដែលត្រូវបានរៀបរាប់នឹងមិនអាចកើតមានបានទេ ប្រសិនបើគ្មានសាសនាចក្រពិតរបស់ព្រះយេស៊ូវគ្រីស្ទ « ដែលបានរៀបចំ និងតាំងឡើងយ៉ាងត្រឹមត្រូវ » នៅថ្ងៃចុងក្រោយទេនោះ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:១ ) ។
សូមមើលផងដែរ Saints ១:៨៤–៨៦, និង « Build Up My Church » Revelations in Context ទំព័រ ២៩–៣២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:១–៣៦
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថាបនានៅលើគោលលទ្ធិដ៏ពិត ។
កណ្ឌទី ២០ ត្រូវបានណែនាំថាជា « វិវរណៈអំពីការរៀបចំ និងការគ្រប់គ្រងសាសនាចក្រ » ( ក្បាលកណ្ឌ ) ។ ប៉ុន្ដែពីមុនដាក់ចេញគោលនយោបាយរបស់សាសនាចក្រ តំណែងបព្វជិតភាព និងនីតិវិធីសម្រាប់ការធ្វើពិធីបរិសុទ្ធ វិវរណៈនេះចាប់ផ្ដើមដោយការបង្រៀនពីគោលលទ្ធិគ្រឹះ ។ នៅពេលបងប្អូនអាន ៣៦ ខគម្ពីរដំបូងក្នុងវិវរណៈនេះ សូមសួរខ្លួនឯងពីមូលហេតុនៃការណ៍នេះ ។ បងប្អូនក៏អាចធ្វើបញ្ជីនៃសេចក្ដីពិតដំណឹងល្អដែលបងប្អូនរកឃើញបានដែរ ។ នេះគឺជាឧទាហរណ៍មួយចំនួន ៖
-
ព្រះគម្ពីរមរមន និងតួនាទីនៅក្នុងការស្ដារឡើងវិញ ( ខទី ៨–១២ )
-
និស្ស័យនៃព្រះ ( ខទី ១៧–១៩ )
-
ដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( ខទី ២០–២៧ )
ហេតុអ្វីសេចក្ដីពិតទាំងនេះមានសារសំខាន់ក្នុងការគូសបញ្ជាក់ កាលសាសនាចក្រត្រូវបានស្ថាបនាឡើង ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៧៥–៧៩
ពិធីបរិសុទ្ធដ៏ពិសិដ្ឋគឺជាផ្នែកដ៏សំខាន់នៃសាសនាចក្រដែលបានស្ដារឡើងវិញ ។
នៅពេលសាសនាចក្រត្រូវបានរៀបចំឡើង ព្រះអម្ចាស់បានបង្រៀនពួកបរិសុទ្ធទ្រង់អំពីពិធីបរិសុទ្ធដ៏ពិសិដ្ឋ រួមមានពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ ។ នៅពេលបងប្អូនអានការណែនាំ « ស្ដីអំពីរបៀបធ្វើបុណ្យជ្រមុជទឹក » នៅក្នុង ខទី ៣៧ សូមគិតអំពីបុណ្យជ្រមុជទឹករបស់បងប្អូនផ្ទាល់ ។ តើបងប្អូនបានមានអារម្មណ៍ដូចបានរៀបរាប់នៅក្នុងខនេះទេ ? តើបងប្អូនមានអារម្មណ៍នោះនៅពេលនេះទេ ? សូមពិចារណាអំពីអ្វីដែលបងប្អូនអាចធ្វើដើម្បីរក្សាការ « ប្ដេជ្ញាថានឹងបម្រើ [ ព្រះយេស៊ូវគ្រីស្ទ ] ដល់ចុងបំផុត » ឲ្យរស់រវើក ។
នៅពេលបងប្អូនអានអំពីពិធីសាក្រាម៉ងនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥–៧៩ សូមព្យាយាមអានការអធិស្ឋានដ៏ពិសិដ្ឋទាំងនេះមកពីទស្សនវិស័យរបស់នរណាម្នាក់ ដែលស្ដាប់ឮវាជាលើកដំបូង ។ តើបងប្អូនទទួលបានការយល់ដឹងអ្វីខ្លះអំពីពិធីសាក្រាម៉ង់ ? អំពីខ្លួនឯង ? តើការយល់ដឹងទាំងនេះអាចមានឥទ្ធិពលលើរបៀប ដែលបងប្អូនរៀបចំខ្លួនទទួលសាក្រាម៉ង់នៅសប្ដាហ៍នេះដោយរបៀបណា ?
គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៣៨–៦០
ការបម្រើបព្វជិតភាពប្រទានពរដល់សមាជិកសាសនាចក្រ និងក្រុមគ្រួសាររបស់ពួកគេ ។
បើនរណាម្នាក់សួរបងប្អូនពីឈ្មោះនៃកាតព្វកិច្ចរបស់អ្នកកាន់បព្វជិតភាព តើបងប្អូននឹងឆ្លើយយ៉ាងណា ? សូមអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៨–៦០ ដែលចែងពីកាតព្វកិច្ចនៃតំណែងបព្វជិតភាពផ្សេងៗ ។ តើមានអ្វីនៅក្នុងខគម្ពីរទាំងនេះផ្លាស់ប្ដូរការគិតរបស់បងប្អូនអំពីកាតព្វកិច្ចបព្វជិតភាព និងរបៀបដែលព្រះអង្គសង្គ្រោះធ្វើកិច្ចការរបស់ទ្រង់ដែរឬទេ ? តើបងប្អូនទទួលបានពរដោយសារកិច្ចការដែលបានរៀបរាប់នៅក្នុងខគម្ពីរទាំងនេះដោយរបៀបណា ?
ដើម្បីរៀនអំពីរបៀបដែលស្ដ្រីអនុវត្តសិទ្ធិអំណាចបព្វជិតភាពនៅក្នុងកិច្ចការសាសនាចក្រ សូមមើល ដាល្លិន អេក អូក « The Keys and Authority of the Priesthood » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានដឹកនាំដោយព្យាការីដែលនៅរស់ម្នាក់ ។
តើបងប្អូនរៀនបានអ្វីខ្លះមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤–៩ អំពីពាក្យសម្ដីរបស់ព្យាការីនៃព្រះអម្ចាស់ ? សូមគិតពីការសន្យាដែលមានរៀបរាប់នៅក្នុង ខទី ៦ សម្រាប់អស់អ្នកដែលទទួលបានបន្ទូលរបស់ព្រះអម្ចាស់តាមរយៈព្យាការីរបស់ទ្រង់ ។ តើសេចក្ដីសន្យាទាំងនេះមានន័យយ៉ាងដូចម្ដេចដែរចំពោះបងប្អូន ?
តើបងប្អូនអាចទទួលបានពាក្យសម្ដីរបស់ព្យាការីដែលនៅរស់ « ហាក់ដូចជាបានមកពីព្រះឱស្ឋរបស់ [ ព្រះ ] ផ្ទាល់ » ដោយរបៀបណា ? ( ខទី ៥ ) ។ តើព្យាការីសព្វថ្ងៃនេះបានផ្ដល់ការប្រឹក្សាអ្វីខ្លះ ដែលអាចនាំទៅរកពរជ័យដែលបានសន្យានៅក្នុង ខទី ៦ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០ ។តើយើងនឹងនិយាយអ្វីខ្លះ បើនរណាម្នាក់សួរយើងថា ហេតុអ្វីយើងត្រូវការសាសនាចក្រ ? តើយើងរកឃើញចម្លើយអ្វីខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ២០ ? សូមមើលផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « Why the Church » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ១០៨–១១ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៦៩ ។តើការ « ដើរក្នុងបរិសុទ្ធភាពនៅចំពោះព្រះអម្ចាស់ » មានន័យដូចម្ដេច ? វាអាចជារឿងគួរឲ្យសប្បាយសម្រាប់សមាជិកគ្រួសារ ពេលគូរ ឬសរសេរនៅលើក្រដាសអំពីរឿងមួយចំនួនដែលអាចជួយពួកគេឲ្យដើរក្នុងបរិសុទ្ធភាព ឬរឿងដែលអាចបង្អាក់គេពីការធ្វើដូច្នោះ ។ រួចហើយ ពួកគេអាចបង្កើតផ្លូវមួយដោយប្រើក្រដាសនោះ ហើយព្យាយាមដើរលើផ្លូវនោះ ដោយបោះជំហានតែលើគំនូរដែលនឹងនាំពួកគេទៅរកព្រះគ្រីស្ទប៉ុណ្ណោះ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៣៧, ៧១–៧៤ ។បើនរណាម្នាក់ក្នុងគ្រួសាររបស់បងប្អូនមិនទាន់បានជ្រមុជទឹកនៅឡើយ ខគម្ពីរទាំងនេះអាចដឹកនាំទៅរកការពិភាក្សាមួយអំពីរបៀបរៀបចំខ្លួនសម្រាប់បុណ្យជ្រមុជទឹក ( សូមមើល ខទី ៣៧ ) និងរបៀបធ្វើបុណ្យជ្រមុជទឹក ( សូមមើល ខទី៧១–៧៤ ) ។ សមាជិកគ្រួសារអាចចែកចាយរូបភាព ឬអនុស្សាវរីយ៍មកពីថ្ងៃជ្រមុជទឹករបស់ពួកគេ ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៥–៧៩ ។តើគ្រួសាររបស់បងប្អូនអាចប្រើខគម្ពីរទាំងនេះ ដើម្បីរៀបចំខ្លួនសម្រាប់បទពិសោធន៍ដ៏មានអត្ថន័យ និងគារវភាពក្នុងពិធីសាក្រាម៉ង់ដោយរបៀបណា ? ខគម្ពីរទាំងនេះអាចផ្ដល់យោបល់អំពីអ្វី ដែលបងប្អូនអាចពិចារណាអំឡុងពេលសាក្រាម៉ង់ ហើយសមាជិកគ្រួសារអាចរកមើល ឬគូររូបភាពនៃរឿងទាំងនោះ ។ តាមការគួរ បងប្អូនអាចយករូបភាពទាំងនោះទៅក្នុងការប្រជុំសាក្រាម៉ង់លើកក្រោយរបស់បងប្អូន ទុកជាការរំឭកមួយអំពីអ្វីដែលត្រូវគិតអំឡុងពេលសាក្រាម៉ង់ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៤–៧ ។សូមអញ្ជើញសមាជិកគ្រួសារឲ្យរកមើលពាក្យ និងឃ្លានានានៅក្នុង ខទី ៤–៥ ដែលបង្រៀនយើងអំពីការធ្វើតាមព្យាការីរបស់ព្រះអម្ចាស់ ។ តើការទទួលយកពាក្យសម្ដីរបស់ព្យាការីដោយសេចក្ដីអត់ធន់មានន័យយ៉ាងណា ? ដោយសេចក្ដីជំនឿមានន័យដូចម្ដេច ? តើយើងបានទទួលពរជ័យដែលបានសន្យានៅក្នុងខទី ៦ នៅពេលណា ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « សាសនាចក្រព្រះយេស៊ូវគ្រីស្ទ » សៀវភៅចម្រៀងកុមារ ទំព័រ ៤៨ ។