« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨–១៩ ៖ ‹ តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨–១៩ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨–១៩
« តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ »
វិវរណៈនៅក្នុងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញាត្រូវបានប្រទានជាការឆ្លើយតបនឹងស្ថានភាពជាក់លាក់ជិត ២០០ ឆ្នាំកន្លងទៅ ប៉ុន្ដែគោលការណ៍ដែលវាបង្រៀនអនុវត្តបានមិនចេះចប់ ។ សូមរកមើលគោលការណ៍ទាំងនេះ កាលបងប្អូនអាន ហើយពិចារណាពីរបៀបដែលវាអនុវត្តចំពោះបងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ម៉ាទិន និងលូស៊ី ហារីស មានចំការដ៏ល្អបំផុតមួយនៅភូមិប៉ាលម៉ៃរ៉ា រដ្ឋនូវយ៉ោក ។ ពួកគេចំណាយពេលរាប់ឆ្នាំទម្រាំបានចម្ការនេះ ធ្វើឲ្យពួកគេអាចចិញ្ចឹមគ្រួសារ និងផ្ដល់តម្លៃខ្ពស់ដល់ពួកគេនៅក្នុងសហគមន៍ ។ ប៉ុន្ដែនៅឆ្នាំ ១៨២៩ វាច្បាស់ណាស់ថា ព្រះគម្ពីរមរមនអាចបោះពុម្ពបាន ទាល់តែម៉ាទិនដាក់បញ្ចាំចម្ការគាត់ដើម្បីបង់ថ្លៃបោះពុម្ព ។ ម៉ាទិនបានមានទីបន្ទាល់អំពីព្រះគម្ពីរមរមន ប៉ុន្ដែលូស៊ីមិនមានទេ ។ ប្រសិនបើម៉ាទិនបន្ដទៅបញ្ចាំ ហើយព្រះគម្ពីរមរមនមិនអាចលក់ដាច់ នោះគាត់នឹងបាត់បង់ចម្ការគាត់ ហើយអាពាហ៍ពិពាហ៍គាត់នឹងល្អក់កករ ។ នៅពេលខ្លះ យើងទាំងអស់គ្នានឹងជួបសំណួរស្រដៀងនឹងអ្វីដែលម៉ាទិនអាចបានជួបដែរ ៖ តើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមានតម្លៃអ្វីសម្រាប់ខ្ញុំ ? តើខ្ញុំស្ម័គ្រចិត្តនឹងលះបង់អ្វីដើម្បីជួយកសាងនគររបស់ព្រះ ? វាអាចជួយយើងឲ្យចងចាំថា គ្មាននរណាម្នាក់ធ្លាប់បានបង់ថ្លៃខ្ពស់ជាងព្រះយេស៊ូវគ្រីស្ទ ដើម្បីផ្ដល់ពរដល់បុត្រាបុត្រីរបស់ព្រះឡើយ ទ្រង់ជា « ព្រះដែលមហិមាលើអ្វីៗទាំងអស់ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨ ) ។
ម៉ាទិនបានសម្រេចចិត្តបញ្ចាំចម្ការរបស់គាត់ ។ ការលះបង់របស់គាត់បានបង់ថ្លៃបោះពុម្ពព្រះគម្ពីរមរមនលើកដំបូង ចំនួន ៥០០០ ក្បាល ។ ហើយឥឡូវនេះ ក្រោយពីមានជាង ១៩០ លានក្បាល ព្រលឹងរាប់លានទូទាំងពិភពលោកទទួលបានពរជ័យ ។
សម្រាប់ព័ត៌មានបន្ថែមអំពីការបោះពុម្ពព្រះគម្ពីរមរមន សូមមើល ពួកបរិសុទ្ធ ១:៧៦–៨៤ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៦
ព្រះអម្ចាស់អរព្រះទ័យ នៅពេលយើងប្រែចិត្ត ។
សូមកត់សម្គាល់ពីចំនួនដងនៃពាក្យ ប្រែចិត្ត និង ការប្រែចិត្ត ត្រូវបានប្រើពេញក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨ និង ១៩ ហើយពិចារណាពីអ្វីដែលបងប្អូនបានរៀនពីពាក្យទាំងនេះ រាល់ពេលដែលវាត្រូវបានប្រើ ។ ជាពិសេសសូមគិតពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៦ តើខគម្ពីរទាំងនេះជះឥទ្ធិពលលើអារម្មណ៍របស់បងប្អូនអំពីការប្រែចិត្តយ៉ាងដូចម្ដេច—ការប្រែចិត្តផ្ទាល់របស់បងប្អូន និងកាពត្វកិច្ចក្នុងការអញ្ជើញមនុស្សដទៃឲ្យប្រែចិត្ត ?
សូមមើលផងដែរ អាលម៉ា ៣៦:១៨–២១; ឌែល ជី រិនឡាន់ « Repentance: A Joyful Choice » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២១–២៤ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣៤–៣៦
ខ្ញុំអាចឮសំឡេងរបស់ព្រះអម្ចាស់នៅក្នុងគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ។
បើនរណាម្នាក់សួរបងប្អូនថា តើសំឡេងរបស់ព្រះអម្ចាស់ដូចម្ដេចទៅ តើបងប្អូននឹងឆ្លើយយ៉ាងណា ? សូមគិតអំពីសំណួរនេះ នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣៤–៣៦ ។ តើបងប្អូនបានរៀនអ្វីខ្លះអំពីសំឡេងរបស់ព្រះអម្ចាស់ មកពីការអានគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ? តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីស្ដាប់ឮសំឡេងរបស់ទ្រង់កាន់តែច្បាស់ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខ ដើម្បីឲ្យខ្ញុំអាចប្រែចិត្ត និងមករកទ្រង់បាន ។
ព្រះគម្ពីរសញ្ញាថ្មីពិពណ៌នាការរងទុក្ខរបស់ព្រះអង្គសង្គ្រោះនៅសួនច្បារគេតសេម៉ានី ចេញពីទស្សនវិស័យនៃអស់អ្នកដែលបានសង្កេតការណ៍នេះ ។ នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៥–២០ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលអំពីការរងទុក្ខរបស់ទ្រង់ជាព្រះបន្ទូលផ្ទាល់របស់ទ្រង់ ។ នៅពេលបងប្អូនអានដំណើររឿងដ៏ពិសិដ្ឋ និងផ្ទាល់ខ្លួននេះ សូមរកមើលពាក្យ និងឃ្លាទាំងឡាយ ដែលពិពណ៌នាអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាពីអ្វីដែលពាក្យ ឬឃ្លានីមួយៗបង្រៀនបងប្អូន ។ ហេតុអ្វីក៏ព្រះអង្គសង្គ្រោះស្ម័គ្រព្រះទ័យរងទុក្ខ ? សូមពិចារណាកត់ត្រាអារម្មណ៍របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ និងពលិកម្មរបស់ទ្រង់សម្រាប់បងប្អូន ។
សូមមើល យ៉ូហាន ១៥:១៣, ម៉ូសាយ ៣:៧, អាលម៉ា ៧:១១–១២, គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១៣ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៦–២៧, ៣៤–៤១
ពរជ័យរបស់ព្រះគឺអស្ចារ្យជាងរតនសម្បត្តិលើផែនដីនេះ ។
ព្រះគម្ពីរមរមនមិនសូវលក់ដាច់នៅក្នុងភូមិប៉ាល់ម៉ៃរ៉ាទេ ហើយជាលទ្ធផល ម៉ាទិន ហារីស ត្រូវលក់ចម្ការមួយផ្នែកដ៏ធំដើម្បីបង់ថ្លៃបំណុល ( សូមមើល « The Contributions of Martin Harris » Revelations in Context ទំព័រ ៧–៨ ) ។ សូមសញ្ជឹងគិតពីការលះបង់នោះ—និងពរជ័យដែលបងប្អូនបានទទួលដោយសារតែការណ៍នេះ—នៅពេលបងប្អូនអានខគម្ពីរទាំងនេះ ។ បងប្អូនក៏អាចគិតអំពីអ្វីដែលព្រះអម្ចាស់បានសុំឲ្យបងប្អូនលះបង់ផងដែរ ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលបំផុសគំនិតបងប្អូនឲ្យធ្វើការលះបង់ទាំងនេះ ដោយ « អំណរ » និង « ការរីករាយ » ( សូមមើលផងដែរ ខទី ១៥–២០ ) ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣
សេចក្ដីសុខសាន្ដកើតពីការរៀនសូត្រអំពីព្រះយេស៊ូវគ្រីស្ទ និងការធ្វើតាមទ្រង់ ។
សូមពិចារណាពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « រៀនអំពីយើង » ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៩ ? សូមកត់ត្រាគំនិតរបស់បងប្អូន ហើយសញ្ជឹងគិតពីរបៀបដែលសេចក្ដីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះជួយបងប្អូនឲ្យរកឃើញសេចក្ដីសុខសាន្ដ ។ តើវាន័យចំពោះបងប្អូនយ៉ាងដូចម្ដេចដែលត្រូវ « ដើរក្នុងភាពស្លូតបូតនៃព្រះវិញ្ញាណរបស់ [ ទ្រង់ ] » ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១–៥ ។ប្រហែលសមាជិកគ្រួសារអាចចែកចាយពី « កាលៈទេសៈជាច្រើន » ( ខទី ២ ) មួយចំនួនដែលព្រះវិញ្ញាណបានបើកសម្ដែងដល់ពួកគេថា ព្រះគម្ពីរគឺពិត ដូចជាទ្រង់បានធ្វើសម្រាប់ អូលីវើរ ខៅឌើរី ដែរ ។ តើគ្រួសាររបស់បងប្អូនអាច « ពឹងទៅលើការណ៍ទាំងនោះ ដែលបានសរសេរទុក » ( ខទី ៣ ) នៅក្នុងខគម្ពីរនេះដោយរបៀបណា ? តើបងប្អូនអាចសាងគ្រឹះនៃគ្រួសាររបស់បងប្អូននៅលើ « ថ្មដា » ( ខទី ៤ ) នៃដំណឹងល្អដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៣; ១៩:១៦–១៩ ។សមាជិកគ្រួសារម្នាក់ៗអាចអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១៣ ហើយជំនួសឈ្មោះរបស់ខ្លួនលើពាក្យ « ព្រលឹងទាំងឡាយ », « ព្រលឹងណា » និង « មនុស្សលោកទាំងអស់ » ។ រួចហើយបងប្អូនអាចពិភាក្សាពីរបៀប ដែលខគម្ពីរទាំងនេះជួយយើងឲ្យយល់ពីតម្លៃរបស់យើងចំពោះព្រះវរបិតា និងព្រះរាជបុត្រា ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦–១៩ ) ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:២១–២៥ ។តើឈ្មោះសមាជិកគ្រួសារបងប្អូនមានអត្ថន័យជាពិសេសដែរឬទេ ? ប្រហែលបងប្អូនអាចជជែកពីមូលហេតុដែលឈ្មោះមានសារសំខាន់ និងអត្ថន័យនៃការលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ៥:៧ ) ។ ការណ៍នេះអាចជាឱកាសល្អមួយដើម្បីជួយសមាជិកគ្រួសារ ឲ្យរៀបចំខ្លួនលើកដាក់ព្រះនាមរបស់ព្រះគ្រីស្ទមកលើខ្លួនគេ នៅពេលពួកគេជ្រមុជទឹក ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៥–២០ ។ដើម្បីជួយគ្រួសាររបស់បងប្អូនឲ្យមានបទពិសោធន៍ដ៏មានអត្ថន័យជាមួយខគម្ពីរទាំងនេះ ប្រហែលបងប្អូនអាចអានដល់ពួកគេ ខណៈបង្ហាញរូបភាពនៃព្រះយេស៊ូវគ្រីស្ទ ( រូបភាពក្នុងគម្រោងមេរៀននេះ ) ។ រួចហើយសមាជិកគ្រួសារអាចចែកចាយអារម្មណ៍របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។ ទំនុកតម្កើងចំណូលចិត្តមួយអំពីព្រះអង្គសង្គ្រោះក៏អាចអញ្ជើញយាងព្រះវិញ្ញាណបានដែរ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ទំនុកតម្កើង ល.រ ១១៥ ។