« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៤–១៧ ៖ ‹ ឈរជាសាក្សី › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៥–២១ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤–១៧ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១៥–២១ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤-១៧
« ឈរជាសាក្សី »
ពេលខ្លះគ្រួសារ និងមិត្តភក្ដិរបស់យ៉ូសែប ស្ម៊ីធ បានសូមឲ្យគាត់ស្វែងរកវិវរណៈអំពីអ្វីដែលព្រះសព្វព្រះទ័យឲ្យពួកគេធ្វើ ។ នៅពេលបងប្អូនអានវិវរណៈទាំងនេះ សូមគិតអំពីទិសដៅណាដែលព្រះមានសម្រាប់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ទោះបីជាកិច្ចការបកប្រែដំណើរការទៅមុខបានល្អក្ដី ក៏នៅត្រឹមខែ ឧសភា ឆ្នាំ ១៨២៩ ស្ថានភាពនៅក្នុងភូមិហាម៉ូនីបានកាន់តែពិបាកសម្រាប់យ៉ូសែប អិមម៉ា និងអូលីវើរដែរ ។ ការធ្វើទុក្ខពីអ្នកជិតខាងបានកើនឡើង ខណៈដែលការគាំទ្រពីក្រុមគ្រួសាររបស់អិមម៉ាបានថយចុះ ។ ដោយមានអារម្មណ៍ថា ភូមិហាម៉ូនី លែងមានសុវត្ថិភាពទៀត នោះអូលីវើរ បានទៅជួបមិត្តម្នាក់ ដែលបានបង្ហាញចំណាប់អារម្មណ៍លើកិច្ចការរបស់យ៉ូសែប ៖ ដាវីឌ វិតមើរ ។ ដាវីឌ បានរស់នៅជាមួយឪពុកម្ដាយ និងបងប្អូនលោកក្នុងភូមិហ្វាយ៉ែត ទីក្រុងញូវ យ៉ក ដែលមានចម្ងាយប្រហែល ១៦០ គីឡូម៉ែត្រពីភូមិហាម៉ូនី ។ គាត់បានជួបនឹងអូលីវើរមួយឆ្នាំមុន ហើយអូលីវើរបានសរសេរសំបុត្របីបួនច្បាប់ទៅកាន់គាត់តាំងពីពេលនោះមក ដោយចែកចាយបទពិសោធន៍គាត់ក្នុងការធ្វើការជាមួយព្យាការី ។ ទាំងដាវីឌ ទាំងគ្រួសារគាត់មិនធ្លាប់បានជួបយ៉ូសែបពីមុនមកទេ ។ ប៉ុន្ដែនៅពេលអូលីវើរបានសួរថា តើគាត់ និងយ៉ូសែបអាចផ្លាស់មករស់នៅផ្ទះរបស់វិតមើរដើម្បីបញ្ចប់ការបកប្រែព្រះគម្ពីរមរមនបានឬអត់ នោះគ្រួសារវិតមើរបានត្រៀមទទួលជាស្រេច ។ ហើយព្រះអម្ចាស់មានពរជ័យជាច្រើនទុកសម្រាប់គ្រួសារវិតមើរ ជាងការគ្រាន់តែឲ្យព្យាការីសំណាក់នៅទៅទៀត ។ ទ្រង់បានផ្តល់ការណែនាំជាក់លាក់មួយចំនួនសម្រាប់ពួកគេ ដែលមាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៤–១៧ ហើយកាលវេលាកន្លងទៅ ពួកគេនឹងក្លាយជាគ្រួសារដំបូងគេមួយក្នុងសាសនាចក្រ ហើយធ្វើជាសាក្សីចំពោះការស្ដារឡើងវិញដែលនឹងលាងត្រដាងឡើង ។
សម្រាប់ព័ត៌មានបន្ថែមអំពីគ្រួសារវិតមើរ សូមមើល Saints ១:៦៨–៧១ ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចចូលរួមក្នុង « កិច្ចការដ៏ធំ និងអស្ចារ្យ » របស់ព្រះបាន ។
នៅពេលដាវីឌ វិតមើរបានជួបយ៉ូសែប ស៊្មីធ គាត់គឺជាយុវជនដែលខិតខំធ្វើការខ្លាំងក្នុងចម្ការគ្រួសារគាត់ ។ ប៉ុន្ដែព្រះអម្ចាស់មានព្រះទ័យឲ្យការងារផ្សេងមួយទៀតទៅដាវីឌ—ទោះជាវាប្រហាក់ប្រហែលនឹងការធ្វើការក្នុងចម្ការបន្ដិចក្ដី ។ នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:១–៤ សូមកត់សម្គាល់ពីរបៀបដែលព្រះអម្ចាស់ប្រៀបធៀបកិច្ចការរបស់ទ្រង់ ទៅនឹងប្រភេទការងារដែលដាវីឌធ្លាប់ធ្វើ ។ តើបងប្អូនរៀនបានអ្វីខ្លះអំពីកិច្ចការរបស់ព្រះអម្ចាស់ ចេញពីការប្រៀបធៀបនេះ ?
តើបងប្អូនអាច « លូកកណ្ដៀវរបស់ [ បងប្អូន] » ដោយរបៀបណា ? ( ខទី ៤ ) ។ សូមកត់សម្គាល់សេចក្ដីសន្យា ដែលបានប្រទានពេញមួយកណ្ឌនេះទៅកាន់អស់អ្នកដែល « ស្វែងរកដើម្បីនាំមក ហើយតាំងឡើងក្រុងស៊ីយ៉ូន » ( ខទី ៦ ) ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៤:២
ព្រះបន្ទូលរបស់ព្រះគឺ « រស់នៅ ហើយពូកែផង » ។
ព្រះអម្ចាស់បានប្រៀបធៀបព្រះបន្ទូលរបស់ទ្រង់ទៅនឹង « ដាវមានមុខពីរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:២ ) ។ តើការប្រៀបធៀបនេះផ្ដល់យោបល់អ្វីខ្លះដល់បងប្អូនអំពីបន្ទូលរបស់ព្រះ ? ឧទាហរណ៍ តើព្រះបន្ទូលរបស់ទ្រង់រស់នៅ ពូកែ និងមុតដោយរបៀបណា ? តើបងប្អូនបានដកពិសោធន៍អានុភាពនៃបន្ទូលរបស់ព្រះដោយរបៀបណា ?
សូមគិតពីរបៀបផ្សេងទៀត ដែលព្រះរៀបរាប់ពីព្រះបន្ទូលរបស់ទ្រង់ ។ ឧទាហរណ៍ តើបងប្អូនបានរៀនអ្វីខ្លះអំពីបន្ទូលរបស់ព្រះ ចេញពីការប្រៀបធៀបនៅក្នុងវគ្គដូចខាងក្រោមនេះ ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧
ជីវិតដ៏នៅអស់កល្បជានិច្ចគឺជា ‹ អំណោយទានដ៏មហិមាបំផុតនូវគ្រប់អំណោយទានទាំងឡាយនៃព្រះ » ។
នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្ដី សញ្ញា ១៤:៧ សូមពិចារណាពីមូលហេតុដែលជីវិតដ៏នៅអស់កល្បជានិច្ចគឺជា « អំណោយទានដ៏មហិមាបំផុតក្នុងចំណោមអំណោយទានទាំងឡាយរបស់ព្រះ » ។ ការយល់ដឹងនេះមកពីប្រធាន រ័សុល អិម ណិលសុន អាចជួយបាន ៖ « ដោយសារផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះ ក្រុមគ្រួសារអាចបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ ហើយរៀបចំដើម្បីត្រឡប់ទៅរស់នៅក្នុងវត្តមានដ៏បរិសុទ្ធរបស់ទ្រង់ជារៀងរហូត ។ នោះហើយជាជីវិតដ៏នៅអស់កល្បជានិច្ច ! »( « Thanks Be to God » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។
សូមគិតដល់ការបន្ថែមសេចក្ដីយោងដល់ ខទី ៧ ដែលជួយបងប្អូនឲ្យយល់កាន់តែច្បាស់អំពីជីវិតដ៏នៅអស់កល្បជានិច្ច ( សូមមើល « ជីវិតដ៏នៅអស់កល្បជានិច្ច » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើបងប្អូនរៀនអ្វីខ្លះ ដែលបំផុសគំនិតបងប្អូនឲ្យព្យាយាមទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១៥–១៦
ការនាំព្រលឹងមកកាន់ព្រះគ្រីស្ទគឺមានតម្លៃដ៏មហិមា ។
ទាំងយ៉ូហាន និងពេត្រុស វិតមើរ ចង់ដឹងពីអ្វីដែល « មានតម្លៃបំផុត » ក្នុងជីវិតរបស់ពួកគេ ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៥:៤; ១៦:៤ ) ។ តើបងប្អូនធ្លាប់ងឿងឆ្ងល់អំពីរឿងនេះសម្រាប់ខ្លួនរបស់បងប្អូនដែរឬទេ ? នៅពេលបងប្អូនអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥–១៦ សូមពិចារណាពីមូលហេតុដែលការនាំព្រលឹងទាំងឡាយមកកាន់ព្រះគ្រីស្ទគឺមានតម្លៃដ៏មហិមា ។ តើបងប្អូនអាចអញ្ជើញព្រលឹងមកកាន់ព្រះគ្រីស្ទដោយរបៀបណា ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០–១៦ ។
ព្រះអម្ចាស់ប្រើសាក្សីទាំងឡាយដើម្បីស្ថាបនាព្រះបន្ទូលរបស់ទ្រង់ ។
តើសាក្សីមានន័យដូចម្ដេច ? ហេតុអ្វីព្រះអម្ចាស់ប្រើសាក្សីទាំងឡាយក្នុងកិច្ចការរបស់ទ្រង់ ? ( សូមមើល កូរិនថូស ទី២ ១៣:១ ) ។ សូមគិតអំពីសំណួរទាំងនេះ នៅពេលបងប្អូនអានបន្ទូលរបស់ព្រះទៅកាន់សាក្សីទាំងបីនាក់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧ ។ វាក៏អាចមានប្រយោជន៍ដែរដើម្បីរំឭក « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » នៅក្នុងព្រះគម្ពីរមរមន ។ តើសាក្សីជួយនាំមកនូវ « គោលបំណងដ៏សុចរិត » ( ខទី ៤ ) របស់ព្រះដោយរបៀបណា ?
តើបងប្អូនបានដឹងថា ម៉ារី វិតមើរក៏ទទួលបានសាក្សីមួយអំពីផ្ទាំងចំណារមាសដែរទេ ? ទេវតាមរ៉ូណៃបានបង្ហាញផ្ទាំងចំណារមាសទាំងនោះដល់នាង ទុកជាការបញ្ជាក់នៃពលិកម្ម ដែលនាងបានលះបង់កាលយ៉ូសែប អិមម៉ា និងអូលីវើរបានរស់នៅក្នុងផ្ទះរបស់នាង ( សូមមើល Saints ១:៧០–៧១ ) ។ តើបងប្អូនរៀនអ្វីខ្លះចេញពីបទពិសោធន៍របស់នាងអំពីការទទួលបានសាក្សី ?
សូមមើល Saints១:៧៣-៧៥លីសេស សូរ៉េស « ការលេចចេញមកនៃព្រះគម្ពីរមរមន » EnsignឬLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣២-៣៥ ។
យោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:១–៤ ។សូមពិចារណាធ្វើការអញ្ជើញគ្រួសារបងប្អូនឲ្យរកមើលឃ្លា ដែលទាក់ទងនឹងការធ្វើចម្ការនៅក្នុងខគម្ពីរទាំងនេះ ។ ហេតុអ្វីព្រះអម្ចាស់អាចប្រៀបធៀបកិច្ចការរបស់ទ្រង់ទៅនឹងការច្រូតកាត់ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយក្នុងកិច្ចការរបស់ទ្រង់ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:២ ។សកម្មភាពសម្រាប់ខគម្ពីរនេះនៅក្នុង « យោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន » មានសរសេរវគ្គបទគម្ពីរមួយចំនួនអំពីបន្ទូលរបស់ព្រះ ។ ប្រហែលសមាជិកគ្រួសារអាចអានវា ហើយចែកចាយអ្វីដែលពួកគេបានរៀន ។ តើវគ្គបទគម្ពីរទាំងនេះបំផុសគំនិតយើងឲ្យ « ស្ដាប់តាម » ព្រះបន្ទូលរបស់ព្រះដោយរបៀបណា ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៥:៦, ១៦:៦ ។ខគម្ពីរទាំងនេះអាចបំផុសឲ្យមានការសន្ទនាអំពីរឿងដែលមានតម្លៃបំផុតក្នុងគ្រួសាររបស់បងប្អូន ( សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ) ។
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៧ ។គ្រួសារបងប្អូនអាចរីករាយនឹងការគូររូបវត្ថុនីមួយៗដែលពួកសាក្សីទាំងបីនាក់បានឃើញ ( សូមមើល ខទី ១ ) ។ នៅពេលបងប្អូនអាន កណ្ឌទី ១៧ សូមរកមើលឃ្លាដែលបង្រៀនអំពីសារៈសំខាន់នៃព្រះគម្ពីរមរមន ។ តើយើងអាចធ្វើជាសាក្សីអំពីព្រះគម្ពីរមរមនដោយរបៀបណា ? គ្រួសារបងប្អូនក៏អាចមើលវីដេអូ « A Day for the Eternities » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) បានដែរ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងដែលបានផ្តល់យោបល់ ៖ « ខ្ញុំនឹងទៅដែលទ្រង់ឲ្យខ្ញុំទៅ » ទំនុកតម្កើង ល.រ. ១៦៨ ។
សំឡេងនៃការស្តារឡើងវិញ
លូស៊ី ម៉ាក ស្ម៊ីធ និង ទីបន្ទាល់នៃពួកសាក្សី បីនាក់ និងប្រាំបីនាក់
ទេវតាមរ៉ូណៃបានបង្ហាញផ្ទាំងចំណារមាសដល់ យ៉ូសែប ស៊្មីធ, អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ និង ម៉ាទិន ហារីស នៅក្នុងព្រៃក្បែរផ្ទះរបស់គ្រួសារវិតមើរក្នុងភូមិហ្វាយ៉ែត ទីក្រុងញូវ យ៉ក ។ ឪពុកម្ដាយរបស់យ៉ូសែបបានទៅលេងគ្រួសារវិតមើរនៅពេលនោះ ។ លូស៊ី ម៉ាក ស្ម៊ីធ ជាម្ដាយរបស់យ៉ូសែប បានពិពណ៌នាពីឥទ្ធិពលនៃបទពិសោធន៍ដ៏អព្ភូតហេតុនេះដែលមានដល់ពួកសាក្សី ៖
« វានៅចន្លោះម៉ោងបី និងបួន ។ លោកស្រី វិតមើរ និងលោកស្ម៊ីធ និង ខ្លួនខ្ញុំកំពុងតែអង្គុយនៅក្នុងបន្ទប់ដេកមួយនៅពេលនោះ ។ ខ្ញុំអង្គុយនៅចំហៀងគ្រែ ។ នៅពេលយ៉ូសែបចូលមក គាត់បានទម្លាក់ខ្លួនគាត់ក្បែរខ្ញុំ ។ គាត់បានពោលថា ‹ ពុក ! ម៉ែ ! › ‹ ពុកម៉ែមិនដឹងទេថា កូនរីករាយប៉ុណ្ណា ។ ព្រះអម្ចាស់បានបណ្ដាលឲ្យមនុស្សបីនាក់ថែមទៀតក្រៅពីកូនបានឃើញផ្ទាំងចំណារនោះ ពួកគេក៏បានឃើញទេវតា ហើយនឹងត្រូវថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃអ្វីដែលកូនបានថ្លែងដែរ ។ ដោយសារពួកគេដឹងដោយខ្លួនគេថា កូនមិនបានដើរបោកប្រាសមនុស្សឡើយ ។ ហើយកូនមានអារម្មណ៍ហាក់ដូចជា កូនបានស្រាកស្រានពីបន្ទុកដ៏ធ្ងន់នេះ ដែលស្ទើរតែធ្ងន់ពេកឲ្យកូនស៊ូទ្រាំទៅហើយ ។ ប៉ុន្ដែឥឡូវនេះ ពួកគេនឹងត្រូវរែកមួយផ្នែក ហើយវាធ្វើឲ្យព្រលឹងកូនអររីករាយ ដែលកូនលែងនៅម្នាក់ឯងទាំងស្រុងក្នុងពិភពលោកនេះទៀតហើយ › ។ រួចម៉ាទិន ហារីសដើរចូលមក ។ គាត់ហាក់ស្ទើរតែសន្ធប់ដោយក្ដីអំណរដ៏ខ្លាំង ។ បន្ទាប់មក គាត់បានថ្លែងទីបន្ទាល់ពីអ្វីដែលគាត់បានឃើញ និងបានឮ ព្រមទាំងអ្នកផ្សេងទៀតផងដែរ គឺអូលីវើរ និងដាវីឌ ។ ទីបន្ទាល់របស់ពួកគេគឺដូចគ្នានឹងអ្វីដែលមាននៅក្នុងព្រះគម្ពីរមរមនដែរ ។ …
« ជាពិសេសម៉ាទិន ហារីសមើលទៅមិនអាចបញ្ចេញអារម្មណ៍របស់គាត់ជាពាក្យសម្ដីបានទេ ។ គាត់បានពោលថា ‹ ឥឡូវ ខ្ញុំបានឃើញទេវតាមកពីស្ថានសួគ៌ ដែលបានថ្លែងទីបន្ទាល់យ៉ាងប្រាកដអំពីសេចក្ដីពិតនៃអ្វីទាំងអស់ ដែលខ្ញុំបានឮទាក់ទងនឹងកំណត់ត្រា ហើយភ្នែកខ្ញុំបានឃើញទ្រង់ ។ ខ្ញុំក៏បានមើលទៅផ្ទាំងចំណារនោះ ហើយបានកាន់វាក្នុងដៃខ្ញុំ ហើយអាចថ្លែងទីបន្ទាល់ដូចគ្នានេះទៅកាន់ពិភពលោកទាំងមូល ។ ប៉ុន្ដែខ្ញុំបានទទួលជាសាក្សីដោយខ្លួនឯងផ្ទាល់ដែលមិនអាចរៀបរាប់ជាពាក្យពេចន៍បានឡើយ អណ្ដាតមិនអាចពិពណ៌នាបាន ហើយខ្ញុំបានថ្វាយដល់ព្រះដោយស្មោះអស់ពីព្រលឹងខ្ញុំ ដែលទ្រង់បន្ទាបរើសខ្ញុំឲ្យធ្វើជាសាក្សីនៃការដ៏អស្ចារ្យនៃកិច្ចការ និងរៀបចំឡើងរបស់ទ្រង់ជំនួស[ឲ្យ] កូនចៅមនុស្ស › ។ អូលីវើរ និងដាវីឌក៏បានចូលរួមនឹងគាត់ក្នុងការសរសើរដល់ព្រះយ៉ាងមុតមាំ សម្រាប់សេចក្ដីល្អ និងមេត្តារបស់ទ្រង់ ។ យើងបានត្រឡប់មកផ្ទះ [ នៅភូមិ ប៉ាលម៉ៃរ៉ា ញូវ យ៉ក ] វិញនៅថ្ងៃបន្ទាប់ក្នុងអារម្មណ៍ដ៏សប្បាយរីករាយ » ។១
លូស៊ី ម៉ាក ស្ម៊ីធ ក៏មានវត្តមានផងដែរ នៅពេលដែលពួកសាក្សីប្រាំបីនាក់បានត្រឡប់មកពីការដកពិសោធន៍របស់ពួកគេវិញ ៖
« ក្រោយពីសាក្សីប្រាំបីនាក់បានត្រឡប់មកផ្ទះវិញ ទេវតាបានបង្ហាញព្រះកាយទ្រង់ម្ដងទៀតមកកាន់យ៉ូសែប ដែលពេលនោះយ៉ូសែបបានកាន់ផ្ទាំងចំណារនៅក្នុងដៃគាត់ ។ នៅល្ងាចនោះ យើងមានការប្រជុំមួយដែលសាក្សីទាំងអស់បានថ្លែងទីបន្ទាល់ចំពោះការពិតដូចបានរៀបរាប់ខាងលើនេះ ហើយគ្រួសារយើងទាំងអស់គ្នា សូម្បីតែដន ខាឡូស [ ស្ម៊ីធ ] ដែលទើបមានអាយុ ១៤ ឆ្នាំ បានថ្លែងទីបន្ទាល់អំពីសេចក្ដីពិតនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ—ថាពេលនោះវាត្រូវបាននាំមកយ៉ាងពេញលេញ » ។២