« ថ្ងៃទី ១–៧ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០–១១ ៖ ‹ ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជម្នះបាន › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរគោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១–៧ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១០–១១ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ១–៧ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០–១១
« ប្រយោជន៍ឲ្យអ្នកអាចក្លាយទៅជាអ្នកជម្នះបាន »
ការកត់ត្រាចំណាប់អារម្មណ៍ ពេលអានព្រះគម្ពីរគឺដូចជាការដាំគ្រាប់ពូជ ទោះជាចំណាប់អារម្មណ៍តូចក្ដី ក៏វាអាចដឹកនាំទៅរកវិវរណៈផ្ទាល់ខ្លួនដ៏មានអត្ថន័យដែរ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ខណៈការបកប្រែព្រះគម្ពីរមរមនបានរីកចម្រើនឡើង សំណួរមួយបានលេចឡើងដោយឯកឯង ៖ តើយ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរីគួរតែធ្វើអ្វីអំពីទំព័របកប្រែទាំងនោះ ដែលបានបាត់ទៅ ? រឿងដែលសមហេតុសមផលអាចជាការត្រឡប់ទៅក្រោយ ហើយបកប្រែផ្នែកនោះជាថ្មី ប៉ុន្ដែព្រះអម្ចាស់អាចឃើញអ្វីមួយដែលពួកគាត់មិនអាចមើលឃើញ—មនុស្សទុច្ចរិតបានគ្រោងផា្លស់ប្ដូរពាក្យនៅលើទំព័រទាំងនោះ ដើម្បីធ្វើឲ្យមានមន្ទិលលើកិច្ចការដ៏បំផុសគំនិតរបស់យ៉ូសែប ។ ព្រះបានមានផែនការមួយដើម្បីបំផ្លាញការខិតខំរបស់សាតាំង ហើយសងសម្រាប់អ្វីដែលបានបាត់ ។ ផែនការនេះបានរៀបចំឡើងតាំងពីរាប់ពាន់ឆ្នាំមុនមកហើយ នៅពេលព្យាការីនីហ្វៃបានមានអារម្មណ៍បំផុសឲ្យបង្កើតកំណត់ត្រាទីពីរ ដែលសរសេរក្នុងពេលវេលាដូចគ្នា ។ ក្រោយមក មរមនត្រូវបានបំផុសឲ្យបញ្ចូលកំណត់ត្រានេះទៅក្នុងព្រះគម្ពីរមរមន « ដើម្បីប្រយោជន៍មួយដ៏សំខាន់ » ដែលព្រះអម្ចាស់ទ្រង់ជ្រាប ( សូមមើល ពាក្យសម្ដីនៃមរមន ១:៣–៧ ) ។
ព្រះអម្ចាស់មានបន្ទូលទៅកាន់យ៉ូសែបថា « ប្រាជ្ញារបស់យើងមហិមាជាងកលល្បិចនៃអារក្សទៅទៀត » ( គោលលទ្ធិ និង សេចក្ដីសញ្ញា១០:៤៣ ) ។ នោះគឺជាសារលិខិតដ៏ធានាអះអាងនៅក្នុងជំនាន់ដូចជាជំនាន់របស់យើង នៅពេលដែលការខិតខំឥតល្ហែរបស់សត្រូវដើម្បីធ្វើឲ្យសេចក្ដីជំនឿចុះខ្សោយកាន់តែកើនខ្លាំងឡើង ។ ដូចជាយ៉ូសែបដែរ យើងអាច « មានចិត្តស្មោះត្រង់ ហើយធ្វើការបន្តទៅទៀត » នៅក្នុងកិច្ចការដែលព្រះបានហៅឲ្យយើងធ្វើ ( ខទី ៣ ) ។ រួចហើយយើងនឹងរកឃើញថា ទ្រង់បានផ្ដល់មធ្យោបាយមួយជាស្រេចដើម្បីឲ្យ « ទ្វារស្ថាននរកនឹងពុំដែលឈ្នះ » ទាស់នឹងយើងឡើង ( ខទី ៦៩ ) ។
សូមមើល Saints ១:៥១–៦១ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:១–៣៣ ។
សាតាំងព្យាយាមបំផ្លាញកិច្ចការរបស់ព្រះ ។
សាតាំងនឹងពេញចិត្ត ពេលយើងភ្លេចថា វានៅមានវត្តមាន—ឬថា យ៉ាងហោចណាស់យើងខកខានមិនស្គាល់ការប៉ុនប៉ងរបស់វាដើម្បីជះឥទ្ធិពលលើយើង ( សូមមើល នីហ្វៃទី២ ២៨:២២–២៣ ) ។ ប៉ុន្ដែបន្ទូលរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០ បើកបង្ហាញថា សាតាំងគឺជាការផ្ទុយដ៏សកម្មឥតស្រាកស្រានទៅនឹងកិច្ចការរបស់ព្រះ ។ កាលបងប្អូនអាន ខទី ១–៣៣ សូមរកមើលរបៀបដែលសាតាំងបានព្យាយាមបំផ្លាញកិច្ចការរបស់ព្រះក្នុងជំនាន់របស់យ៉ូសែប ស៊្មីធ ( សូមមើលផងដែរ ខទី ៦២–៦៣ ) ។ តើបងប្អូនឃើញភាពស្រដៀងគ្នាអ្វីខ្លះ ជាមួយនឹងរបៀបដែលសាតាំងធ្វើការនៅសព្វថ្ងៃនេះ ? បងប្អូនអាចទូលសូមព្រះអម្ចាស់ឲ្យជួយបងប្អូន ឲ្យឃើញពីរបៀបដែលសាតាំងអាចកំពុងល្បួងបងប្អូន ។ តើបងប្អូនរៀនបានអ្វីខ្លះមកពី កណ្ឌទី ១០ ដែលអាចជួយបងប្អូនឲ្យប្រឆាំងនឹងការខំប្រឹងរបស់សាតាំង ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣៤–៥២
« ព្រះប្រាជ្ញារបស់ព្រះគឺធំជាងល្បិចកលរបស់អារក្ស » ។
ជាង ២៤០០ ឆ្នាំមុន ព្រះអម្ចាស់បានរៀបចំជំនួសចំពោះទំព័រព្រះគម្ពីរមរមនទាំងឡាយដែលបានបាត់ ( សូមមើល នីហ្វៃទី១ ៩ ) ។ តើបងប្អូនរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣៤–៥២ ? តើមានភស្ដុតាងអ្វីខ្លះបញ្ជាក់ពីប្រាជ្ញា និងចំណេះដឹងជាមុនរបស់ព្រះអម្ចាស់ ដែលបងប្អូនបានឃើញនៅក្នុងជីវិតរបស់បងប្អូន ?
កំណត់ត្រាដែលព្រះបានរៀបចំដាក់ជំនួសសំណៅសរសេរដៃដែលបាត់នោះ ឥឡូវនេះគឺមាននៅក្នុងគម្ពីរនីហ្វៃទី ១ ដល់គម្ពីរអោមណៃ ។ តើដំណើររឿង និងការបង្រៀនទាំងឡាយនៅក្នុងកំណត់ត្រានេះ « បញ្ចេញយោបល់កាន់តែជ្រាលជ្រៅទៅទៀតអំពីដំណឹងល្អ » យ៉ាងដូចម្ដេច ?( គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៤៥ ) ។
បើសិនជាខ្ញុំសូមពីព្រះ នោះខ្ញុំតែងនឹងបានទទួល ។
សមាជិកគ្រួសារ និងមិត្តភក្ដិបីបួននាក់របស់យ៉ូសែប ស្ម៊ីធ បានសូមឲ្យគាត់ស្វែងរកព្រះទ័យរបស់ព្រះអម្ចាស់ជំនួសពួកគេ ។ យ៉ូសែបរីករាយនឹងធ្វើដូច្នោះ ប៉ុន្ដែព្រះអម្ចាស់ក៏មានព្រះទ័យចង់ផ្ដល់វិវរណៈផ្ទាល់ខ្លួនដល់ពួកគេផងដែរ ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១ វិវរណៈមួយដែលយ៉ូសែបបានទទួលសម្រាប់បងប្រុសរបស់លោកឈ្មោះ ហៃរ៉ុម ព្រះអម្ចាស់បានមានបន្ទូលថា « យើងនឹងរំលែកដល់អ្នកនូវព្រះវិញ្ញាណរបស់យើង… ហើយខណៈនោះ អ្នកនឹងដឹង… គ្រប់ទាំងអស់ដែលអ្នកមានបំណងចង់បានពីយើង » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៣–១៤ ) ។
ព្រះអម្ចាស់បានមានបន្ទូលថា បន្ទូលរបស់ទ្រង់គឺសម្រាប់ « មនុស្សទាំងអស់ណា ដែលមានសេចក្ដីប៉ងប្រាថ្នាល្អ ហើយដែលបានលូកកណ្ដៀវរបស់ខ្លួនមកច្រូត » ( ខទី ២៧ ) ។ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១១ តើព្រះអម្ចាស់កំពុងព្យាយាមប្រាប់អ្វីខ្លះដល់បងប្អូនអំពីវិវរណៈផ្ទាល់ខ្លួន ? អំពីការចូលរួមក្នុងកិច្ចការរបស់ព្រះ ? តើមានសារលិខិតផ្សេងទៀតណាខ្លះ ដែលទ្រង់មានសម្រាប់បងប្អូន ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៥–២៦
នៅពេលខ្ញុំព្យាយាមទទួល « បានព្រះបន្ទូលរបស់ [ ព្រះ ] » ខ្ញុំនឹងទទួលបានព្រះវិញ្ញាណ និងព្រះចេស្ដារបស់ទ្រង់ ។
តាំងពីមុនព្រះគម្ពីរមរមនត្រូវបានបកប្រែ ហៃរ៉ុម ស្ម៊ីធមានចិត្តអន្ទះសាចង់ផ្សាយដំណឹងល្អ ។ នៅពេលបងប្អូនអានចម្លើយរបស់ព្រះអម្ចាស់ចំពោះបំណងប្រាថ្នារបស់គាត់ សូមគិតពីអត្ថន័យចំពោះបងប្អូនក្នុងការទទួល « បានព្រះបន្ទូលរបស់ [ ព្រះ ] » ( ខទី ២១ ) ។ តើការទទួលបានបន្ទូលរបស់ព្រះជួយបងប្អូនឲ្យបម្រើក្នុងសាសនាចក្រយ៉ាងដូចម្ដេចខ្លះ ? តើវានាំព្រះចេស្ដារបស់ព្រះមកក្នុងជីវិតរបស់បងប្អូនដោយរបៀបណា ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០:៥ ។តើយើងរៀនអ្វីខ្លះមកពីខគម្ពីរនេះអំពីអំណាចនៃការអធិស្ឋាន ? តើយើង « អធិស្ឋានជានិច្ច » យ៉ាងដូចម្តេច? ( សម្រាប់គំនិតមួយចំនួន សូមមើល ដេវីឌ អេ បែដណា « Pray Always » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៤១–៤៤ ) ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣៨–៤៦ ។ដើម្បីជួយគ្រួសារបងប្អូនឲ្យពិភាក្សាពីរបៀបដែលព្រះអម្ចាស់បានដាក់ជំនួសទំព័រដែលបានបាត់នៃការបកប្រែព្រះគម្ពីរមរមន ប្រហែលសមាជិកគ្រួសារអាចនិយាយអំពីអ្វីមួយដែលពួកគេបានបាត់នាពេលថ្មីៗនេះ ។ តើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលពួកគេបានដឹងថាវាបាត់ ? តើពួកគេមានអារម្មណ៍បែបណា នៅពេលពួកគេរកឃើញវាវិញ ? ទោះបីជាទំព័រព្រះគម្ពីរមរមនដែលបានបាត់នោះមិនដែលរកឃើញវិញក្ដី តើព្រះអម្ចាស់បានរៀបចំជំនួសមកវិញចំពោះការបាត់បង់របស់ពួកគេដោយរបៀបណា ស្របតាម គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៣៨–៤៦ ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១០:៥៥–៧០ ។សូមអញ្ជើញសមាជិកគ្រួសារឲ្យរកមើល ឬគូសចំណាំឃ្លាដែលចាប់ផ្ដើមដោយ « យើងជា » ឬ « យើងនឹង » ។ តើយើងរៀនអ្វីខ្លះមកពីឃ្លា« យើងជា » អំពីព្រះយេស៊ូវគ្រីស្ទ ហើយតើទ្រង់ដូចជាអ្វី ? តើយើងរៀនអ្វីខ្លះមកពីឃ្លា« យើងនឹង » អំពីអ្វីដែលទ្រង់ធ្វើ ? សូមលើកទឹកចិត្តសមាជិកគ្រួសារឲ្យចែកចាយពីរបៀបដែលសេចក្ដីពិតទាំងនេះពង្រឹងដល់សេចក្ដីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១២–១៤ ។ការអានខគម្ពីរទាំងនេះអាចជួយគ្រួសាររបស់បងប្អូនឲ្យស្គាល់ ពេលដែលព្រះវិញ្ញាណកំពុងប្រាស្រ័យទាក់ទងជាមួយពួកគេ ។ បងប្អូនអាចបញ្ចាំងពិលនៅលើឥដ្ឋ ហើយអញ្ជើញឲ្យសមាជិកគ្រួសារម្នាក់ទៅរកកន្លែងដែលពន្លឺនោះចាំងទៅ ។ តើការធ្វើតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធដូចជាការណ៍នេះដោយរបៀបណា ? តើបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះដែលបងប្អូនអាចចែកចាយ ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១១:១៥–៣០ ។សូមពិចារណាធ្វើបញ្ជីមួយនៃអ្វីៗ ដែលព្រះអម្ចាស់បានមានបន្ទូលឲ្យហៃរ៉ុម ស្ម៊ីធធ្វើដើម្បីឲ្យគាត់ត្រៀមខ្លួនជាស្រេច ដើម្បីចែកចាយដំណឹងល្អ ។ តើយើងគួរតែធ្វើអ្វីខ្លះក្នុងនាមជាគ្រួសារ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ស្វែងរក គិត អធិស្ឋាន » សៀវភៅចម្រៀងកុមារ ល.រ ៦៦, សូមមើល « យោបល់ដើម្បីកែលម្អការសិក្សាព្រះគម្ពីរជាគ្រួសាររបស់អ្នក » ។