« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨-១៩ ៖ ‹ តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២២–២៨ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨-១៩ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ២២–២៨ ខែ កុម្ភៈ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨-១៩
« តម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ »
ចូរទូលសូមព្រះវរបិតាសួគ៌ឲ្យជួយអ្នកស្វែងរកគោលការណ៍នានានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៨-១៩ ដែលនឹងមានអត្ថន័យជាពិសេសចំពោះកុមារ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៨:២ ហើយពន្យល់ថា ព្រះវិញ្ញាណបានជួយ អូលីវើរ ខៅឌើរី ឲ្យដឹងថាបទគម្ពីរគឺជាការពិត ។ សូមប្រាប់កុមារអំពីបទពិសោធន៍មួយ នៅពេលដែលព្រះវិញ្ញាណបានថ្លែងទីបន្ទាល់ដល់អ្នកថា បទគម្ពីរគឺជាការពិត ។ សូមឲ្យពួកគេចែកចាយបទពិសោធន៍នានានៅពេលដែលពួកគេមានអារម្មណ៍ថា បទគម្ពីរគឺជាការពិត ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១២
យើងម្នាក់ៗគឺមានតម្លៃដ៏មហិមាចំពោះព្រះ ។
នៅពេលកុមារដឹងថាព្រះវរបិតាសួគ៌ស្រឡាញ់ពួកគេ— និងកូនចៅទាំងអស់របស់ទ្រង់— ពួកគេកាន់តែមានទំនុកចិត្ត និងកាន់តែមានចិត្តល្អចំពោះអ្នកដទៃ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមជួយកុមារថាតាម គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ឡើងវិញជាមួយអ្នកឲ្យបានច្រើនដង ។ សូមពន្យល់ថា « ព្រលឹង » សំដៅទៅលើកូនចៅទាំងអស់របស់ព្រះ ។ សូមថា ខ ១០ ជាមួយកុមារឡើងវិញ តែនៅពេលនេះសូមដាក់ជំនួសពាក្យ « ព្រលឹង » ដោយឈ្មោះរបស់កុមារវិញម្ដង ។ ( សូមមើលទំព័រសកម្មភាពនាសប្ដាហ៍នេះផងដែរ ) ។
-
សូមជួយកុមារគិតអំពីអ្វីដែលមនុស្សគិតថាមានតម្លៃ ។ ចូរឲ្យពួកគេផ្លាស់វេនគ្នាមើលទៅក្នុងកញ្ចក់ ហើយនៅពេលពួកគេធ្វើដូច្នោះ សូមប្រាប់កុមារម្នាក់ៗថា ពួកគេគឺជាកូនរបស់ព្រះ ហើយមានតម្លៃដ៏មហិមា ។ សូមថ្លែងទីបន្ទាល់ថាចំពោះព្រះវរបិតាសួគ៌ ពួកគេមានតម្លៃកាន់តែខ្លាំងជាងអ្វីៗទាំងអស់ដែលពួកគេបានគិតមកនោះទៀត ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១៣-១៦ ។
ការចែកចាយដំណឹងល្អនាំមកនូវអំណរដ៏មហិមា ។
តើអ្នកនឹងបំផុសគំនិតកុមារឲ្យអញ្ជើញអ្នកដទៃមករកព្រះគ្រីស្ទ ហើយទទួលបទពិសោធន៍ក្ដីអំណរដ៏មហិមាយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីអ្វីមួយដែលនាំឲ្យអ្នកមានអំណរ ។ សូមឲ្យកុមារម្នាក់ៗប្រាប់ដល់អ្នកអំពីអ្វីដែលនាំឲ្យពួកគេមានអំណរ ។ សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១៣, ១៦ ។ តើអ្វីខ្លះនាំឲ្យព្រះអម្ចាស់មានអំណរ ? តើទ្រង់មានបន្ទូលថាអ្វីខ្លះនឹងនាំឲ្យយើងមានអំណរ ?
-
សូមច្រៀងចម្រៀងមួយបទជាមួយគ្នាអំពីកិច្ចការផ្សព្វផ្សាយសាសនា ដូចជាបទ « ខ្ញុំចង់ក្លាយជាអ្នកផ្សាយសាសនាពេលនេះ » (សៀវភៅចម្រៀងកុមារ ទំព័រ ៩០ ) ហើយជួយកុមារឲ្យគិតអំពីវិធីដែលពួកគេអាចចែកចាយដំណឹងល្អ រួមទាំងនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់ ។ សូមប្រាប់អំពីគ្រាមួយដែលអ្នកបានចែកចាយដំណឹងល្អ ហើយឲ្យកុមារចែកចាយបទពិសោធន៍របស់ពួកគេ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៨-១៩, ២៣–២៤ ។
ព្រះយេស៊ូវ គ្រីស្ទបានគោរពព្រះវរបិតាសួគ៌ ទោះជាវាលំបាកក្ដី ។
ព្រះឆន្ទៈរបស់ព្រះអង្គសង្គ្រោះ « ផឹកពែងល្វីង ហើយ [មិន] រួញខ្លាច » ( ខ ១៨ ) គឺជាគំរូមួយសម្រាប់យើងទាំងអស់គ្នាក្នុងការគោរពតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ ។ សូមពិចារណាអំពីរបៀបដែលអ្នកនឹងបំផុសគំនិតកុមារឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញរូបភាពរបស់ព្រះយេស៊ូវគ្រីស្ទកំពុងរងទុក្ខនៅក្នុងសួនច្បារគេតសេម៉ានី ( សូមមើល គម្រោងមេរៀននៅសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ) ។ ចូរសុំឲ្យកុមារប្រាប់អ្នកអំពីអ្វីដែលពួកគេដឹងអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពនេះ ។ សូមសង្ខេបតាមសម្ដីរបស់អ្នកផ្ទាល់អំពីអ្វីដែលព្រះអង្គសង្គ្រោះបានមានបន្ទូលនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨–១៩ អំពីការរងទុក្ខរបស់ទ្រង់ ។ សូមគូសបញ្ជាក់ថា ការរងទុក្ខចំពោះអំពើបាបរបស់យើង គឺជារឿងដ៏លំបាកបំផុតដែលពុំមានមនុស្សណាធ្លាប់ធ្វើ ប៉ុន្តែដោយសារព្រះយេស៊ូវស្រឡាញ់ព្រះវរបិតាទ្រង់ និងយើង នោះទ្រង់បានគោរពតាមព្រះឆន្ទៈរបស់ព្រះ ។ តើយើងអាចគោរពតាមព្រះវរបិតាសួគ៌យ៉ាងដូចម្ដេច ?
-
សូមជួយកុមារគិតអំពីសកម្មភាពសាមញ្ញដែលត្រូវនឹងឃ្លានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៣ ។ សូមអានខគម្ពីរជាច្រើនដងខណៈដែលកុមារកំពុងធ្វើសកម្មភាព ។ សូមជួយពួកគេគិតអំពីវិធីនានាដែលយើងអាចរៀនអំពីព្រះគ្រីស្ទ និងស្ដាប់តាមសម្ដីរបស់ទ្រង់ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១២
យើងម្នាក់ៗគឺមានតម្លៃដ៏មហិមាចំពោះព្រះ ។
មនុស្សជាច្រើនមានបញ្ហាជាមួយនឹងអារម្មណ៍ថាខ្លួនឯងពុំសូវមានតម្លៃ ហើយអ្នកដទៃមានចិត្តមិនល្អចំពោះមនុស្សដែលមានភាពខុសគ្នាពីពួកគេ ។ សារលិខិតប្រកបដោយអានុភាពនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ អាចផ្លាស់ប្ដូររបៀបដែលយើងមើលមកខ្លួនយើង និងអ្នកដែលនៅជុំវិញខ្លួនយើង ។
សកម្មភាពដែលអាចជ្រើសរើស
-
ចូរសុំឲ្យកុមារម្នាក់ៗសរសេរឈ្មោះរបស់គាត់នៅលើសន្លឹកក្រដាស ហើយហុចទៅឲ្យកុមារផ្សេងទៀតនៅក្នុងបន្ទប់ ។ សូមអញ្ជើញពួកគេឲ្យសរសេរនៅលើក្រដាសនីមួយៗដែលពួកគេបានទទួលអំពីអ្វីមួយដែលពួកគេចូលចិត្តអំពីបុគ្គលនោះ ។ សូមលើកទឹកចិត្តពួកគេឲ្យមានចិត្តល្អ ហើយចេះគិតគូរនៅក្នុងការផ្ដល់មតិរបស់ពួកគេ ។ បន្ទាប់មកជួយកុមារឲ្យអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០-១២ ហើយអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេរៀនអំពីព្រះហឬទ័យរបស់ព្រះទ្រង់មានអំពីពួកយើង ។ សូមពន្យល់ថា យើងទាំងអស់គ្នាគឺមានតម្លៃដ៏មហិមាចំពោះព្រះ ដោយសារយើងគឺជាកូនរបស់ទ្រង់ ។
-
សូមបង្ហាញដល់កុមារនូវអ្វីមួយដែលមានតម្លៃបំផុតចំពោះអ្នក តើយើងនឹងប្រព្រឹត្តចំពោះរបស់ដែលមានតម្លៃចំពោះយើងយ៉ាងដូចម្ដេច ? សូមឲ្យកុមារម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ។ តើយើងអាចបង្ហាញដល់អ្នកដទៃថា « តម្លៃនៃព្រលឹង [របស់ពួកគេ] គឺមហិមា » នៅក្នុងកែវភ្នែករបស់យើងយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦-១៩
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខដើម្បីខ្ញុំ ។
តើអ្នកនឹងអញ្ជើញឲ្យមានវិញ្ញាណនៃគារវភាពនៅក្នុងថ្នាក់របស់អ្នកដើម្បីឲ្យព្រះវិញ្ញាណបរិសុទ្ធអាចថ្លែងទីបន្ទាល់ទៅកាន់កុមារថា ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃសម្រាប់អំពើបាបរបស់ពួកគេដោយរបៀបណា ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមចែកចាយរឿងអំពីព្រះយេស៊ូវគ្រីស្ទកំពុងរងទុក្ខចំពោះអំពើបាបរបស់យើង ( សូមមើល « Chapter 51: Jesus Suffers in the Garden of Gethsemane» ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១២៩-៣២ ឬ វីដេអូដែលមានដំណើររឿងនោះនៅក្នុង ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យប្រាប់ដំណើររឿងជាថ្មីម្ដងទៀតតាមសម្ដីរបស់ពួកគេផ្ទាល់ ហើយអញ្ជើញពួកគេឲ្យអានអំពីរបៀបដែលព្រះអង្គសង្គ្រោះបានពិពណ៌នាអំពីបទពិសោធន៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៦–១៩ ។ តើយើងអាចរៀនអ្វីខ្លះមកពីការពិពណ៌នារបស់ទ្រង់ ?
-
សូមអញ្ជើញកុមារឲ្យបិទភ្នែករបស់ពួកគេនៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:១៦-១៩ ហើយគិតអំពីរបៀបដែលពួកគេមានអារម្មណ៍យ៉ាងណាអំពីព្រះអង្គសង្គ្រោះ ។ សូមជួយកុមាររកមើលនៅក្នុង ទំនុកតម្កើង ឬ សៀវភៅចម្រៀងកុមារ រកបទចម្រៀងដែលជួយពួកគេបង្ហាញអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើលលិបិក្រមប្រធានបទនៅក្នុងសៀវភៅទាំងនេះ ) ។ សូមអញ្ជើញកុមារឲ្យច្រៀងចម្រៀងដែលពួកគេជ្រើសរើស ហើយថ្លែងទីបន្ទាល់អំពីវា ។
-
សូមជួយកុមារឲ្យទន្ទេញចាំមាត្រាទីបីនៃសេចក្ដីជំនឿ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:២៦, ៣៤-៣៥, ៣៨
ពរជ័យរបស់ព្រះគឺមហិមាជាងសម្បត្តិនៃផែនដី ។
ការបោះពុម្ពព្រះគម្ពីរមរមនគឺមានតម្លៃថ្លៃណាស់ ហើយ យ៉ូសែប ស៊្មីធ ពុំអាចមានលទ្ធភាពធ្វើបានទេ ។ ព្រះអម្ចាស់បានសុំឲ្យ ម៉ាទិន ហារីស « ចំណាយផ្នែកមួយនៃសម្បត្តិ ក្នុងចម្ការដ៏រីកចម្រើន [ របស់គាត់ ] ដើម្បីបង់ថ្លៃឲ្យអ្នកបោះពុម្ព ( ខ ៣៤ ) ។ យើងបានទទួលពរជ័យដ៏មហិមាដោយសារតែការលះបង់របស់ម៉ាទីន និងអ្នកដទៃជាច្រើនទៀត ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមសរសេរនៅលើក្ដារខៀននូវសំណួរដូចខាងក្រោមដើម្បីជួយកុមារឲ្យយល់អំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៦, ៣៤-៣៥, ៣៨៖ តើព្រះអម្ចាស់បានសុំឲ្យម៉ាទីន ហារីសធ្វើអ្វីខ្លះ ? ហេតុអ្វីទ្រង់សុំឲ្យគាត់ធ្វើវាដូច្នេះ ? តើទ្រង់សន្យាថានឹងប្រទានអ្វីខ្លះឲ្យវិញ ? សូមអញ្ជើញកុមារឲ្យធ្វើការជាដៃគូដើម្បីស្វែងរកចម្លើយនៅក្នុងខគម្ពីរទាំងនេះ ។ ចូរសួរពួកគេថាពួកគេមានអារម្មណ៍យ៉ាងណា បើពួកគេគឺជា ម៉ាទិន ហារីស ។
-
សូមបង្ហាញព្រះគម្ពីរមរមនមួយក្បាលដល់កុមារ ហើយប្រាប់ពួកគេអ្វីមួយដែលអ្នកស្រឡាញ់អំពីគម្ពីរមរមន ។ សូមអញ្ជើញពួកគេឲ្យចែកចាយអារម្មណ៍អំពីព្រះគម្ពីរមរមន ។ សូមនិយាយដោយសង្ខេបអំពីការលះបង់របស់ម៉ាទីន ហារីស ដើម្បីឲ្យព្រះគម្ពីរមរមនអាចត្រូវបានបោះពុម្ពបាន ( គោលលទ្ធិ និង សេចក្តីសញ្ញា ៣៣ ) ។ តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះទៅកាន់ ម៉ាទីន នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៣៨ ដែលអាចជួយគាត់ឲ្យស្មោះត្រង់ និងគោរពប្រតិបត្តិ ? សូមជួយកុមារឲ្យគិតអំពីអ្វីមួយដែលពួកគេអាចធ្វើការលះបង់ដើម្បីគោរពតាមព្រះ ឬជួយនៅក្នុងកិច្ចការរបស់ទ្រង់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យគិតអំពីនរណាម្នាក់ដែលអាចទទួលជំនួយតាមរយៈអ្វីដែលពួកគេបានរៀនចេញមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៨ ឬ ១៩— ឧទាហរណ៍ ថាយើងទាំងអស់គ្នាមានតម្លៃដ៏មហិមាចំពោះព្រះ ។ សូមលើកទឹកចិត្តពួកគេឲ្យដាក់ផែនការអំពីរបៀបដែលពួកគេនឹងចែកចាយអំពីអ្វីដែលពួកគេបានរៀនជាមួយនឹងបុគ្គលនោះ ។