« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និងសេចក្ដីសញ្ញា ១២-១៣ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥ ៖ ‹ នៅលើអ្នកជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ›» ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ កុម្ភៈ ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១២–១៣ យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ » ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ៖ ឆ្នាំ ២០២១
ថ្ងៃទី ៨–១៤ ខែ កុម្ភៈ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២-១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧៥
« នៅលើអ្នកជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ »
កុមារដែលអ្នកបង្រៀនមកពីស្ថានភាពផ្សេងៗគ្នា ហើយមានតម្រូវការផ្សេងៗគ្នា ។ នៅពេលអ្នករៀបចំ ចូរគិតអំពីរបៀបដែលអ្នកអាចជួយពួកគេឲ្យរៀនសេចក្ដីពិត ដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១២-១៣ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥ ឲ្យល្អបំផុត ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអំពីគ្រាដែលពួកគេបានឃើញនរណាម្នាក់ទទួលបុណ្យជ្រមុជទឹក ឬទទួលពរជ័យបព្វជិតភាព ។ តើយ៉ូសែប ស្ម៊ីធ និងអូលីវើរ ខៅឌើរី បានទទួលបព្វជិតភាពដូចម្ដេច ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
យ៉ូហាន បាទីស្ទ បានស្តារបព្វជិតភាពអើរ៉ុនឡើងវិញ ។
នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ យ៉ូហាន បាទីស្ទ បានបង្ហាញខ្លួនដល់ព្យាការី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ហើយបានប្រទានបព្វជិតភាពអើរ៉ុនដល់ពួកគេ ។ តើការរៀនអំពីព្រឹត្តការណ៍នេះនឹងប្រទានពរដល់កុមារដែលអ្នកបង្រៀនយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមប្រាប់កុមារអំពីរបៀបដែលបព្វជិតភាពអើរ៉ុនត្រូវបានស្ដារឡើងវិញ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧០ សូមមើលផងដែរ « Chapter 6: Joseph and Oliver Are Given the Priesthood» គោលលទ្ធិ និង សេចក្តីសញ្ញា ២៦-២៧ ) ។ ឬអញ្ជើញបុរសម្នាក់នៅក្នុងវួដមកកាន់ថ្នាក់រៀន ហើយប្រាប់រឿងដូចជាគាត់ គឺជាយ៉ូហានបាទីស្ទ ដោយអានទៅកាន់កុមារអំពីអ្វីដែលយ៉ូហានបានថ្លែងទៅកាន់យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ។
-
សូមដាក់តាំងរូបភាពរបស់យ៉ូហាន បាទីស្ទ កំពុងជ្រមុជទឹកឲ្យព្រះអង្គសង្គ្រោះ និងការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន ( សៀវភៅរូបភាពដំណឹងល្អ លេខ ៣៥, លេខ ៩៣ សូមមើលផងដែររូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ) ។ សូមអញ្ជើញកុមារឲ្យចែកចាយអំពីអ្វីដែលពួកគេបានដឹងអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងរូបភាពទាំងឡាយ ( សូមមើល ម៉ាថាយ ៣:១៣-១៧, គោលលទ្ធិ និង សេចក្តីសញ្ញា ១៣, យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧០ ) ។
-
សូមជួយកុមារឲ្យរៀនចម្រៀងមួយបទអំពីបព្វជិតភាព ដូចជា « បព្វជិតភាពត្រូវបានស្ដារឡើងវិញ» ( សៀវភៅចម្រៀងកុមារ លេខ ៨៩ ) ។ សូមអញ្ជើញកុមារឲ្យដើរនៅជុំវិញបន្ទប់នៅពេលពួកគេច្រៀង ផ្លាស់វេនគ្នាកាន់រូបភាពមកពី គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ។
បព្វជិតភាពគឺជាព្រះចេស្ដារបស់ព្រះ ។
មេរៀនអំពីការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន គឺជាពេលដ៏ល្អដើម្បីជួយកុមារឲ្យយល់បានកាន់តែល្អប្រសើរអំពីអ្វីជាបព្វជិតភាព និងរបៀបដែលបព្វជិតភាពអាចប្រទានពរពួកគេ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមនាំយកវត្ថុមួយចំនួនមកថ្នាក់រៀន រួមទាំងកូនសោមួយ ។ សូមដាក់តាំងវត្ថុទាំងឡាយ ហើយសុំឲ្យកុមារស្ដាប់ នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្ដី សញ្ញា ១៣ ហើយត្រូវស្វែងរកវត្ថុដែលត្រូវបាននិយាយនៅក្នុងបទគម្ពីរ ។ តើយើងអាចធ្វើអ្វីខ្លះជាមួយនឹងកូនសោ ? សូមបង្ហាញរូបភាពនៃវត្ថុនានាដែលយើងអាចធ្វើ ដោយសារតែបព្វជិតភាពត្រូវបានស្ដារឡើងវិញ ( សូមមើលទំព័រសកម្មភាពរបស់សប្ដាហ៍នេះ សូមមើលផងដែរ សៀវភៅរូបភាពដំណឹងល្អ លេខ ១០៣-៤, ១០៧-៨ ) ។ សូមប្រាប់កុមារអំពីរបៀបដែលបព្វជិតភាពបានប្រទានពរដល់ជីវិតរបស់អ្នក ។
-
ដើម្បីជួយកុមាររៀនឃ្លា បព្វជិតភាពគឺជាព្រះចេស្ដារបស់ព្រះ ចូរសុំឲ្យពួកគេទះដៃនៅពេលពួកគេនិយាយព្យាង្គនីមួយៗ ។ សូមបង្ហាញវត្ថុមួយដែលត្រូវការថ្មពិលដើម្បីដំណើរការ ហើយបង្រៀនថា ដូចជាថ្មពិលវាផ្ដល់ថាមពលដល់វត្ថុនោះ ដូច្នេះបព្វជិតភាពនាំឲ្យមានព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតរបស់យើង ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យដែលកើតមានដល់អ្នក ដោយសារបព្វជិតភាព ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧៥
ខ្ញុំអាចទទួលបុណ្យជ្រមុជទឹក ។
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី អានអំពីពិធីបុណ្យជ្រមុជទឹកនៅក្នុងគម្ពីរមរមន ហើយចង់ដឹងបន្ថែមទៀត ។ អ្នកអាចជួយកុមារដែលអ្នកបង្រៀនឲ្យទន្ទឹងចាំដល់ពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ហើយរៀនបន្ថែមអំពីពិធីបរិសុទ្ធដ៏ពិសិដ្ឋនេះ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមបង្ហាញវីដេអូ « ការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន » ( ChurchofJesusChrist.org ) ។ សូមផ្អាកវីដេអូម្ដងម្កាលដើម្បីសួរសំណួរដល់កុមារ ដូចជា « ហេតុអ្វីយ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ចូលទៅក្នុងព្រៃ ? » និង « តើអ្នកគិតថាយ៉ូសែប ស្ម៊ីធ និងអូលីវើរ ខៅឌើរី មានអារម្មណ៍យ៉ាងដូចម្ដេច បន្ទាប់ពីពួកគេបានទទួលបុណ្យជ្រមុជទឹក ? » ចូរសុំឲ្យពួកគេចែកចាយអំពីរបៀបដែលពួកគេគិតថាពួកគេនឹងមានអារម្មណ៍យ៉ាងណា នៅពេលពួកគេទទួលបុណ្យជ្រមុជទឹក ។
-
សូមប្រាប់កុមារអំពី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ត្រូវបានទទួលបុណ្យជ្រមុជទឹក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៨-៧៤ សូមមើលផងដែរ « Chapter 6: Joseph and Oliver Are Given the Priesthood» គោលលទ្ធិ និង សេចក្តីសញ្ញា ២៦-២៨ ) ។ សូមគូសបញ្ជាក់អំពី សេចក្ដីអំណរដែលយ៉ូសែប និង អូលីវើរ ទទួលអារម្មណ៍ ហើយប្រាប់កុមារអំពីពិធីបុណ្យជ្រមុជទឹករបស់អ្នក ។ សូមអញ្ជើញពួកគេឲ្យគូររូបភាពមួយរបស់ខ្លួន នៅពេលពួកគេទទួលបុណ្យជ្រមុជទឹកនៅថ្ងៃមួយ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧២
យ៉ូហាន បាទីស្ទ បានស្តារបព្វជិតភាពអើរ៉ុនឡើងវិញ ។
ដំណើររឿងនៃការស្ដារឡើងវិញនៃបព្វជិតភាពអើរ៉ុន អាចជួយកុមារដែលអ្នកបង្រៀនឲ្យយល់អំពីសារៈសំខាន់នៃសេចក្ដីពិតអំពីបព្វជិតភាព និងពិធីតែងតាំងនៃបព្វជិតភាព ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមអានជាមួយគ្នា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧២ ហើយអញ្ជើញកុមារឲ្យគូរូបភាពអំពីអ្វីដែលខគម្ពីរទាំងនេះបានពិពណ៌នា ។ បន្ទាប់មកឲ្យកុមារប្រាប់ដំណើររឿងដោយប្រើរូបភាពរបស់ពួកគេ ។ សូមអញ្ជើញនរណាម្នាក់ឲ្យចែកចាយបទពិសោធន៍មួយនៅពេលគាត់ ឬនាងបានឃើញនរណាម្នាក់ត្រូវបានតែងតាំងទៅកាន់តំណែងបព្វជិតភាពមួយ ។ តើរឿងនោះស្រដៀងគ្នាទៅនឹងរបៀបដែលយ៉ូសែប និងអូលីវើរ ត្រូវបានតែងតាំង ដូចបានពិពណ៌នានៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦-៧២ យ៉ាងដូចម្ដេច ?
-
សូមផ្ដល់ពេលឲ្យកុមារតូចៗពីរបីនាទីដើម្បីធ្វើបញ្ជីនៃអ្វីៗដែលពួកគេដឹងអំពីយ៉ូហានបាទីស្ទ បន្ទាប់មកឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេបានសរសេរនោះ ។ សូមអញ្ជើញកុមារឲ្យធ្វើការជាដៃគូអានវគ្គបទគម្ពីរមួយដូចខាងក្រោម ហើយដាក់វាបន្ថែមចូលទៅក្នុងបញ្ជីរបស់ពួកគេ ៖ ម៉ាថាយ ៣:១៣–១៧; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៦៦–៧២ ។
ខ្ញុំទទួលបានពរជ័យទាំងឡាយតាមរយៈបព្វជិតភាពអើរ៉ុន ។
យើងទទួលបានពរជ័យជាច្រើនតាមរយៈបព្វជិតភាពអើរ៉ុន ។ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយកុមារដែលអ្នកបង្រៀនឲ្យយល់ថា ពរជ័យទាំងនេះត្រូវបានកើតមានឡើង ដោយសារតែបព្វជិតភាពត្រូវបានស្ដារឡើងវិញ ?
សកម្មភាពដែលអាចជ្រើសរើស
-
សូមដាក់រូបភាពពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់នៅក្នុងប្រអប់មួយ ដែលមានកូនសោចាក់បើក ។ សូមពិភាក្សាថាហេតុអ្វីកូនសោសំខាន់ ហើយឲ្យកុមារប្រើកូនសោចាក់បើកប្រអប់នោះ ។ សូមអញ្ជើញកុមារឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ ហើយស្វែងរកពាក្យ ឬឃ្លា ដែលបង្រៀនពួកគេអំពីពរជ័យអ្វីខ្លះដែលកើតមកពីបព្វជិតភាពអើរ៉ុន ។
-
សូមបង្ហាញវីដេអូ « ពរជ័យទាំងឡាយនៃបព្វជិតភាព » ChurchofJesusChrist.org ) ហើយសុំឲ្យកុមារតូចៗប្រាប់អំពីវិធីដែលមនុស្សនៅក្នុងវីដេអូត្រូវបានប្រទានពរ ដោយសារតែបព្វជិតភាព ។
យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤
ព្រះវិញ្ញាណបរិសុទ្ធអាចជួយខ្ញុំយល់បទគម្ពីរទាំងឡាយ ។
បន្ទាប់ពី យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានទទួលពិធីបុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធបានជួយពួកលោកយល់បទគម្ពីរកាន់តែល្អប្រសើរ ។ រឿងនេះអាចនឹងលើកទឹកចិត្តដល់កុមារតូចៗ ដែលគិតថាបទគម្ពីរពិបាកយល់ ។
សកម្មភាពដែលអាចជ្រើសរើស
-
សូមនាំយករូបផ្គុំសាមញ្ញមួយមកថ្នាក់រៀន ហើយអញ្ជើញកុមារតូចៗឲ្យផ្គុំវាជាមួយគ្នា ។ នៅពេលពួកគេផ្គុំរូប ចូរសួរពួកគេថាតើការអានព្រះគម្ពីរស្រដៀងគ្នាទៅនឹងការដាក់ផ្គុំរូបភាពជាមួយគ្នាយ៉ាងណា ។ សូមអានជាមួយគ្នា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៣–៧៤ ហើយអញ្ជើញកុមារឲ្យចែកចាយអ្វីដែលបានជួយយ៉ូសែប និង អូលីវើរ យល់អំពីបទគម្ពីរនានា ។ តើយើងអាចធ្វើខ្លះដើម្បីស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៅពេលយើងសិក្សាព្រះគម្ពីរ ?
-
សូមអញ្ជើញកុមារឲ្យធ្វើជាប្រដាប់ស៊ូកចំណាំក្នុងសៀវភៅមួយ ដែលពួកគេអាចដាក់នៅក្នុងគម្ពីររបស់ពួកគេដើម្បីរំឭកពួកគេឲ្យស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធនៅពេលពួកគេអាន ។ ប្រហែលជាពួកគេអាចរកបានឃ្លាបំផុសគំនិតមួយនៅក្នុង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៧៤ ដែលពួកគេអាចសរសេរនៅលើប្រដាប់ស៊ូកចំណាំក្នុងសៀវភៅរបស់ពួកគេ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
បើអ្នកពុំមានម៉ោងសម្រាប់កុមារដើម្បីបញ្ចប់ទំព័រសកម្មភាពនៅក្នុងថ្នាក់ទេ សូមពិចារណាអំពីការឲ្យច្បាប់ចម្លងទំព័រសកម្មភាពនោះទៅផ្ទះដើម្បីកុមារអាចធ្វើវាជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ។