« ថ្ងៃទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១ ៖ ‹ ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ › ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៦–១២ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ៦–១២ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១
« ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ »
តើសិស្សរបស់អ្នកបានដកពិសោធន៍ឧបសគ្គ ឬការសាកល្បងប្រភេទអ្វីខ្លះ ? តើពាក្យប្រឹក្សា និងលួងលោមណាខ្លះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា 98 អាចជួយពួកគេបាន ?
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀនមកពី គោលលទ្ធិ និង សេចក្តីសញ្ញា ៩៨–១០១ ដែលបានជួយពួកគេក្នុងការសាកល្បង ឬឧបសគ្គ ដែលពួកគេកំពុងជួបប្រទះនេះ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១–៣, ១១–១៦, ២៣–៣០, ៣៧; ១០១:២–៥, ៩–១៦
ការសាកល្បងរបស់យើងអាចធ្វើការផ្សំគ្នាសម្រាប់ជាសេចក្ដីល្អដល់យើង ។
-
ការបៀតបៀន ឬការផ្ទុយដែលយើងប្រឈមមុខសព្វថ្ងៃនេះ អាចខុសពីអ្វីដែលពួកបរិសុទ្ធបានជួបនៅរដ្ឋមិសសួរីក្នុងឆ្នាំ ១៨៣៣ ប៉ុន្ដែការទូន្មានរបស់ព្រះអម្ចាស់នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨ គឺនៅតែអនុវត្តបាន ។ ដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យរៀនពីពាក្យទូន្មាននេះ សូមពិចារណាសរសេរសំណួរដូចតទៅនេះដាក់នៅលើក្ដារខៀន ៖ តើព្រះអម្ចាស់សព្វព្រះទ័យឲ្យពួកបរិសុទ្ធរបស់ទ្រង់មើលទៅការផ្ទុយតាមរបៀបណា ? តើព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងឆ្លើយតបនឹងការបៀតបៀនដោយរបៀបណា ? សិស្សក្នុងថ្នាក់អាចធ្វើការជាក្រុមតូចៗដើម្បីរកមើលចម្លើយនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១–៣, ១១–១៦, ២៣–៣០ រួចហើយពិភាក្សាអំពីអ្វីដែលពួកគេបានរៀន ។ តើយើងរកឃើញសេចក្ដីពិតអ្វីខ្លះ ដែលអាចជួយយើងឲ្យធ្វើជាសិស្សដ៏ប្រសើររបស់ព្រះយេស៊ូវគ្រីស្ទ ? សេចក្ដីថ្លែងការណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ »អាចបន្ថែមយោបល់ដល់ការពិភាក្សានេះបាន ។
-
នៅក្នុងពេលមានការបៀតបៀន ឬការសាកល្បង សារលិខិតមកពី កណ្ឌទី ៩៨ និង ១០១ នេះអាចជួយបាន ៖ ព្រះអម្ចាស់នឹងជួយយើង ប្រសិនបើយើងមានឆន្ទៈទុកចិត្តលើទ្រង់ ។ ដើម្បីជួយសិស្សក្នុងថ្នាក់ឲ្យរកឃើញសារលិខិតនេះ អ្នកអាចសរសេរបញ្ជីខគម្ពីរដូចតទៅនេះដាក់លើក្ដារខៀន ហើយអញ្ជើញឲ្យសិស្សជ្រើសរើសពីរបីខមកអាន ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៨:១–៣, ១១–១២, ៣៧; ១០១:២–៥, ៩–១៦ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេរកឃើញ ដែលលើកទឹកចិត្តពួកគេឲ្យទុកចិត្តលើព្រះអម្ចាស់ ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីរបៀបដាក់ការទុកចិត្តរបស់យើងលើព្រះអម្ចាស់ ? ( សូមមើលផងដែរ លីនដា អេស រីវស៍ « ប្រកាសពរជ័យនៃសេចក្ដីសញ្ញារបស់អ្នក » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១១៨–១២០ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០១:១–៨, ៤៣–៦២
ការធ្វើតាមពាក្យទូន្មានរបស់ព្រះអម្ចាស់ជួយយើងឲ្យបន្ដនៅមានសុវត្ថិភាព ។
-
តើអ្នកអាចជួយសិស្សឲ្យកំណត់ស្គាល់សុវត្ថិភាព ដែលកើតមាន នៅពេលយើង « ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា » ដោយរបៀបណា ? ( ខទី ៧ ) ។ ប្រហែលជាអ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យដើរតួរឿងប្រៀបប្រដូចនេះនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៤៣–៦២ កាលសិស្សផ្សេងទៀតអានវាឮៗ ។ រួចហើយអ្នកអាចពិភាក្សាសំណួរដូចតទៅនេះ ៖ តើធាតុផ្សំខុសគ្នានៃរឿងប្រៀបប្រដូចនេះអាចតំណាងឲ្យអ្វីខ្លះ ? តើអ្វីទៅដែលបានបណ្ដាលឲ្យអ្នកបម្រើបាត់បង់ចម្ការទំពាំងបាយជូរ ? តើយើងរៀនបានមេរៀនអ្វីខ្លះមកពីសកម្មភាពរបស់អ្នកបម្រើនេះ ? តើយើងរៀនអ្វីខ្លះអំពីព្រះអម្ចាស់មកពីសកម្មភាពរបស់ម្ចាស់ចម្ការ ? វាក៏អាចមានប្រយោជន៍ផងដែរដើម្បីប្រៀបធៀប ខទី ១–៨ ទៅនឹង ខទី ៤៧–៥១ ហើយពិភាក្សាពីរបៀបដែលយើងអាចនៅ « ស្មោះត្រង់ ហើយឈ្លាសវៃ » នៅក្នុងកិច្ចខិតខំរបស់យើងដើម្បីកសាងក្រុងស៊ីយ៉ូននៅក្នុងជីវិតរបស់យើងម្នាក់ៗ នៅក្នុងគេហដ្ឋាន និងក្នុងសាសនាចក្រ ។
ធនធានបន្ថែមទាំងឡាយ
ការបែរថ្ពាល់ម្ខាងទៀតតម្រូវឲ្យមានចិត្តក្លាហានជាគ្រីស្ទានម្នាក់ ។
អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន ៖
« អ្នកខ្លះគិតខុសថា ដោយឆ្លើយតបដូចជា ការស្ងៀមស្ងាត់ សុភាពស្លូតបូត ការអភ័យទោស និងការថ្លែងទីបន្ទាល់ដ៏រាបសាគឺមិនសកម្ម ឬទន់ខ្សោយ ។ ប៉ុន្ដែ ‹ ដើម្បីស្រឡាញ់សត្រូវ [ របស់យើង ] ប្រទានពរដល់ពួកគេដែលបានដាក់បណ្ដាសាដល់ [ យើង ] ធ្វើល្អដាក់ពួកគេដែលស្អប់ [ យើង ] ហើយអធិស្ឋានឲ្យពួកគេដែលប្រើ [ យើង ] ដោយមានគំនុំព្យាបាទ ហើយបៀតបៀន [ យើង ] › ( ម៉ាថាយ ៥:៤៤ ) វាត្រូវការសេចក្ដីជំនឿ កម្លាំង និងសំខាន់បំផុតនោះ វាត្រូវការសេចក្ដីក្លាហានក្នុងនាមជាពួកគ្រីស្ទាន ។ …
« នៅពេលយើងមិនសងសឹកវិញ—នៅពេលយើងបែរថ្ពាល់មួយចំហៀងទៀតឲ្យ ហើយមិនទទូចនឹងអារម្មណ៍ខឹងសម្បារ—នោះយើងនឹងឈរជាមួយនឹងព្រះអង្គសង្គ្រោះដែរ ។ យើងបង្ហាញនូវសេចក្ដីស្រឡាញ់របស់ទ្រង់ ដែលជាកម្លាំងតែមួយគត់ដែលអាចបង្ក្រាបអស់ទាំងឧបសគ្គ និងឆ្លើយតបដល់អ្នកចោទទាំងឡាយដោយមិនចោទប្រកាន់ពួកគេវិញ ។ នោះពុំមែនជាភាពទន់ខ្សោយនោះទេ ។ការណ៍នោះ គឺជាទឹកចិត្តក្លាហានរបស់ពួកគ្រីស្ទាន » ( « Christian Courage: The Price of Discipleship » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧២ ) ។
ការអភ័យទោសឲ្យមិនមានន័យថាចុះចូលនឹងទង្វើរបស់ពួកគេនោះទេ ។
អែលឌើរ ខេវិន អ័រ ដាន់ខេន បានពោលថា « បងប្អូនប្រុសស្រី សូមកុំយល់ច្រឡំ ។ ការអភ័យទោសឲ្យមិនមានន័យថាចុះចូលនឹងទង្វើរបស់ពួកគេនោះទេ ។ យើងមិនដោះសាចំពោះទង្វើអាក្រក់ ឬអនុញ្ញាតឲ្យអ្នកដទៃប្រព្រឹត្តមិនគប្បីចំពោះយើង ដោយសារការលំបាក ការឈឺចាប់ ឬភាពទន់ខ្សោយដែលពួកគេមាននោះឡើយ ។ ប៉ុន្តែយើងអាចយោគយល់កាន់តែច្រើន ហើយមានភាពសុខសាន្តកាន់តែខ្លាំង ពេលយើងឃើញទិដ្ឋភាពកាន់តែច្បាស់ ។ … ការអភ័យទោសឲ្យគឺជាគោលការណ៍ដ៏រុងរឿង និងព្យាបាល ។ យើងមិនចាំបាច់ធ្វើជាជនរងគ្រោះលើកទីពីរនោះទេ ។ យើងអាចអភ័យទោសឲ្យបាន » ( « ថ្នាំលាបព្យាបាលរបួសដែលជាការអភ័យទោស » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៥ ) ។