« ថ្ងៃទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦–១០៨ ៖ ‹ ដើម្បីឲ្យស្ថានសួគ៌បានបើកចំហ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២០–២៦ ខែ កញ្ញា ។ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦–១០៨ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២០–២៦ ខែ កញ្ញា
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦–១០៨
« ដើម្បីឲ្យស្ថានសួគ៌បានបើកចំហ »
នៅពេលអ្នកសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា ១០៦–១០៨ សូមពិចារណាអំពីបទពិសោធន៍ខាងវិញ្ញាណ ដែលសមាជិកក្នុងថ្នាក់របស់អ្នកអាចមាន នៅពេលពួកគេសិក្សានៅក្នុងកណ្ឌទាំងនេះ ។ នៅពេលអ្នករៀបចំបង្រៀនពួកគេ វាអាចមានប្រយោជន៍ដើម្បីរកឃើញអ្វីដែលពួកគេបានឃើញថាមានអត្ថន័យ ពីមុនអ្នកជួបជុំគ្នា ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យចែកចាយខគម្ពីរមួយចេញពីកណ្ឌទាំងនេះ ដែលបង្រៀនអំពីគោលការណ៍មួយ ដែលអាចពង្រឹងនរណាម្នាក់នៅក្នុងការបម្រើសាសនាចក្ររបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦; ១០៨
ព្រះអម្ចាស់ត្រាស់ណែនាំ លើកទឹកចិត្ត និងគាំទ្រដល់អស់អ្នកដែលទ្រង់ហៅឲ្យបម្រើ ។
-
នៅពេលសិស្សក្នុងថ្នាក់បានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៦ និង ១០៨ នៅសប្ដាហ៍នេះ ពួកគេអាចរកឃើញឃ្លានានា ដែលអាចជួយអស់អ្នកដែលកំពុងបម្រើក្នុងការហៅរបស់សាសនាចក្របាន ( សូមមើល គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមពិចារណាផ្ដល់ពេលឲ្យសិស្សសរសេរឃ្លានានា ដែលពួកគេបានរកឃើញនៅក្នុងកណ្ឌទាំងនេះដាក់នៅលើក្ដារខៀន ហើយសូមឲ្យពួកគេចែកចាយការយល់ដឹងរបស់ពួកគេ ។ តើពួកគេមានបទពិសោធន៍អ្វីខ្លះ ដែលទាក់ទង ឬបង្ហាញពីឃ្លាទាំងនេះ ?
គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧
ព្រះអម្ចាស់ដឹកនាំសាសនាចក្ររបស់ទ្រង់តាមរយៈសិទ្ធិអំណាចបព្វជិតភាព ។
-
អ្នកអាចចាប់ផ្ដើមការពិភាក្សាមួយអំពីតំណែងបព្វជិតភាព តាមរយៈការអញ្ជើញសិស្សឲ្យធ្វើបញ្ជីមួយស្ដីពីមូលហេតុដែលព្រះអម្ចាស់បានប្រទានព្យាការី ពួកសាវក និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតដល់ពួកយើង ។ ប្រហែលជាសិស្សអាចបន្ថែមលើបញ្ជីរបស់ពួកគេទៀត ក្រោយពីការអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១៨–២០ ។ រួចហើយអ្នកអាចចំណាយពេលរំឭកឡើងវិញពីទំនួលខុសត្រូវ ដែលព្រះអម្ចាស់ប្រទានដល់អស់អ្នកដែលកាន់តំណែងដូចតទៅនេះ ៖ គណៈប្រធានទីមួយ ( ខទី ៩, ២១–២២, ៦៥–៦៦, ៩១–៩២ ) ពួកសាវកដប់ពីរនាក់ ( ខទី ២៣–២៤, ៣៣–៣៥, ៣៨, ៥៨ ) ពួកចិតសិបនាក់ ( ខទី ២៥–២៦, ៣៤, ៩៣–៩៧ ) និងប៊ីស្សព ( ខទី ១៣–១៧, ៦៨–៧៦, ៨៧–៨៨ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីគាំទ្រថ្នាក់ដឹកនាំរបស់យើងតាមរយៈ « សេចក្ដីទុកចិត្ត សេចក្ដីជំនឿ និងសេចក្ដីអធិស្ឋាន » របស់យើង ? ( ខទី ២២ ) ។
-
តើយើងនឹងឆ្លើយយ៉ាងដូចម្ដេច ប្រសិនបើមានមិត្តម្នាក់ដែលមិនមានសេចក្ដីជំនឿដូចយើងបានសួរយើងថា « តើបព្វជិតភាពគឺជាអ្វី ? » ឬ « តើកូនសោបព្វជិតភាពគឺជាអ្វី ? » តើការបង្រៀននៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចមានឥទ្ធិពលលើចម្លើយរបស់យើងយ៉ាងដូចម្ដេចខ្លះ ? ប្រហែលជាសិស្សអាចរកឃើញការយល់ដឹងដ៏មានប្រយោជន៍នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:១–៤, ១៨–២០ ផងដែរ ( សូមមើលផងដែរ ពិតចំពោះសេចក្តីជំនឿ ទំព័រ ១២៤–១២៨ ) ។ តើបព្វជិតភាពជួយយើងឲ្យទទួលបាន « សេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ » និង « ឲ្យស្ថានសួគ៌បានបើកចំហចំពោះ [ យើង ] » ដោយរបៀបណា ? តើវាជួយយើងឲ្យ « ត្រេកអរចំពោះសេចក្ដីរួបរួមគ្នា និងវត្តមាននៃព្រះដ៏ជាព្រះវរបិតា និងព្រះយេស៊ូវ » ដោយរបៀបណា ? ( ខទី ១៩ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៧–៣១, ៨៥
ព្រះអម្ចាស់គ្រប់គ្រងនគររបស់ទ្រង់តាមរយៈក្រុមប្រឹក្សា ។
-
ប្រធាន អិម រ័សុល បាឡឺដ បានមានប្រសាសន៍ថា « ខ្ញុំដឹងថា ក្រុមប្រឹក្សាគឺជារបៀបរបស់ព្រះអម្ចាស់ ហើយថាទ្រង់បានបង្កើតអ្វីៗទាំងអស់នៅក្នុងសាកលលោកនេះតាមរយៈក្រុមប្រឹក្សាសួគ៌ » ( « ក្រុមប្រឹក្សាគ្រួសារ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៣ ) ។ តើអ្នកអាចជួយដល់អ្នកដែលអ្នកបង្រៀនឲ្យយល់ពីរបៀបប្រឹក្សារួមគ្នានៅគេហដ្ឋាន និងនៅក្នុងសាសនាចក្របានយ៉ាងដូចម្ដេច ? ប្រហែលអ្នកអាចសូមឲ្យសិស្សពីរបីនាក់មកកាន់ថ្នាក់រៀនដោយបានរៀបចំខ្លួនទុក ដើម្បីចែកចាយបទពិសោធន៍របស់ពួកគេនៅសាសនាចក្រ ឬនៅក្នុងគេហដ្ឋានដែលពួកគេបានអនុវត្តតាមគោលការណ៍នៃការប្រឹក្សាដូចមានក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៧–៣១, ៨៥ ( ឬ នៅក្នុងសារលិខិតយោងខាងលើរបស់ប្រធាន បាឡឺដ ) ។ សូមពិចារណាអញ្ជើញសិស្សក្នុងថ្នាក់ឲ្យមកកាន់ថ្នាក់រៀននាសប្ដាហ៍ក្រោយ ដោយបានរៀបចំខ្លួនទុកដើម្បីចែកចាយគំនិតយោបល់នានាអំពីអ្វីដែលធ្វើឲ្យក្រុមប្រឹក្សាមួយមានប្រសិទ្ធិភាព ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យរកមើលគោលការណ៍នានា ដែលពួកគេរៀនមកពីការពិភាក្សានេះ ដែលនឹងជួយពួកគេឲ្យកាន់តែមានប្រសិទ្ធិភាព កាលពួកគេចូលរួមក្នុងក្រុមប្រឹក្សានៅគេហដ្ឋាន និងក្នុងសាសនាចក្រនាពេលអនាគត ។
ធនធានបន្ថែមទាំងឡាយ
សិទ្ធិអំណាចបព្វជិតភាព ។
ប្រធាន ដាល្លិន អេក អូក បានបង្រៀន ៖
យើងមិនទម្លាប់នឹងនិយាយថាស្ដ្រីមានសិទ្ធិអំណាចបព្វជិតភាពនៅក្នុងការហៅបម្រើសាសនាចក្ររបស់គេនោះទេ ប៉ុន្ដែតើមានសិទ្ធិអំណាចអ្វីផ្សេងទៀតទៅ ? នៅពេលស្ដ្រីម្នាក់ — ក្មេង ឬចាស់ — ត្រូវបានញែកចេញដើម្បីបង្រៀនដំណឹងល្អជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង គាត់ត្រូវបានព្រះប្រទានសិទ្ធិអំណាចបព្វជិតភាពដើម្បីធ្វើការងារបព្វជិតភាព ។ ការណ៍ដូចគ្នានេះគឺពិត នៅពេលស្ដ្រីម្នាក់ត្រូវបានញែកចេញដើម្បីធ្វើការជាអ្នកដឹកនាំ ឬគ្រូបង្រៀនម្នាក់នៅក្នុងអង្គការសាសនាចក្រនៅក្រោមការដឹកនាំរបស់មនុស្សម្នាក់ដែលកាន់កូនសោបព្វជិតភាព ។ នរណាក៏ដោយដែលធ្វើកិច្ចការនៅក្នុងមុខតំណែង ឬការហៅបម្រើមួយដែលបានទទួលពីបុគ្គលម្នាក់ដែលកាន់កូនសោបព្វជិភាព អនុវត្តសិទ្ធិអំណាចបព្វជិតភាពពេលបំពេញកាតព្វកិច្ចចាត់តាំងរបស់គេ » ( « កូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាព »Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៥១ ) ។
ប្រធាន អិម រ័សុល បាឡឺដ បានមានប្រសាសន៍ថា
« ព្រះវរបិតារបស់យើងដែលគង់នៅឋានសួគ៌ មានព្រះទ័យសប្បុរសជាមួយនឹងអំណាចរបស់ទ្រង់ ។ បុរស និង ស្ត្រីគ្រប់រូបទាំងអស់មានសិទ្ធអាចទទួលយកអំណាចនេះ សម្រាប់ជាជំនួយក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ។ អស់អ្នកទាំងឡាយណាដែលធ្វើសេចក្តីសញ្ញាពិសិដ្ឋជាមួយព្រះអម្ចាស់ និងអស់អ្នកទាំងឡាយណាដែលគោរពតាមសេចក្តីសញ្ញាទាំងនោះ មានសិទ្ធិទទួលបាននូវវិវរណៈផ្ទាល់ខ្លួន ត្រូវបានប្រទានពរដោយការបម្រើរបស់ពួកទេវតា ទាក់ទងជាមួយព្រះ ទទួលបាននូវភាពពោរពេញនៃដំណឹងល្អ ហើយទីបំផុតក្លាយជាអ្នកគ្រងមរតកជាមួយព្រះយេស៊ូវគ្រីស្ទនូវអ្វីៗទាំងអស់ដែលព្រះវរបិតាមាន » ( « Men and Women in the Work of the Lord » New Era ខែ មេសា ឆ្នាំ ២០១៤ ទំព័រ ៤–៥ ) ។