គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១–១១៤ ៖ « យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់ សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក »


« ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១១–១១៤ ៖ ‹ យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់ សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៤–១០ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១១១–១១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

យ៉ូសែប ស្ម៊ីធ កំពុង​ផ្សព្វផ្សាយ

ថ្ងៃទី ៤–១០ ខែ តុលា

គោលលទ្ធិ និង សេចក្តី​សញ្ញា ១១១–១១៤

« យើង​នឹង​រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់ សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក »

នៅពេល​អ្នក​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១–១១៤ សូម​ពិចារណា​ពី​សេចក្ដីពិត​ខាង​វិញ្ញាណ ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​យល់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ដឹកនាំ​អ្នក​ឲ្យ​ដឹង​ពី​គោលការណ៍​អ្វី​ដែល​ត្រូវ​ផ្ដោត​ចិត្ត​លើ ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ពិចារណា​គូរ​រូប​ហឹប​ទ្រព្យ​សម្បត្តិ​មួយ​នៅ​លើ​ក្ដារខៀន ។ សមាជិក​ក្នុង​ថ្នាក់​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ខគម្ពីរ​មកពី កណ្ឌ​ទី ១១១–១១៤ នូវ​កន្លែង​ដែល​ពួកគេ​បាន​រកឃើញ​អ្វីមួយ ដែល​ពួកគេ​គិត​ថា​ជា « ទ្រព្យ​សម្បត្តិ​ជា​ច្រើន » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១:២ ) ។ សូម​ឲ្យ​សមាជិក​បី​បួន​នាក់​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ឃើញ​ថា​មាន​តម្លៃនៅ​ក្នុង​ខគម្ពីរ​ទាំងនោះ ។

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្តីសញ្ញា ១១១

ព្រះអម្ចាស់​អាច « រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់ សម្រាប់​សេចក្ដី​ល្អ​ដល់ [ យើង ] » ។

  • ការប្រឹក្សា​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១១១ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​បាន នៅពេល​ពួកគេ​ព្រួយបារម្ភ​អំពី​កង្វល់​ខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ គឺ​ដូចជា​ពេល​វា​បាន​ជួយ​យ៉ូសែប ស្ម៊ីធ នឹង​កង្វល់​របស់​លោក​អំពី​ក្រុងស៊ីយ៉ូន​ដែរ ។ អ្នក​អាច​ចាប់ផ្ដើម​ការពិភាក្សា​មួយ​អំពី​កណ្ឌ​នេះ តាមរយៈ​ការអញ្ជើញ​សិស្ស​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្ដារខៀន​ស្ដីពី​រឿង​ដែល​ពួកគេ ឬ​មនុស្ស​ដែល​ពួកគេ​ស្គាល់​ព្រួយ​បារម្ភ ។ រួច​ហើយ ដោយ​មាន​កង្វល់​ទាំងនោះ​ក្នុង​ចិត្ត ពួកគេ​អាច​ស្រាវជ្រាវ​ក្នុង​កណ្ឌ​ទី ១១១ រកមើល​ការប្រឹក្សា និង​ការលួងលោម ដែល​ព្រះអម្ចាស់​ប្រទាន​មក​ដើម្បី​ជួយ​យើង ។ សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​ពួកគេ នៅពេល​ពួកគេ​ដាក់​សេចក្ដីជំនឿ​របស់​គេ​ទៅលើ​ទ្រង់ ។

  • សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​អាច​បាន​ជួប​នឹង​បទពិសោធន៍​ដូចជា​យ៉ូសែប​ដែរ—​នៅពេល​ពួកគេ​បាន​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ពួកគេ ទោះជា​ពួកគេ « ចម្កួត » ក្ដី ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១១:១ ) ។ តើ​បទពិសោធន៍​របស់​ពួកគេ​បាន​បញ្ជាក់​ពី​សេចក្តី​ពិត​ដែល​បាន​បង្រៀន​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១១១ ដោយ​របៀប​ណា ? ឧទាហរណ៍ តើ​ពួកគេ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ « [ បាន ] រៀបចំ​គ្រប់​អ្វីៗ​ទាំងអស់ សម្រាប់​សេចក្ដី​ល្អ​ដល់ [ ពួកគេ ] » នៅពេល​ណា​ដែរ ? ( ខទី ១១ ) ។ តើ​បទពិសោធន៍​ទាំងនេះ​បង្រៀន​ពួកគេ​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ខ្លួន​គេ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:៣–១៥, ២២

ព្រះអម្ចាស់​នឹង​ដឹកនាំ​អស់​អ្នក​ដែល​ខិតខំ​​​ធ្វើតាម​ព្រះទ័យ​របស់​ទ្រង់​ដោយ​បន្ទាប​ខ្លួន ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​ពី​អ្វី​ដែល​កណ្ឌ​ទី ១១២ បង្រៀន​អំពី​ការបន្ទាប​ខ្លួន សូម​ពិចារណា​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ទៅជា​បី​ក្រុម ។ សូម​ឲ្យ​ក្រុម​នីមួយៗ​ពិចារណា​អំពី​សំណួរ​មួយ​ខាងក្រោម​នេះ កាល​ពួកគេ​អាន ខទី ៣–១៥ និង ២២ ៖ តើ​អ្វី​ជា​ការបន្ទាប​ខ្លួន ? តើ​យើង​អាច​កាន់តែ​មាន​ការបន្ទាប​ខ្លួន​តាម​របៀប​ណា ? តើ​មាន​ពរជ័យ​អ្វីខ្លះ​ដែល​បាន​សន្យា​ដល់​អ្នក​បន្ទាប​ខ្លួន ? សូម​ឲ្យ​សិស្ស​មាន​ពេល​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។ ក្រុម​ទាំងឡាយ​អាច​ទទួល​បាន​ការយល់ដឹង​បន្ថែម​ទៀត តាមរយៈ​ការអាន​សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ ឃ្វីនថិន អិល ឃុក នៅក្នុង « ធន​ធាន​បន្ថែម​ទាំង​ឡាយ » ឬ​ផ្នែក​ដែល​មាន​ចំណង​ជើង​ថា « ការបន្ទាប​ខ្លួន » នៅក្នុង​សៀវភៅ ផ្សាយ​ដំណឹងល្អ​របស់​យើង ( ទំព័រ ១២៦–១២៧ ) ។ ហេតុអ្វី​ការបន្ទាបខ្លួន​សំខាន់​ចាំបាច់​នៅក្នុង​ការធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ ?

    មនុស្ស​ពីរ​នាក់​កំពុង​អធិស្ឋាន

    ប្រសិនបើ​យើង​បន្ទាបខ្លួន នោះ​ព្រះអម្ចាស់​នឹង​ដឹកនាំ​យើង ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១១២:១២–២៦

អស់​អ្នក​ដែល​ពិតជា​បាន​ប្រែចិត្ត​ជឿ​មែន​នឹង​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ។

  • ការពិត​ដែល​ថា ពួកសាវក​មួយ​ចំនួន​នៅ​ក្នុង​ឆ្នាំ ១៨៣៧ បាន​ប្រែ​ប្រឆាំង​នឹង​ព្យាការី នោះ​គឺជា​ការរំឭក​ដ៏​ល្អ​មួយ​ថា មិន​ថា​យើង​មាន​ការហៅ​អ្វី​ទេ ឬ​ថា​យើង​ស្គាល់​ដំណឹងល្អ​ខ្លាំង​ប៉ុណ្ណា​ទេ យើង​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​ម្នាក់ៗ​ពិតជា​បាន​ប្រែចិត្ត​ជឿ​មែន ។ ការអាន​ការប្រឹក្សា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់ ថូម៉ាស ប៊ី ម៉ាស ដើម្បី​ជួយ​គាត់​ឲ្យ​បង្រួប​បង្រួម​កូរ៉ុម​នៃ​ពួកដប់​ពីរ​នាក់ អាច​ផ្ដល់​ការយល់ដឹង​ដល់​សិស្ស​អំពី​អត្ថន័យ​នៃ​ការប្រែចិត្ត​ជឿ ។ ប្រហែល​ជា​សិស្ស​ក្នុង​ថ្នាក់​អាច​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១១២:១២–២៦ ដោយ​គិត​ដល់​សមាជិក​គ្រួសារ ឬ​មិត្ត​ម្នាក់​—​នរណាម្នាក់​ដែល​អាច​កំពុង​ពុះពារ​នឹង​សេចក្ដីជំនឿ​របស់​ពួកគេ ។ តើ​សេចក្ដីពិត​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អ្វីខ្លះ​ដែល​សិស្ស​ក្នុង​ថ្នាក់​នឹង​គូស​បញ្ជាក់ ដើម្បី​ជួយ​បុគ្គល​នោះ​ឲ្យ​ប្រែចិត្ត​ជឿ​កាន់តែ​ពេញលេញ​ជាងនេះ ? សូម​ផ្តល់​ពេលវេលា​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​សញ្ជឹង​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​ធ្វើ ដើម្បី​ពង្រឹង​ការប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

រូប​តំណាង​ធន​ធាន​បន្ថែម​នានា

ធន​ធាន​បន្ថែម​ទាំង​ឡាយ

គុណលក្ខណៈ​បន្ទាបខ្លួន​ដូចជា​ព្រះគ្រីស្ទ ។

អែលឌើរ ឃ្វីនថិន អិល ឃុកបាន​បង្រៀន ៖

« ជា​អកុសល នៅ​ជំនាន់​យើង​ស្ទើរ​តែ​គ្រប់​ស្រទាប់​នៃ​សង្គម យើង​ឃើញ​មាន​ភាព​អាត្មានិយម និង​ក្រអឺត​ក្រទម​បាន​សម្ញែង​ខ្លួន​ឡើង កាល​ចិត្ត​រាបសា និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​ត្រូវ​បាន​គេ​និយាយ​បន្ទាប​បន្ថោក​ទៅវិញ ។ សង្គម​ភាគច្រើនបាន​បាត់បង់នូវ​សីលធម៌​គ្រឹះ ហើយ​ពុំ​យល់​អំពី​ហេតុផល​ដែល​យើង​រស់​នៅ​លើ​ផែនដី​នេះ​ឡើយ ។ ចិត្ត​រាបសា​ពិត ដែល​ជា​កត្តា​សំខាន់​ដើម្បី សម្រេច​បាន​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់​សម្រាប់​យើង​នោះ​គឺកម្រ​មាន​ណាស់ ។

« វា​ជា​ការ​សំខាន់​ដើម្បី​យល់​អំពី​ទំហំ​នៃ​ចិត្ត​រាប​សា ភាព​សុចរិត ចរិត​លក្ខណៈ និង​ប្រាជ្ញា​របស់​ព្រះគ្រីស្ទ​ដូច​បាន​បង្ហាញ​នៅ​ក្នុង​បទគម្ពីរ ។ វា​គឺជា​ភាព​ល្ងង់​ខ្លៅ​ដែល​មើល​ស្រាល​ទៅ​លើ​ភាព​ចាំបាច់​នៃ​ការ​ខិត​ខំ​ឥត​ឈប់​ឈរ​ដើម្បី​មាន​គុណ​សម្បត្តិ និង​គុណ​លក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​រៀង​រាល់​ថ្ងៃ ជា​ពិសេស​ចិត្ត​រាបសា ។ …

« នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ១៨៣៧ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​ជួប​នឹង​អែលឌើរ ថូម៉ាស ប៊ី ម៉ាស ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់ ។ អែលឌើរ ម៉ាស ទំនង​ជា​ខឹង​សម្បារ​ដែល​ព្យាការី​បាន​ហៅ​សមាជិក​ពីរ​រូប​ក្នុង​កូរ៉ុម​របស់​លោក​ឲ្យ​ទៅ​ប្រទេស​អង់គ្លេស​ដោយ​ពុំ​បាន​ប្រឹក្សា​នឹង​លោក ។ កាល​យ៉ូសែប​បាន​ជួប​នឹង​អែលឌើរ ម៉ាស អារម្មណ៍​ឈឺចាប់​នានា​ត្រូវ​ដាក់​មួយ​អន្លើរ​សិន ហើយ​ព្យាការី​បាន​ទទួល​វិវរណៈ​ដ៏​អស្ចារ្យ​មួយ ។ ឥឡូវ​នេះ វា​នៅ​ក្នុង កណ្ឌ​ទី ១១២ នៃ​គោលលទ្ធិ និង សេចក្តីសញ្ញា ។ វា​ផ្ដល់​នូវ​ការដឹកនាំ​ដ៏​អស្ចារ្យ​មក​ពី​ស្ថានសួគ៌​ទាក់​ទង​នឹង​ការមាន​ចិត្ត​រាបសា និង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ។ខទី​១០ អាន​ថា ‹ ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹក​ដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទអធិស្ឋាន​ទាំងឡាយ​របស់​អ្នក › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១២:១០, ការគូស​បញ្ជាក់​បាន​បន្ថែម ] » ( « រឿង​ប្រចាំ​ថ្ងៃ​មាន​ភាពអស់កល្ប » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៥១–៥២ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ផ្ដោត​លើ​មនុស្ស ។ « របៀប​ដែល​អ្នកប្រព្រឹត្ត​ដល់​អ្នក​ដទៃ គឺ​សំខាន់​ដូចជា​អ្វី​ដែល​អ្នក​បង្រៀន​ដល់​ពួកគេ​ដែរ ។ ពេលខ្លះ​ការជាប់​រវល់​ក្នុង​ការបង្ហាញ​មេរៀន​របស់​យើង អាច​រារាំង​យើង​ពី​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​អ្នក​ទាំងឡាយ​ដែល​យើង​បង្រៀន ។ … ប្រសិន​បើ​ការណ៍​នេះ​កើត​ឡើង​ចំពោះ​អ្នក សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ផ្ដោត​លើ​អ្វី​ដែល​សំខាន់​បំផុត » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។