គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២៥–៣១ ខែ តុលា ។ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤–១២៥ ៖ « គេហដ្ឋាន​មួយ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង »


« ថ្ងៃទី ២៥–៣១ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤–១២៥ ៖ ‹ គេហដ្ឋាន​មួយ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២៥–៣១ ខែ តុលា ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ១២៤–១២៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ទីក្រុង​ណោវូ

ទីក្រុង​ណៅវូ​ដ៏​ស្រស់ស្អាត ដោយ ឡារី វីនបក

ថ្ងៃទី ២៥–៣១ ខែ តុលា

គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤–១២៥

« គេហដ្ឋាន​មួយ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង »

ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​នាំ​យក​គោលការណ៍​នានា​ចូល​ក្នុង​ការចងចាំ​របស់​យើង នៅពេល​យើង​បង្រៀន ( សូមមើល យ៉ូហាន ១៤:២៦ ) យើង​ត្រូវតែ​សិក្សា និង​សញ្ជឹងគិតអំ​ពី​គោលការណ៍​ទាំងនោះ​ដោយ​ឧស្សាហ៍​ព្យាយាម​ជាមុន​សិន ។

កត់​ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូប​តំណាង​ការ​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​គិត​ដល់​ការអញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤–១២៥ ដែល​បាន​បណ្ដាល​ឲ្យ​ពួកគេ​គិត​ដល់​គោលការណ៍​ដំណឹងល្អ​មួយ​តាម​របៀប​ថ្មី ។ តើ​ពួកគេ​បាន​អាន​អ្វីខ្លះ​—​ជា​បុគ្គល ឬ​ជា​គ្រួសារ​—​ដែល​បាន​ផ្លាស់ប្ដូរ​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍ គិត ឬ​រស់នៅ ?

រូប​តំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:១៥, ២០

ព្រះអម្ចាស់​អរ​ព្រះហឬទ័យ​នឹង​សេចក្ដី​ទៀងត្រង់ ។

  • នៅក្នុង កណ្ឌ​ទី ១២៤ ព្រះអម្ចាស់​បាន​សរសើរ​ហៃរុម ស្ម៊ីធ និង ជួច មិលលើ ចំពោះ​សេចក្ដី​ទៀងត្រង់​របស់​ពួកលោក ។ ដើម្បី​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​សិក្សា​ពី​លក្ខណៈ​សម្បត្តិ​នេះ​កាន់តែ​ជ្រាលជ្រៅ​ថែម​ទៀត អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:១៥, ២០ ហើយ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​រៀន​អំពី​សេចក្ដី​ទៀងត្រង់​មកពី​ខគម្ពីរ​ទាំងនេះ ។ តើ​យើង​រៀន​បាន​អ្វីខ្លះ​ទៀត​មកពី​បទគម្ពីរ​ដែល​មាន​ក្នុង​បញ្ជី​ក្រោម​ពាក្យ « សេចក្ដី​ទៀងត្រង់ » នៅក្នុង សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ឬ មកពី​សារលិខិត​របស់​អែលឌើរ រីឆាត ជេ ម៉េណេស « ការទទួល​បាន​ការទុក​ព្រះទ័យ​ពី​ព្រះអម្ចាស់ និង​ទំនុក​ចិត្ត​ពី​គ្រួសារ​អ្នក » ?( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៧៥–៧៧ ) ។ ប្រហែលជា​សិស្ស​ក្នុង​ថ្នាក់​អាច​ចែកចាយ​ឧទាហរណ៍​អំពី​មនុស្ស​ដែល​ពួកគេ​ស្គាល់ ដែល​មាន​សេចក្ដី​ទៀងត្រង់ ។ ហេតុអ្វី​សេចក្ដី​ទៀងត្រង់​គឺជា​លក្ខណៈ​សម្បត្តិ​ដ៏​មាន​តម្លៃ​មួយ​បែប​នេះ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២២–២៤, ៦០–៦១

ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឲ្យ​យើង​ស្វាគមន៍ និង​ទទួល​យក​មនុស្ស​ដទៃ ។

  • សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​អាច​រៀន​អ្វីមួយ​មកពី​ការពិពណ៌នា​របស់​ព្រះអម្ចាស់​អំពី​ព្រះដំណាក់​ណៅវូ ដែល​អាច​ជួយ​ពួកគេ​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ​ជាមួយ​មនុស្ស​ដែល​មិន​មែន​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឬ​ដែល​បាន​ចាកចេញ​ពី​សាសនាចក្រ ។ អ្នក​អាច​គូរ​រូប​ផ្ទះ​មួយ​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្រាវជ្រាវ គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២២–២៤, ៦០–៦១ រក​ពាក្យ ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ពិពណ៌នា​ពី​គោលបំណង​នៃ​ព្រះដំណាក់​ណៅវូ ។ បន្ទាប់​មក ពួកគេ​អាច​សរសេរ​ពាក្យ​ផ្សេងៗ​នៅ​ជុំវិញ​រូប​ផ្ទះ​នោះ ។ តើ​ពាក្យ​ទាំងនេះ​ក៏​អាច​អនុវត្ត​បាន​ចំពោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្កើត​វប្បធម៌​សា្វគមន៍​ដូចគ្នា​នេះ​នៅក្នុង​វួដ និង​ផ្ទះ​របស់​យើង ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:២៥–៤៥, ៥៥

ព្រះអម្ចាស់​ត្រាស់បង្គាប់​យើង​ឲ្យ​សាងសង់​ព្រះវិហារបរិសុទ្ធ ដើម្បី​យើង​អាច​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ ។

  • ប្រហែល​ជា​សិស្ស​ក្នុង​ថ្នាក់​អាច​ស្រមៃ​ថា ពួកគេ​កំពុង​រស់នៅ​ក្នុង​ក្រុង​ណៅវូ​ឆ្នាំ ១៨៤១ ហើយ​ធ្វើការ​សង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ពេល​មាន​មិត្ត​ម្នាក់​សួរ​ថា « ហេតុអ្វី​យើង​បន្ដ​កសាង​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ? » តើ​យើង​នឹង​និយាយ​អ្វីខ្លះ​ទៅកាន់​មិត្ត​នេះ ? សិស្ស​ក្នុង​ថ្នាក់​អាច​រកមើល​គំនិត​នានា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៨–៣០, ៣៧–៤២, ៥៥ ។ ប្រសិនបើ​សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​មិន​សូវ​ស្គាល់​ពិធីបរិសុទ្ធ ដែល​បាន​លើក​ឡើង​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ទេ សូម​គិត​ពី​ការរៀបរាប់​ពី​គោលបំណង និង​ពរជ័យ​នានា​នៃ​ពិធីបរិសុទ្ធ​ទាំងនេះ ។ សូម​មើល temples.ChurchofJesusChrist.org សម្រាប់​ការណែនាំ​អំពី​អ្វី​ដែល​អាច​ពិភាក្សា​បាន​ដោយ​សមរម្យ នៅ​ខាងក្រៅ​ព្រះវិហារ​បរិសុទ្ធ និង​សម្រាប់​រូបភាព​ព្រះវិហារ​បរិសុទ្ធ ដែល​អ្នក​អាច​បង្ហាញ​នៅក្នុង​ថ្នាក់​បាន ។

    យ៉ូសែប ស្ម៊ីធ ជាមួយ​នឹង​ពួក​បុរស​កំពុង​សង់​ព្រះវិហារ​បរិសុទ្ធ​ណៅវូ

    យ៉ូសែប ស្ម៊ីធ​នៅឯ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ ដោយ ហ្គែរី អ៊ី ស្ម៊ីធ

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៤៥–៥៥

ព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់​អស់​អ្នក​ដែល​ខិតខំ​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

  • ពួកបរិសុទ្ធ​ត្រូវបាន​បង្គាប់​ឲ្យ​កសាង​ព្រះវិហារ​បរិសុទ្ធ​នៅ​ស្រុក​ចាកសុន ប៉ុន្ដែ​ត្រូវបាន « បង្ខា​បង្ខាំង​ដោយសារ​ពួក​ខ្មាំងសត្រូវ​របស់​ពួក​គេ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៥១ ) ។ នៅក្នុង​ខទី ៤៩–៥៥ ត្រង់​កន្លែង​ដែល​ព្រះអម្ចាស់​បាន​លើកឡើង​ពី​ស្ថានភាព​នេះ អាច​មាន​សារលិខិត​ធានា​អះអាង​មួយ​ដល់​មនុស្ស​ដែល​ចង់​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ប៉ុន្ដែ​ត្រូវ​បាន​រារាំង​ពី​ការធ្វើ​ដូច្នោះ ដោយសារតែ​គ្រួសារ ឬ កាលៈទេសៈ​ផ្សេងទៀត ។ អ្នក​អាច​អាន​ខគម្ពីរ​ទាំងនេះ​ជាមួយ​សមាជិក​ក្នុង​ថ្នាក់ ហើយ​សូម​ឲ្យ​ពួកគេ​គិត​អំពី​ស្ថានភាព​ដែល​មនុស្ស​អាច​មិន​បំពេញ​តាម​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​ពួកគេ ដោយសារតែ​កាលៈទេសៈ​ដែល​ពួកគេ​មិន​អាច​គ្រប់គ្រង​បាន ។ តើ​ការប្រឹក្សា​អ្វីខ្លះ​ដែល​យើង​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​អាច​ជួយ​នរណាម្នាក់​នៅក្នុង​ស្ថានភាព​មួយ​បែប​នេះ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការគោរព​ប្រតិបត្តិ ?

គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៩១–៩២

ព្រះអម្ចាស់​អាច​ដឹកនាំ​យើង​តាមរយៈ​ពរជ័យ​អយ្យកោ​របស់​យើង ។

  • តើ​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​នឹង​ទទួល​បាន​ប្រយោជន៍​មកពី​ការពិភាក្សា​មួយ​អំពី​ពួកអយ្យកោ និង​ពរជ័យ​អយ្យកោ​ដែរ​ឬ​ទេ ? អ្នក​អាច​ចាប់​ផ្ដើម​ដោយ​ការអញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៩១–៩២ ហើយ​រកមើល​អ្វី​ដែល​ហៃរុម ស្ម៊ីធ ត្រូវបាន​ហៅ​ឲ្យ​ធ្វើ ។ រួច​ហើយ អ្នក​អាច​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ពាក្យ អ្វីខ្លះ និង ហេតុអ្វី ហើយ​អញ្ជើញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​អាន « ពរជ័យ​លោក​អយ្យកោ » ( ពិត​ចំពោះ​សេចក្តី​ជំនឿ ទំព័រ ១១១–១១៣ ) ដើម្បី​រកមើល​អ្វី​ជា​ពរជ័យ​លោក​អយ្យកោ និង​មូលហេតុ​ដែល​វា​មាន​តម្លៃ ។ តើ​បុគ្គល​ម្នាក់​អាច​រៀបចំ​ខ្លួន​ដើម្បី​ទទួល​បាន​ពរជ័យ​លោក​អយ្យកោ​ដោយ​របៀប​ណា ? សូម​ពិចារណា​អញ្ជើញ​មនុស្ស​ពីរ​បី​នាក់ ដែល​បាន​ទទួល​ពរជ័យ​លោក​អយ្យកោ​របស់​ពួកគេ ឲ្យ​ឡើង​ចែកចាយ​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អំណរ​ចំពោះ​ពរជ័យ​នេះ ។ ( សូម​រំឭក​ពួកគេ​ថា កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ​ពិសិដ្ឋ​ពេក​មកពី​ពរជ័យ​របស់​ពួកគេ ) ។ តើ​យើង​អាច​បង្ហាញ​ថា យើង​ផ្ដល់​តម្លៃ​ដល់​ពរជ័យ​លោក​អយ្យកោ​របស់​យើង​ដោយ​របៀប​ណា ?

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​អធិស្ឋាន​សម្រាប់​សិស្ស​របស់​អ្នក ។ សូម​អធិស្ឋាន​តាម​ឈ្មោះ​សម្រាប់​មនុស្ស​ដែល​អ្នក​បង្រៀន ។ អ្នក​អាច​អធិស្ឋាន​ដើម្បី​ដឹង​ពី​តម្រូវការ​របស់​ពួកគេ ហើយ​ដឹង​ពី​អ្វីដែល​ត្រូវ​បង្រៀន ដើម្បី​បំពេញ​តាម​តម្រូវការ​ទាំងនោះ ។ អ្នក​ក៏​អាច​សូម​ឲ្យ​ព្រះវរបិតាសួគ៌ « រៀបចំ​ចិត្ត​គេ » ( អាលម៉ា ១៦:១៦ ) ដើម្បី​ទទួល​យក​សេចក្ដីពិត ដែល​អ្នក​នឹង​បង្រៀន​ផងដែរ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ  ) ។