គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
អ្នក​គឺ​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ


« អ្នក​គឺ​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ គោលលទ្ធិ និង សេចក្ដី​សញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ​ ២០២០ )

« អ្នក​គឺ​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២១

ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​ជាមួយ​នឹង​ពួកសាវក

អ្នក​គឺ​ជា​គ្រូបង្រៀន​ម្នាក់​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

អ្នក​ត្រូវ​បានព្រះ​ហៅ​មក​ដើម្បីផ្តល់ក្តី​ស្រឡាញ់ និង​បង្រៀន​បុត្រា​បុត្រី​របស់​ទ្រង់​ទៅតាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ត្រូវ​បាន​ញែក​ចេញ​ចំពោះ​ការ​ហៅ​នេះ​ដោយ​អ្នក​ដែលមាន​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ទោះ​បី​ជា​អ្នក​គ្មាន​បទពិសោធន៍​ជា​គ្រូ​បង្រៀន​ក៏​ដោយ នៅ​ពេល​អ្នក​រស់​នៅ​ដោយ​ស័ក្ដិសម អធិស្ឋាន​ប្រចាំ​ថ្ងៃ ហើយ​សិក្សា​ព្រះគម្ពីរ នោះ​ព្រះវរបិតា​សួគ៌​នឹង​ប្រទាន​ឥទ្ធិពល និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​អ្នក​ទទួល​បាន​ជោគ​ជ័យ ( សូម​មើល នីហ្វៃ​ទី២ ៣៣:១ ) ។

អស់​កុមារ​ទាំងឡាយដែល​ត្រូវ​នៅក្នុងការមើលថែ​របស់​អ្នក គឺជា​កូនចៅ​របស់​ព្រះវរបិតាសួគ៌ ហើយ​ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ពួកគេ​ត្រូវការ និង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ដល់​ពួកគេ ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​នឹង​ដឹកនាំ​អ្នក​ពេល​អ្នក​រៀបចំ​មេរៀន និង​ពេល​ដែល​អ្នក​កំពុង​បង្រៀន ។ ទ្រង់​នឹង​បើក​សម្ដែង​ដល់​អ្នក​នូវ​អ្វី​ដែល​អ្នក​គួរ​និយាយ និង​អ្វី​ដែល​អ្នក​គួរ​ធ្វើ ( សូម​មើល នីហ្វៃទី ២ ៣២:៥ ) ។

គោលបំណង​ដ៏​សំខាន់​នៃ​ការ​បង្រៀន​ដំណឹងល្អ​គឺ​ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត ។ គោលបំណង​របស់​អ្នក​ក្នុង​នាម​ជា​គ្រូបង្រៀន​គឺ​ដើម្បី​ជួយ​មនុស្ស​ដែល​អ្នក​បង្រៀន​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​របស់គេ ដើម្បី​កាន់តែប្រែ​ចិត្ត​ជឿ​ចំពោះ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ—ជា​ការ​ខិតខំ​មួយ​លើស​ពី​ម៉ោង​រៀន​ទៅ​ទៀត ។ សូម​អញ្ជើញ​សិស្ស​ទាំងនោះឲ្យ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការ​រៀន​សូត្រ​អំពី​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ហើយ​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​រៀន ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ដើម្បី​ធ្វើ​ឲ្យ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ​នៅ​ក្រៅ​ម៉ោង​សិក្សា​គឺជាប្រភព​ដ៏​សំខាន់​នៃ​ការ​រៀនសូត្រ​របស់​ពួកគេ​អំពី​ដំណឹងល្អ ។ នៅ​ពេល​ពួកគេ​ធ្វើសកម្មភាព​ដោយ​សេចក្ដី​ជំនឿ​តាមរយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ជា​ក្រុម​គ្រួសារ ពួកគេ​នឹងយាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យចូលមក​ក្នុង​ជីវិត​របស់​ពួកគេ ហើយព្រះវិញ្ញាណ​គឺជា​អង្គ​ដែល​នាំ​មកនូវ​ការ​ប្រែចិត្ត​ជឿ​ពិត ។ អ្វីគ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ​ក្នុង​នាម​ជា​គ្រូបង្រៀន​ម្នាក់​គួរ​ចង្អុល​ទៅ​គោលដៅ​ដ៏​ពិសិដ្ឋ​នេះ ។

សូម​បង្រៀន​តែ​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដូចដែល​មាន​នៅ​ក្នុង​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​ថ្ងៃ​ចុង​ក្រោយប៉ុណ្ណោះ ។ គោលលទ្ធិ​បរិសុទ្ធ—ជា​សេចក្ដី​ពិត​អស់​កល្ប ពុំ​ផ្លាស់​ប្ដូរ​ដែល​ព្រះ និង​ពួក​អ្នក​បម្រើ​របស់​ទ្រង់​បាន​បង្រៀន—យាង​អញ្ជើញ​ព្រះវិញ្ញាណ ហើយ​មាន​អនុភាព​ដើម្បី​ផ្លាស់ប្ដូរ​ជីវិត ។

ការ​ហៅ​ឲ្យ​បង្រៀន​គឺជា​ការ​ទុកចិត្ត​ដ៏​ពិសិដ្ឋ​មួយ ហើយ​ពេល​ខ្លះ​វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​មាន​នូវ​ការ​ថប់​បារម្ភ ។ ប៉ុន្ដែ​សូម​ចងចាំ​ថា ព្រះវរបិតាសួគ៌​របស់​អ្នក​បាន​ហៅ​អ្នក ហើយ​ទ្រង់​នឹង​មិន​ដែល​បោះបង់​អ្នក​ចោល​ឡើយ ។ នេះ​គឺជា​កិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​នៅ​ពេល​អ្នក​បម្រើ « អស់​ពី​ចិត្ត អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង​របស់​អ្នក » ( គ. និង ស. ៤:២ ) នោះ​ទ្រង់​នឹង​ពង្រីក​សមត្ថភាព អំណោយទាន និង​ទេពកោសល្យ​របស់​អ្នក ហើយ​ការបម្រើ​របស់​អ្នក​នឹង​ផ្តល់ជា​ពរជ័យ​ដល់​ជីវិត​មនុស្ស​ដែល​អ្នក​បង្រៀន ។