« ការប្រើប្រាស់សៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ការប្រើប្រាស់សៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២១
ការប្រើប្រាស់សៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ
ការរៀបចំខ្លួនបង្រៀនក្នុងសាលាថ្ងៃអាទិត្យ
ការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសារនៅក្នុងគេហដ្ឋានគួរជាស្នូលនៃការរៀនសូត្រដំណឹងល្អ ។ រឿងនេះគឺជារឿងពិតចំពោះអ្នក និងចំពោះអ្នកទាំងឡាយដែលអ្នកបង្រៀន ។ នៅពេលអ្នករៀបចំខ្លួនបង្រៀន សូមចាប់ផ្ដើមដោយមានបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងបទគម្ពីរ ។ ការរៀបចំខ្លួនដ៏សំខាន់បំផុតរបស់អ្នកនឹងកើតឡើង នៅពេលអ្នកស្រាវជ្រាវបទគម្ពីរ និងស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ទាំងការសិក្សាផ្ទាល់ខ្លួនរបស់អ្នក និងការរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀន ។ វានឹងជួយអ្នកឲ្យទទួលបានការយល់ដឹងដ៏ស៊ីជម្រៅមួយអំពីគោលការណ៍នៃគោលលទ្ធិទាំងឡាយដែលមាននៅក្នុងបទគម្ពីរ ។ វាក៏នឹងអាចឲ្យអ្នកមានការបំផុសគំនិត ហើយអញ្ជើញសិស្សឲ្យប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីបង្កើនការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេផងដែរ ( សម្រាប់ជំនួយនៅក្នុងធ្វើកិច្ចការនេះ សូមមើល គំនិតសម្រាប់ការលើកទឹកចិត្តឲ្យមានការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសារ » នៅក្នុងធនធាននេះ ) ។ នៅពេលអ្នកធ្វើដូច្នេះ សូមមានការប្រុងប្រយ័ត្នចំពោះសិស្សដែលស្ថានភាពគ្រួសាររបស់ពួកគេប្រហែលជាពុំអនុញ្ញាតឲ្យមានការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារឲ្យបានទៀងទាត់ ។
អំឡុងពេលអ្នករៀបចំខ្លួន គំនិត និងអារម្មណ៍ទាំងឡាយនឹងកើតមានដល់អ្នកអំពីមនុស្សដែលអ្នកបង្រៀន របៀបដែលគោលការណ៍ទាំងឡាយនៅក្នុងបទគម្ពីរនឹងស្ថាបនាសេចក្ដីជំនឿរបស់ពួកគេលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលអ្នកអាចបំផុសគំនិតពួកគេឲ្យស្វែងរកគោលការណ៍ទាំងនោះ នៅពេលពួកគេសិក្សាព្រះគម្ពីរសម្រាប់ខ្លួនឯងនោះ ។
គំនិតសម្រាប់ការបង្រៀន
ពេលអ្នករៀបចំបង្រៀន អ្នកអាចទទួលបានការបំផុសគំនិតបន្ថែមដោយការស្វែងយល់អំពីគម្រោងមេរៀនបង្រៀននៅក្នុងធនធាននេះ ។ សូមកុំចាត់ទុកថា គំនិតទាំងនេះគឺជាសេចក្ដីណែនាំជំហានម្តងមួយៗឡើយ ប៉ុន្តែផ្ទុយទៅវិញសូមចាត់ទុកវាជាយោបល់ដើម្បីជួយបង្កើតការបំផុសគំនិតផ្ទាល់របស់អ្នក ។ អ្នកស្គាល់ពីសិស្សរបស់អ្នក ហើយអ្នកនឹងស្គាល់ពួកគេកាន់តែច្រើនទៀត នៅពេលអ្នករៀនជាមួយគ្នានៅក្នុងថ្នាក់ ។ ព្រះអម្ចាស់ស្គាល់ពួកគេផងដែរ ហើយទ្រង់នឹងបំផុសគំនិតដល់អ្នកនូវរបៀបដ៏ល្អបំផុតដើម្បីជួយសិស្សឲ្យស្ថាបនាទៅលើការរៀនសូត្រដំណឹងល្អដែលពួកគេកំពុងធ្វើនៅក្នុងគេហដ្ឋាន ។
មានធនធានជាច្រើនផ្សេងទៀតដែលអ្នកអាចប្រើ នៅពេលអ្នករៀបចំខ្លួន រួមបញ្ចូលទាំងគំនិតនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងទស្សនាវដ្ដីសាសនាចក្រផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីធនធានទាំងនេះ និងធនធានផ្សេងទៀត សូមមើលវគ្គដែលមានចំណងជើងថា « ធនធានបន្ថែមទាំងឡាយ »នៅក្នុងធនធាននេះ ។
រឿងមួយចំនួនដែលត្រូវចងចាំ
-
ក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកមានការទទួលខុសត្រូវដ៏សំខាន់មួយគឺដើម្បីគាំទ្រ លើកទឹកចិត្ត ហើយស្ថាបនាលើការរៀនសូត្រដំណឹងល្អផ្ទាល់ខ្លួន និងជាគ្រួសាររបស់សិស្ស ។ ខណៈសិស្សមួយចំនួនមិនអាចសិក្សាដំណឹងល្អនៅផ្ទះបានខ្ជាប់ខ្ជួន នោះអ្នកអាចធ្វើឲ្យមានភាពខុសគ្នាដ៏ធំមួយ ពេលអ្នកលើកទឹកចិត្ត និងជួយពួកគេឲ្យធ្វើឲ្យគេហដ្ឋានរបស់ពួកគេជាកន្លែងរៀនសូត្រដំណឹងល្អ ។
-
ការប្រែចិត្តជឿរបស់សិស្សចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនឹងមានភាពស៊ីជម្រៅ នៅពេលពួកគេយល់ ហើយអនុវត្តគោលលទ្ធិពិត ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រា ហើយធ្វើតាមការបំផុសគំនិតដែលពួកគេទទួលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។
-
ការបង្រៀនគឺលើសពីការបង្រៀនមេរៀនទៅទៀត ប៉ុន្តែវាក៏លើសពីការគ្រាន់តែដឹកនាំការពិភាក្សាមួយផងដែរ ។ ផ្នែកមួយនៃតួនាទីរបស់អ្នកគឺដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមដែលស្អាងឡើង ហើយផ្អែកទៅលើបទគម្ពីរ ។ អ្នកក៏គួរចែកចាយការយល់ដឹងដ៏បំផុសគំនិតដែលអ្នកបានទទួល នៅពេលអ្នកបានសិក្សាព្រះគម្ពីរផងដែរ ។
-
សូមចងចាំថា សិស្សជាច្រើនក៏កំពុងមានបទពិសោធន៍ដ៏មានន័យពីការសិក្សាព្រះគម្ពីរនៅក្នុងផ្ទះផងដែរ ។ អ្នកអាចគាំទ្រការរៀនសូត្រដំណឹងល្អរបស់ពួកគេបាន តាមរយៈការផ្ដល់ឱកាសជាញឹកញាប់ឲ្យពួកគេចែកចាយអ្វីដែលពួកគេកំពុងរៀននៅឯគេហដ្ឋាន និងរបៀបដែលវាមានឥទ្ធិពលមកលើជីវិតរបស់ពួកគេ ។
-
ព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យអ្នកទទួលបានជោគជ័យក្នុងនាមជាគ្រូបង្រៀនម្នាក់ ។ ទ្រង់បានប្រទានធនធានជាច្រើនដើម្បីជួយអ្នក រួមបញ្ចូលទាំងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនផងដែរ ។ នៅក្នុងការប្រជុំទាំងនេះ អ្នកអាចប្រឹក្សាជាមួយនឹងគ្រូបង្រៀនផ្សេងៗទៀតអំពីឧបសគ្គនានាដែលអ្នកជួបប្រទះ ។ អ្នកក៏អាចពិភាក្សា ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទផងដែរ ។
-
មនុស្សមួយចំនួនរៀនបានល្អបំផុត នៅពេលពួកគេមានឱកាសបង្រៀន ។ ម្ដងម្កាល សូមពិចារណាអនុញ្ញាតឲ្យសិស្ស រួមទាំងយុវវ័យផងដែរឲ្យបង្រៀនផ្នែកមួយនៃមេរៀន ។ សូមធ្វើការសម្រេចចិត្តនេះដោយផ្អែកលើសេចក្ដីត្រូវការ និងលទ្ធភាពរបស់សិស្ស ។ ប្រសិនបើអ្នកពិតជាអញ្ជើញសិស្សឲ្យបង្រៀន សូមចំណាយពេលជួយគាត់ឲ្យរៀបចំខ្លួនជាមុនដោយប្រើគំនិតដែលមាននៅក្នុងធនធាននេះ និងនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមចងចាំថា ក្នុងនាមជាគ្រូបង្រៀនដែលបានហៅឲ្យបម្រើ នោះអ្នកមានការទទួលខុសត្រូវទាំងស្រុងចំពោះអ្វីដែលត្រូវបង្រៀននៅក្នុងថ្នាក់ ។
-
ធនធាននេះរួមមាននូវគម្រោងមេរៀនរាល់សប្ដាហ៍សម្រាប់ឆ្នាំនេះ ។ នៅថ្ងៃអាទិត្យ ពេលគ្មានសាលាថ្ងៃអាទិត្យ ក្រុមគ្រួសារនឹងបន្តអានព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញានៅឯគេហដ្ឋានយោងតាមកាលវិភាគដែលបានគ្រោងនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ អ្នកអាចជ្រើសរើសរំលងមេរៀនណាដែលចំនៅសប្ដាហ៍មិនមានថ្នាក់សាលាថ្ងៃអាទិត្យ ឬអ្នកអាចបង្រៀនមេរៀនច្រើនចូលគ្នានៅក្នុងម៉ោងបង្រៀនតែមួយ ។