« ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ ‹ សម្តេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ១១–១៧ ខែ វិច្ឆិកា
ហេព្រើរ ៧–១៣
« សម្តេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក »
នៅពេលអ្នកអាន ហេព្រើរ ៧–១៣ សូមពិចារណាថាតើសារលិខិតរបស់ព្រះអម្ចាស់ដល់ពួកបរិសុទ្ធហេព្រើរគឺជាអ្វី ។ ក៏សូមរកមើលផងដែរនូវសារលិខិតរបស់ទ្រង់ចំពោះអ្នក និងសិស្សរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ពីមុនថ្នាក់ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យមកថ្នាក់រៀន ដោយត្រៀមខ្លួនចែកចាយខគម្ពីរនៅក្នុង ហេព្រើរ ៧–១៣ ដែលជួយពួកគេ « ចូលទៅជិត[ព្រះ]ទាំងមានចិត្តស្មោះត្រង់ និងចិត្តដឹងពិតប្រាកដ ហើយសេចក្តីជំនឿ » ( ហេព្រើរ ១០:២២ ) ។
បង្រៀនគោលលទ្ធិ
ការរស់នៅដោយស័ក្ដិសមនឹងសេចក្ដីសញ្ញា និងពរជ័យនៃបព្វជិតភាពមិលគីស្សាដែកដឹកនាំទៅរកភាពតម្កើងឡើង ។
-
វិធីមួយដើម្បីស្រាវជ្រាវជំពូកនេះគឺ អញ្ជើញសិស្សឲ្យសរសេរនៅលើក្ដារខៀននូវសេចក្ដីថ្លែងការណ៍ពិតមួយចំនួនអំពីបព្វជិតភាពមិលគីស្សាដែក ( សូមគំនិតនានា ពួកគេអាចអាន « បព្វជិតភាពមិលគីស្សាដែក » នៅក្នុង ពិតចំពោះសេចក្ដីជំនឿ ទំព័រ ១០៨–៩ ) ។ បន្ទាប់មក ពួកគេអាចស្រាវជ្រាវក្នុង ហេព្រើរ ៧:១–២២ រកឃ្លាដែលគាំទ្រដល់សេចក្ដីថ្លែងការណ៍នៅលើក្ដារខៀន ។ ពួកគេក៏អាចប្រើ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីស្វែងរកបទគម្ពីរគាំទ្រផ្សេងទៀតផងដែរ ។
-
នៅក្នុង ហេព្រើរ ៧:១១ ប៉ុលបានសួរថា « តើត្រូវការអ្វីឲ្យមានសង្ឃ១ទៀត ដែលមិនបានតាំងឡើងតាមរបៀបលោកអើរ៉ុន គឺតាមរបៀបលោកម៉ិលគីស្សាដែកវិញធ្វើអី ? » និយាយម្យ៉ាងទៀត ហេតុអ្វីយើងត្រូវការបព្វជិតភាពមិលគីស្សាដែកបន្ថែមពីលើបព្វជិតភាពអើរ៉ុន ? ប្រហែលជាសិស្សអាចរកមើលចម្លើយដែលអាចមាននៅក្នុង ពិតចំពោះសេចក្ដីជំនឿ « បព្វជិតភាពអើរ៉ុន » និង « បព្វជិតភាពមិលគីស្សាដែក » ។ អ្នកក៏អាចអញ្ជើញពួកគេឲ្យពិចារណាអំពីពរជ័យដែលយើងមាន ដោយសារបព្វជិតភាពទាំងពីរនេះ ( សូមមើលផងដែរ ការដកស្រង់ដោយស៊ីស្ទើរ ស្សែរី អិល ឌូ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ តើសិស្សធ្លាប់ដកពិសោធន៍ពរជ័យទាំងនេះតាមរបៀបណា ?
ពិធីបរិសុទ្ធពីបុរាណ និងសម័យទំនើបចង្អុលទៅរកព្រះយេស៊ូវគ្រីស្ទ ។
-
ទោះជាយើងមិនថ្វាយដង្វាយដុតជាសត្វក្ដី ក៏យើងចូលរួមនៅក្នុងពិធីបរិសុទ្ធនានានៅសព្វថ្ងៃនេះតាមរបៀបស្រដៀងគ្នាមួយ ដែលចង្អុលបង្ហាញព្រលឹងរបស់យើងទៅរកព្រះគ្រីស្ទ ហើយផ្ដល់ « ច្រកផ្លូវដែលមានការអនុញ្ញាត ដែលតាមច្រកផ្លូវនោះ ពរជ័យ និងអំណាចនានានៃស្ថានសួគ៌ អាចចាក់ស្រោចមកក្នុងជីវិតរបស់យើងម្នាក់ៗ » ( ដេវីឌ អេ បែដណា « Always Retain a Remission of Your Sins » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦០) ។ ប្រហែលជាអ្នកអាចស្រាវជ្រាវរួមគ្នានូវសេចក្ដី លម្អិតអំពីពិធីបរិសុទ្ធពីបុរាណដែលបានរៀបរាប់នៅក្នុង ហេព្រើរ ៨–១០ និងអត្ថន័យ នៃ និមិត្តសញ្ញារបស់វា ។ ឧទាហរណ៍ តើឈាមគោឈ្មោល និងឈាមពពែឈ្មោលតំណាងឲ្យអ្វី ? ( សូមមើល ហេព្រើរ ៩:១៣–១៤ ) ។ តើសម្តេចសង្ឃតំណាងឲ្យនរណា ? ( សូមមើល ហេព្រើរ ៩:២៤–២៦ ) ។. តើពិធីបរិសុទ្ធសម័យទំនើបផ្ដល់ពរជ័យឲ្យយើង ហើយបានជួយចង្អុលបង្ហាញយើងទៅរកព្រះយេស៊ូវគ្រីស្ទតាមរបៀបណា ? តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យពិធីបរិសុទ្ធទាំងនេះកាន់តែមានន័យ ហើយផ្ដោតទៅលើព្រះអង្គសង្គ្រោះ ?
សេចក្តីជំនឿតម្រូវឲ្យមានការទុកចិត្តលើការសន្យារបស់ព្រះ ។
-
ដើម្បីជួយសិស្សឲ្យយល់ការបង្រៀនរបស់ប៉ុលអំពីសេចក្ដីជំនឿ អ្នកអាចចាប់ផ្ដើមដោយសុំឲ្យពួកគេគិតអំពីរបៀបដែលពួកគេនឹងពិពណ៌នាសេចក្ដីជំនឿជាពាក្យមួយប្រយោគ ។ បន្ទាប់មកអាន ហើយ ពិភាក្សារួមគ្នាអំពីនិយមន័យដែលពួកគេបានផ្ដល់ឲ្យនៅក្នុង ហេព្រើរ ១១:១ ។ បន្ទាប់មក អ្នកអាចបំបែកសិស្សជាក្រុមតូចៗ ហើយចាត់ក្រុមនីមួយៗឲ្យសិក្សាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលបានលើកឡើងនៅក្នុង ហេព្រើរ ១១ ។ សិស្សអាចប្រើលេខយោង ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ដើម្បីមើលឡើងវិញនូវបទពិសោធន៍របស់បុគ្គលនោះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ រួចហើយអ្នកតំណាងមកពីក្រុមនីមួយៗអាចចែកចាយនឹងសិស្សផ្សេងទៀតនូវអ្វីដែលក្រុមពួកគេបានរកឃើញ ។ តើមនុស្សទាំងនេះបានបង្ហាញថា ពួកគេបានទទួលអារម្មណ៍នូវ « ការអះអាងនៃអ្វីៗដែលសង្ឃឹមចង់បាន » តាមរបៀបណា ? ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ, ហេព្រើរ ១១:១ ) ។ តើគំរូអ្វីផ្សេងទៀតអំពីមនុស្សស្មោះត្រង់ដែលសិស្សអាចចែកចាយបាន ? តើនៅពេលណាដែលយើងបានអនុវត្តសេចក្ដីជំនឿលើការសន្យា ដែលពុំទាន់បានបំពេញនៅឡើយ ?
-
វាអាចជារឿងដ៏រីករាយមួយដើម្បីបង្កើតល្បែងមួយដើម្បីជួយសិស្សឲ្យរៀនអំពីសេចក្ដីជំនឿមកពី ហេព្រើរ ១១ ។ ឧទាហរណ៍ អ្នកអាចបំបែកសិស្សជាពីរក្រុម ហើយសួរសំណួរអំពីសេចក្ដីជំនឿដែលមានចម្លើយនៅក្នុងហេព្រើរ ១១( ឧទាហរណ៍សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។ ក្រុមទីមួយដែលរកឃើញចម្លើយមួយដែលគាំទ្រដោយបទគម្ពីរនឹងទទួលបានមួយពិន្ទុ ។ សូមឲ្យសិស្សពិភាក្សាអ្វីដែលពួកគេរៀនមកពីខគម្ពីរទាំងនេះ ដែលវាជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីសេចក្ដីជំនឿ ។
-
បន្ទាប់ពីសិក្សាការបង្រៀនរបស់ប៉ុលអំពីសេចក្ដីជំនឿនៅក្នុង ហេព្រើរ ១០:៣៤–៣៨, ១១ តើសិស្សនឹងទទួលបានអត្ថប្រយោជន៍ដោយការរៀនសូត្រអំពីសេចក្ដីជំនឿមកពីធនធានផ្សេងទៀតដែរឬទេ ? អ្នកអាចចាត់សិស្សបីបួននាក់ទុកជាមុន ឲ្យសិក្សាសំណួរមួយអំពីសេចក្ដីជំនឿដូចតទៅនេះ ៖ តើសេចក្ដីជំនឿគឺជាអ្វី ? តើយើងអភិវឌ្ឍសេចក្ដីជំនឿតាមរបៀបណា ? តើយើងមានពរតាមរបៀបណា នៅពេលយើងអនុវត្តសេចក្ដីជំនឿរបស់យើង ? តើមានអ្វីកើតឡើង នៅពេលយើងជ្រើសរើសមិនអនុវត្តសេចក្ដីជំនឿរបស់យើង ? បន្ទាប់មក ពួកគេអាចចែកចាយអ្វីដែលពួកគេបានរៀននៅក្នុងថ្នាក់ ។ ឬអ្នកអាចអញ្ជើញសិស្សឲ្យធ្វើការរួមគ្នាជាក្រុមដើម្បីស្វែងរកចម្លើយ ។ ធនធានមួយចំនួនដែលពួកគេអាចប្រើប្រាស់បានរួមមាន អាលម៉ា ៣២:២១–៤៣, អេធើរ ១២, និងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សេចក្តីជំនឿ » ។ បន្ទាប់ពីសិស្សបានចែកចាយអ្វីដែលពួកគេបានរៀនមក សូមឲ្យពួកគេពិចារណានូវអ្វីដែលពួកគេអាចធ្វើដើម្បីពង្រឹងសេចក្ដីជំនឿរបស់ពួកគេ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។
-
ពាក្យទូន្មានទៅកាន់ពួកបរិសុទ្ធហេព្រើរដែលត្រូវបានល្បួងឲ្យ « ឃ្លាតចេញ »ពីសេចក្ដីជំនឿរបស់ពួកគេអាចមានតម្លៃចំពោះសិស្សដែលប្រហែលជាកំពុងជួបបញ្ហាជាមួយនឹងទីបន្ទាល់របស់ពួកគេ ។ ដើម្បីរកឃើញនូវពាក្យទូន្មាននេះ សិស្សអាចអាន ហេព្រើរ ១០:៣៤–៣៨ និងសេចក្ដីថ្លែងការណ៍របស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។ ហេតុអ្វីមនុស្សនៅក្នុងពិភពលោកសព្វថ្ងៃនេះបាត់បង់ភាពជឿជាក់របស់ពួកគេ ( សូមមើល ហេព្រើរ ១០:៣៥ ) លើព្រះអម្ចាស់ និងដំណឹងល្អរបស់ទ្រង់ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីស្ថាបនា ហើយរក្សាសេចក្ដីជំនឿ និងភាពជឿជាក់ដើម្បី « ទទួលបានការសន្យារបស់[ព្រះ] » ? ( ហេព្រើរ ១០:៣៦ ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សិស្សអាចនឹងធ្លាប់ដឹងនូវបទពិសោធន៍របស់យ៉ូសែប ស្ម៊ីធ ក្នុងការអាន យ៉ាកុប ១:៥ ដែលបានដឹកនាំទៅរកការនិមិត្តដំបូង ។ សូមអញ្ជើញពួកគេឲ្យរកមើលការយល់ដឹងថ្មីអំពី យ៉ាកុប ១:៥ នៅពេលពួកគេអានខគម្ពីរនេះនៅសប្ដាហ៍នេះនៅក្នុងបរិបទនៃសារលិខិតដ៏ទូលំទូលាយរបស់យ៉ាកុប ។
ធនធានបន្ថែមទាំងឡាយ
សំណួរអំពីសេចក្ដីជំនឿមកពី ហេព្រើរ ១១ ។
-
តើ ហេព្រើរ ១១ ឲ្យនិយមន័យសេចក្ដីជំនឿយ៉ាងដូចម្ដេច ? ( សូមមើល ខទី ១ ) ។
-
តើសេចក្ដីជំនឿអាចឲ្យអាបិលធ្វើអ្វីខ្លះ ? ( សូមមើល ខទី ៤ ) ។
-
យោងតាម ហេព្រើរ ១១ តើអ្វីទៅដែលមិនអាចធ្វើទៅបានដោយគ្មានសេចក្ដីជំនឿ ? ( សូមមើល ខទី ៦ ) ។
-
តើសេចក្ដីជំនឿបំផុសគំនិតអ័ប្រាហាំឲ្យរកមើលអ្វីខ្លះ ? ( សូមមើល ខទី ១០ ) ។
-
តើអ៊ីសាកបានធ្វើអ្វីខ្លះជាមួយនឹងសេចក្ដីជំនឿរបស់គាត់ ? ( សូមមើល ខទី ២០ ) ។
-
តើសេចក្ដីជំនឿបំផុសគំនិតម៉ូសេឲ្យរកមើលអ្វីខ្លះ ? ( សូមមើល ខទី ២៤–២៧ ) ។
ពរជ័យនៃបព្វជិតភាពមិលគីស្សាដែកមានចំពោះមនុស្សគ្រប់គ្នា ។
ស៊ិស្ទើរ ស្សែរី អិល ឌូ អតីតទីប្រឹក្សានៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ បានថ្លែងថា « ពរជ័យទាំងឡាយនៃបព្វជិតភាពមានចំពោះបុរសស្ត្រីសុចរិតគ្រប់រូប ។ យើងទាំងអស់គ្នាអាចទទួលបានព្រះវិញ្ញាណបរិសុទ្ធ វិវរណៈផ្ទាល់ខ្លួន និងទទួលពិធីបរិសុទ្ធផ្ទាល់ខ្លួនក្នុងព្រះវិហារបរិសុទ្ធ ជាពិធីបរិសុទ្ធដែលយើង ‹ បានប្រដាប់ › ដោយអំណាច ។ អំណាចបព្វជិតភាពព្យាបាល ឃុំគ្រង ហើយការពារមនុស្សសុចរិតទាំងអស់ពីអំណាចនៃសេចក្ដីងងឹត » ( « It Is Not Good for Man or Woman to Be Alone » Ensign ខែ វិច្ឆិកា ឆ្នាំ២០០១ ទំព័រ ១៣ ) ។
« ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់បងប្អូន »
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានបង្រៀនថា
« ប្រាកដណាស់វាមានការលំបាក—ពីមុនអ្នកចូលរួមក្នុងសាសនាចក្រ ខណៈដែលអ្នកកំពុងព្យាយាមចូលរួម និងបន្ទាប់ពីអ្នកបានចូលរួម ។ ប៉ុលបាននិយាយថា នេះជារបៀបដែលវាតែងតែកើតឡើង ប៉ុន្តែចូរកុំរុញរាធ្វើតាមវាឡើយ ។ ចូរកុំភិតភ័យ ហើយដកខ្លួនចេញ ។ ចូរកុំបោះបង់សេចក្តីក្លាហានរបស់បងប្អូន ។ ចូរកុំភ្លេចពីអារម្មណ៍ដ៏អស្ចារ្យមួយដែលអ្នកធ្លាប់មាន ។ ចូរកុំខ្វល់ពីបទពិសោធន៍ដែលបងប្អូនធ្លាប់មានឡើយ ។ …
« ជាមួយនឹងការសម្រេចចិត្តដ៏ធំនានា នោះមាននូវបម្រាម និង ការសម្រេចចិត្តដែលត្រូវធ្វើ ប៉ុន្តែនៅពេលការបំភ្លឺបានកើតឡើង សូមប្រយ័ត្ននឹងការល្បួងដែលអូសទាញឲ្យឃ្លាតឆ្ងាយពីរឿងល្អ ។ ប្រសិនបើវាត្រឹមត្រូវ ពេលអ្នកអធិស្ឋាន ហើយទុកចិត្ត ហើយរស់នៅតាម វាជាត្រូវពេលនេះហើយ ។ សូមកុំរាថយនៅពេលសម្ពាធមានការកើនឡើង ។… សូមប្រឈមមុខនឹងភាពសង្ស័យរបស់បងប្អូន ។ សូមគ្រប់គ្រងភាពភ័យខ្លាចរបស់បងប្អូន ។ ‹ ដូច្នេះ កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា › ។ សូមបន្ដដើរនៅលើផ្លូវនោះ ហើយមើលឃើញនូវភាពស្រស់ស្អាតនៃជីវិតដែលនឹងបើកបង្ហាញចំពោះអ្នក » ( « Cast Not Away Therefore Your Confidence » Ensign ខែ មីនា ឆ្នាំ ២០០០ ទំព័រ ៦–១១ ) ។