« ថ្ងៃទី ៤–១០ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវគ្រីស្ទ ‹ មេបង្កើត នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ៤–១០ ខែ វិច្ឆិកា ។ ហេព្រើរ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ៤–១០ ខែ វិច្ឆិកា
ហេព្រើរ ១–៦
ព្រះយេស៊ូវគ្រីស្ទ « មេបង្កើត នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច »
សូមពិចារណាចែកចាយជាមួយសិស្សនូវចំណាប់អារម្មណ៍មួយចំនួនដែលអ្នកទទួលមកពីព្រះវិញ្ញាណបរិសុទ្ធអំពី ហេព្រើរ ១–៦ ។ ការធ្វើបែបនេះអាចបំផុសគំនិតពួកគេឲ្យស្វែងរកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលពួកគេសិក្សាព្រះគម្ពីរ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សិស្សមួយចំនួនដែលជារឿយៗមិនបានចែកចាយអ្វីនៅក្នុងថ្នាក់អាចគ្រាន់តែត្រូវការការអញ្ជើញជាក់លាក់មួយ និងពេលវេលាត្រៀមខ្លួនបន្តិចប៉ុណ្ណោះ ។ អ្នកអាចទាក់ទងទៅពួកគេពីរបីនាក់ មួយថ្ងៃ ឬពីរថ្ងៃមុន ហើយសុំឲ្យពួកគេមកដោយត្រៀមខ្លួនចែកចាយខគម្ពីរមួយមកពី ហេព្រើរ ១–៦ ដែលមានន័យចំពោះពួកគេ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទ « មេបង្កើត នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច » ។
-
តើអ្នកអាចលើកទឹកចិត្តសិស្សឲ្យចែកចាយបទគម្ពីរដែលមានន័យអំពីព្រះយេស៊ូវគ្រីស្ទ ដែលពួកគេបានរកឃើញនៅក្នុងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ និងជាមួយគ្រួសារនៅសប្ដាហ៍នេះតាមរបៀបណា ? សូមពិចារណាបង្កើតជួរឈរចំនួនប្រាំនៅលើក្ដារខៀនដើម្បីតំណាងឲ្យប្រាំជំពូកដំបូងនៅក្នុងហេព្រើរ ។ សូមអញ្ជើញសិស្សឲ្យសរសេរនៅក្នុងជួរឈរដែលសមរម្យនូវឃ្លាចេញពីជំពូកដែលបានបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងលេខគម្ពីរដែលពួកគេបានរកឃើញ ។ តើការស្គាល់រឿងទាំងនេះអំពីព្រះអង្គសង្គ្រោះជះឥទ្ធិពលដល់សេចក្ដីជំនឿរបស់យើងលើទ្រង់ និងឆន្ទៈដើម្បីដើរតាមទ្រង់តាមរបៀបណា ?
-
ហេព្រើរ ១–៥ ប្រើរូបភាពខុសៗគ្នាដើម្បីពិពណ៌នាអំពីព្រះអង្គសង្គ្រោះ ។ ប្រហែលជាអ្នកអាចប្រើរូបភាពទាំងនេះដើម្បីជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីបេសកកម្មរបស់ទ្រង់ ។ ឧទាហរណ៍ អ្នកអាចទាក់ទងសិស្សបីបួននាក់ឲ្យបានពីរបីថ្ងៃមុន ហើយសុំឲ្យពួកគេយកវត្ថុមួយមកថ្នាក់រៀន ដែលវាតំណាងឲ្យការពិពណ៌នាមួយក្នុងចំណោមការពិពណ៌នាទាំងនេះអំពីព្រះយេស៊ូវគ្រីស្ទ ឬបេសកកម្មរបស់ទ្រង់នៅក្នុង ហេព្រើរ ១–៥ ( សូមមើល ជាពិសេស ហេព្រើរ ១:៣, ២:១០, ៣:១, ៦, ៥:៩ ) ។ ពួកគេអាចពន្យល់សិស្សដទៃទៀតនូវអ្វីដែលវត្ថុនោះបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ហើយអានខគម្ពីរដែលទាក់ទងមកពីហេព្រើរ ។ តើការស្គាល់សេចក្ដីពិតទាំងនេះអំពីព្រះអង្គសង្គ្រោះជះឥទ្ធិពលដល់ជីវិតរបស់យើងតាមរបៀបណា ?
ហេព្រើរ ២:៩–១៨, ៤:១២–១៦, ៥:៧–៨
ព្រះយេស៊ូវគ្រីស្ទបានរងទុក្ខរឿងគ្រប់យ៉ាង ដើម្បីទ្រង់អាចយល់ ហើយជួយអស់អ្នកដែលរងទុក្ខ ។
-
ប្រហែលជាមានសិស្សរបស់អ្នកដែលកំពុងតែរងទុក្ខនឹងការសាកល្បង ហើយពេលខ្លះមានអារម្មណ៍នូវភាពឯកោ និងភាពអស់សង្ឃឹម ។ ប្រហែលជាការពិភាក្សាមួយអំពី ហេព្រើរ ២:៩–១៨, ៤:១២–១៦, ៥:៧–៨ អាចស្ថាបនាសេចក្ដីជំនឿរបស់ពួកគេ ដើម្បីពួកគេអាចងាកមកសូមជំនួយពីព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះវិញ ។ វិធីមួយដើម្បីចាប់ផ្ដើមការពិភាក្សាបែបនេះ គឺអញ្ជើញសិស្សឲ្យគិតអំពីមនុស្សម្នាក់ដែលពួកគេស្គាល់ ហើយគាត់កំពុងរងទុក្ខ ហើយប្រហែលជាកំពុងបាត់បង់សេចក្ដីសង្ឃឹម ។ តើពួកគេរកឃើញសេចក្ដីពិតអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលពួកគេអាចចែកចាយជាមួយនឹងបុគ្គលនោះបាន ? សិស្សក៏អាចចែកចាយអំពីរបៀបដែលព្រះអង្គសង្គ្រោះបានលួងលោម ហើយគាំទ្រពួកគេផងដែរ ។ សូមពិចារណាចែកចាយពាក្យដកស្រង់មកពីប្រធាន យ៉ូហាន ថេលើរ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ជាផ្នែកមួយនៃការពិភាក្សានេះ ។
-
ហេព្រើរ ២:៩–១៨, ៤:១២–១៦ ក៏អាចជួយមនុស្សដែលសង្កេតមើលអំពីការរងទុក្ខនៅក្នុងពិភពលោកនេះ ហើយងឿងឆ្ងល់ថាតើព្រះបានត្រាស់ដឹង ឬខ្វល់ខ្វាយដែរឬទេ ។ ប្រហែលជាសិស្សអាចស្រាវជ្រាវខគម្ពីរទាំងនេះដើម្បីស្វែងរកសេចក្ដីពិតដែលនឹងជួយសម្រាប់សំណួរបែបនេះ ។ តើពួកគេបង្រៀនអ្វីខ្លះអំពីរបៀបដែលព្រះអង្គសង្គ្រោះបានតបនឹងការរងទុក្ខរបស់មនុស្សលោក ? វាប្រហែលជាមានប្រយោជន៍ ដើម្បីអញ្ជើញសិស្សឲ្យចែកចាយគំរូមកពីបទគម្ពីរដែលមនុស្សត្រូវបានព្រះយេស៊ូវគ្រីស្ទគាំទ្រនៅក្នុងការរងទុក្ខរបស់ពួកគេ ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។ សូមពិភាក្សារួមគ្នានូវអ្វីដែលយើងរៀនអំពីរបៀបដែលព្រះអង្គសង្គ្រោះអាចជួយយើង នៅពេលយើងជួបនឹងឧបសគ្គ ។
ពរជ័យរបស់ព្រះមានសម្រាប់អស់អ្នកដែល « ពុំរឹងរូសក្នុងដួងចិត្ត [ របស់ពួកគេ ] » ។
-
ហេព្រើរ ៣ និង ៤ មាននូវការអង្វរមួយទៅកាន់ពួកបរិសុទ្ធកុំឲ្យរឹងរូសក្នុងដួងចិត្តរបស់ពួកគេ ហើយបដិសេធពរជ័យដែលព្រះសព្វព្រះទ័យចង់ប្រទានដល់ពួកគេ ។ នៅពេលអ្នក និងសិស្សអាន ហេព្រើរ ៣:៧–៤:២ សូមពិភាក្សាអំពីវិធីនានាដែលបទពិសោធន៍នៃពួកសាសន៍អ៊ីស្រាអែលពីបុរាណអាចអនុវត្តចំពោះយើងនាសព្វថ្ងៃនេះ ដូចជាវាបានអនុវត្តចំពោះពួកសាសន៍ហេព្រើរនៅក្នុងសាសនាចក្រកាលពីបុរាណដែរ ( សូមពិចារណាយោងទៅសម្ភារសិក្សាអំពីខគម្ពីរទាំងនេះនៅក្នុង គម្រោងមេរៀនសម្រាប់សប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ តើអ្វីទៅដែលកំពុងធ្វើឲ្យមនុស្សមានចិត្តរឹងរូសនៅក្នុងជំនាន់របស់យើង ? តើយើងអាចធ្វើអ្វីខ្លះដើម្បីបន្ទន់ចិត្តរបស់យើង ហើយងាយទទួលយកព្រះឆន្ទៈរបស់ព្រះអម្ចាស់ ? ( សូមមើល អេធើរ ៤:១៥, អាលម៉ា៥:១៤–១៥ ) ។
អស់អ្នកដែលបម្រើនៅក្នុងនគរព្រះត្រូវតែបានហៅដោយព្រះ ។
-
សិស្សរបស់់អ្នកពុំមែនសុទ្ធតែជាអ្នកកាន់បព្វជិតភាពនោះទេ ប៉ុន្តែសារលិខិតមកពី ហេព្រើរ ៥ អំពីពួកអ្នកកាន់បព្វជិតភាពដែលត្រូវបានហៅដោយព្រះអនុវត្តចំពោះមនុស្សគ្រប់គ្នាដែលទទួលការហៅក្នុងសាសនាចក្រ ។ ដើម្បីជួយសិស្សឲ្យរៀនអំពីអត្ថន័យនៃ « ការបានហៅដោយព្រះដូចជាអើរ៉ុន » សូមពិចារណាអញ្ចើញពួកគេឲ្យរំឭកឡើងវិញនូវដំណើររឿងរបស់អើរ៉ុនទទួលបានការហៅរបស់គាត់នៅក្នុង និក្ខមនំ ៤:១០–១៦, ២៧–៣១, ២៨:១ ។ តើការយល់ដឹងអ្វីខ្លះមកពីដំណើររឿងនេះជួយយើងឲ្យយល់ ហេព្រើរ ៥:១–៥ ? តើសិស្ស រួមទាំងថ្នាក់ដឹកនាំក្នុងវួដផងដែរ ធ្លាប់ទទួលបានការបញ្ជាក់ថា មនុស្សម្នាក់ត្រូវបានហៅមកពីព្រះដើម្បីបំពេញការហៅជាក់លាក់មួយនៅពេលណា ? តើការបញ្ជាក់នោះបានជួយពួកគេឲ្យគាំទ្រមនុស្សម្នាក់នៅក្នុងការហៅរបស់គាត់កាន់តែប្រសើរឡើងតាមរបៀបណា ? ( អ្នកគួរសុំកុំឲ្យសិស្សនិយាយរឿងលម្អិតដែលមាននូវភាពសម្ងាត់ ) ។ ក៏អាចមានសិស្សដែលអាចថ្លែងទីបន្ទាល់ថា ព្រះបានបំផុសគំនិតពួកគេ នៅពេលពួកគេបានបំពេញការហៅរបស់ពួកគេផ្ទាល់ផងដែរ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
តើសិស្សរបស់អ្នកធ្លាប់ទទួលអារម្មណ៍ដូចជាពួកគេជា « អ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដី » ( ហេព្រើរ ១១:១៣ ) ដោយសារជំនឿរបស់ពួកគេខុសគ្នាពីមនុស្សជុំវិញខ្លួនពួកគេដែរឬទេ ? សូមប្រាប់ពួកគេថា នៅពេលពួកគេអាន ហេព្រើរ ៧–១៣ ពួកគេនឹងរកឃើញគំរូរបស់បុគ្គលដែលបានទទួល ហើយបានឱបក្រសោបយ៉ាងស្មោះត្រង់នូវការសន្យារបស់ព្រះ ទោះជាមនុស្សជុំវិញពួកគេជាច្រើនបានបាត់បង់សេចក្ដីជំនឿក្ដី ។
ធនធានបន្ថែមទាំងឡាយ
ព្រះយេស៊ូវគ្រីស្ទត្រាស់ដឹងនូវទិដ្ឋភាពនៃការរងទុក្ខ ។
ប្រធាន យ៉ូហាន ថេលើរ បានបង្រៀនថា « វាគឺជារឿងចាំបាច់ដែលព្រះអង្គសង្គ្រោះយាងមកកាន់ផែនដីនេះ ដែលទ្រង់ ‹ បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ › ហើយ ‹ អាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នា › [ សូមមើល ហេព្រើរ ៤:១៥ ] ដើម្បីយល់អំពីភាពទន់ខ្សោយ និងភាពរឹងមាំ ភាពល្អឥតខ្ចោះ និងភាពមិនល្អឥតខ្ចោះនៃមនុស្សខាងសាច់ឈាមដែលរងការធ្លាក់គួរឲ្យអាណិតអាសូរ ហើយដោយបានសម្រេចនូវរឿងដែលទ្រង់បានយាងមកធ្វើនៅក្នុងពិភពលោកនេះ ដោយត្រូវតតាំងនឹង ការលាក់ពុត ការពុករលួយ ភាពទន់ខ្សោយ និងភាពល្ងីល្ងើរបស់មនុស្ស—ដោយបានជួបនឹងការល្បួង និងការសាកល្បងគ្រប់យ៉ាង ហើយយកឈ្នះ នោះទ្រង់បានក្លាយជា ‹ សម្តេចសង្ឃស្មោះត្រង់ › [ សូមមើល ហេព្រើរ ២:១៧ ] ដើម្បីជួយយើងនៅក្នុងនគរដ៏អស់កល្បនៃព្រះវរបិតាទ្រង់ ។ ទ្រង់ត្រាស់ដឹងអំពីរបៀបដើម្បីប៉ាន់ស្មាន ហើយដាក់តម្លៃត្រឹមត្រូវមួយលើនិស្ស័យរបស់មនុស្ស ពីព្រោះទ្រង់ត្រាស់ដឹងអំពីរបៀបទ្រាំទ្រនឹងភាពទន់ខ្សោយ និងគុណវិបត្តិរបស់យើង ដោយទ្រង់ធ្លាប់បានស្ថិតនៅក្នុងស្ថានភាពដូចជាយើងដែរ ហើយអាចយល់យ៉ាងពេញលេញនូវជម្រៅ អនុភាព និងកម្លាំងនៃការរងទុក្ខ និងការសាកល្បងដែលមនុស្សបានជួបនៅក្នុងពិភពលោកនេះ ដូច្នេះហើយ ដោយយល់ ហើយបានដកពិសោធន៍ នោះទ្រង់អាចទ្រាំទ្រនឹងពួកគេ ក្នុងនាមជាឪពុកម្នាក់ និងបងប្រុសម្នាក់ដែរ » ( Teachings of Presidents of the Church: John Taylor [ ឆ្នាំ២០០១ ] ទំព័រ២០៤–៥ ) ។
គំរូក្នុងបទគម្ពីរអំពីមនុស្សដែលព្រះយេស៊ូវគ្រីស្ទបានលួងលោម ។
-
យ៉ូហាន ៨:១–១១ ៖ ព្រះអម្ចាស់បានលួងលោមចិត្តស្ត្រីដែលបាននាំខ្លួនមកដោយសារអំពើកំផិត ។
-
យ៉ូហាន ១១:១–៤៦ ៖ ព្រះអម្ចាស់បានលួងលោមចិត្តម៉ារា និងម៉ាថា បន្ទាប់ពីប្អូនប្រុសរបស់ពួកគេ ឡាសារ បានស្លាប់ ។
-
អេណុស ១:៤–៦ ៖ ព្រះអម្ចាស់បានអភ័យទោសដល់អំពើបាបរបស់អេណុស ហើយបានដកយកកំហុសរបស់គាត់ ។
-
ម៉ូសាយ ២១:៥–១៥ ៖ ព្រះអម្ចាស់បានបន្ទន់ចិត្តរបស់ពួកសាសន៍លេមិន ដើម្បីពួកគេបានសម្រាលបន្ទុករបស់ប្រជាជនលឹមហៃ ។
-
ម៉ូសាយ ២៤:១៤–១៥ ៖ ព្រះអម្ចាស់បានសម្រាលបន្ទុករបស់ប្រជាជនអាលម៉ា ។
-
អេធើរ ១២:២៣–២៩ ៖ បន្ទូលរបស់ព្រះអម្ចាស់បានលួងលោមចិត្តមរ៉ូណៃ ។
-
នីហ្វៃទី ៣ ១៧:៦–៧ ៖ ព្រះអង្គសង្គ្រោះបានព្យាបាលពួកសាសន៍នីហ្វៃពីភាពទន់ខ្សោយរបស់ពួកគេ ។
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៧–១០ ៖ ព្រះអម្ចាស់បានលួងលោមចិត្តយ៉ូសែប ស្ម៊ីធ ( សូមមើលផងដែរ គ. និង ស. ១២៣:១៧ ) ។