« អ្នកគឺជាគ្រូបង្រៀនម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ២០១៩ )
« អ្នកគឺជាគ្រូបង្រៀនម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
អ្នកគឺជាគ្រូបង្រៀនម្នាក់នៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
អ្នកត្រូវបានហៅមកពីព្រះដើម្បីបង្រៀនកូនចៅរបស់ទ្រង់តាមរបៀបរបស់ព្រះអង្គ សង្គ្រោះ ។ អ្នកត្រូវបានញែកចេញចំពោះការហៅនេះដោយអ្នកមានសិទ្ធិអំណាចនៃបព្វជិតភាពដ៏បរិសុទ្ធរបស់ទ្រង់ ។ ទោះបីជាអ្នកគ្មានបទពិសោធន៍ជាគ្រូបង្រៀនក៏ដោយ នៅពេលអ្នករស់នៅដោយសក្ដិសម អធិស្ឋានប្រចាំថ្ងៃ ហើយសិក្សាព្រះគម្ពីរ នោះព្រះវរបិតាសួគ៌នឹងប្រទានឥទ្ធិពល និងព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធដល់អ្នក ( សូមមើល នីហ្វៃទី ២ ៣៣:១ ) ។
មនុស្សដែលបានប្រគល់ឲ្យនៅក្រោមការមើលថែរបស់អ្នកគឺជាកូនចៅរបស់ព្រះ ហើយទ្រង់ជ្រាបអំពីអ្វីដែលពួកគេត្រូវការ និងរបៀបដ៏ល្អបំផុតដើម្បីជួយពួកគេ ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ អ្នកនឹងត្រូវបានដឹកនាំនៅអំឡុងការរៀបចំខ្លួនរបស់អ្នក និងកាលអ្នកកំពុងបង្រៀន ។ ទ្រង់នឹងបើកសម្ដែងដល់អ្នកនូវអ្វីដែលអ្នកគួរនិយាយ និងអ្វីដែលអ្នកគួរធ្វើ ។
គោលបំណងដ៏សំខាន់នៃការរៀនសូត្រដំណឹងល្អគឺដើម្បីផ្លាស់ប្ដូរជីវិត ។ គោលដៅរបស់អ្នកក្នុងនាមជាគ្រូបង្រៀនគឺដើម្បីជួយមនុស្សដែលអ្នកបង្រៀន ធ្វើឲ្យអស់ពីលទ្ធភាពរបស់គេ ដើម្បីប្រែចិត្តជឿចំពោះដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទ—ជាគោលដៅមួយលើសពីម៉ោងរៀនទៅទៀត ។ សូមអញ្ជើញមនុស្សដែលអ្នកបង្រៀនឲ្យចូលរួមយ៉ាងសកម្មនៅក្នុងការរៀនសូត្រផ្ទាល់ខ្លួនអំពីគោលការណ៍ និងគោលលទ្ធិទាំងឡាយនៃព្រះគ្រីស្ទ ហើយធ្វើតាមអ្វីដែលពួកគេរៀន ។ សូមលើកទឹកចិត្តពួកគេដើម្បីធ្វើឲ្យការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសារនៅក្រៅម៉ោងសិក្សាគឺជាការផ្ដោតដ៏សំខាន់នៃការរៀនសូត្ររបស់ពួកគេអំពីដំណឹងល្អ ។ នៅពេលពួកគេធ្វើដោយសេចក្ដីជំនឿតាមរយៈការសិក្សាផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ ពួកគេនឹងអញ្ជើញព្រះវិញ្ញាណឲ្យយាងមកក្នុងជីវិតរបស់ពួកគេ ហើយមានពរកាន់តែខ្លាំងលើសពីអ្វីដែលគ្រូបង្រៀនម្នាក់អាចធ្វើបានទៅទៀត ។
សូមបង្រៀនតែគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទដែលមាននៅក្នុងបទគម្ពីរ និងប្រសាសន៍របស់ពួកព្យាការីថ្ងៃចុងក្រោយប៉ុណ្ណោះ ។ គោលលទ្ធិបរិសុទ្ធ—ជាសេចក្ដីពិតអស់កល្ប ពុំផ្លាស់ប្ដូរដែលព្រះ និងពួកអ្នកបម្រើរបស់ទ្រង់បានបង្រៀន—យាងអញ្ជើញព្រះវិញ្ញាណ ហើយមានអនុភាពដើម្បីផ្លាស់ប្ដូរជីវិត ។
ការហៅឲ្យបង្រៀនគឺជាការទុកចិត្តដ៏ពិសិដ្ឋមួយ ហើយពេលខ្លះវាគឺជារឿងធម្មតាទេដែលមាននូវការថប់បារម្ភ ។ ប៉ុន្តែសូមចងចាំថា ព្រះបានហៅអ្នក ហើយទ្រង់នឹងពុំបោះបង់អ្នកឡើយ ។ កិច្ចការនេះគឺជាកិច្ចការរបស់ព្រះអម្ចាស់ ហើយនៅពេលអ្នកបម្រើ « អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់អ្នក » ( គ. និង ស. ៤:២ ) នោះទ្រង់នឹងពង្រីកសមត្ថភាព អំណោយទាន និងទេពកោសល្យរបស់អ្នក ហើយការបម្រើរបស់អ្នកនឹងផ្តល់ជាពរជ័យដល់ជីវិតមនុស្សដែលអ្នកបង្រៀន ។