« ការប្រើប្រាស់សៀវភៅចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ »៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩( ឆ្នាំ២០១៩ )
« ការប្រើប្រាស់សៀវភៅចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ »ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០១៩
ការប្រើប្រាស់សៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ
ការរៀបចំខ្លួនបង្រៀនក្នុងសាលាថ្ងៃអាទិត្យ
គេហដ្ឋានគួរជាមជ្ឈមណ្ឌលនៃការរៀនសូត្រដំណឹងល្អ ។ រឿងនេះ គឺជារឿងពិតចំពោះអ្នក និងចំពោះមនុស្សដែលអ្នកបង្រៀន ។ នៅពេលអ្នករៀបចំខ្លួនបង្រៀន សូមចាប់ផ្ដើមដោយមានបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងបទគម្ពីរ ។ ការរៀបចំខ្លួនដ៏សំខាន់បំផុតរបស់អ្នកនឹងកើតឡើង នៅពេលអ្នកស្វែងរកការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ។
ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ក៏ជាផ្នែកមួយដ៏សំខាន់នៃការរៀបចំខ្លួនរបស់អ្នកផងដែរ ។ វានឹងជួយអ្នកឲ្យទទួលបានការយល់ដឹងដ៏ស៊ីជម្រៅមួយអំពីគោលការណ៍ខាងគោលលទ្ធិទាំងឡាយដែលមាននៅក្នុងបទគម្ពីរ ។ អ្នកក៏នឹងអាចបំផុសគំនិត ហើយអញ្ជើញសិស្សឲ្យប្រើសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ដើម្បីបង្កើនការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេ ( សម្រាប់ជំនួយនៅក្នុងធ្វើកិច្ចការនេះ សូមមើល « គំនិតសម្រាប់ការលើកទឹកចិត្តឲ្យមានការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសារ » នៅក្នុងធនធាននេះ ) ។ នៅពេលអ្នកធ្វើដូច្នេះ សូមប្រុងប្រយ័ត្នចំពោះសិស្សដែលស្ថានភាពគ្រួសាររបស់ពួកគេប្រហែលជាពុំគាំទ្រឲ្យមានការសិក្សាព្រះគម្ពីរជាគ្រួសារឲ្យបានទៀងទាត់ ។
នៅក្នុងការរៀបចំខ្លួនរបស់អ្នក គំនិត និងអារម្មណ៍ទាំងឡាយនឹងកើតមានដល់អ្នកអំពីមនុស្សដែលអ្នកបង្រៀន របៀបដែលគោលការណ៍ទាំងឡាយនៅក្នុងបទគម្ពីរនឹងប្រទានពរដល់ជីវិតរបស់ពួកគេ និងរបៀបដែលអ្នកអាចបំផុសគំនិតពួកគេឲ្យស្វែងរកគោលលទ្ធិទាំងនោះ នៅពេលពួកគេសិក្សាព្រះគម្ពីរសម្រាប់ខ្លួនឯងនោះ ។
គំនិតសម្រាប់ការបង្រៀន
នៅពេលអ្នកកំពុងដាក់ផែនការសម្រាប់ការបង្រៀនរបស់អ្នក អ្នកអាចនឹងទទួលបានការបំផុសគំនិតបន្ថែមទៀតតាមរយៈការស្រាវជ្រាវរុករកគម្រោងមេរៀននានានៅក្នុងធនធាននេះ ។ សូមកុំចាត់ទុកថាគំនិតទាំងនេះគឺជាសេចក្ដីណែនាំលម្អិតឡើយ ប៉ុន្តែផ្ទុយទៅវិញសូមចាត់ទុកវាជាយោបល់ដើម្បី បង្កើតការបំផុសគំនិតផ្ទាល់របស់អ្នក ។ អ្នកស្គាល់សិស្សរបស់អ្នក ហើយព្រះអម្ចាស់ក៏ស្គាល់ពួកគេផងដែរ ។ ទ្រង់នឹងបំផុសគំនិតដល់អ្នកនូវរបៀបដ៏ល្អបំផុតដើម្បីជួយសិស្សឲ្យស្ថាបនាលើការរៀនសូត្រដំណឹងល្អដែលពួកគេកំពុងធ្វើនៅក្នុងគេហដ្ឋានរបស់ពួកគេ ។
អ្នកមានធនធាននានាជាច្រើននៅពេលអ្នករៀបចំខ្លួន រួមបញ្ចូលទាំងគំនិតនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងទស្សនាវដ្ដីសាសនាចក្រផងដែរ ។ សម្រាប់ព័ត៌មានបន្ថែមអំពីធនធានទាំងនេះ និងធនធានផ្សេងទៀត សូមមើល « ធនធានបន្ថែមទាំងឡាយ » ។
រឿងមួយចំនួនដែលត្រូវចងចាំ
-
គេហដ្ឋានគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការរៀនសូត្រដំណឹងល្អ ។ ក្នុងនាមជាគ្រូបង្រៀនម្នាក់ អ្នកមានការទទួលខុសត្រូវដ៏សំខាន់មួយដើម្បីគាំទ្រ លើកទឹកចិត្ត ហើយស្ថាបនាលើការរៀនសូត្រដំណឹងល្អនៅក្នុងគេហដ្ឋាន ។
-
ការប្រែចិត្តជឿរបស់សិស្សចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទនឹងមានភាពស៊ីជម្រៅ នៅពេលពួកគេយល់ ហើយអនុវត្តគោលលទ្ធិពិត ។ សូមលើកទឹកចិត្តពួកគេឲ្យកត់ត្រា ហើយធ្វើតាមការបំផុសគំនិតដែលពួកគេទទួលបានមកពីព្រះវិញ្ញាណបរិសុទ្ធ ។
-
ការបង្រៀនគឺលើសពីការបង្រៀនមេរៀនទៅទៀត ប៉ុន្តែវាក៏លើសពីការគ្រាន់តែដឹកនាំការពិភាក្សាមួយដែរ ។ ផ្នែកមួយនៃតួនាទីរបស់អ្នកគឺដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមដែលស្អាង ហើយផ្អែកលើបទគម្ពីរ ។
-
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យអ្នកទទួលបានជោគជ័យក្នុងនាមជាគ្រូបង្រៀនម្នាក់ ។ ទ្រង់បានប្រទានធនធានជាច្រើនដើម្បីជួយអ្នកឲ្យទទួលបានជោគជ័យ រួមបញ្ចូលទាំងការប្រជុំក្រុមប្រឹក្សាគ្រូបង្រៀនផងដែរ ។ នៅក្នុងការប្រជុំទាំងនេះ អ្នកអាចប្រឹក្សាជាមួយនឹងគ្រូបង្រៀនផ្សេងទៀតអំពីឧបសគ្គនានាដែលអ្នកជួបប្រទះ ។ អ្នកក៏អាចពិភាក្សា ហើយអនុវត្តគោលការណ៍ទាំងឡាយនៃការបង្រៀនដូចជាព្រះគ្រីស្ទ ។
-
មនុស្សរៀនបានល្អ បំផុតនៅពេលពួកគេមានឱកាសបង្រៀន ។ ម្ដងម្កាល សូមពិចារណាអនុញ្ញាតឲ្យសិស្ស រួមទាំងយុវវ័យផងដែរឲ្យបង្រៀនផ្នែកមួយនៃមេរៀន ។ សូមធ្វើការសម្រេចចិត្តនេះដោយផ្អែកលើសេចក្ដីត្រូវការ និងលទ្ធភាពរបស់សិស្ស ។ ប្រសិនបើអ្នកពិតជាអញ្ជើញសិស្សឲ្យបង្រៀន សូមចំណាយពេលជួយគាត់ឲ្យរៀបចំខ្លួនជាមុនដោយប្រើគំនិតដែលមាននៅក្នុងធនធាននេះ និងនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ សូមចងចាំថា ក្នុងនាមជាគ្រូបង្រៀនដែលបានហៅឲ្យបម្រើ នោះអ្នកមានការទទួលខុសត្រូវចំពោះអ្វីដែលត្រូវបង្រៀននៅក្នុងថ្នាក់ ។
-
ធនធាននេះរួមមាននូវគម្រោងមេរៀនរាល់សប្ដាហ៍សម្រាប់ឆ្នាំនោះលើកលែងតែពីរសប្ដាហ៍ពេលមានសន្និសីទទូទៅ ។ នៅថ្ងៃអាទិត្យពេលគ្មានសាលាថ្ងៃអាទិត្យដោយសារតែមានសន្និសីទស្តេក ឬហេតុផលណាមួយផ្សេងទៀត ក្រុមគ្រួសារអាចបន្តអានព្រះគម្ពីរសញ្ញាថ្មីនៅឯគេហដ្ឋានយោងតាមកាលវិភាគដែលបានគ្រោង ។ ដើម្បីធ្វើឲ្យសាលាថ្ងៃអាទិត្យរបស់អ្នកត្រូវតាមកាលវិភាគ អ្នកអាចជ្រើសរំលងមេរៀនមួយ ឬដាក់មេរៀនពីរបញ្ចូលគ្នា ។ ដើម្បីចៀសវាងការភាន់ច្រឡំ ប្រធានសាលាថ្ងៃអាទិត្យគួរណែនាំគ្រូបង្រៀនសាលាថ្ងៃអាទិត្យអំពីការកែប្រែទាំងនេះទុកជាមុន ។