ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ ។ ម៉ាថាយ ៤; លូកា ៤–៥ ៖ « ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ »


« ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ ។ ម៉ាថាយ ៤; លូកា ៤–៥ ៖ ‹ ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ ។ ម៉ាថាយ ៤; លូកា ៤–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣

ព្រះយេស៊ូវ​គង់​នៅទីរហោស្ថាន

ចូលទៅ​ក្នុង​ទីរហោស្ថាន ដោយ អេវ៉ា ខូលេវ៉ា ធីម៉ូធី

ថ្ងៃទី ៣០ ខែ មករា–ថ្ងៃទី ៥ ខែ កុម្ភៈ

ម៉ាថាយ ៤; លូកា ៤–៥

« ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ »

នៅពេល​បងប្អូន​សិក្សា ម៉ាថាយ ៤ និង លូកា ៤–៥ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ ការណ៍​នេះ​នឹង​ធ្វើឲ្យ​មាន​ការបំផុស​គំនិត អំពី​របៀប​បំពេញ​សេចក្ដី​ត្រូវការ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​បាន​ល្អ​បំផុត ។ បងប្អូន​ក៏អាច​ពិចារណា​ប្រើ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ក៏​ដូចជា​គម្រោង​មេរៀន​នេះ​ផងដែរ ដើម្បី​ស្វែងរក​គំនិត​បន្ថែម​ទៀត ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

ការអាន​សម្រាប់​សប្ដាហ៍​នេះ​រួមមាន​នូវ​សេចក្ដី​ថ្លែង​ការណ៍​នេះ ៖ « គេ​ក៏នឹក​ប្លែកពី​សេចក្តី​ដែល​ទ្រង់​បង្រៀន​ណាស់ ពីព្រោះ​ទ្រង់​មាន​ព្រះបន្ទូល​ដោយ​អំណាច » ( លូកា ៤:៣២; សូម​មើល​ផងដែរ ម៉ាកុស ១:២២ ) ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ខគម្ពីរ​មកពី ម៉ាថាយ ៤ និង លូកា ៤–៥ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​ពី​អំណាច​ខាង​គោលលទ្ធិ​ដោយ​ខ្លួន​ពួកគេ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ៤:១–១១; លូកា ៤:១–១៣

ព្រះវរបិតា​សួគ៌​បាន​ប្រទាន​អំណាច និង​មធ្យោបាយ​ឲ្យ​យើង​ដើម្បី​តតាំង​នឹង​ការល្បួង ។

  • ដំណើររឿង​របស់​ព្រះអង្គ​សង្គ្រោះ​តតាំង​នឹង​សាតាំង អាច​ជួយ​សមាជិក​ថ្នាក់​ឲ្យ​ស្គាល់​វិធី​ដែល​សាតាំង​ព្យាយាម​ល្បួង​ពួកគេ ។ សមាជិក​ថ្នាក់​អាច​ជ្រើសយក​ការល្បួង​មួយ​នៅក្នុង ម៉ាថាយ ៤:១–១១លូកា ៤:១–១៣ ហើយ​គិត​អំពី​ការល្បួង​មួយ ដែល​ទាក់ទង​គ្នា​នឹង​សម័យ​ទំនើប ( សេចក្ដី​ថ្លែង​ការណ៍​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​ជួយ​បាន ) ។ ហេតុអ្វី​វា​មាន​សារៈប្រយោជន៍​ដើម្បី​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​ប្រឈមមុខ​នឹង​ការល្បួង ដែល​ស្រដៀង​គ្នា​នឹង​ការល្បួង​ដែល​យើង​ប្រឈមមុខ​នៅ​សព្វ​ថ្ងៃ​ដែរ ? ហេតុអ្វី​ព្រះគ្រីស្ទ​អាច​តតាំង​នឹង​ការល្បួង​បាន ? សម្រាប់​ឧទាហរណ៍​ខាង​បទគម្ពីរ​ផ្សេងទៀត​អំពី​មនុស្ស​តតាំង​នឹង​សាតាំង សូម​មើល លោកុប្បត្តិ ៣៩:៧–២០; នីហ្វៃ​ទី​២ ៤:១៦–៣៥ និង ម៉ូសេ ១:១០–២២ ។

  • តើ​អ្វីទៅ​ដែល​អាច​ជួយ​ដល់​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​តតាំង​នឹង​ការល្បួង ? បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​រំឭក ម៉ាថាយ ៤:១–១១លូកា ៤:១–១៣ ដើម្បី​រៀនពី​របៀប​ដែល​ព្រះប្រាជ្ញា​ញាណ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ព្រះគម្ពីរ បាន​ជួយ​ទ្រង់​ឲ្យ​ឆ្លើយតប​នឹង​សាតាំង ដូច​ដែល​ទ្រង់​បាន​ធ្វើ នៅពេល​ទ្រង់​មាន​បន្ទូល​ថា « មាន​សេចក្តី​ចែង​ទុក​មក » ។ សូម​ទុកពេល​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​រកមើល​នៅក្រោម​ប្រធានបទ « ការល្បួង » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដែល​អាច​ពង្រឹង​ពួកគេ​បាន នៅពេល​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវបាន​ល្បួង ។

លូកា ៤:១៦–៣២

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះមែស៊ី​ដែល​បាន​ព្យាករទុក ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់ពី​ដំណើររឿង​នៅក្នុង លូកា ៤:១៦–៣២ បាន​កាន់តែ​ប្រសើរ​ឡើង បងប្អូន​អាច​ពន្យល់​ថា ព្រះបរមងារ​ជា​ព្រះមែស៊ី និង​ព្រះគ្រីស្ទ មាន​ន័យ​ថា « បាន​ចាក់​ប្រេង​តាំង » ។ នៅពេល​ពួកគេ​អាន លូកា ៤:១៨–២១ សូម​ឲ្យ​ពួកគេ​គិត​អំពី​អត្ថន័យ​នៃ​ការនិយាយ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះមែស៊ី ឬ​ព្រះ​ដែល​បាន​ចាក់​ប្រេងតាំង ។ ពួកគេ​ក៏អាច​រកឃើញ​ផងដែរ​ថា វា​នឹង​មាន​សារៈប្រយោជន៍​ដើម្បី​អាន « ព្រះ​ដែល​បាន​ចាក់ប្រេង​តាំង » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ តើ​ព្រះយេស៊ូវ​ប្រកាស​ថា ទ្រង់​គឺជា​ព្រះមែស៊ី​នៅ​សព្វ​ថ្ងៃនេះ​តាម​របៀប​ណា ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​របៀប​ដែល​ពួកគេ​បាន​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​ពួកគេ ។

  • ប្រហែល​ជា​មាន​មេរៀន​ដ៏មាន​សារៈប្រយោជន៍​មួយ​ចំនួន​ដើម្បី​រៀនសូត្រ តាមរយៈ​ការស្វែងយល់​ពី​ហេតុផល​ដែល​ប្រជាជន​ណាសារ៉ែត​ពុំ​ទទួល​យក​ព្រះយេស៊ូវ ថា​ជា​ព្រះមែស៊ី​ដែល​បាន​ព្យាករ​ទុក ។ ឧទាហរណ៍ តើ​មាន​មូលហេតុ​ណាខ្លះ​ដែល​បាន​ស្នើ​នៅក្នុង លូកា ៤:២២–២៤ ? បន្ទាប់មក សមាជិក​នៅក្នុង​ថ្នាក់​អាច​ប្រៀបធៀប​ឥរិយាបថ​ទាំងនេះ​ជាមួយ​ស្រី​មេម៉ាយ​នៅ​ក្រុង​សារិបតា និង​លោក​ណាម៉ាន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ មនុស្ស​ដែល​មិនមែន​ជា​សាសន៍​អ៊ីស្រាអែល ( សូមមើល លូកា ៤:២៥–២៧ ) ។ បងប្អូន​អាច​ទាក់ទង​សមាជិក​ក្នុង​ថ្នាក់​មួយ​ចំនួន​ជាមុន ហើយ​សូម​ឲ្យ​ពួកគេ​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន ដើម្បី​សង្ខេប​ដំណើររឿង​ទាំងនេះ​នីមួយៗ ( សូមមើល ពង្សាវតារក្សត្រ ទី១ ១៧:៨–២៤; ពង្សាវតារក្សត្រ ទី២ ៥:១–១៧; លូកា ៤:១៦–៣០ ) ។ តើ​ដំណើររឿង​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​ការមាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ? តើ​យើង​មើលឃើញ​សារលិខិត​ផ្សេងៗ​សម្រាប់​យើង ចេញ​ពីក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ប្រជាជន​ណាសារ៉ែត​ដែរ​ឬ​ទេ ?

ម៉ាថាយ ៤:១៨–២២; លូកា ៥:១–១១

ការធ្វើតាម​ព្រះគ្រីស្ទ​មាន​ន័យ​ថា ការបោះបង់​ឆន្ទៈ​របស់​យើង និង​ការទទួល​យក​ព្រះទ័យ​របស់​ទ្រង់ ។

  • ពេលខ្លះ ទិសដៅ​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​យើង ពី​ដំបូង​ឡើយ​វា​ហាក់​ដូចជា​ពុំ​សមហេតុ​ផល​នោះ​ទេ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​ក្នុង លូកា ៥:១–១១ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​សួរ​ដល់​ពេត្រុស និង​ហេតុផល​ដែល​ពេត្រុស​ប្រហែលជា​មាន​ការសង្ស័យ​ពី​សេចក្ដី​បង្គាប់​របស់​ទ្រង់ ។ តើ​បទពិសោធន៍​នេះ​អាច​នឹង​ជះឥទ្ធិពល​លើ​អារម្មណ៍​របស់​ពេត្រុស​អំពី​ព្រះអង្គ​សង្គ្រោះ និង​ខ្លួន​លោក​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យចែកចាយ​បទពិសោធន៍​នានា ដែល​ពួកគេ​បាន​បង្ហាញ​សេចក្ដី​ជំនឿ​របស់​ពួកគេ​លើ​ការដឹកនាំ​ដ៏ទេវភាព ទោះជា​ពុំ​មាន​ការយល់​ពេញលេញ​ក្ដី ។ តើ​មាន​អ្វី​បាន​កើតឡើង នៅពេល​ពួកគេ​បាន​អនុវត្ត​សេចក្ដី​ជំនឿ​របស់​ពួកគេ ?

    ព្រះយេស៊ូវគង់នៅឆ្នេរ​សមុទ្រមាន​បន្ទូល​ហៅ​ពេត្រុស និង​អនទ្រេ​

    « ចូរ​មក​តាម​ខ្ញុំៗ នឹង​តាំង​អ្នក​ឲ្យ​ជា​អ្នក​នេសាទ​មនុស្ស​វិញ » ( ម៉ាថាយ ៤:១៩ ) ។

  • ដូចជា​ពួក​នេសាទ​ត្រី​បាន « ទុក​របស់​ទាំងអស់​ចោល » ( លូកា ៥:១១ ) ដើម្បី​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ មាន​រឿង​ដែល​យើង​ត្រូវ​បោះចោល​ដើម្បី​ក្លាយជា​ពួកសិស្ស​របស់​ទ្រង់ ។ តើ​យើង​រៀន​អ្វីខ្លះ​មកពី ម៉ាថាយ ៤:១៨–២២ អំពី​ឥរិយាបថ និង​សេចក្ដី​ជំនឿ​របស់​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន ? វា​អាច​នឹង​មាន​សារៈប្រយោជន៍​ដើម្បី​យក​សំណាញ់​បង់​ត្រី​មកកាន់​ថ្នាក់រៀន ។ បន្ទាប់មក សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​កត់ត្រា​ទុក​រឿង ដែល​ពួកគេ​ស្ម័គ្រចិត្ត​ដើម្បី​បោះបង់ ឬ​បាន​បោះបង់​រួចហើយ​ដើម្បី​ដើរតាម​ព្រះគ្រីស្ទ និង​ដាក់​វា​ទៅក្នុង​សំណាញ់ ។ សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ពីរ​បី​នាក់​ឲ្យ​ចែកចាយ អំពី​របៀប​ដែល​ជីវិត​របស់​ពួកគេ​បាន​ផ្លាស់ប្ដូរ នៅពេល​ពួកគេ​បាន​ជ្រើសរើស​បោះបង់​ចោល​របស់​ទាំងអស់​ដើម្បី​ធ្វើ​តាម​ព្រះគ្រីស្ទ ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

ប្រភេទ​នៃ​ការល្បួង

ក្រោយពី​ថ្លែង​អំពី​ការល្បួង ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រឈម​នៅក្នុង​វាល​រហោស្ថាន​រួចមក ប្រធាន ដេវីឌ អូ មិកឃេ បាន​កំណត់​ពី​ការល្បួង​បី​ប្រភេទ ៖

« ( ១ ) ការល្បួង​នៃ​សេចក្ដី​ស្រេក​ឃ្លាន ឬ​តណ្ហា

« ( ២ ) ការបន្ទន់​ទៅរក​អំនួត ម៉ូត​សម្លៀក​បំពាក់ ឬ​ភាពឥត​ប្រយោជន៍

« ( ៣ ) បំណង​ប្រាថ្នា​ចង់​បាន​ទ្រព្យ​សម្បត្តិ​ខាង​លោកិយ ឬ​អំណាច និង​ការគ្រប់គ្រង​លើ​ដែនដី ឬ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​លើ​ផែនដី » ( Teachings of Presidents of the Church: David O. McKay [ ឆ្នាំ ២០០៣ ] ទំព័រ ៨២ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

អរគុណ​ដល់​សិស្ស​របស់​បងប្អូន ។ « សូម​កុំ​ផ្តោត​អារម្មណ៍​តែ​លើ​មេរៀន​ខ្លាំង​ពេក រហូត​ដល់​បងប្អូន​ភ្លេច​អរគុណ​ដល់​អ្នករៀន​ចំពោះ​ការចូលរួម​ចំណែក​របស់​ពួកគេ ។ ពួកគេ​ចាំបាច់​ត្រូវ​ដឹង​ថា បងប្អូន​មាន​អំណរគុណ​ចំពោះ​ការស្ម័គ្រចិត្ត​របស់​ពួកគេ​ដើម្បី​ចែកចាយ​អំពី​គំនិត​យោបល់ និង​ទីបន្ទាល់​របស់​ពួកគេ​នោះ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៣ ) ។