ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២០–២៦ ខែ កុម្ភៈ ។ ម៉ាថាយ ៦–៧ ៖ « ទ្រង់​បង្រៀន​ដូចជា​មាន​អំណាច »


« ថ្ងៃទី ២០–២៦ ខែ កុម្ភៈ ។ ម៉ាថាយ ៦–៧ ៖ ‹ ទ្រង់​បង្រៀន​ដូចជា​មាន​អំណាច › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ២០–២៦ ខែ កុម្ភៈ ។ ម៉ាថាយ ៦–៧ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅក្បែរ​ឆ្នេរ​សមុទ្រ

ព្រះយេស៊ូវ​កំពុង​បង្រៀន​មនុស្ស​នៅក្បែរ​ឆ្នេរ​សមុទ្រ ដោយ ជេមស៍ ធីសត

ថ្ងៃទី ២០–២៦ ខែ កុម្ភៈ

ម៉ាថាយ ៦–៧

« ទ្រង់​បង្រៀន​ដូចជា​មាន​អំណាច »

នៅពេល​បងប្អូន​រៀបចំ​ខ្លួន​បង្រៀន សូម​ចាប់ផ្ដើម​ដោយ​ការរៀបចំ​ខ្លួន​របស់​បងប្អូន ។ សូម​សិក្សា ម៉ាថាយ ៦–៧ ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន ។ ការណ៍​នេះ​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​វិវរណៈ​អំពី​របៀប ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​បាន​ល្អ​បំផុត ។ បន្ទាប់​មក សូម​ស្រាវជ្រាវ​គម្រោង​មេរៀន​នេះ​ដើម្បី​ទទួល​បាន​គំនិត​សម្រាប់​ការ​បង្រៀន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​ថា តើ​វគ្គ​ណាមួយ​នៅ​ក្នុង​ទេសនកថា​នៅ​លើ​ភ្នំ ដែល​ពួកគេ​មាន​អារម្មណ៍​ថា ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​សព្វថ្ងៃ​នេះ ។ សូម​លើក​ទឹកចិត្ត​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ដាក់​បន្ថែម​ការយល់ដឹង​ពីគ្នា​ទៅវិញ​ទៅ​មក ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ៦–៧

ប្រសិនបើ​យើង​ស្ដាប់ ហើយ​ធ្វើតាម​ការបង្រៀន​របស់​ព្រះអម្ចាស់ នោះ​ជីវិត​របស់​យើង​នឹង​បាន​ស្ថាបនា​ឡើង​នៅលើ​គ្រឹះ​ដ៏​រឹងមាំ​មួយ ។

  • តើ​ការបង្រៀន​ជាក់លាក់​អ្វីទៅ​នៅក្នុង ម៉ាថាយ ៦–៧ ដែល​នឹង​មាន​ប្រយោជន៍​បំផុត​ដល់​មនុស្ស​ដែល​យើង​បង្រៀន ? សូម​ពិចារណា​សរសេរ​សេចក្ដី​យោង​បីបួន​នៅលើ​ក្ដារខៀន​ដែល​ចេញ​ពី ម៉ាថាយ ៦–៧ ដែល​មាន​នូវ​ការបង្រៀន​ទាំងនេះ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ជ្រើស​យក​សេចក្ដី​យោង​មួយ​មក​សិក្សា​ដោយ​ស្ងៀម​ស្ងាត់ រួចហើយ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​សេចក្ដី​ពិត​ខាង​វិញ្ញាណ​នានា​ដែល​ពួកគេ​រៀន ។ តើ​ការបង្រៀន​ទាំងនេះ​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​យើង​តាម​របៀបណា ?

  • ព្រះអង្គសង្គ្រោះ​បាន​បញ្ចប់​ទេសនកថា​របស់​ទ្រង់​ជាមួយ​នឹង​ពាក្យ​ប្រៀប​ប្រដូច​មួយ ដែល​អាច​នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់​កាន់តែ​ច្បាស់ អំពី​សារៈសំខាន់​នៃ​ការរស់នៅ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ( សូម​មើល ម៉ាថាយ ៧:២៤–២៧; សូមមើល​ផងដែរ ហេលេមិន ៥:១២ ) ។ ដើម្បី​ស្រមៃ​ឃើញ​ពាក្យ​ប្រៀប​ប្រដូច​នេះ សមាជិក​ក្នុង​ថ្នាក់​អាច​ធ្វើ​ការ​រួម​គ្នា​ដើម្បី​សង់​គ្រឹះ​ដ៏​រឹងមាំ​មួយ​ដោយ​ប្រើ​ដុំឈើ ពែង ឬ​សម្ភារ​ផ្សេងទៀត រួច​ហើយ​សាកល្បង​ពី​ភាពរឹងមាំ​នៃ​គ្រឹះ​របស់​ពួកគេ ។ ប្រហែលជា​ពួកគេ​ក៏​អាច​បិទ​ស្លាក​លើ​សម្ភារ​សង់​របស់​ពួកគេ​នោះ​ជាមួយ​នឹង​អ្វីៗ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​អនុវត្ត​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​ការធ្វើ​រឿង​ទាំងនេះ​អាច​ជួយ​យើង​ឲ្យ​តតាំង​នឹង​ព្យុះ​ភ្លៀងនៃ​ជីវិត​តាម​របៀប​ណា ?

ម៉ាថាយ ៦:៥–១៣

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​អំពី​របៀប​អធិស្ឋាន ។

  • ការសិក្សា​អំពី​ការអធិស្ឋាន​របស់​ព្រះអម្ចាស់​អាច​នឹង​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ស្គាល់​អំពី​របៀប ដែល​ពួកគេ​អាច​កែលម្អ​ការអធិស្ឋាន​របស់​ពួកគេ​ផ្ទាល់ តាមរយៈ​ការធ្វើ​តាម​គំរូ​របស់​ព្រះអម្ចាស់ ។ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​នៅលើ​ក្ដារខៀន​នូវ​ឃ្លា​ដកស្រង់​ចេញ​ពី ម៉ាថាយ ៦:៩–១៣ ( ឬ លូកា ១១:១–៤ ) ដែល​សំខាន់​ចំពោះ​ពួកគេ ។ នៅពេល​យើង​សញ្ជឹងគិត​អំពី​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ តើ​យើង​រៀន​បាន​អ្វីខ្លះ​អំពី​ការអធិស្ឋាន ? វា​អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចេះ​ថ្លែង​ឡើងវិញ​នូវ​ឃ្លា​មួយ​ចំនួន​របស់​ព្រះអង្គ​សង្គ្រោះ ដូចជា​អ្វី​ដែល​ពួកគេ​អាច​នឹង​និយាយ នៅ​ក្នុង​ការអធិស្ឋាន​របស់​ពួកគេ​ផ្ទាល់ ។ ឧទាហរណ៍ ឃ្លាថា « សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ » អាច​ថ្លែង​ឡើង​វិញ​ថា « សូម​ជួយ​ទូល​បង្គំ​នៅក្នុង​ការខិតខំ​របស់​ទូល​បង្គំ​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​ទូល​បង្គំ » ។

  • បន្ទាប់ពី​អាន ម៉ាថាយ ៦:៥–១៣ រួមគ្នា​ក្នុង​ថ្នាក់​ហើយ បងប្អូន​អាច​ពិភាក្សា​ពី​សំណួរ​ទាំងនេះ​បាន ៖ តើ​ការអធិស្ឋាន​បាន​ពង្រឹង​ដល់​ទំនាក់ទំនង​របស់​បងប្អូន​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌​ដោយ​របៀប​ណា ? តើ​ការអធិស្ឋាន​បាន​ជួយ​បងប្អូន​ឲ្យដឹង​ពី​ព្រះទ័យ​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

ម៉ាថាយ ៧:៧–១១

ព្រះវរបិតាសួគ៌​ឆ្លើយតប​ការអធិស្ឋាន ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ​ថា ព្រះ​នឹង​ស្ដាប់​ឮ ហើយ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ពួកគេ នោះ​បងប្អូន​អាច​សរសេរ​ពាក្យ ទូលសូម ស្វែងរក និង គោះ ដាក់​នៅលើ​ក្ដារខៀន ។ បន្ទាប់​មក សមាជិក​ក្នុង​ថ្នាក់​អាច​ស្រាវជ្រាវ​បទគម្ពីរ​រក​គំរូ​របស់​មនុស្ស​ដែល « បាន​ទូល​សូម » « បាន​ស្វែងរក » ហើយ « បាន​គោះ » ( ឧទាហរណ៍ សូម​មើល នីហ្វៃ​ទី​១ ១១:១; អេធើរ ២:១៨៣:៦; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–១៧ ) ។ តើ​យើង​រៀន​បាន​អ្វីខ្លះ​មកពី​គំរូ​ទាំងនេះ អំពី​ការទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​យើង ?

  • បរិបទ​សំខាន់​មួយ​ចំនួន​សម្រាប់ ម៉ាថាយ ៧:៧–១១ អាច​រកឃើញ​នៅក្នុង ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ ម៉ាថាយ ៧:១២–១៧ ( នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ) ។ នៅក្នុង​ខគម្ពីរ​ទាំងនេះ ពួកសិស្ស​របស់​ព្រះយេស៊ូវ​បាន​រំពឹង​រកមើល​នូវ​ហេតុផល​មួយ​ចំនួន​ដែល​មនុស្ស​អាច​មាន ដើម្បី​ពុំ​ខិតខំ​ស្វែងរក​សេចក្ដីពិត​មកពី​ព្រះវរបិតា​សួគ៌ ។ បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​នឹក​ស្រមៃ​ថា ពួកគេ​មាន​មិត្ត​ម្នាក់​ដែល​រុញរា​ក្នុង​ការស្វែងរក​ការដឹកនាំ ឬ​ពរជ័យ​មកពី​ព្រះអម្ចាស់ ។ តើ​សមាជិក​ក្នុង​ថ្នាក់​អាច​នឹង​និយាយ​អ្វីខ្លះ ដើម្បី​លើក​ទឹកចិត្ត​មិត្ត​ម្នាក់​នេះ ? តើ​ពួកគេ​អាច​នឹង​ប្រើប្រាស់​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង ម៉ាថាយ ៧:៧–១១ តាម​របៀប​ណា ?

ម៉ាថាយ ៧:១៥–២០

យើង​អាច​ស្គាល់​ព្យាការី​ពិត និង​ព្យាការី​ក្លែងក្លាយ​ដោយ​ផល​របស់​ពួកគេ​បាន ។

  • សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ទំនង​ជា​បាន​ឃើញ​ទស្សនៈ​ខុស​ឆ្គង និង​ការបញ្ឆោត​ផ្សេង​ទៀត​របស់​មារសត្រូវ មិន​ថា​នៅលើ​អ៊ីនធឺណិត ឬ​មកពី​ប្រភព​ផ្សេងទៀត​នោះទេ ។ ពួកគេ​ក៏អាច​បាន​ស្ដាប់​ឮ​មនុស្ស​ដទៃ​ទៀត​រិះគន់​ពួកអ្នក​បម្រើ​របស់​ព្រះអម្ចាស់​ផងដែរ ។ តើ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​យល់ពី​របៀប​បែងចែក​ព្យាការី និង​ការបង្រៀន​ក្លែងក្លាយ ចេញពី​ព្យាការី និង​ការបង្រៀន​ពិត​តាម​របៀប​ណា ? បងប្អូន​អាច​ដាក់​បង្ហាញ​ផ្លែឈើ​បីបួន​ចំណិត ហើយ​សួរ​ថា តើ​យើង​អាច​ទាយថា ផ្លែឈើ​នេះ​មកពី​ដើម​ណា​បាន​ទេ ។ តើ​លំហាត់​នេះ​ជួយ​យើង​ឲ្យ​យល់ពី ម៉ាថាយ ៧:១៥–២០ ដោយ​របៀប​ណា ? បងប្អូន​ក៏អាច​អាន​រួមគ្នា​នូវ​សារលិខិត​មួយ​ចំនួន​ថ្មីៗ​មកពី​ព្យាការី​ដែល​នៅរស់​ផងដែរ ។ តើ « ផល » ឬ​លទ្ធផល​អ្វីខ្លះ​ដែល​កើត​ចេញពី​ការទូន្មាន​របស់​ពួកលោក ?

    ផ្លែក្រូច

    យើង​អាច​ស្គាល់​ព្យាការី​ពិត​តាមរយៈ​ផល​របស់​ពួកលោក ។

  • ម៉ាថាយ ៧:១៥–២០ អាច​ជួយ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​សមាជិក​ក្នុង​ថ្នាក់​ទៅលើ​បេសកកម្ម​ដ៏ទេវភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។ តើ​ផល​ផ្លែ​នៃ​កិច្ចការ​ដែល យ៉ូសែប ស្ម៊ីធ សម្រេច​បាន​មាន​អ្វីខ្លះ ? សម្រាប់​គំនិត​មួយ​ចំនួន សូមមើល​សារលិខិត​របស់​អែលឌើរ នែល អិល អាន់ឌើរសិន « Joseph Smith » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣១ ) ។ តើ​យើង​អាច​ប្រើ​ពាក្យ​ប្រៀប​ប្រដូច​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ៧:១៥–២០ ដើម្បី​ថ្លែង​ទីបន្ទាល់​ទៅកាន់​មិត្តភក្ដិ និង​គ្រួសារ​របស់​យើង​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ តាម​របៀប​ណា ?

ការកែលម្អ​ការបង្រៀន​របស់​យើង

កុំខ្លាច​ភាពស្ងៀមស្ងាត់ ។ « សំណួរ​ល្អ​ត្រូវការ​ពេលវេលា​ដើម្បី​ឆ្លើយ ។ វា​តម្រូវ​ឲ្យ​មានការ​ពិចារណា ការស្រាវជ្រាវ និង​ការបំផុស​គំនិត ។ ពេលវេលា​ដែល​បងប្អូន​ចំណាយ​ពេល​រង់ចាំ​ចម្លើយ​ចំពោះ​សំណួរ​មួយ អាច​ជា​ពេល​ដ៏ពិសិដ្ឋ​មួយ​ដើម្បី​ធ្វើការ​ពិចារណា ។ សូម​ចៀសវាង​ពី​ការល្បួង​ឲ្យ​បញ្ចប់​ពេលវេលា​នេះ​ឆាប់ពេក តាមរយៈ​ការឆ្លើយ​នឹង​សំណួរ​នោះ​ដោយ​ខ្លួនឯង ឬ​បន្ដ​ទៅ​ធ្វើ​អ្វី​ផ្សេងទៀត » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣១ ) ។