« ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ ៖ ‹ សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា ។ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៧ ខែ កុម្ភៈ–ថ្ងៃទី ៥ ខែ មីនា
ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧
« សេចក្តីជំនឿរបស់នាងបានសង្គ្រោះនាងហើយ »
ការរៀបចំខ្លួនរបស់បងប្អូនដើម្បីបង្រៀនចាប់ផ្ដើម នៅពេលបងប្អូនសិក្សា ម៉ាថាយ ៨; ម៉ាកុស ២–៤ និង លូកា ៧ ប្រកបដោយការអធិស្ឋាន ។ ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ អាចបង្កើនដល់ការសិក្សារបស់បងប្អូន ហើយបំផុសគំនិតសម្រាប់ការបង្រៀន បន្ថែមទៅលើអ្វីដែលមាននៅត្រង់ផ្នែកនេះ ។
អញ្ជើញឲ្យចែកចាយ
សមាជិកក្នុងថ្នាក់របស់បងប្អូនប្រហែលជារកឃើញនូវការយល់ដឹងដ៏មានអានុភាព ក្នុងអំឡុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេអំពីអព្ភូតហេតុនៅក្នុងជំពូកទាំងនេះ ( សូមមើលបញ្ជីនៃការព្យាបាលរបស់ព្រះអង្គសង្គ្រោះនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយគំនិតរបស់ពួកគេជាមួយនឹងដៃគូ ឬជាមួយនឹងសមាជិកក្នុងថ្នាក់ទាំងមូល ។
បង្រៀនគោលលទ្ធិ
អព្ភូតហេតុទាំងឡាយកើតឡើងស្របតាមព្រះទ័យរបស់ព្រះ និងសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។
-
តើបងប្អូនអាចប្រើដំណើររឿងនៃអព្ភូតហេតុរបស់ព្រះអង្គសង្គ្រោះ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើទ្រង់ដោយរបៀបណា ? បងប្អូនអាចសូមឲ្យពួកគេសរសេរនៅលើក្ដារខៀន នូវការព្យាបាលដ៏ប្រកបដោយអព្ភូតហេតុចំនួនបីបួនមកពី ម៉ាថាយ ៨; ម៉ាកុស ២ និង លូកា ៧ ។ សមាជិកក្នុងថ្នាក់អាចពិភាក្សាពីរបៀប ដែលមនុស្សដែលទទួលបានការព្យាបាលនោះ បានបង្ហាញសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះគ្រីស្ទ ។ តើដំណើររឿងទាំងនេះបង្រៀនអ្វីខ្លះអំពីសេចក្ដីជំនឿ និងអព្ភូតហេតុ ? សមាជិកក្នុងថ្នាក់អាចចែកចាយសេចក្ដីពិតបន្ថែមទៀតអំពីសេចក្ដីជំនឿ និងអព្ភូតហេតុមកពី មរមន ៩:១៥–២១; អេធើរ ១២:១២–១៦; មរ៉ូណៃ ៧:២៧–៣៧ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៣៥:៨ ( សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អព្ភូតហេតុ » ) ។ តើនៅពេលណាដែលបងប្អូនបានឃើញអព្ភូតហេតុ នៅពេលយើងអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ?
-
ក្នុងចំណោមរឿងផ្សេងទៀត ដំណើររឿងអំពីអព្ភូតហេតុនៅក្នុង ម៉ាកុស ២:១–១២ បង្រៀនពីតម្លៃនៃការធ្វើការរួមគ្នាដោយសាមគ្គីភាព ដើម្បីជួយព្រះអង្គសង្គ្រោះនៅក្នុងការផ្ដល់ការងារបម្រើដល់អស់អ្នកដែលត្រូវការខាងវិញ្ញាណ ឬសាច់ឈាម ។ សូមពិចារណាអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យរំឭកដំណើររឿងមកពីព្រះគម្ពីរ ហើយចែកចាយការយល់ដឹងបន្ថែមទៀតមកពីសារលិខិតរបស់អែលឌើរ ឈី ហុង ( សាំ ) វុង « Rescue in Unity » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៤–១៦; សូមមើលផងដែរ « ធនធានបន្ថែមទាំងឡាយ » ) ។ តើយើងអាចរៀនអ្វីខ្លះមកពី ម៉ាកុស ២:១–១២ អំពីតម្លៃនៃការធ្វើការដោយមានសាមគ្គីភាព ដើម្បីជួយសង្គ្រោះអស់អ្នកដែលខ្វះខាត ? ( សូមមើលផងដែរ ម៉ាកុស ៣:២៤–២៥ ) ។
ព្រះយេស៊ូវគ្រីស្ទមានព្រះចេស្ដាដើម្បីនាំយកសេចក្ដីសុខសាន្តមកកណ្តាលព្យុះភ្លៀងនៃជីវិត ។
-
បងប្អូនអាចដឹងពីការប្រឈមមួយចំនួន ដែលសមាជិកក្នុងថ្នាក់របស់បងប្អូនកំពុងជួបប្រទះ ។ ដោយសារយើងទាំងអស់គ្នាមានការសាកល្បងនៅពេលណាមួយនៅក្នុងជីវិតរបស់យើង នោះការរំឭកដំណើររឿងនៅក្នុង ម៉ាកុស ៤:៣៥–៤១ ឡើងវិញអាចស្ថាបនាសេចក្ដីជំនឿរបស់សមាជិកក្នុងថ្នាក់ថា ព្រះអង្គសង្គ្រោះអាចនាំយកសេចក្ដីសុខសាន្តដល់ពួកគេបាន ។ សូមឲ្យក្រដាសមួយសន្លឹកដល់សមាជិកម្នាក់ៗ ហើយសូមឲ្យពួកគេសរសេរការសាកល្បងមួយដែលពួកគេបានជួប នៅផ្នែកម្ខាងនៃក្រដាស ។ នៅផ្នែកម្ខាងទៀត សូមឲ្យពួកគេសរសេរអ្វីមួយមកពី ម៉ាកុស ៤:៣៥–៤១ ដែលបំផុសគំនិតពួកគេឲ្យងាកទៅរកព្រះអង្គសង្គ្រោះ នៅអំឡុងការសាកល្បងរបស់ពួកគេ ។ សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ប្រសិនបើពួកគេមានអារម្មណ៍ថាស្រណុកចិត្តក្នុងការធ្វើដូច្នោះ ។
-
ទំនុកតម្កើង « លោកគ្រូ ខ្យល់ព្យុះកំពុងបោកបក់ » ( ទំនុកតម្កើង ល.រ. ៥៤ ) ផ្អែកទៅលើដំណើររឿងនៅក្នុង ម៉ាកុស ៤:៣៥–៤១ ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចរកទំនុកបទនៅក្នុងទំនុកតម្កើង ដែលទាក់ទងនឹងឃ្លានៅក្នុងបទគម្ពីរទាំងនេះ ។ បងប្អូនក៏អាចបង្ហាញរូបភាពមួយ ដែលពិពណ៌នាអំពីទិដ្ឋភាពនោះបានផងដែរ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៤០ ) ហើយពិភាក្សាអំពីគ្រាអ្វីដែលវិចិត្រករកំពុងតែពិពណ៌នា ។ តើមានរបៀបផ្សេងទៀតណាខ្លះ ដែលបងប្អូនអាចជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីអត្ថន័យ និងព្រះចេស្ដានៃអព្ភូតហេតុនេះ ?
នៅពេលយើងទទួលបានការអភ័យទោសពីអំពើបាបរបស់យើង នោះសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអង្គសង្គ្រោះកាន់តែមានភាពស៊ីជម្រៅ ។
-
តើយើងអាចរៀនអ្វីខ្លះមកពីគំរូរបស់ស្ត្រីនោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុង លូកា ៧:៣៦–៥០ នៅពេលយើងស្វែងរកការអភ័យទោសសម្រាប់អំពើបាបរបស់យើងផ្ទាល់ ? តើការប្រែចិត្តជួយយើងឲ្យខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើដំណើររឿងនេះមានឥទ្ធិពលលើរបៀប ដែលយើងមើលទៅអស់អ្នកដែលមានអំពើបាបយ៉ាងណាដែរ ?
ធនធានបន្ថែមទាំងឡាយ
« ព្រះយេស៊ូវក៏ឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ » ។
អែលឌើរ ឈី ហុង ( សាំ ) វុង បានចែកចាយការយល់ដឹងដូចតទៅនេះអំពីដំណើររឿងនៅក្នុង ម៉ាកុស ២:១–១២ ៖
« ខ្ញុំសូមចែកចាយរឿងដ៏មានតម្លៃមួយទៀត ដែលបានលាក់ទុកក្នុងដំណើររឿងនៃព្រះគម្ពីរជាមួយនឹងបងប្អូន ។ វាគឺនៅក្នុង ខទី ៥ ៖ ‹ ព្រះយេស៊ូវក៏ឃើញសេចក្ដីជំនឿ របស់អ្នកទាំងនោះ › ( ការគូសបញ្ជាក់បានបន្ថែម ) ។ ពីមុន ខ្ញុំមិនបានកត់សម្គាល់ទេនៅពាក្យថា—សេចក្ដីជំនឿ របស់អ្នកទាំងនោះ ។ …
« តើនរណាទៅជាមនុស្សដែលព្រះយេស៊ូវបានលើកឡើង ? ពួកគេជាអ្នកទាំងបួនដែលសែងបុរសដែលមានជំងឺស្លាប់ដៃជើងនោះ ជាបុរសនោះផ្ទាល់ ជាមនុស្សដែលបានអធិស្ឋានឲ្យគាត់ និងជនដែលនៅទីនោះស្ដាប់ការបង្រៀនរបស់ព្រះយេស៊ូវ ហើយអបអរដោយស្ងៀមស្ងាត់ក្នុងចិត្តពួកគេសម្រាប់អព្ភូតហេតុដែលនឹងកើតមានក្នុងពេលឆាប់ៗ ។ ពួកគេក៏អាចជាស្វាមី ឬភរិយា ឪពុក ឬម្ដាយ កូនប្រុស ឬកូនស្រី អ្នកផ្សព្វផ្សាយសាសនា ប្រធានកូរ៉ុម ប្រធានសមាគមសង្គ្រោះ ប៊ីស្សព និងមិត្តម្នាក់ដែលនៅឆ្ងាយផងដែរ ។ យើងទាំងអស់គ្នាអាចជួយគ្នាទៅវិញទៅមកបាន ។ យើងគួរមានចិត្តចង់ចូលរួមក្នុងការស្វែងរកជួយសង្គ្រោះដល់ជនដែលខ្វះខាតជានិច្ច » ( « Rescue in Unity » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៦ ) ។