ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ ៖ « ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួក​ដប់ពីរ​នាក់​នេះ​ឲ្យ​ទៅ »


« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ ៖ ‹ ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួក​ដប់ពីរ​នាក់​នេះ​ឲ្យ​ទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៦–១២ ខែ មីនា ។ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​កំពុង​តែងតាំង​ពេត្រុស

ថ្ងៃទី ៦–១២ ខែ មីនា

ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩

« ព្រះយេស៊ូវ​ទ្រង់​ចាត់​ពួក​ដប់ពីរ​នាក់​នេះ​ឲ្យ​ទៅ »

នៅពេល​បងប្អូន​អាន ម៉ាថាយ ៩–១០; ម៉ាកុស ៥ និង លូកា ៩ សូម​ស្វែងរក​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ ស្ដីពី​តម្រូវការ​របស់​សមាជិក​ដែល​បងប្អូន​បង្រៀន ។ ការកត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​របស់​បងប្អូន អាច​ជួយ​បងប្អូន​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​បទពិសោធន៍​មួយ ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​បងប្អូន និង​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

បងប្អូន​អាច​សូម​ឲ្យ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ​សរសេរ​នៅលើ​ក្រដាស​មួយ​សន្លឹក នូវ​សេចក្ដីពិត​មួយ​ដែល​ពួកគេ​បាន​រៀន​មកពី​ព្រះគម្ពីរ​នៅ​សប្ដាហ៍​នេះ រួម​ទាំង​ខគម្ពីរ​ផងដែរ ។ បន្ទាប់ពី​ប្រមូល​ក្រដាស​ហើយ សូម​ជ្រើសរើស​យក​ក្រដាស​បីបួន​សន្លឹក​មក​អាន​ឲ្យ​ដល់សមាជិក​ក្នុង​ថ្នាក់​ស្ដាប់ ។ តើ​យើង​អាច​អនុវត្ត​សេចក្ដីពិត​ទាំងនេះ​នៅក្នុង​ជីវិត​របស់​យើង​បាន​យ៉ាង​ដូចម្ដេច ?

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

ម៉ាថាយ ៩

ព្រះគ្រីស្ទ​មាន​ព្រះចេស្ដា​ដើម្បី​ព្យាបាល​យើង​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

  • ការព្យាបាល​ប្រកប​ដោយ​អព្ភូតហេតុ​ជាច្រើន​របស់​ព្រះអង្គ​សង្គ្រោះ ក៏​បង្រៀន​ពី​សេចក្ដីពិត​ខាង​វិញ្ញាណ​ផងដែរ ។ ដើម្បី​ជួយ​សមាជិក​ក្នុងថ្នាក់​ឲ្យ​យល់ពី​ការណ៍​នេះ បងប្អូន​អាច​បំបែក​ថ្នាក់​ទៅជា​បួន​ក្រុម ហើយ​ចាត់ឲ្យ​ក្រុម​នីមួយៗ​អាន​វគ្គ​បទគម្ពីរ​ដូច​តទៅ​នេះ​មួយ ៖ ម៉ាថាយ ៩:២–៨; ម៉ាថាយ ៩:១៨–១៩, ២៣–២៦; ម៉ាថាយ ៩:២២–២២ និង ម៉ាថាយ ៩:២៧–៣១ ។ សូម​ឲ្យ​ក្រុម​នីមួយៗ​សិក្សា​អព្ភូតហេតុ ដែល​បាន​ពិពណ៌នា​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ រួចហើយ​សង្ខេប​វា​សម្រាប់​សិស្ស​ក្នុង​ថ្នាក់ ។ តើ​សេចក្ដីពិត​ខាង​វិញ្ញាណ​អ្វីខ្លះ ដែល​យើង​អាច​រៀន​មកពី​អព្ភូតហេតុ​ទាំងនេះ ?

ស្ដ្រី​ឈោង​ទៅពាល់​ព្រះពស្ត្រ​របស់​ព្រះយេស៊ូវ

ទុកចិត្ត​លើ​ព្រះអម្ចាស់ ដោយ លីស លេម៉ុន ស្វិនដល

ម៉ាថាយ ១០

ព្រះអម្ចាស់​ប្រទាន​ដល់​ពួក​អ្នក​បម្រើ​របស់​ទ្រង់​នូវ​អំណាច​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

  • ការអនុញ្ញាត​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ពួកសាវក​របស់​ទ្រង់​ធ្វើ​កិច្ចការ អាច​ជួយ​ដល់​យើង​នៅក្នុង​ការទទួល​ខុសត្រូវ​របស់​យើង​ផ្ទាល់​បាន ។ សមាជិក​ក្នុង​ថ្នាក់​ប្រហែល​ជា​មាន​ការយល់ដឹង​អំពី​ប្រធានបទ​នេះ តាមរយៈ​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ ឧទាហរណ៍ មាន​សកម្មភាព​មួយ​អំពី​ប្រធានបទ​នេះ​នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន ឬ​ធ្វើការ​ជា​ក្រុម​តូចៗ ដើម្បី​ធ្វើ​សកម្មភាព​នោះ​នៅក្នុង​ថ្នាក់ ។ សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​នានា នៅពេល​ដែល​ពួកគេ​ទទួល​បាន​អារម្មណ៍​នៃ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ពួកគេ​បាន​បំពេញ​ការហៅ​របស់​ពួកគេ ។

  • តើ​ការសិក្សា​អំពី​ការអនុញ្ញាត​ដែល​ព្រះគ្រីស្ទ​បាន​ប្រទាន​ដល់​ពួកសាវក​របស់​ទ្រង់​នៅក្នុង ម៉ាថាយ ១០ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​យល់ពី​តួនាទី​របស់​ព្យាការី និង​ពួកសាវក​សម័យ​ទំនើប​តាម​របៀប​ណា ? វា​អាច​នឹង​មាន​ប្រយោជន៍​ដើម្បី​ប្រៀបធៀប​ការអនុញ្ញាត​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួក​ដប់ពីរ​នាក់ ទៅនឹង​ការអនុញ្ញាត​ដែល​ត្រូវបាន​ប្រទាន​ឲ្យ​ដល់​កូរ៉ុម​ទីមួយ​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ដែល​មាន​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ។ ប្រហែលជា​សមាជិក​ក្នុង​ថ្នាក់​អាច​ចែកចាយ​ពី​របៀប ដែល​ពួកគេ​ទទួល​ឥទ្ធិពល​ដោយសារ​ការងារ​បម្រើ​របស់​ពួកសាវក​ដែល​នៅរស់ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​បងប្អូន​អំពី​ការហៅ​ដ៏ទេវភាព​របស់​ព្យាការី និង​ពួកសាវក​ដែល​នៅរស់ ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ថ្លែង​ទីបន្ទាល់​របស់​ពួកគេ ។

ម៉ាថាយ ១០:១៧–២០

នៅពេល​យើង​ស្ថិត​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​បំផុស​គំនិត​យើង​ឲ្យ​ដឹងពី​ពាក្យ​ពេចន៍​ដែល​ត្រូវ​និយាយ ។

  • ពេលខ្លះ​មនុស្ស​មាន​អារម្មណ៍​ភ័យខ្លាច​នៅពេល​បង្រៀន ឬ​និយាយ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​អំពី​ដំណឹងល្អ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​សន្យា​ដល់​ពួកសិស្ស​ថា ទ្រង់​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ ។ តើ​យើង​ត្រូវ​ធ្វើ​អ្វីខ្លះ ដើម្បី​ទទួល​បាន​ជំនួយ​ដែល​ព្រះអម្ចាស់​បាន​សន្យា​សម្រាប់​ខ្លួន​យើង ? សូម​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​អាន ម៉ាថាយ ១០:១៩–២០; គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤:៨៥ និង គោលលទ្ធិ និង សេចក្តី​សញ្ញា ១០០:៥–៨ ដើម្បី​រកមើល​ចម្លើយ​ចំពោះ​សំណួរ​នេះ ។ តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​បងប្អូន​ឲ្យ​ដឹង​អ្វី​ដែល​ត្រូវ​និយាយ​នៅពេល​ណា ? បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​របស់​បងប្អូន ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ផ្ទាល់ ។

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

សិទ្ធិ​អនុញ្ញាត​មួយ​ដល់​ពួកសាវក​នៅ​ថ្ងៃ​ចុងក្រោយ ។

នៅពេល​សមាជិក​ដំបូងៗ​មួយ​ចំនួន​ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​នៅ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ ត្រូវបាន​ហៅ នោះ​អូលីវើរ ខៅឌើរី បាន​ផ្ដល់​សិទ្ធិ​អនុញ្ញាត​មួយ​ដែល​ស្រដៀង​គ្នា​នឹង​សិទ្ធិ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ឲ្យ​នៅក្នុង ម៉ាថាយ ១០ ដែរ ។ លោក​បាន​មាន​ប្រសាសន៍ ៖

« ‹ បងប្អូន​នឹង​ត្រូវ​តតាំង​នឹង​រាល់​ភាពលំអៀង​នៃ​គ្រប់​ប្រជាជាតិ ។ … ហេតុដូច្នេះ​ហើយ ខ្ញុំ​សូម​ព្រមាន​បងប្អូន​ឲ្យ​បណ្ដុះ​ចិត្ត​រាបសា​យ៉ាងខ្លាំង ពីព្រោះ​ខ្ញុំ​ដឹង​អំពី​អំនួត​របស់​ដួងចិត្ត​មនុស្ស ។ ចូរ​ប្រុង​ប្រយ័ត្ន ខ្លាច​ក្រែង​ពួក​អ្នក​បញ្ជោ​នៃ​លោកិយ​លើក​តម្កើង​បងប្អូន​ឡើង ។ ចូរ​ប្រុង​ប្រយ័ត្ន ខ្លាច​ក្រែង​សុឆ្ឆន្ទៈ​របស់​បងប្អូន​ត្រូវបាន​ទាក់ទាញ​ដោយ​ទ្រព្យសម្បត្តិ​ខាង​លោកិយ ។ ចូរ​ដាក់​ការងារ​បម្រើ​របស់​បងប្អូន​ដំបូង​គេ​បង្អស់ ។ … [ វា ] គឺជា​រឿង​ចាំបាច់​ដែល​បងប្អូន​ទទួល​បាន​ទីបន្ទាល់​មួយ​មកពី​ស្ថានសួគ៌​សម្រាប់​ខ្លួនឯង ដើម្បី​បងប្អូន​អាច​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​នោះ ។ …

« ‹ … បងប្អូន​ត្រូវ​ថ្លែង​សារលិខិត​នេះ​ដល់​អស់​អ្នក​ដែល​គិត​ថា ពួកគេ​ជា​មនុស្ស​ឆ្លាត ។ ហើយ​មនុស្ស​បែប​នេះ​អាច​នឹង​បៀតបៀន​បងប្អូន ពួកគេ​នឹង​សម្លាប់​បងប្អូន ។ មារសត្រូវ​ចង់​បាន​ជីវិត​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ​ជានិច្ច ។ ហេតុដូច្នេះ​ហើយ បងប្អូន​ត្រូវ​ត្រៀមខ្លួន​គ្រប់​ពេល ដើម្បី​ធ្វើ​ពលិកម្ម​ជីវិត​របស់​បងប្អូន ដែល​ព្រះ​តម្រូវ​ពី​ពួកគេ​ជាមុន និង​ការស្ថាបនា​បុព្វហេតុ​របស់​ទ្រង់ ។ …

« បន្ទាប់​មក លោក​ចាប់ដៃ​ពួកគេ​ម្នាក់​ម្ដងៗ ហើយ​ពោល​ថា ‹ តើ​បងប្អូន​មាន​គោលបំណង​ពេញលេញ​ក្នុង​ដួងចិត្ត ដើម្បី​ធ្វើជា​ផ្នែក​មួយ​នៅក្នុង​ការងារ​បម្រើ​នេះ ដើម្បី​ប្រកាស​ដំណឹងល្អ​ដោយ​ឧស្សាហ៍​ព្យាយាម​ជាមួយ​នឹង​បងប្អូន​ប្រុស​របស់​បងប្អូន​ទាំងនេះ ស្របតាម​ន័យ និង​ចេតនា​នៃ​ការទទួល​ខុសត្រូវ ដែល​បងប្អូន​បាន​ទទួល​ដែរ​ឬ​ទេ ? › ម្នាក់ៗ​បាន​ឆ្លើយតប​ដោយ​មុតមាំ » ( នៅក្នុង « Minutes and Blessings, 21 February 1835 » Minute Book 1 ទំព័រ ១៥៩–១៦១, ១៦៤ នៅលើ​គេហទំព័រ josephsmithpapers.org; ការប្រកប និង​វណ្ណយុត្តិ​ត្រូវបាន​ធ្វើ​ទំនើបកម្ម ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ ។ នៅពេល​បងប្អូន​ធ្វើ​ការអញ្ជើញ​ឲ្យ​ធ្វើ​សកម្មភាព សូម​ថ្លែង​ទីបន្ទាល់​ដល់​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ថា ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​ដែល​ព្រះ​បាន​សន្យា នៅពេល​ពួកគេ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​តាម​ការបង្រៀន​របស់​ទ្រង់ ។ ពរជ័យ​ពុំ​គួរជា​ការជំរុញ​ចិត្ត​ដ៏ចម្បង​របស់​យើង​ដើម្បី​មាន​ការគោរព​ប្រតិបត្តិ​នោះ​ទេ ប៉ុន្តែ​ព្រះវរបិតាសួគ៌​មាន​ព្រះរាជបំណង​ចង់​ប្រទានពរ​ដល់​កូនចៅ​របស់​ទ្រង់​ទាំងអស់ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៥ ) ។