« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ ៖ ‹ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៣–១៩ ខែ មីនា ។ ម៉ាថាយ ១១–១២; លូកា ១១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៣–១៩ ខែ មីនា
ម៉ាថាយ ១១–១២; លូកា ១១
« ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក »
សូមអាន ម៉ាថាយ ១១–១២ និង លូកា ១១ អំឡុងសប្ដាហ៍នេះ មុនពេលបងប្អូនបង្រៀន ។ ការណ៍នឹងផ្ដល់ពេលវេលាឲ្យបងប្អូនសញ្ជឹងគិត និងទទួលបានវិវរណៈអំពីអ្វីដែលត្រូវផ្ដោតទៅលើនៅក្នុងថ្នាក់រៀន ។
អញ្ជើញឲ្យចែកចាយ
ការអនុវត្តតាមគោលការណ៍ដែលយើងរកឃើញនៅក្នុងព្រះគម្ពីរមកក្នុងជីវិតរបស់យើង គឺជារបៀបដ៏សំខាន់មួយដើម្បីដកពិសោធន៍អំណាចនៃព្រះបន្ទូលរបស់ព្រះ ។ សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យចែកចាយអ្វី ដែលពួកគេបានរកឃើញនៅក្នុងការសិក្សាព្រះគម្ពីររបស់ពួកគេនៅសប្ដាហ៍នេះ ដែលពួកគេអាចអនុវត្តក្នុងជីវិតរបស់ពួកគេបាន ។ ការចែកចាយឧទាហរណ៍អំពីរបៀបដែលបងប្អូនបានអនុវត្តតាមបទគម្ពីរ អាចជួយបំផុសគំនិតសមាជិកក្នុងថ្នាក់ឲ្យចែកចាយឧទាហរណ៍ផ្ទាល់ខ្លួនរបស់ពួកគេដែរ ។
បង្រៀនគោលលទ្ធិ
ព្រះយេស៊ូវគ្រីស្ទនឹងប្រទានការសម្រាកដល់យើង នៅពេលយើងពឹងផ្អែកទៅលើទ្រង់ ។
-
នៅក្នុង ម៉ាថាយ ១១:២៨–៣០ ព្រះអង្គសង្គ្រោះបានបង្រៀនថា ទ្រង់នឹងជួយយើងឲ្យរែកបន្ទុកដ៏ធ្ងន់របស់យើង ប្រសិនបើយើងទទួលយកការអញ្ជើញរបស់ទ្រង់ថា « ចូរទទួលនឹមខ្ញុំ » ( ខទី ២៩ ) ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីការសន្យានេះកាន់តែច្បាស់ បងប្អូនអាចបង្ហាញរូបភាពនឹមមួយបាន ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ហើយចែកចាយការពិតដូចតទៅនេះ ៖ នឹមត្រូវបានធ្វើឡើងដើម្បីជួយសត្វឲ្យដឹករបស់របរធ្ងន់ៗ ឬធ្វើការងារ ហើយជារឿយៗ នឹមគឺដាក់ឲ្យត្រូវនឹងសត្វនោះ ។ តើព័ត៌មានលម្អិតទាំងនេះបន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់យើងអំពី ម៉ាថាយ ១១:២៨–៣០ ? តើយើងរកឃើញការអញ្ជើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ? តើយើងទទួលបានការសន្យាពរជ័យអ្វីខ្លះ ? បងប្អូនក៏អាចចែកចាយការសន្យានេះមកពីប្រធាន រ័សុល អិម ណិលសុន ដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » បានផងដែរ ។
-
យើងទាំងអស់គ្នាមានបន្ទុក ដែលអាចធ្វើឲ្យស្រាលជាងមុនបានតាមរយៈព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បីលើកទឹកចិត្តឲ្យមានការពិភាក្សាមួយអំពីការណ៍នេះ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអាន និងពិភាក្សាអំពី ម៉ាថាយ ១១:២៨–៣០ ជាមួយនឹងសមាជិកដទៃទៀតនៅក្នុងថ្នាក់រៀន ។ ពួកគេអាចរួមបញ្ចូលសំណួរទាំងនេះនៅក្នុងការពិភាក្សារបស់ពួកគេបាន ៖ តើមានឧទាហរណ៍អំពីបន្ទុកអ្វីខ្លះ ដែលមនុស្សម្នាក់អាចរែកបាន ? តើយើងត្រូវធ្វើអ្វីខ្លះដើម្បីមករកព្រះគ្រីស្ទ ? តើការទទួលយកនឹមរបស់ព្រះអង្គសង្គ្រោះមកដាក់លើខ្លួនយើងមានន័យយ៉ាងដូចម្ដេច ? តើបងប្អូនធ្លាប់ទទួលអារម្មណ៍ថា ព្រះអង្គសង្គ្រោះជួយសម្រាលបន្ទុករបស់បងប្អូន នៅពេលបងប្អូនងាកមករកទ្រង់ដោយរបៀបណា ? សមាជិកក្នុងថ្នាក់អាចទទួលបានការយល់ដឹងបន្ថែមទៀតនៅក្នុងសារលិខិតរបស់អែលឌើរ ដេវីឌ អេ បែដណា « Bear Up Their Burdens with Ease » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៧–៩០ ) ។
ថ្ងៃឈប់សម្រាកគឺជាថ្ងៃមួយដើម្បីធ្វើការល្អ ។
-
ក្នុងការខិតខំរបស់ពួកគេដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ នោះពួកផារិស៊ីបានអនុវត្តច្បាប់តឹងរឹង និងទំនៀមទម្លាប់ដែលបង្កើតដោយមនុស្ស ដែលនៅទីបំផុតបានបិទបាំងការយល់ដឹងរបស់ពួកគេអំពីគោលបំណងពិតនៃថ្ងៃឈប់សម្រាក ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីមូលហេតុ ដែលព្រះអម្ចាស់បានប្រទានថ្ងៃឈប់សម្រាកដល់យើង នោះបងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យរំឭកឡើងវិញក្នុង ម៉ាថាយ ១២:១–១៣ និង ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ម៉ាកុស ២:២៦–២៧ ( នៅក្នុង ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ ) ។ តើដំណើររឿងទាំងនេះបង្រៀនអ្វីខ្លះអំពីគោលបំណងនៃថ្ងៃឈប់សម្រាក ? តើយើងទទួលបានការយល់ដឹងបន្ថែមទៀតអ្វីខ្លះ អំពីថ្ងៃឈប់សម្រាកមកពី និក្ខមនំ ៣១:១៦–១៧; អេសាយ ៥៨:១៣–១៤ និង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩–១៣ ? តើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គសង្គ្រោះបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច នៅពេលយើងព្យាយាមរក្សាថ្ងៃរបស់ទ្រង់ទុកជាបរិសុទ្ធ ?
-
កាលពួកផារិស៊ីបានគូសបញ្ជាក់នូវច្បាប់លម្អិតជាច្រើនទាក់ទិននឹងថ្ងៃឈប់សម្រាក នោះព្រះអង្គសង្គ្រោះបានបង្រៀនគោលការណ៍ដ៏សាមញ្ញមួយថា « មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សម្រាក » ( ម៉ាថាយ ១២:១២ ) ។ តើគោលការណ៍ផ្សេងទៀតណាខ្លះជួយយើងឲ្យរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ? ( សូមមើលសេចក្ដីថ្លែងការណ៍ដោយប្រធាន អិម រ័សុល បាឡឺដ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ ហេតុអ្វីបានជាគោលការណ៍មានប្រសិទ្ធភាពជាងបញ្ជីច្បាប់ នៅពេលយើងខិតខំអភិវឌ្ឍឲ្យមានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ ?
-
សារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « The Sabbath Is a Delight » ( Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១២៩–៣២ ) និងវីដេអូដែលមានពាក្យទូន្មានរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចបន្ថែមដល់ការពិភាក្សាមួយអំពីថ្ងៃឈប់សម្រាក ។
ធនធានបន្ថែមទាំងឡាយ
ទឹមជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « បងប្អូនមករកព្រះគ្រីស្ទដើម្បីបានទឹមជាមួយនឹងទ្រង់ និងជាមួយព្រះចេស្ដារបស់ទ្រង់ ដើម្បីកុំឲ្យបងប្អូនទាញបន្ទុកជីវិតតែម្នាក់ឯង ។ ពេលបងប្អូនទាញបន្ទុកជីវិត ដោយបានទឹមជាមួយនឹងព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោកនេះ នៅរំពេចនោះបញ្ហារបស់បងប្អូន មិនថាវាធ្ងន់ធ្ងរប៉ុណ្ណាទេ នឹងក្លាយទៅជាស្រាល » ( « The Mission and Ministry of the Savior: A Discussion with Elder Russell M. Nelson » Ensign ខែ មិថុនា ឆ្នាំ ២០០៥ ទំព័រ ១៨ ) ។
« តើ ទីសម្គាល់ ណាដែលខ្ញុំចង់បង្ហាញទៅដល់ព្រះ ? »
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖ « ពេលខ្ញុំសម្រេចចិត្តថាតើសកម្មភាពណា ដែលសមស្របនៅថ្ងៃឈប់សម្រាក ខ្ញុំគ្រាន់តែសួរខ្លួនឯងថា ‹ តើ ទីសម្គាល់ ណាដែលខ្ញុំចង់បង្ហាញទៅដល់ព្រះ ? › សំណួរនោះបានធ្វើឲ្យជម្រើសរបស់ខ្ញុំអំពីថ្ងៃឈប់សម្រាកភ្លឺច្បាស់ដូចជាកែវគ្រីស្ទាល់ » ( « The Sabbath Is a Delight » Liahona ខែឧសភា ឆ្នាំ២០១៥ ទំព័រ ១៣០ ) ។
ពរជ័យនៃការប្រតិបត្តិតាមថ្ងៃឈប់សម្រាក ។
នៅក្នុងស៊េរីវីដេអូចំនួនបី អែលឌើរ ជែហ្វ្រី អ័រ ហូលិន បានបង្រៀនអំពីពរជ័យនៃការប្រតិបត្តិតាមថ្ងៃឈប់សម្រាក ៖ « Upon My Holy Day—Getting Closer to God » « Upon My Holy Day—Honoring the Sabbath » និង « Upon My Holy Day—Rest and Renewal » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។