« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ ៖ ‹ អ្នករាល់គ្នាមានពរ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ ។ ម៉ាថាយ ៥; លូកា ៦ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៣–១៩ ខែ កុម្ភៈ
ម៉ាថាយ ៥; លូកា ៦
« អ្នករាល់គ្នាមានពរ »
សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណរបស់បងប្អូន នៅពេលបងប្អូនសិក្សា ម៉ាថាយ ៥ និង លូកា ៦ ។ វិវរណៈនឹងកើតមានឡើង នៅពេលបងប្អូនខិតខំដើម្បីបំពេញតាមសេចក្ដីត្រូវការសមាជិកក្នុងថ្នាក់របស់បងប្អូន ។
អញ្ជើញឲ្យចែកចាយ
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានមានប្រសាសន៍ថា ទេសនកថានៅលើភ្នំគឺជា « [ ទេសនកថា ] ដ៏អស្ចារ្យបំផុតដែលពុំធ្លាប់បង្រៀនពីមុនមកឡើយ តាមអ្វីដែលយើងដឹង » ( Teachings of Presidents of the Church: Joseph Fielding Smith [ ឆ្នាំ ២០១៣ ] ទំព័រ ២៣៤ ) ។ សូមអញ្ជើញឲ្យសមាជិកក្នុងថ្នាក់ចែកចាយអារម្មណ៍របស់ពួកគេ អំពីមូលហេតុដែលថាការណ៍នេះគឺពិត ។
បង្រៀនគោលលទ្ធិ
សុភមង្គលយូរអង្វែង កើតមកពីការរស់នៅតាមរបៀបដែលព្រះយេស៊ូវបានបង្រៀន ។
-
នៅក្នុងទេសនកថានៅលើភ្នំ ព្រះអង្គសង្គ្រោះបានអញ្ជើញពួកសិស្សរបស់ទ្រង់ឲ្យគិតឡើងវិញ អំពីអត្ថន័យនៃការរស់នៅក្នុងជីវិតដ៏មានពរជ័យមួយ—ជីវិតមួយដែលមានសុភមង្គលដ៏យូរអង្វែង ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីសុភមង្គលដ៏យូរអង្វែង បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយអ្វីដែលធ្វើឲ្យពួកគេរីករាយ ។ យោងតាម ម៉ាថាយ ៥:១–១២ តើព្រះយេស៊ូវបានមានបន្ទូលអ្វីខ្លះ ដែលធ្វើឲ្យមនុស្សម្នាក់ « មានពរ » ឬរីករាយអស់កល្បជានិច្ច ? តើការបង្រៀនរបស់ព្រះយេស៊ូវខុសពីវិធីផ្សេងទៀត ដែលមនុស្សព្យាយាមស្វែងរកសុភមង្គលយ៉ាងដូចម្ដេច ?
-
សូមពិចារណាសរសេរគុណលក្ខណៈ ឬគុណសម្បត្តិមួយចំនួនដាក់នៅលើក្ដារខៀនដែលចេញមកពី ខទី ៣–១២ ដូចជា « មានចិត្តបរិសុទ្ធ » ឬ « អ្នកដែលផ្សះផ្សាគេ » ជាដើម ។ បន្ទាប់មក សូមអញ្ជើញសមាជិកម្នាក់ក្នុងថ្នាក់ឲ្យផ្ដល់យោបល់អំពីពាក្យផ្ទុយសម្រាប់ពាក្យនីមួយៗ ។ តើយើងរៀនអ្វីខ្លះអំពីគុណសម្បត្តិទាំងនេះ តាមរយៈការពិចារណាអំពីពាក្យផ្ទុយរបស់វា ? សូមឲ្យសមាជិកក្នុងថ្នាក់ពិចារណាពីអ្វី ដែលពួកគេអាចផ្លាស់ប្ដូរបាន ដើម្បីក្លាយជាមនុស្សដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ តើ នីហ្វៃទី៣ ១២:៣, ៦ បន្ថែមអ្វីខ្លះទៅលើការយល់ដឹងរបស់យើងអំពី ម៉ាថាយ ៥:៣, ៦ ?
ពួកសិស្សរបស់ព្រះអង្គសង្គ្រោះត្រូវធ្វើជាពន្លឺនៃពិភពលោក ។
-
តើ « ពន្លឺនៃលោកីយ៍ » មានន័យយ៉ាងណា ? ( ខទី ១៤ ) ។ តើការលាក់ពន្លឺរបស់យើង « ក្រោមថាំង » ( ខទី ១៥ ) មានន័យដូចម្ដេច ហើយហេតុអ្វីយើងអាចត្រូវបានល្បួងឲ្យធ្វើការណ៍នេះ ? សេចក្ដីថ្លែងការណ៍ដោយប្រធាន ប៊ូនី អេច ខ័រឌុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » និង នីហ្វៃទី៣ ១៨:២៤ អាចជួយសមាជិកក្នុងថ្នាក់ឲ្យមានបំណងប្រាថ្នា ដើម្បីធ្វើជាពន្លឺដល់មនុស្សដទៃកាន់តែខ្លាំងឡើង ។ ពួកគេក៏អាចនិយាយអំពីមនុស្ស ដែលធ្វើជាពន្លឺដល់ពួកគេ ហើយបានដឹកនាំពួកគេឲ្យមករកព្រះយេស៊ូវគ្រីស្ទផងដែរ ។ តើយើងអាចធ្វើត្រាប់តាមមនុស្សទាំងនេះបានដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនពីក្រឹត្យវិន័យដ៏ខ្ពស់មួយ ដែលអាចដឹកនាំយើងឆ្ពោះទៅរកភាពល្អឥតខ្ចោះ ។
-
ស្ថានភាពមួយចំនួនដែលបានរៀបរាប់នៅក្នុង ម៉ាថាយ ៥ មានភាពជាក់លាក់ចំពោះជំនាន់របស់ព្រះអង្គសង្គ្រោះ ប៉ុន្តែគោលការណ៍ដែលទ្រង់បានបង្រៀនគឺសំដៅទៅលើមនុស្សទូទៅ ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យមើលឃើញការអនុវត្តនានានៅក្នុងជីវិតរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យជ្រើសរើសវគ្គបទគម្ពីរមួយដូចតទៅនេះ ហើយគិតអំពីឧទាហរណ៍មួយនៅសម័យទំនើប ដែលបង្ហាញពីអ្វីដែលព្រះអង្គសង្គ្រោះកំពុងបង្រៀន ៖ ខទី ២១–២៤; ២៧–៣០; ៣៣–៣៧; ៣៨–៣៩; ៤០–៤២ និង ៤៣–៤៤ ។ ពួកគេអាចធ្វើកិច្ចការនេះដោយខ្លួនឯង ឬជាក្រុមតូចៗ ហើយចែកចាយឧទាហរណ៍របស់ពួកគេជាមួយនឹងសមាជិកក្នុងថ្នាក់ ។
-
តើបងប្អូនអាចជួយសមាជិកក្នុងថ្នាក់តាមរបៀបណា ដើម្បីឲ្យមើលឃើញថា សេចក្ដីបង្គាប់របស់ព្រះអង្គសង្គ្រោះឲ្យបាន « ល្អឥតខ្ចោះ » ( ម៉ាថាយ ៥:៤៨ ) មានន័យយ៉ាងណា ដូចដែលប្រធាន រ័សុល អិម ណិលសុន បានពន្យល់ថាឲ្យមាន « ពេញលេញ » ឬ « បានចប់សព្វគ្រប់ » នោះ ? ( « Perfection Pending » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៨៦–៨៨ ) ។ បងប្អូនអាចកាត់រូបភាពព្រះយេស៊ូវជាច្រើនចំណែកទុកតម្រៀប ហើយសូមអញ្ជើញឲ្យសមាជិកក្នុងថ្នាក់សរសេរនៅពីក្រោយបំណែករូបភាពនីមួយៗនូវការបង្រៀនមួយចេញពី ម៉ាថាយ ៥ ដែលពួកគេមានអារម្មណ៍ថា បានបំផុសគំនិតឲ្យអនុវត្តនៅក្នុងជីវិតរបស់ពួកគេ ។ សូមឲ្យពួកគេធ្វើការជាមួយគ្នាដើម្បីផ្គុំបំណែកទាំងនោះ ។ តើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យមានភាព « ពេញលេញ » ឬ « បានចប់សព្វគ្រប់ » តាមរបៀបណា ? ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគុណ » ) ។ តើប្រសាសន៍របស់ប្រធាន ចយ ឌី ចូនស៍ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » បន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់យើងអំពីដំណើរការនេះ ?
ធនធានបន្ថែមទាំងឡាយ
ការធ្វើជាពន្លឺមួយ ។
ប្រធាន ប៊ូនី អេច ខ័រឌុន បានបង្រៀន ៖ « ការអញ្ជើញរបស់ព្រះអម្ចាស់ឲ្យបញ្ចាំងពន្លឺរបស់យើងចេញទៅ មិនមែនគ្រាន់តែអំពីការគ្រវីបញ្ចាំងពន្លឺយើង ហើយធ្វើឲ្យពិភពលោកនេះភ្លឺជាងមុននោះទេ ។ វាគឺត្រូវផ្ចង់ផ្ដោតពន្លឺនោះ ដើម្បីឲ្យមនុស្សដទៃអាចមើលឃើញផ្លូវទៅរកព្រះគ្រីស្ទ ។ វាជាការប្រមូលផ្តុំអ៊ីស្រាអែល នៅផ្នែកនេះនៃវាំងនន—ការជួយមនុស្សដទៃឲ្យមើលឃើញពីជំហានទៅមុខបន្ទាប់ក្នុងការចុះ និងការរក្សាសេចក្ដីសញ្ញាជាមួយព្រះ » ( « That They May See » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៩ ) ។
ការស្វែងរកភាពល្អឥតខ្ចោះ ។
ប្រធាន ចយ ឌី ចូនស៍ បានពន្យល់ ៖
« ព្រះអម្ចាស់សព្វព្រះទ័យនឹងការខិតខំ ហើយការខិតខំនាំមកនូវរង្វាន់ ។ យើងបន្ដការហាត់រៀន ។ យើងតែងតែជឿនលឿន ដរាបណាយើងខិតខំដើរតាមព្រះអម្ចាស់ ។ ទ្រង់ពុំរំពឹងឲ្យយើងបានល្អឥតខ្ចោះនៅថ្ងៃនេះឡើយ ។ យើងបន្តឡើងភ្នំស៊ីណាយផ្ទាល់ខ្លួនរបស់យើង ។ ដូចនៅអតីតកាលដែរ ដំណើររបស់យើងតម្រូវឲ្យមានការខិតខំការប្រឹងប្រែងធ្វើការ និងការសិក្សា ប៉ុន្តែការប្តេជ្ញាចិត្តរបស់យើងដើម្បីជឿនលឿននាំមកនូវរង្វាន់អស់កល្បជានិច្ច ។ …
« ចូរយើងប្រកាសដោយស្មោះត្រង់ចំពោះព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង ‹ ដោយពឹងផ្អែកទាំងស្រុងទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្រ្គោះ › [ នីហ្វៃទី២ ៣១:១៩ ] ។ ចូរយើងបន្តដំណើរទៅមុខឆ្ពោះទៅរកសក្តានុពលខាងវិញ្ញាណខ្ពស់បំផុតរបស់យើង » ( « An Especially Noble Calling » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៦–១៧ ) ។