ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ ៖ « ត្រូវ​តែ​កើត​ជា​ថ្មី »


« ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ ៖ ‹ ត្រូវ​តែ​កើត​ជា​ថ្មី › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ៦–១២ ខែ កុម្ភៈ ។ យ៉ូហាន ២–៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​មាន​បន្ទូល​ជាមួយ​នីកូដេម

ថ្ងៃទី ៦–១២ ខែ កុម្ភៈ

យ៉ូហាន ២–៤

« ត្រូវ​តែ​កើត​ជា​ថ្មី »

ការអាន យ៉ូហាន ២–៤ គឺជា​វិធី​ដ៏ល្អ​មួយ​ដើម្បី​ចាប់ផ្ដើម​រៀបចំ​ខ្លួន​បង្រៀន ។ សូម​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ណាមួយ ដែល​បងប្អូន​ទទួលបាន ហើយ​ប្រើ​គម្រោង​មេរៀន​នេះ​ដើម្បី​ស្វែងរក​ការយល់ដឹង និង​គំនិត​បន្ថែម​ទៀត​សម្រាប់​ការបង្រៀន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​សរសេរ​ចំណងជើង​ចំនួន​បី​នៅលើ​ក្ដារខៀន ៖ យ៉ូហាន ២, យ៉ូហាន ៣ និង យ៉ូហាន ៤ ។ សមាជិក​ក្នុង​ថ្នាក់​អាច​ចំណាយ​ពេលវេលា​ពីរបី​នាទី ដើម្បី​រំឭក​ជំពូក​ទាំងនេះ​ឡើងវិញ រួចហើយ​សរសេរ​នៅ​ក្រោម​ចំណងជើង​នីមួយៗ​នូវ​ខគម្ពីរ​មួយ ដែល​បាន​ជួយ​ពួកគេ​ឲ្យ​យល់ពី​គោលលទ្ធិ និង​ព្រឹត្តិការណ៍​នានា​នៅក្នុង​ជំពូក​នោះ ។ សូម​ពិភាក្សា​អំពី​ខគម្ពីរ​ដែល​ពួកគេ​បាន​សរសេរ ។

រូប​តំណាង​ការបង្រៀន

បង្រៀន​គោលលទ្ធិ

យ៉ូហាន ២:១–១១

អព្ភូតហេតុ​របស់​ព្រះយេស៊ូវ​គ្រីស្ទ « សម្ដែង​សិរីល្អ​របស់​ទ្រង់ » ។

  • គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ណែនាំ​ឲ្យ​អាន យ៉ូហាន ២:១–១១ ចេញពី​ទស្សនវិស័យ​របស់​នរណាម្នាក់ ដែល​មាន​វត្តមាន នៅពេល​ព្រះយេស៊ូវ​បាន​បំប្លែង​ទឹក​ឲ្យ​ទៅជា​ស្រា​ទំពាំង​បាយជូរ ។ ប្រហែលជា​សមាជិក​ក្នុងថ្នាក់​អាច​ចែកចាយ​ការយល់ដឹង ដែល​ពួកគេ​បាន​ទទួល​មកពី​ការធ្វើ​ដូច្នេះ ។ តើ​យើង​រៀន​អ្វីខ្លះ អំពី​ព្រះអង្គ​សង្គ្រោះ​ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ? តើ​អព្ភូតហេតុ​នេះ​បាន​បង្ហាញ​ពី​សិរីល្អ​របស់​ព្រះ​តាម​របៀប​ណា ? ( សូមមើល ខទី ១១ ) ។

យ៉ូហាន ២:១៣–២២

យើង​អាច​ការពារ​ទីកន្លែង និង​រឿង​ដ៏​ពិសិដ្ឋ​ទាំងឡាយ ។

  • ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀន​មកពី​ដំណើររឿង ដែល​ព្រះយេស៊ូវ​បាន​បណ្ដេញ​អ្នកប្ដូរ​ប្រាក់​ឲ្យចេញពី​ព្រះវិហារ​បរិសុទ្ធ នោះ​បងប្អូន​អាច​សូម​ឲ្យ​ពួកគេ​គិត​អំពី​រឿង​ផ្សេងទៀត បន្ថែម​លើ​រឿង​ព្រះវិហារ​បរិសុទ្ធ ដែល​ព្រះអម្ចាស់​ចាត់ទុក​ថា​ពិសិដ្ឋ ។ តើ​យើង​អាច​ជួយ​រក្សា​បរិសុទ្ធភាព​នៃ​រឿង​ដ៏ពិសិដ្ឋ​ទាំងនេះ​បាន​ដោយ​របៀបណា ?

យ៉ូហាន ៣:១–២១

យើង​ត្រូវតែ​កើត​ជា​ថ្មី ដើម្បី​ចូល​ទៅក្នុង​នគរ​ព្រះ​បាន ។

  • តើ​យើង​អាច​ពន្យល់​ដល់​នរណាម្នាក់​អំពី​អត្ថន័យ​នៃ​ការកើត​ជាថ្មី​យ៉ាង​ដូចម្ដេច ? សូម​ពិចារណា​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​ហាត់​អនុវត្ត​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​នេះ ជាមួយ​នឹង​មនុស្ស​ដែល​អង្គុយ​នៅក្បែរ​ពួកគេ ។ នៅពេល​ពួកគេ​ធ្វើ​ដូច្នោះ ពួកគេ​អាច​ពិភាក្សា​សំណួរ​ទាំងនេះ​បាន ៖ តើ​យើង​រៀន​បាន​អ្វីខ្លះ​មកពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​នៅក្នុង យ៉ូហាន ៣:៣–៧ ? តើ​ការប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់​ជួយ​យើងឲ្យ​កើត​ជាថ្មី​ដោយ​របៀប​ណា ? សេចក្ដី​ថ្លែងការណ៍​នៅក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » អាច​បន្ថែម​យោបល់​ដល់​ការពិភាក្សា​នេះ​បាន ។

  • មនុស្ស​មួយ​ចំនួន​ជឿ​ថា បុគ្គល​ម្នាក់​មិន​អាច​ផ្លាស់ប្ដូរ​បាន​ទេ ។ ប៉ុន្ដែ នីកូដេម​គឺជា​គំរូ​មួយ​អំពី​មនុស្ស ដែល​ពិតជា​បាន​ផ្លាស់ប្ដូរ ដោយសារ​ការធ្វើតាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​មើលឃើញ​ពី​ការណ៍​នេះ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្រាវជ្រាវ​ក្នុង យ៉ូហាន ៣:១–២; យ៉ូហាន ៧:៤០–៥២ និង យ៉ូហាន ១៩:៣៩–៤០ ។ តើ​យើង​រៀន​អ្វីខ្លះ ចេញពី​វគ្គ​បទគម្ពីរ​ទាំងនេះ​អំពី​ឥរិយាបថ និង​ជំនឿ​របស់​នីកូដេម ? តើ​គាត់​បាន​ផ្លាស់ប្ដូរ​បន្តិច​ម្ដងៗ​តាម​របៀប​ណា ? តើ​យើង​អាច​ចែកចាយ​គំរូ​អ្វីខ្លះ អំពី​មនុស្ស​ដែល​បាន​ផ្លាស់ប្ដូរ​ដោយសារ​តែ​ដំណឹងល្អ ?

យ៉ូហាន ៤:៥–៣៤

ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន « ទឹក​រស់ » និង « ស្បៀង​អាហារ » នៃ​ការធ្វើ​កិច្ចការ​ល្អ​ដល់​យើង ។

  • រូបកាយ​យើង​ចាំបាច់​ត្រូវ​មាន​អាហារ និង​ទឹក​ជារៀង​រាល់ថ្ងៃ ។ ព្រះយេស៊ូវ​បាន​ថ្លែង​អំពី​សេចក្ដី​ត្រូវការ​ជា​សាកល​ទាំងនេះ នៅពេល​ទ្រង់​បាន​បង្រៀន​ដល់​ស្ត្រី​សាសន៍​សាម៉ារី និង​ពួកសិស្ស​របស់​ទ្រង់ ( សូមមើល យ៉ូហាន ៤:៥–៣៤ ) ។ ដើម្បី​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​យល់ពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​កំពុង​បង្រៀន បងប្អូន​អាច​ដាក់​រូបភាព​អាហារ និង​ទឹក​នៅលើ​ក្ដារខៀន ហើយ​អញ្ជើញ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​សរសេរ​នៅក្រោម​រូបភាព​នីមួយៗ​នូវ​សេចក្ដីពិត​នានា​អំពី​អាហារ និង​ទឹក​ខាង​វិញ្ញាណ​ដែល​ព្រះយេស៊ូវ​បាន​បង្រៀន ។ តើ​ព្រះអង្គ​សង្គ្រោះ​ចម្អែត​ការស្រេកឃ្លាន​ខាង​វិញ្ញាណ​របស់​យើង​ដោយ​របៀបណា ?

    ទឹកជ្រោះហូរ

    ព្រះយេស៊ូវ​គ្រីស្ទ​ប្រទាន​ទឹក​រស់​ដល់​យើង ។

  • ការសញ្ជឹង​គិត​អំពី​ការរីកចម្រើន​នៃ​ទីបន្ទាល់​របស់​ស្ត្រី​សាសន៍​សាម៉ារី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​សមាជិក​ក្នុង​ថ្នាក់​របស់​បងប្អូន​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​បាន​ស្គាល់​ទ្រង់​ថា​ជា​ព្រះមែស៊ី ។ សូម​រកមើល​ទាំងអស់គ្នា​ក្នុង​ថ្នាក់​នូវ​ពាក្យ​ដែល​ស្ត្រី​សាសន៍​សាម៉ារី​បាន​ប្រើ ដើម្បី​និយាយ​អំពី​ព្រះអង្គ​សង្គ្រោះ​នៅក្នុង យ៉ូហាន ៤:៦–៣០ ។ តើ​ពាក្យ​ទាំងនេះ​ចង្អុល​បង្ហាញ​អ្វីខ្លះ អំពី​ចំណេះដឹង​របស់​គាត់​ថា​ព្រះយេស៊ូវ​គឺជា​នរណា ? តើ​យើង​បាន​រីកចម្រើន​នៅក្នុង​ទីបន្ទាល់​របស់​យើង​ថា ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​តាម​របៀប​ណា ?

រូប​តំណាង​ធនធាន​ទាំងឡាយ

ធនធាន​បន្ថែម​ទាំងឡាយ

តើ​ការកើត​ជា​ថ្មី​មាន​ន័យ​ដូចម្ដេច ?

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន ៖ « ការប្រែចិត្ត​ជឿ … គឺ​ធំ មិនមែន​តូច​ទេ—ជា​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ជា​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន​នៃ​អ្វី​ដែល​យើង​មាន​អារម្មណ៍ និង​ប្រាថ្នា ជា​អ្វី​ដែល​យើង​គិត ហើយ​ធ្វើ ព្រមទាំង​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់​យើង​ផងដែរ ។ ពិត​ណាស់ សារៈសំខាន់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តម្រូវឲ្យ​មាន​ការផ្លាស់ប្ដូរ​ជា​មូលដ្ឋាន និង​ជាអចិន្ដ្រៃយ៍​នៅក្នុង​និស្ស័យ​របស់​យើង ដែល​កើត​មាន​តាមរយៈ​ការពឹងផ្អែក​របស់​យើង​ទៅលើ ‹ បុណ្យគុណ និង​សេចក្ដី​មេត្តា​ករុណា និង​ព្រះគុណ​នៃ​ព្រះមែស៊ី​ដ៏បរិសុទ្ធ › ( នីហ្វៃ​ទី​២ ២:៨ ) ។ នៅពេល​យើង​ជ្រើសរើស​ធ្វើតាម​លោកចៅហ្វាយ នោះ​យើង​ជ្រើសរើស​ការផ្លាស់ប្តូរ—ដើម្បី​បាន​កើត​ជាថ្មី​ខាង​វិញ្ញាណ » ( « Ye Must Be Born Again » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ២០ ) ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន ៖ « យើង​បាន​កើត​ជាថ្មី នៅពេល​យើង​ចូល​ទៅក្នុង​ទំនាក់ទំនង​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ដោយ​ការកើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ ហើយ​ដោយ​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​អាច​រំឭក​ការកើត​ជាថ្មី​នោះ​នៅ​រាល់ថ្ងៃ​ឈប់​សម្រាក នៅពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បញ្ជាក់​ថា អស់​អ្នក​ដែល​បាន​កើត​ជាថ្មី​តាម​របៀប​នេះ​គឺជា​បុត្រា​បុត្រី​ជាទី​ស្រឡាញ់​ខាង​វិញ្ញាណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសាយ ៥:៧; ១៥:៩–១៣; ២៧:២៥ ) ។ ទោះជា​យ៉ាងណា​ក៏ដោយ ដើម្បី​ស្គាល់​ពរជ័យ​ដែល​ចង់​បាន​នៃ​ស្ថានភាព​កើត​ជា​ថ្មី​នេះ យើង​ត្រូវតែ​បន្ត​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ហើយ​ស៊ូទ្រាំ​ដរាប​ដល់​ចុង​បញ្ចប់ » ( « Have You Been Saved? » Ensign ខែ ឧសភា ឆ្នាំ ១៩៩៨ ទំព័រ ៥៦ ) ។

ការកែលម្អ​ការបង្រៀន​របស់​យើង

គ្រូបង្រៀន​ពុំ​មែន​ពូកែ​ជាង​សិស្ស​នោះ​ទេ ។ តួនាទី​របស់​បងប្អូន​ក្នុងនាមជា​គ្រូបង្រៀន​មាន​សារៈសំខាន់ ប៉ុន្តែ​បងប្អូន​ពុំ​មែន​ជា​ប្រភព​តែមួយ​នៃ​ការបំផុស​គំនិត​នៅក្នុង​ថ្នាក់រៀន​ឡើយ ។ សូម​ជួយ​សមាជិក​ក្នុង​ថ្នាក់​ឲ្យ​រៀន​មកពី​ព្រះវិញ្ញាណ ហើយ​ចែកចាយ​នឹង​គ្នា​នូវ​អ្វី​ដែល​ពួកគេ​រៀន ។