« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ ៖ ‹ មើល ស្តេចនៃនាង ទ្រង់យាងមក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៥–២១ ខែ ឧសភា ។ ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៥–២១ ខែ ឧសភា
ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០; យ៉ូហាន ១២
« មើល ស្តេចនៃនាង ទ្រង់យាងមក »
នៅពេលបងប្អូនអាន ម៉ាថាយ ២១–២៣; ម៉ាកុស ១១; លូកា ១៩–២០ និង យ៉ូហាន ១២ សូមរកមើលគោលការណ៍នានា ដែលនឹងជួយបំពេញដល់តម្រូវការរបស់សមាជិក ដែលបងប្អូនបង្រៀន ។ ព្រះវិញ្ញាណបរិសុទ្ធនឹងបំផុសគំនិតបងប្អូនឲ្យដឹងពីរបៀប ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យរកឃើញគោលការណ៍ទាំងនោះ ។
អញ្ជើញឲ្យចែកចាយ
បីបួនថ្ងៃមុនម៉ោងបង្រៀន សូមអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យមករៀនដោយបានរៀបចំខ្លួន ដើម្បីចែកចាយបទពិសោធន៍មួយដែលពួកគេមាន ខណៈពេលសិក្សាជំពូកដែលបានចាត់ឲ្យសម្រាប់សប្ដាហ៍នេះ ។ សូមឲ្យពួកគេប្រាប់អំពីពរជ័យនានា ដែលកើតមានដល់ពួកគេ នៅពេលពួកគេសិក្សាព្រះគម្ពីរអំឡុងសប្ដាហ៍នោះ ។
បង្រៀនគោលលទ្ធិ
ព្រះអង្គសង្គ្រោះស្គាល់យើងម្នាក់ៗដោយផ្ទាល់ ។
-
សមាជិកក្នុងថ្នាក់របស់បងប្អូនទំនងជាមានអារម្មណ៍ថាត្រូវគេមើលរំលង ឬភ្លេចម្ដងម្កាលនៅក្នុងជីវិតរបស់ពួកគេ ។ ដំណើររឿងរបស់សាខេអាចជួយពួកគេឲ្យយល់ថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្គាល់ពួកគេ ហើយខ្វាយខ្វល់ព្រះទ័យអំពីពួកគេ ។ ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យប្រៀបប្រដូចដំណើររឿងនេះទៅនឹងជីវិតរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យស្រមៃថាខ្លួនគេគឺជាសាខេ ។ តើបងប្អូនគិតថា គាត់បានរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះចេញពីបទពិសោធន៍របស់គាត់ ? តើយើងអាចរៀនអ្វីខ្លះ មកពីការខិតខំរបស់សាខេក្នុងការស្វែងរកព្រះអង្គសង្គ្រោះ ?
ម៉ាថាយ ២១:១–១១; ម៉ាកុស ១១:១–១១; លូកា ១៩:២៩–៤៤; យ៉ូហាន ១២:១២–១៦
ព្រះយេស៊ូវគ្រីស្ទគឺជាស្ដេចរបស់យើង ។
-
សកម្មភាពសាមញ្ញមួយអាចណែនាំពីការពិភាក្សា អំពីការយាងចូលទៅកាន់ទីក្រុងយេរូសាឡិមរបស់ព្រះអង្គសង្គ្រោះដោយជោគជ័យ ៖ សមាជិកក្នុងថ្នាក់មួយចំនួនអាចគូររូបនៅលើក្ដារខៀន នូវអ្វីៗដែលជាប់ទាក់ទងនឹងស្ដេចមួយអង្គ ដូចជាមកុដ ឬព្រះរាជបល្ល័ង្ក រួចឲ្យបងប្អូនផ្សេងទៀតស្មានអំពីអ្វីដែលពួកគេកំពុងតែគូរនោះ ។ បន្ទាប់មក សមាជិកក្នុងថ្នាក់ផ្សេងទៀតអាចគូររូបកូនលា និងមែកឈើ ។ តើអ្វីទាំងនេះទាក់ទងអ្វីនឹងស្ដេច ? បន្ទាប់មក បងប្អូនអាចបង្ហាញរូបព្រះអង្គសង្គ្រោះយាងចូលទៅកាន់ទីក្រុងយេរូសាឡិមដោយជោគជ័យមកពី គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអាន ម៉ាកុស ១១:១–១១ ។ តើមនុស្សទាំងនេះស្គាល់ព្រះយេស៊ូវថាជាស្ដេចរបស់ពួកគេយ៉ាងដូចម្ដេច ? តើយើងថ្វាយបង្គំព្រះយេស៊ូវគ្រីស្ទជាស្ដេចរបស់យើង តាមរយៈពាក្យសម្ដី និងសកម្មភាពរបស់យើងដោយរបៀបណា ?
មានបទបញ្ញត្តិធំពីរ គឺត្រូវស្រឡាញ់ព្រះ និងស្រឡាញ់អ្នកដទៃឲ្យដូចជាខ្លួនឯង ។
-
តើបងប្អូនអាចជួយសមាជិកក្នុងថ្នាក់ឲ្យយល់ថា « នៅបទបញ្ញត្តិទាំង ២ ប្រការនេះឯង »—ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើង—ដែល « បណ្តាក្រឹត្យវិន័យ និងអស់ទាំងទំនាយហោរាទាំងប៉ុន្មានក៏សម្រេច » តាមរបៀបណា ? ( ម៉ាថាយ ២២:៤០ ) ។ ក្រោយពីអាន ម៉ាថាយ ២២:៣៤–៤០ រួមគ្នារួចហើយ បងប្អូនអាចសរសេរថា ស្រឡាញ់ព្រះ និង ស្រឡាញ់អ្នកជិតខាងរបស់បងប្អូន ដាក់នៅលើក្ដារខៀន ។ សូមចែកក្រដាសមួយសន្លឹកដល់សមាជិកម្នាក់ៗនៅក្នុងថ្នាក់ ដែលមានសរសេរបទបញ្ញត្តិមួយនៅលើនោះ ។ សូមអញ្ជើញសមាជិកពីរបីនាក់ឲ្យអានបទបញ្ញត្តិរបស់ពួកគេ ហើយនិយាយអំពីរបៀបដែលបទបញ្ញត្តិរបស់ពួកគេជួយយើងឲ្យគោរពតាមបទបញ្ញត្តិធំមួយ ឬក៏បទបញ្ញត្តិធំទាំងពីរតែម្ដង ។ ក្រោយពីពួកគេពិភាក្សាអំពីបទបញ្ញត្តិរបស់ពួកគេហើយ ពួកគេអាចបិទក្រដាសរបស់ពួកគេនៅលើក្ដារខៀនបាន ។ ហេតុអ្វីបានជាវាសំខាន់ដើម្បីចងចាំថា បទបញ្ញត្តិទាំងអស់ទាក់ទងទៅនឹងបទបញ្ញត្តិធំទាំងពីរនេះ ? ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។
យើងនឹងត្រូវបានការពារ នៅពេលយើងចៀសវាងពីការធ្វើតាមពួកកង្វាក់ដែលនាំផ្លូវគេ ។
-
តើសមាជិកក្នុងថ្នាក់របស់បងប្អូននឹងទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សាឃ្លាថា « ពួកកង្វាក់ដែលនាំផ្លូវគេ » ដែលព្រះអង្គសង្គ្រោះបានប្រើ ដើម្បីពិពណ៌នាអំពីការខ្វាក់ខាងវិញ្ញាណរបស់ពួកផារិស៊ី និងពួកអាចារ្យយ៉ាងដូចម្តេច ? ( ម៉ាថាយ ២៣:១៦ ) ។ បងប្អូនអាចគិតអំពីរបៀបមួយដើម្បីបង្ហាញថា តើវានឹងមានសភាពយ៉ាងណា ដែលនរណាម្នាក់ត្រូវដើរតាមមនុស្សម្នាក់ដែលមើលមិនឃើញនោះ ។ ឬសមាជិកក្នុងថ្នាក់អាចសរសេររៀបរាប់នៅលើក្ដារខៀន អំពីចរិតលក្ខណៈរបស់ពួកកង្វាក់ដែលនាំផ្លូវគេ ដូចបានពិពណ៌នានៅក្នុង ម៉ាថាយ ២៣:១៣–៣៣ ។ ដើម្បីបន្ថែមទៅក្នុងបញ្ជី សូមពិចារណាអំពីការមើលខគម្ពីរបន្ថែមទៀត ដែលបង្រៀនអំពីកង្វាក់ខាងវិញ្ញាណ ដូចជា កូរិនថូស ទី២ ៤:៣–៤; នីហ្វៃទី២ ៩:២៨–៣២ និង យ៉ាកុប ៤:១៤ ។ តើយើងអាចស្គាល់ ហើយចៀសវាងពីពួកកង្វាក់ដែលនាំផ្លូវគេដោយរបៀបណា ?
ធនធានបន្ថែមទាំងឡាយ
ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើង គឺជាគ្រឹះនៃអ្វីៗគ្រប់យ៉ាងដែលយើងធ្វើ ។
ដោយសំដៅទៅលើបទបញ្ញត្តិធំពីរ ដែលមាននៅក្នុង ម៉ាថាយ ២២:៣៧–៣៩ នោះប្រធាន អិម រ័សុល បាឡឺដ បានបង្រៀន ៖
ការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិទាំងពីរនោះផ្ដល់ជាមធ្យោបាយ ដើម្បីដកពិសោធន៍ភាពសុខសាន្ត និងអំណរកាន់តែច្រើន ។ នៅពេលយើងស្រឡាញ់ ហើយបម្រើព្រះអម្ចាស់ ព្រមទាំងស្រឡាញ់ ហើយបម្រើដល់អ្នកជិតខាងរបស់យើង នោះយើងនឹងទទួលអារម្មណ៍នៃសុភមង្គលដ៏ច្រើនកើតមានចំពោះយើងដោយឯកឯង ។
ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងរបស់យើង គឺជាគ្រឹះខាងគោលលទ្ធិនៃការងារបម្រើ ការរៀនសូត្រនៅឯគេហដ្ឋានដែលមានការគាំទ្រពីសាសនាចក្រ ការថ្វាយបង្គំខាងវិញ្ញាណនៅថ្ងៃឈប់សម្រាក និងកិច្ចការនៃសេចក្ដីសង្គ្រោះនៅទាំងសងខាងនៃវាំងនន ដែលបានគាំទ្រនៅក្នុងសមាគមសង្គ្រោះ និងកូរ៉ុមអែលឌើរ ។ អ្វីៗទាំងនេះផ្អែកទៅលើបទបញ្ញត្តិរបស់ព្រះដើម្បីស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងយើង ។ តើអាចមានអ្វីមួយដែលធម្មតា សំខាន់ ហើយសាមញ្ញជាងការណ៍នោះដែរឬទេ ? » ( « The True, Pure, and Simple Gospel of Jesus Christ » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ២៩ ) ។