« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ ៖ ‹ កូនមនុស្សនឹងមក › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ២០២២ )
« ថ្ងៃទី ២២–២៨ ខែ ឧសភា ។ យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២២–២៨ ខែ ឧសភា
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣; លូកា ២១
« កូនមនុស្សនឹងមក »
សូមចងចាំថាត្រូវចាប់ផ្ដើមការរៀបចំរបស់បងប្អូនដើម្បីបង្រៀនដោយការអាន យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១; ម៉ាថាយ ២៤–២៥; ម៉ាកុស ១២–១៣ និង លូកា ២១ ។ សូមស្វែងរកការបំផុសគំនិតផ្ទាល់ខ្លួនរបស់បងប្អូន រួចហើយសូមពិនិត្យមើលគម្រោងមេរៀននេះឡើងវិញសម្រាប់ជាគំនិតបន្ថែម ។
អញ្ជើញឲ្យចែកចាយ
សូមធ្វើបញ្ជីមួយនៅលើក្ដារខៀនអំពីពាក្យប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ដែលមាននៅក្នុងការអានសប្ដាហ៍នេះ ដូចជារឿងដើមល្វា រឿងបុរសចិត្តល្អ និងចោរ រឿងអ្នកបម្រើស្មោះត្រង់ និងអ្នកបម្រើមិនល្អ រឿងនាងព្រហ្មចារីទាំងដប់ រឿងកាក់ និងរឿងចៀម និងពពែ ។ សូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយសេចក្ដីពិត ដែលពួកគេបានរៀនមកពីពាក្យប្រៀបប្រដូចទាំងនេះ ដែលអាចជួយពួកគេឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ តើពួកគេកំពុងធ្វើអ្វីខ្លះ ដើម្បីអនុវត្តសេចក្ដីពិតទាំងនេះទៅក្នុងជីវិតរបស់ពួកគេ ?
បង្រៀនគោលលទ្ធិ
ការព្យាករអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ អាចជួយយើងឲ្យប្រឈមមុខនឹងអនាគតកាលដោយសេចក្ដីជំនឿ ។
-
ទីសម្គាល់ទាំងឡាយអំពីការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ អាចនឹងពិបាកយល់ចំពោះសមាជិកក្នុងថ្នាក់មួយចំនួន ។ វាអាចនឹងជួយដល់ពួកគេបើធ្វើការជាក្រុម ហើយប្រាប់អំពីទីសម្គាល់នានាដែលពួកគេរកឃើញនៅក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២១–៣៧ ។ វាក៏អាចនឹងជួយពួកគេឲ្យយល់បានកាន់តែច្បាស់អំពីសារៈសំខាន់នៃទីសម្គាល់ទាំងនេះផងដែរ ប្រសិនបើពួកគេប្រៀបធៀបវាទៅនឹងស្លាកសញ្ញាសម្គាល់ផ្លូវ ។ ហេតុអ្វីក៏ស្លាកសញ្ញាសម្គាល់ផ្លូវមានសារៈសំខាន់ ? តើទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ដូចជាស្លាកសញ្ញាសម្គាល់ផ្លូវតាមរបៀបណា ? តើវាខុសគ្នាយ៉ាងដូចម្ដេច? បងប្អូនអាចនឹងផ្ដល់ក្រដាសដែលមានរាងជាស្លាកសញ្ញាសម្គាល់ផ្លូវឲ្យទៅក្រុមនីមួយៗ ហើយអញ្ជើញពួកគេឲ្យសរសេរនៅលើក្រដាសនីមួយៗនូវទីសម្គាល់មួយ ដែលនឹងមានមុនការយាងមកជាលើកទីពីរ ។ សូមឲ្យពួកគេចែកចាយនូវអ្វីដែលពួកគេរកឃើញ ហើយអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យពិភាក្សាអំពីភស្ដុតាងនៃទីសម្គាល់ទាំងនេះនៅក្នុងពិភពលោកសព្វថ្ងៃ ។
យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៦–២៧, ៣៨–៥៥; ម៉ាថាយ ២៥:១–១៣
យើងត្រូវតែត្រៀមខ្លួនជានិច្ចសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
-
ពាក្យប្រៀបប្រដូចនៅក្នុង យ៉ូសែប ស្ម៊ីធ—ម៉ាថាយ ១:២៦–២៧, ៣៨–៥៥ និង ម៉ាថាយ ២៥:១–១៣ អាចជួយសមាជិកក្នុងថ្នាក់ឲ្យទទួលស្គាល់ពីសារៈសំខាន់នៃការត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីរ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្រាវជ្រាវក្នុងខគម្ពីរទាំងនេះ ហើយចែកចាយអ្វីដែលពួកគេមានអារម្មណ៍ថា ព្រះអង្គសង្គ្រោះកំពុងអញ្ជើញយើងឲ្យធ្វើ ។ អែលឌើរ ដេវីឌ អេ បែដណា បានផ្ដល់នូវការបកស្រាយមួយអំពីពាក្យប្រៀបប្រដូចអំពីស្ដ្រីព្រហ្មចារីដប់នាក់ ដែលអាចនឹងជួយបាន ( សូមមើល « ធនធានបន្ថែមទាំងឡាយ » ) ។ ហេតុអ្វីក៏យើងម្នាក់ៗត្រូវតែដកពិសោធន៍ការប្រែចិត្តជឿដោយខ្លួនយើង ? តើយើងធ្វើកិច្ចការនេះដោយរបៀបណា ? តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥៦–៥៧ បន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់យើងអំពីពាក្យប្រៀបប្រដូចនេះ ?
-
នៅពេលបងប្អូនរៀនអំពីការយាងត្រឡប់មកវិញរបស់ព្រះអង្គសង្គ្រោះ នោះបងប្អូនអាចអាន ឬច្រៀងទំនុកតម្កើងរួមគ្នាអំពីការយាងមកជាលើកទីពីរ ( សូមមើល « Jesus Christ—Second Coming » នៅក្នុងលិបិក្រមប្រធានបទនៅខាងក្រោយសៀវភៅទំនុកតម្កើង ) ។
នៅក្នុងការជំនុំជម្រះចុងក្រោយ យើងនឹងទូលពីដំណើររឿងនៃជីវិតរបស់យើងថ្វាយព្រះអម្ចាស់ ។
-
ពាក្យប្រៀបប្រដូចអំពីប្រាក់ និងពាក្យប្រៀបប្រដូចអំពីចៀម និងពពែ អាចបំផុសគំនិតយើងឲ្យគិតអំពីដំណើររឿងនៃជីវិតរបស់យើង ដែលយើងនឹងថ្វាយព្រះអម្ចាស់នៅឯការជំនុំជម្រះចុងក្រោយ ។ បងប្អូនអាចអានពាក្យប្រៀបប្រដូចនេះជាមួយគ្នា ហើយអញ្ជើញសមាជិកក្នុងថ្នាក់ម្នាក់ៗឲ្យចែកចាយសំណួរមួយ ដែលព្រះអង្គសង្គ្រោះអាចនឹងសួរ នៅពេលយើងទូលពីដំណើររឿងនៃជីវិតរបស់យើងនោះ ។ សូមផ្ដល់ពេលឲ្យសមាជិកក្នុងថ្នាក់ដាក់ផែនការ អំពីរបៀបដែលពួកគេនឹងធ្វើសកម្មភាពតាមការបំផុសគំនិត ដែលពួកគេបានទទួលអំឡុងពេលការពិភាក្សានេះ ។
-
ដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាអំពី ម៉ាថាយ ២៥:៣៤–៤០ បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យចែកចាយពីគំរូរបស់មនុស្ស ដែលបង្ហាញនូវសេចក្ដីមេត្តាករុណាដូចបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។ សូមផ្ដល់ពេលឲ្យពួកគេពិចារណាពីនរណា ដែលប្រហែលជានឹងត្រូវការការបម្រើរបស់ពួកគេ ។ តើមានវិធីជាក់លាក់មួយចំនួនណាខ្លះ ដែលយើងអាចជូនចំណីដល់អ្នកស្រេកឃ្លាន ផ្ដល់សម្លៀកបំពាក់ដល់អ្នកអាក្រាត ហើយសួរសុខទុក្ខអ្នកឈឺ ?
ធនធានបន្ថែមទាំងឡាយ
ប្រេងនៃការប្រែចិត្តជឿ
អែលឌើរ ដេវីឌ អេ បែដណា បានធ្វើការបកស្រាយដែលអាចមាននេះ អំពីពាក្យប្រៀបប្រដូចនៃស្ត្រីព្រហ្មចារីដប់នាក់ ៖
« សូមគិតពីប្រេងថាជា ប្រេងនៃការប្រែចិត្តជឿ [ សូមមើល ម៉ាថាយ ២៥:៤–៩ ] ។ …
« តើស្រីក្រមុំឆ្លាតវៃទាំងប្រាំ អាត្មានិយម ហើយមិនចង់ចែកចាយ ឬ ពួកគេបង្ហាញយ៉ាងត្រឹមត្រូវថា ប្រេងនៃការប្រែចិត្តជឿ ពុំអាចខ្ចីបានឬ ? តើកម្លាំងខាងវិញ្ញាណ ដែលបានមកពីការគោរពប្រតិបត្តិដល់បទបញ្ញាត្តិយ៉ាងខ្ជាប់ខ្ជួន អាចប្រគល់ឲ្យទៅមនុស្សម្នាក់ផ្សេងទៀតបានទេ ? តើការចេះដឹងដែលបានមកពីការសិក្សាដ៏ឧស្សាហ៍ និងការពិចារណាព្រះគម្ពីរ អាចប្រគល់ទៅមនុស្សដែលត្រូវការវាបានទេ ? តើភាពសុខសាន្ត ដែលដំណឹងល្អនាំមកដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលស្មោះត្រង់ អាចត្រូវបានផ្ទេរឲ្យទៅបុគ្គលម្នាក់ដែលជួបការលំបាក ឬឧបសគ្គដ៏ធំឬទេ ? ចម្លើយដ៏ច្បាស់សម្រាប់សំណួរនីមួយៗនេះគឺ មិនអាចទេ ។
« ដូចស្រីព្រហ្មចារីឆ្លាតវៃបានសង្កត់បញ្ជាក់យ៉ាងត្រឹមត្រូវថា យើងម្នាក់ៗត្រូវតែ ‹ ទិញសម្រាប់ខ្លួនយើង › ។ ស្ត្រីដ៏ប្រកបដោយការបំផុសគំនិតទាំងនេះ ពុំបានពណ៌នាពីការលក់ដូរនោះទេ តែពួកគេបានសង្កត់បញ្ជាក់ពីទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង ក្នុងការរក្សាចង្កៀងនៃទីបន្ទាល់របស់យើងឲ្យនៅតែឆេះ និងក្នុងការទទួលបាននូវការផ្គត់ផ្គង់ប្រេងនៃការប្រែចិត្តជឿឲ្យបានគ្រប់គ្រាន់ ។ ប្រេងដ៏មានតម្លៃនេះ បានមកមួយតំណក់ម្ដងៗ—‹ មួយបន្ទាត់ម្ដងៗ [ និង ] មួយសិក្ខាបទម្ដងៗ › ( នីហ្វៃទី២ ២៨:៣០ ) ដោយអត់ធ្មត់ និងខ្ជាប់ខ្ជួន » ( Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៩ ) ។