« ថ្ងៃទី ១៧–២៣ ខែកក្កដា ។ កិច្ចការ ១០–១៥ ៖ ‹ ព្រះបន្ទូលក៏ដុះដាលចម្រើនកាន់តែច្រើនឡើង › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១៧–២៣ ខែកក្កដា ។ កិច្ចការ ១០–១៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៧–២៣ ខែ កក្កដា
កិច្ចការ ១០–១៥
« ព្រះបន្ទូលក៏ដុះដាលចម្រើនកាន់តែច្រើនឡើង »
ការសិក្សា កិច្ចការ ១០–១៥ ប្រកបដោយការអធិស្ឋានពីមុនអានគម្រោងមេរៀននេះ នឹងជួយបងប្អូនឲ្យទទួលបានការបំផុសគំនិតមកពីព្រះអម្ចាស់ ។ គំនិតខាងក្រោមនេះគឺគ្រាន់តែជាយោបល់ប៉ុណ្ណោះ ។
អញ្ជើញឲ្យចែកចាយ
សូមលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យចែកចាយជាមួយនរណាម្នាក់ ដែលអង្គុយនៅក្បែរពួកគេអំពីអ្វីដែលព្រះវិញ្ញាណបានបង្រៀនពួកគេ នៅពេលពួកគេអាន កិច្ចការ ១០–១៥ ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ ឲ្យចែកចាយការយល់ដឹងរបស់ពួកគេជាមួយសមាជិកនៅក្នុងថ្នាក់ ។
បង្រៀនគោលលទ្ធិ
ព្រះវរបិតាសួគ៌បង្រៀនយើងមួយបន្ទាត់ម្ដងៗតាមរយៈវិវរណៈ ។
-
សមាជិកក្នុងថ្នាក់មួយចំនួនអាចនឹងមានការយល់ច្រឡំអំពីដំណើរការនៃការទទួលបានវិវរណៈ ។ វាប្រហែលជាអាចជួយពួកគេបាន តាមរយៈការពិភាក្សាអំពីរបៀបដែលវិវរណៈបានកើតមានចំពោះពេត្រុស និងរបៀបដែលពួកគេអាចឆ្ពោះទៅមុខ « កុំប្រកាន់ឡើយ » ( កិច្ចការ ១០:២០ ) នៅពេលវិវរណៈទំនងជាមិនពេញលេញ ឬមិនច្បាស់លាស់ ។ សូមពិចារណាគូរបន្ទាត់មួយនៅលើក្ដារខៀន ហើយសរសេរនៅចុងម្ខាងនៃបន្ទាត់នេះនូវឃ្លាថា ដំណឹងល្អត្រូវបានប្រកាសដល់ពួកសាសន៍ដទៃ ។ សូមរំឭក កិច្ចការ ១០ និង ១១:១–១៨ ឡើងវិញរួមគ្នា រួចហើយដៅចំណុចនៅលើបន្ទាត់ដែលបង្ហាញអំពីរបៀប ដែលព្រះអម្ចាស់បើកសម្ដែងដល់ពេត្រុសមួយជំហានម្ដងៗថា ពេលវេលាបានមកដល់ហើយ ដើម្បីប្រកាសដំណឹងល្អដល់ពួកសាសន៍ដទៃ ។ ឧទាហរណ៍ បងប្អូនអាចចាប់ផ្ដើមជាមួយនឹងចំណុចមួយដែលសរសេរថា « កូនេលាសបានឃើញការនិមិត្តមួយ » ( កិច្ចការ ១០:១–៦ ) ឬក៏អាចចាប់ផ្ដើមជាមួយនឹងសេចក្ដីបង្គាប់របស់ព្រះអង្គសង្គ្រោះទៅកាន់ពួកសិស្សរបស់ទ្រង់ឲ្យ « បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ » នៅក្នុង ម៉ាថាយ ២៨:១៩ ។ តើយើងអាចរៀនអ្វីខ្លះ អំពីវិវរណៈមកពីបទពិសោធន៍របស់ពេត្រុស ? តើការបង្រៀនរបស់នីហ្វៃអំពីវិវរណៈនៅក្នុង នីហ្វៃទី២ ២៨:៣០ និងការបង្រៀនមកពីអែលឌើរ ដេវីឌ អេ បែដណា នៅក្នុង « ធនធានបន្ថែមទាំងឡាយ » បន្ថែមអ្វីខ្លះទៅលើការយល់ដឹងរបស់យើង ?
-
បងប្អូនអាចសិក្សាឧទាហរណ៍នៅក្នុងបទគម្ពីរ ដែលព្រះអម្ចាស់បានបង្រៀនមនុស្សមួយបន្ទាត់ម្ដងៗ ។ បន្ថែមពីលើបទពិសោធន៍របស់ពេត្រុសនៅក្នុង កិច្ចការ ១០ សមាជិកក្នុងថ្នាក់អាចរំឭកឡើងវិញនូវបទពិសោធន៍របស់នីហ្វៃ ( នីហ្វៃទី១ ១៨:១–៣ ) អាលម៉ា ( អាលម៉ា ៧:៨; ១៦:២០ ) និង មរមន ( នីហ្វៃទី៣ ២៨:១៧, ៣៦–៤០ ) ។ តើមានគំរូផ្សេងទៀតណាខ្លះ ដែលសមាជិកក្នុងថ្នាក់អាចគិតឃើញអំពីមនុស្សដែលបានទទួលការដឹកនាំខាងវិញ្ញាណ « ឯណេះបន្ដិច ឯណោះបន្ដិច » ? ( នីហ្វៃទី២ ២៨:៣០ ) ។ ហេតុអ្វីពេលខ្លះព្រះអម្ចាស់អាចជ្រើសរើស ដើម្បីបើកសម្ដែងការណ៍ទាំងឡាយតាមវិធីនេះ ជាជាងប្រទានចម្លើយដល់យើងម្ដងទាំងអស់ ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:៤០; ៩៨:១២ ) ។
-
ពេលខ្លះ សមាជិកក្នុងថ្នាក់មានសំណួរ ឬកង្វល់អំពីការផ្លាស់ប្ដូរគោលនយោបាយ និងកម្មវិធីក្នុងសាសនាចក្រ ។ វាអាចនឹងជួយពួកគេបាន ពេលពិភាក្សាអំពីរបៀបដែលវិវរណៈចាប់ផ្ដើមប្រកាសដំណឹងល្អទៅកាន់ពួកសាសន៍ដទៃ ( សូមមើល កិច្ចការ ១០ ) បានជំនួសឲ្យសេចក្ដីណែនាំពីបុរាណរបស់ព្រះអម្ចាស់ទៅកាន់ពួកសិស្សរបស់ទ្រង់ ( សូមមើល ម៉ាថាយ ១០:១, ៥–៦ ) ។ បងប្អូនអាចបង្ហាញវីដេអូ « The Jerusalem Conference » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) បាន ។ តើសមាជិកក្នុងថ្នាក់អាចនឹងឆ្លើយតបចំពោះមនុស្សម្នាក់នៅជំនាន់របស់ពេត្រុស ដែលបដិសេធនឹងការដឹកនាំរបស់ពេត្រុស ដោយសារតែវាផ្ទុយនឹងការអនុវត្តកាលពីបុរាណតាមរបៀបណា ? តើវិវរណៈនៅក្នុង កិច្ចការ ១០ អាចជួយយើងឲ្យស្ដាប់តាមវិវរណៈជាបន្តបន្ទាប់របស់ព្រះអម្ចាស់ តាមរយៈព្យាការីរបស់ទ្រង់តាមរបៀបណា ?
« ព្រះមិនរើសមុខអ្នកណាទេ » ។
-
តើសមាជិកក្នុងថ្នាក់របស់បងប្អូននឹងទទួលបានប្រយោជន៍ មកពីការពិភាក្សាមួយអំពីអត្ថន័យនៃឃ្លា « មិនរើសមុខបងប្អូនណាទេ » ដែរឬទេ ? បងប្អូនអាចចាប់ផ្ដើម ដោយការអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យអានបទគម្ពីរដែលបង្រៀនថា ព្រះមិនរើសមុខអ្នកណាទេ ដូចជាបទគម្ពីរនៅក្នុង រ៉ូម ២:១–១១; នីហ្វៃទី១ ១៧:៣៤–៤០; នីហ្វៃទី២ ២៦:៣២–៣៣; អាលម៉ា ៥:៣៣; មរ៉ូណៃ ៨:១២ និង គោលលទ្ធិ និង សេចក្តីសញ្ញា ១:៣៤–៣៥ ។ សូមឲ្យសមាជិកក្នុងថ្នាក់សរសេរនិយមន័យនៃឃ្លា « ព្រះមិនរើសមុខអ្នកណាទេ » ដែលអាចមាន ដោយផ្អែកលើអ្វីដែលពួកគេអាន រួចហើយចែកចាយអ្វីដែលពួកគេបានសរសេរ ។ តើព្រឹត្តិការណ៍ និងគោលការណ៍នៅក្នុង កិច្ចការ ១០:៣៤–៤៨ បង្ហាញថា ព្រះមិនរើសមុខអ្នកណាទេតាមរបៀបណា ? តើមនុស្សសុចរិតអាចបាន « គាប់ដល់ព្រះហឫទ័យ » និង « ប្រោសប្រណី » ពីព្រះដោយរបៀបណា ទោះជាទ្រង់មិនរើសមុខអ្នកណាសោះនោះ ? ( សូមមើល កិច្ចការ ១០:៣៤–៣៥; នីហ្វៃទី១ ១៧:៣៥ ) ។
បងប្អូនប្រហែលជាត្រូវជួយសមាជិកក្នុងថ្នាក់ឲ្យយល់ថាការ « មិនរើសមុខអ្នកណាទេ » ពុំមែនមានន័យថា ព្រះប្រទានពរមនុស្សគ្រប់គ្នាស្មើៗគ្នា ទោះជាពួកយើងប្រព្រឹត្តទង្វើបែបណានោះទេ ។ ទ្រង់សព្វព្រះទ័យឲ្យបុត្រាបុត្រីទាំងអស់របស់ទ្រង់ទទួលដំណឹងល្អរបស់ទ្រង់ ប៉ុន្តែភាពពេញលេញនៃពរជ័យនៃដំណឹងល្អត្រូវបានរក្សាទុកសម្រាប់ជនណាដែលចុះ ហើយរក្សាសេចក្ដីសញ្ញាជាមួយនឹងទ្រង់ប៉ុណ្ណោះ ។
ធនធានបន្ថែមទាំងឡាយ
ការទទួលវិវរណៈមួយបន្ទាត់ម្ដងៗ ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនដូច្នេះ ៖ « ភាគច្រើនយើងសន្មតថា យើងនឹងទទួល ចម្លើយ មួយ ឬ ការបំផុសគំនិត មួយចំពោះការអធិស្ឋាន និងការទូលអង្វរដ៏ស្មោះរបស់យើង ។ ហើយជាញឹកញាប់ យើងក៏រំពឹងទុកថា ចម្លើយ ឬការបំផុសគំនិតមួយបែបនេះក៏នឹងកើតឡើងភ្លាមៗ ហើយ ម្ដងទាំងអស់ដែរ ។ ដូច្នេះហើយ យើងទំនងជាជឿថា ព្រះអម្ចាស់នឹងប្រទាន ចម្លើយដ៏ធំភ្លាម ហើយម្ដងទាំងអស់ ដល់យើង ។ ប៉ុន្តែគន្លងនេះ ដែលបានពិពណ៌នាម្ដងហើយម្ដងទៀតនៅក្នុងបទគម្ពីរ បានណែនាំថា យើងទទួលបាន « មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ឬនិយាយម្យ៉ាងទៀត ចម្លើយតូចៗជាច្រើនក្នុងអំឡុងពេលណាមួយ ។ ការស្គាល់ និងការយល់ដឹងអំពីគន្លងនេះគឺជាគន្លឹះដ៏សំខាន់មួយដើម្បីទទួលបានការបំផុសគំនិត និងជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ » ( Line upon Line, Precept upon Precept » New Era ខែ កញ្ញា ឆ្នាំ ២០១០ ទំព័រ ៣–៤ ) ។