« ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ ៖ ‹ ទ្រង់មានព្រះជន្មរស់ឡើងវិញ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា ។ ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៦ ខែ មិថុនា–ថ្ងៃទី ២ ខែ កក្កដា
ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០–២១
« ទ្រង់មានព្រះជន្មរស់ឡើងវិញ »
ពីមុនរុករកមើលគំនិតយោបល់សម្រាប់ការបង្រៀននៅក្នុងគម្រោងមេរៀននេះ សូមអាន ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤ និង យ៉ូហាន ២០–២១ ហើយពិចារណាអំពីរបៀបដែលជំពូកទាំងនេះ អាចយកមកប្រើប្រាស់ដើម្បីពង្រឹងដល់សេចក្ដីជំនឿរបស់សមាជិកទាំងឡាយដែលបងប្អូនបង្រៀន ។
អញ្ជើញឲ្យចែកចាយ
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យចែកចាយនូវអ្វីដែលពួកគេបានរៀននៅក្នុងការសិក្សាផ្ទាល់ខ្លួន និងជាគ្រួសាររបស់ពួកគេ សូមឲ្យពួកគេសរសេរសេចក្ដីពិតមួយមកពីការចាត់តាំងឲ្យអាននៅសប្ដាហ៍នេះ ដែលពួកគេមានអារម្មណ៍ថា គួរតែចែកចាយជាមួយនឹង « លោកិយទាំងមូល » ( សូមមើល ម៉ាកុស ១៦:១៥) ។ នៅចុងបញ្ចប់មេរៀន សូមសួរពួកគេថា តើពួកគេរកឃើញសេចក្ដីពិតបន្ថែមទៀតដែលពួកគេចង់ចែកចាយដែរឬទេ ។
បង្រៀនគោលលទ្ធិ
ម៉ាថាយ ២៨; ម៉ាកុស ១៦; លូកា ២៤; យ៉ូហាន ២០
ដោយសារព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នោះយើងនឹងរស់ឡើងវិញដែរ ។
-
បងប្អូនអាចទុកពេលឲ្យសមាជិកក្នុងថ្នាក់ពីរបីនាទី ដើម្បីរំឭកការអាននៅសប្ដាហ៍នេះឡើងវិញ និង « រស់ឡើងវិញ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ហើយសរសេរសេចក្ដីពិតនានា ដែលពួកគេបានរៀនអំពីការរស់ឡើងវិញ ។ សូមអនុញ្ញាតឲ្យសមាជិកពីរបីនាក់ចែកចាយនូវអ្វីដែលពួកគេបានសរសេរ ហើយលើកទឹកចិត្តសមាជិកក្នុងថ្នាក់ឲ្យលើកដៃរបស់ខ្លួន នៅពេលពួកគេស្ដាប់ឮនរណាម្នាក់ចែកចាយសេចក្ដីពិតមួយ ដែលស្រដៀងទៅនឹងអ្វីដែលពួកគេបានកត់ត្រាទុក ។ ហេតុអ្វីសេចក្ដីពិតទាំងនេះសំខាន់ចំពោះយើង ? តើសេចក្ដីពិតទាំងនេះមានឥទ្ធិពលលើទំនាក់ទនងរបស់យើងយ៉ាងដូចម្តេច ? តើសេចក្ដីពិតទាំងនេះមានឥទ្ធិពលលើជម្រើសរបស់យើងយ៉ាងដូចម្តេច ?
យើងអាចយាងអញ្ជើញព្រះអង្គសង្គ្រោះឲ្យ « គង់ជាមួយនឹងយើង » ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យមើលឃើញទំនាក់ទំនងរវាងបទពិសោធន៍របស់ពួកគេ និងបទពិសោធន៍របស់ពួកសិស្សនៅលើផ្លូវទៅកាន់ក្រុងអេម៉ោស សូមគូររូបផ្លូវមួយនៅលើក្ដារខៀន ហើយអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យសរសេរព័ត៌មានលម្អិតមកពីដំណើររឿងនេះនៅក្នុង លូកា ២៤:១៣–៣៥ នៅផ្លូវម្ខាងទៀត ។ បន្ទាប់មក នៅឯផ្លូវម្ខាងទៀត ពួកគេអាចសរសេរស្របគ្នានូវអ្វីដែលពួកគេឃើញមាននៅក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍ ពួកគេអាចសរសេរ « ភ្នែកគេត្រូវថ្ពឹន » ( លូកា ២៤:១៦ ) នៅលើផ្លូវម្ខាង និងពាក្យ នៅពេលខ្លះ យើងពុំស្គាល់ឥទ្ធិពលរបស់ព្រះអម្ចាស់នៅក្នុងជីវិតរបស់យើងទេ នៅលើផ្លូវម្ខាងទៀត ។ តើយើងអាចយាងអញ្ជើញព្រះអង្គសង្គ្រោះឲ្យគង់ជាមួយនឹងយើងដោយរបៀបណា ?
« មានពរហើយ អ្នកណាដែលជឿឥតឃើញសោះ » ។
-
ថ្នាក់សាលាថ្ងៃអាទិត្យរបស់បងប្អូន អាចជាកន្លែងមួយសម្រាប់សមាជិកក្នុងថ្នាក់ពង្រឹងសេចក្ដីជំនឿគ្នាទៅវិញទៅមកទៅលើរឿងនានា ដែលពួកគេមិនអាចមើលឃើញ ។ ប្រហែលជាបងប្អូនអាចចាប់ផ្ដើម ដោយការសូមឲ្យនរណាម្នាក់សង្ខេបអំពីបទពិសោធន៍របស់ថូម៉ាសនៅក្នុង យ៉ូហាន ២០:១៩–២៩ ។ បងប្អូនក៏អាចបង្ហាញវីដេអូ « Blessed Are They That Have Not Seen, and Yet Have Believed » បានផងដែរ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សមាជិកក្នុងថ្នាក់អាចសរសេរនៅលើក្ដារខៀននូវការណ៍មួយចំនួនដែលព្រះបានបង្គាប់ឲ្យយើងជឿដោយមើលមិនឃើញ ។ បន្ទាប់មក បងប្អូនអាចសូមឲ្យពួកគេចែកចាយបទពិសោធន៍នានាដែលបានពង្រឹងដល់ទីបន្ទាល់របស់ពួកគេអំពីរឿង និងពរជ័យទាំងនេះ ដែលបានកើតមានដល់ពួកគេ នៅពេលពួកគេអនុវត្តសេចក្ដីជំនឿ ។
ព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យផ្ដល់ចំណីដល់កូនចៀមរបស់ទ្រង់ ។
-
តើមានអ្វីខ្លះដែលអាចជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យទទួលយកការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យ « ផ្ដល់ចំណីដល់កូនចៀម [ របស់ទ្រង់ ] » ? បងប្អូនអាចចាប់ផ្ដើមដោយការអញ្ជើញពួកគេឲ្យអាន យ៉ូហាន ២១:១៥–១៧ ដោយស្ងាត់ស្ងៀម ដោយយកឈ្មោះពួកគេផ្ទាល់ មកដាក់ជំនួសឈ្មោះរបស់ស៊ីម៉ូន បន្ទាប់មក « កូនចៀមខ្ញុំ » និង « ហ្វូងចៀមរបស់ខ្ញុំ » ដោយឈ្មោះមនុស្សដែលពួកគេទទួលអារម្មណ៍ថា ព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យពួកគេបម្រើ—ឧទាហរណ៍ មនុស្សដែលពួកគេផ្ដល់ការងារបម្រើ អ្នកជិតខាង ឬមនុស្សដែលពួកគេស្គាល់នៅកន្លែងធ្វើការ ឬនៅសាលារៀន ។ រយៈពេលពីរបីនាទីក្រោយមក សូមឲ្យសមាជិកក្នុងថ្នាក់ចែកចាយអំពីចំណាប់ អារម្មណ៍ដែលពួកគេមាន ។ តើយើងរៀនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ មកពីសកម្មភាពរបស់ទ្រង់នៅក្នុង យ៉ូហាន ២១:៤–១៣ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីឲ្យចំណីដល់កូនចៀម និងហ្វូងចៀមរបស់ព្រះអង្គសង្គ្រោះ ? សេចក្ដីថ្លែងការណ៍របស់អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយឆ្លើយសំណួរនេះបាន ។
ធនធានបន្ថែមទាំងឡាយ
តើយើងអាច « ឲ្យចំណីដល់កូនចៀម [ របស់ទ្រង់ ] » ដោយរបៀបណា ?
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បានពន្យល់អំពីរបៀបដែលយើងអាចបំពេញតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យផ្ដល់ចំណីដល់កូនចៀមរបស់ទ្រង់ ៖
« តើនរណាជាអ្នកគង្វាល ? បុរសស្ត្រី និងកុមារគ្រប់រូបនៅក្នុងនគរព្រះគឺជាអ្នកគង្វាល ។ ពុំតម្រូវឲ្យមានការហៅជាផ្លូវការនោះទេ ។ ចាប់តាំងពីពេលដែលយើងងើបចេញពីទឹកនៃពិធីបុណ្យជ្រមុជទឹកមក យើងត្រូវចាត់ឲ្យធ្វើកិច្ចការនេះ ។ យើងឈោងទៅជួយមនុស្សដទៃដោយក្តីស្រឡាញ់ ដោយសារវាគឺជាអ្វីដែលព្រះអង្គសង្គ្រោះបានបង្គាប់ឲ្យយើងធ្វើ ។ … មិនថានៅពេលណាដែលអ្នកជិតខាងយើងមានទុក្ខព្រួយខាងសាច់ឈាម ឬខាងវិញ្ញាណទេ ចូរយើងប្រញាប់ទៅជួយពួកគេ ។ យើងរែកបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល ។ យើងទួញយំជាមួយអស់អ្នកណាដែលទួញយំ ។ យើងកម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ [ សូមមើល ម៉ូសាយ ១៨:៨–៩ ] ។ ព្រះអម្ចាស់រំពឹងចង់បានការណ៍នេះពីពួកយើងដោយក្តីស្រឡាញ់ ។ ហើយថ្ងៃនោះនឹងមកដល់ ពេលយើងនឹងត្រូវបានឲ្យទទួលខុសត្រូវសម្រាប់ការមើលថែ ដែលយើងធ្វើនៅក្នុងការងារបម្រើដល់ហ្វូងចៀមរបស់ទ្រង់ [ សូមមើល ម៉ាថាយ ២៥:៣១–៤៦ ] » ( « Shepherding Souls » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១១ ) ។