« ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ ៖ ‹ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ? › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១០–១៦ ខែ កក្កដា ។ កិច្ចការ ៦–៩ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១០–១៦ ខែ កក្កដា
កិច្ចការ ៦–៩
« តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច ? »
សូមសិក្សា កិច្ចការ ៦–៩ ហើយកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន ។ ការណ៍នេះនឹងជួយបងប្អូនឲ្យទទួលបានវិវរណៈ អំពីរបៀបជួយសមាជិកក្នុងថ្នាក់របស់បងប្អូនឲ្យខិតកាន់តែជិតនឹងព្រះយេស៊ូវគ្រីស្ទ តាមរយៈការសិក្សារបស់ពួកគេអំពីជំពូកទាំងនេះ ។
អញ្ជើញឲ្យចែកចាយ
សូមសរសេរឈ្មោះមនុស្សមួយចំនួនដែលបានលើកឡើងនៅក្នុង កិច្ចការ ៦–៩ ដូចជា ស្ទេផាន សុល ភីលីព អាន៉្នានាស ពេត្រុស និង តេប៊ីថា ឬ នាងក្ដាន់ ដាក់នៅលើក្ដារខៀន ។ សូមអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យចែកចាយអ្វីមួយ ដែលពួកគេបានរៀនមកពីមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនេះនៅក្នុងការសិក្សារបស់ពួកគេនៅសប្ដាហ៍នេះ ។
បង្រៀនគោលលទ្ធិ
ការបដិសេធព្រះវិញ្ញាណបរិសុទ្ធអាចដឹកនាំទៅរកការបដិសេធព្រះអង្គសង្គ្រោះ និងពួកអ្នកបម្រើរបស់ទ្រង់ ។
-
បងប្អូនអាចចាប់ផ្ដើមការពិភាក្សាអំពីបទពិសោធន៍របស់ស្ទេផាន តាមរយៈការអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យរំឭកពាក្យសម្ដីរបស់ស្ទេផានឡើងវិញនៅក្នុង កិច្ចការ ៧:៣៧–៥៣ ។ តើពាក្យសម្ដីរបស់លោកអាចមានការព្រមានអ្វីខ្លះសម្រាប់យើងនាសព្វថ្ងៃនេះ ? បងប្អូនអាចផ្ដោតលើសេចក្ដីថ្លែងការណ៍របស់ស្ទេផាននៅក្នុង កិច្ចការ ៧:៥១ ។ តើវាមានអត្ថន័យយ៉ាងដូចម្តេចដើម្បី « ទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធ » ? ដើម្បីយល់ពីពាក្យសម្ដីទាំងនេះឲ្យបានកាន់តែស៊ីជម្រៅ សមាជិកក្នុងថ្នាក់អាចពិភាក្សាអំពីវគ្គបទគម្ពីរទាំងនេះមួយ ឬច្រើន ៖ នីហ្វៃទី២ ២៨:៣–៦; ៣៣:១–២; ម៉ូសាយ ២:៣៦–៣៧; អាលម៉ា ១០:៥–៦ និង អាលម៉ា ៣៤:៣–៣៨ ។ ហេតុអ្វីពេលខ្លះយើង « ចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធ ? » តើយើងអាចធ្វើអ្វីខ្លះ ដើម្បីស្គាល់ឲ្យបានកាន់តែច្បាស់ ហើយធ្វើតាមការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ ?
ដួងចិត្តរបស់យើងចាំបាច់ត្រូវ « ស្មោះត្រង់ចំពោះព្រះ » ។
-
ដើម្បីសិក្សាដំណើររឿងរបស់ស៊ីម៉ូនជាថ្នាក់រួមគ្នា បងប្អូនអាចសរសេរសំណួរទាំងនេះដាក់នៅលើក្ដារខៀនបាន តើស៊ីម៉ូនជានរណា ? តើលោកចង់បានអ្វី ? និង តើលោកបានព្យាយាមទទួលបានវាតាមរបៀបណា ? សូមចាត់សមាជិកក្នុងថ្នាក់ម្នាក់ៗឲ្យអាន កិច្ចការ ៨:៩–២៤ ដោយរកមើលចម្លើយចំពោះសំណួរទាំងនេះ ។ តើសេចក្ដីពិតអ្វីខ្លះដែលស៊ីម៉ូនពុំទាន់យល់នៅឡើយ ? តើយើងអាចរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ស៊ីម៉ូន ? តើយើងអាចធ្វើឲ្យប្រាកដថា ដួងចិត្តរបស់យើង « ស្មោះត្រង់ចំពោះព្រះ » តាមរបៀបណា ? ( ខទី ២១ ) ។
-
អំឡុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ សមាជិកក្នុងថ្នាក់មួយចំនួនអាចកត់សម្គាល់ឃើញគុណសម្បត្តិទាំងឡាយ ដែលស្ទេផាន និង ភីលីពមាន ដែលស៊ីម៉ូនមិនមាន ( សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ) ។ ប្រសិនបើមាន នោះបងប្អូនអាចអញ្ជើញឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សមាជិកក្នុងថ្នាក់ក៏អាចចែកចាយគំរូផ្សេងទៀតមកពី កិច្ចការ ៦–៩ ផងដែរ ស្ដីពីមនុស្សដែលមានចិត្តស្មោះត្រង់ចំពោះព្រះ ដូចជាភីលីព និងបុរសមកពីអេធីយ៉ូពី ( សូមមើល កិច្ចការ ៨:២៦–៤០ ) សុល ( សូមមើល កិច្ចការ ៩:១–២២ ) និង តេប៊ីថា ( សូមមើល កិច្ចការ ៩:៣៦–៣៩ ) ។
ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឲ្យណែនាំមនុស្សដទៃមករកព្រះយេស៊ូវគ្រីស្ទ ។
-
ដើម្បីជួយសមាជិកក្នុងថ្នាក់ឲ្យយល់ពីរបៀបដែលពួកគេអាចណែនាំមនុស្សដទៃឲ្យមករកព្រះយេស៊ូវគ្រីស្ទបាន ( សូមមើល កិច្ចការ ៨:៣១ ) បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ពីរនាក់ឲ្យអង្គុយទល់មុខគ្នា ហើយអានការសន្ទនារបស់ភីលីព និងបុរសមកពីអេធីយ៉ូពីនៅក្នុង កិច្ចការ ៨:២៦–៣៩ ។ សមាជិកក្នុងថ្នាក់ទីបីម្នាក់អាចអានផ្នែកដែលគ្មានការសន្ទនាបាន ។ តើយើងរៀនអ្វីខ្លះមកពីគំរូរបស់ភីលីព អំពីការបង្រៀនដំណឹងល្អទៅកាន់មនុស្សដទៃ ?
-
ដើម្បីរកមើលគំរូសម័យទំនើបអំពីដំណើររឿងនៅក្នុង កិច្ចការ ៨:២៦–៣៩ សមាជិកក្នុងថ្នាក់អាចចែកចាយបទពិសោធន៍ ដែលពួកគេធ្លាប់មានជាមួយនឹងការចែកចាយដំណឹងល្អ ឬការចូលរួមក្នុងសាសនាចក្របាន ។ តើព្រះវិញ្ញាណបរិសុទ្ធបានជួយពួកគេតាមរបៀបណា ? តើមនុស្សម្នាក់បានដើរតួជាអ្នកនាំផ្លូវរបស់ពួកគេតាមរបៀបណា ? សូមអញ្ជើញសមាជិកក្នុងថ្នាក់ឲ្យពិចារណាអំពីមនុស្សដែលពួកគេអាចណែនាំឲ្យមករកដំណឹងល្អបាន ។
នៅពេលយើងចុះចូលតាមព្រះទ័យរបស់ព្រះអម្ចាស់ នោះយើងអាចក្លាយជាឧបករណ៍នៅក្នុងព្រះហស្តរបស់ទ្រង់បាន ។
-
សមាជិកក្នុងថ្នាក់អាចរៀននូវសេចក្ដីពិតដ៏មានអានុភាពអំពីការប្រែចិត្តជឿរបស់ពួកគេផ្ទាល់ ដោយសិក្សាបទពិសោធន៍របស់សុល រួមបញ្ចូលទាំងសេចក្ដីពិតដែលថា មនុស្សគ្រប់គ្នាអាចប្រែចិត្ត ហើយផ្លាស់ប្ដូរបាន ប្រសិនបើពួកគេចង់ធ្វើ ។ បងប្អូនអាចសូមឲ្យសមាជិកក្នុងថ្នាក់ប្រៀបធៀបបទពិសោធន៍របស់ប៉ុល ជាមួយបទពិសោធន៍របស់អាលម៉ាបាន ( សូមមើល ម៉ូសាយ ១៧:១–៤; ១៨; ២៦:១៥–២១ ) និងបទពិសោធន៍របស់ពួកសាសន៍អាន់តៃ‑នីហ្វៃ‑លីហៃ ( សូមមើល អាលម៉ា ២៤:៧–១២ ) ។ តើព្រះអម្ចាស់បានធ្វើអ្វីខ្លះ ដើម្បីជួយប្រជាជនទាំងនេះឲ្យបានប្រែចិត្តជឿ ? តើពួកគេបានបង្ហាញពីឆន្ទៈរបស់ពួកគេដើម្បីផ្លាស់ប្ដូរតាមរបៀបណា ? តើយើងរកឃើញសារលិខិតអ្វីខ្លះសម្រាប់ជីវិតរបស់យើងផ្ទាល់ ចេញមកពីដំណើររឿងទាំងនេះ ?
-
ដើម្បីបំផុសគំនិតឲ្យមានការពិភាក្សាអំពីបទពិសោធន៍របស់សុល បងប្អូនអាចអញ្ជើញសមាជិកក្នុងថ្នាក់ពីរបីនាក់ឲ្យមករៀន ដោយបានត្រៀមខ្លួនចែកចាយអ្វីដែលពួកគេរៀនមកពីផ្នែកនីមួយៗនៅក្នុងសារលិខិតរបស់ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ « Waiting on the Road to Damascus » ( Liahona ខែ ឧសភា ឆ្នាំ២០១១ ទំព័រ ៧០–៧៧ ) ។ តើពេលខ្លះយើងរង់ចាំនៅលើផ្លូវរបស់យើងទៅក្រុងដាម៉ាសតាមរបៀបណា ? យោងតាមប្រធាន អុជដូហ្វ តើអ្វីទៅដែលអាចជួយយើងឲ្យស្ដាប់ព្រះសូរសៀងរបស់ព្រះឲ្យបានប្រសើរជាងមុន ? បងប្អូនក៏អាចពិចារណាមើលវីដេអូ « The Road to Damascus » បានផងដែរ ( នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ប្រហែលជាសមាជិកក្នុងថ្នាក់អាចចែកចាយបទពិសោធន៍របស់ពួកគេជាមួយនឹងការស្វែងរក និងការធ្វើតាមព្រះទ័យរបស់ព្រះ ។